២០១៧
ចូរសូម ៖ យ៉ាកុប ១:៥–៦
January 2017


បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៧

ចូរសូម

យ៉ាកុប ១:៥–៦

« តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម ដល់​ព្រះ​ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់ ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ។

តែ​ត្រូវ​ឲ្យ​អ្នក​នោះ សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ។ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង » ។

យ៉ាកុប ១:៥–៦

ហេតុអ្វី​ជ្រើសយក​បាវចនា​នេះ ហើយ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ? បងប្រុស ស្ទេផាន ដ័បុលយូ អូវើសិន ប្រធាន​យុវជន​ទូទៅ និង ស៊ីស្ទើរ បូនី អិល អូស្កាសុន ប្រធាន​យុវនារី​ទូទៅ​ចែកចាយ​យោបល់​របស់​ពួកគាត់ ។

ហេតុអ្វី​ជ្រើស​យក​ខគម្ពីរ​នេះ ?

ស៊ីស្ទើរ អូស្កាសុន ៖ ព្រះអម្ចាស់​ជ្រាប​ដឹង​ពី​សារលិខិត​ដែល​ប្អូនៗ​ត្រូវការ ហើយ​វា​អស្ចារ្យ​ណាស់ បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​អំឡុង​ឆ្នាំ​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​បាវចនា​នេះ ហើយ​វា​ពិតជា​ត្រូវ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​ប្អូន ។

នៅពេល​យើង​បាន​ពិភាក្សា​ខគម្ពីរ យ៉ាកុប ១:៥–៦ ដែល​ជា​បាវចនា​សម្រាប់​ឆ្នាំ​នេះ ព្រះវិញ្ញាណ​បាន​មាន​វត្តមាន​ពេញ​ក្នុង​បន្ទប់​នេះ ។ ហើយ​យើង​ទាំងអស់​គ្នា​យល់​ស្រប​ថា វា​គឺ​ជា​ខគម្ពីរ​ដ៏​អស្ចារ្យ​សម្រាប់​យុវវ័យ​របស់​យើង ដោយសារ​វា​មាន​ទំនាក់ទំនង​មួយ​ចំនួន ។ វា​ទាក់ទង​នឹង​ប្រវត្តិសាសនាចក្រ—វា​ជា​ខគម្ពីរ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​អាន ហើយ​បាន​បំផុសគំនិត​លោក​ឲ្យ​ទៅ​ព្រៃ​ពិសិដ្ឋ ហើយ​អធិស្ឋាន ។ ហើយ​ទំនាក់ទំនង​ទីពីរ​ដ៏​អស្ចារ្យ​នោះ​គឺ​ថា ខគម្ពីរ​នេះ​មាន​ទីបន្ទាល់​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ ជា​អ្វី​មួយ​ដែល​យើង​ត្រូវការ​ក្នុង​គ្រា​មួយ ដែល​ពិភពលោក​នេះ​កំពុង​បន្ត​ចោទ​សួរ​អំពី​កិត្តិនាម​របស់​លោក និង ប្រវត្តិសាសនាចក្រ ។ វា​ក៏​ជា​សារលិខិត​អំពី​របៀប​ដែល​យើង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​របស់​យើង ដែល​មនុស្ស​គ្រប់គ្នា​ត្រូវតែ​ដឹង ។

បងប្រុស អូវីន ៖ មាន​រឿងរ៉ាវ​ជាច្រើន​កំពុង​កើត​ឡើង​នៅក្នុង​ជីវិត​របស់​ប្អូន​សព្វ​ថ្ងៃ​នេះ ហើយ​ប្អូន​មាន​សំណួរ​ជាច្រើន ។ ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់ និង គេហទំព័រ​រុករក​ដែល​យើង​មាន មាន​ប្រភព​ជាច្រើន​ដែល​ប្អូន​អាច​ងាក​ទៅរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ប្អូន​អំពី​សេចក្តីជំនឿ ។ ខគម្ពីរ​សំខាន់​នេះ​បង្ហាញ​ពី​ដំណើរការ​នៃ​វិវរណៈ​របស់​យ៉ូសែប ស្ម៊ីធ ដែល​ជា​គំរូ​មួយ​ដែល​យើង​អាច​ធ្វើ​តាម​បាន ។

តើ​យុវវ័យ​អាច​យក​ខគម្ពីរ យ៉ាកុប ១:៥–៦ មក​អនុវត្ត និង ប្រើ​ចំពោះ​ខ្លួន​ពួកគេ​យ៉ាង​ដូចម្តេច ?

ស៊ីស្ទើរ អូស្កាសុន ៖ ខគម្ពីរ​នេះ​មាន​សារលិខិត​ដ៏​អស្ចារ្យ ។ ខគម្ពីរ​នោះ​ចែង​ថា « សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ » ( យ៉ាកុប ១:៦ ) ។ ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​រំជួលចិត្ត ។ ប្អូន​ត្រូវ​សូម​ដោយ​ចិត្ត​ជឿ មិនមែន​ចិត្ត​សង្ស័យ​ឡើយ ។

បងប្រុស អូវីន ៖ ហើយ​ការសូម​ដោយ​ចិត្ត​ជឿ​មានន័យ​ថា ការសូម​ដោយ​ចិត្ត​ស្មោះសរ ។ នៅពេល​យ៉ូសែប ស៊្មីធ បាន​ទទួល​ចម្លើយ​ថា​ត្រូវ​ចូលរួម​សាសនាចក្រ​ណា​មួយ លោក​ពុំ​បាន​មាន​ប្រសាសន៍​ថា « នោះ​ជា​រឿង​ល្អ​ដែល​គួរដឹង​នោះ​ទេ ប៉ុន្តែ … » លោក​បាន​ឈាន​ទៅមុខ​ដោយ​សេចក្តីជំនឿ ។

ស៊ីស្ទើរ អូស្កាសុន ៖ ចូរ​ចាំ​ថា នោះ​គឺ​ជា​ការអធិស្ឋាន​ដ៏​សុចរិត​មួយ គឺ​មិន​មែន​ជា​ការអធិស្ឋាន​ទូលសូម​អ្វី​ដែល​យើង​ចង់​បាន​ឡើយ ប៉ុន្តែ​ជា​ការអធិស្ឋាន​ស្វែងរក​អ្វី​ដែល​ព្រះ​មាន​ព្រះ​ទ័យ​សម្រាប់​យើង ។

តើ​មាន​ការទូន្មាន​អ្វីខ្លះ ដែល​អ្នក​ផ្តល់​ឲ្យ​យុវវ័យ​ក្នុងការប្រើ​ការអធិស្ឋាន​បែប​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ?

ស៊ីស្ទើរ អូស្កាសុន ៖ សូម​ធ្វើ​ឲ្យ​ការអធិស្ឋាន​នេះ​ក្លាយ​ជា​ទម្លាប់ ។ ប្អូនៗ​ពុំ​អាច​ភ្លេច​វា​ឡើយ ។ ប្អូនៗ​មិន​អាច​ព្រងើយ​កន្តើយ​នឹង​វា​ឡើយ ។ បងប្រុស​របស់​យ៉ារេឌ​បាន​ផ្តល់​គំរូ​មួយ​អំពី​រឿង​នេះ ( សូមមើល អេធើរ ២:១៤ ) ។

បងប្រុស អូវីន ៖ ការភ្លេច​អធិស្ឋាន​ជា​រឿយៗ​គឺ​ជា​រឿង​មួយ ប៉ុន្តែ​អ្វី​មួយ​ដែល​កាន់តែ​មាន​បញ្ហា​ជាង​នេះ​នោះ​គឺ​ការបែរ​ចេញ​ពី​ព្រះអម្ចាស់ ហើយ​ពុំ​ចង់​អធិស្ឋាន ។ នៅពេល​ប្អូនៗ​មាន​អារម្មណ៍​ថា​ប្អូន​មិន​គួរ​អធិស្ឋាន នោះ​គឺ​ជា​ពេល​ដែល​ប្អូន​ត្រូវការ​អធិស្ឋាន​ជា​ខ្លាំង ។ ហើយ​ប្រសិនបើ​ប្អូន​អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ នោះ​ប្អូន​នឹង​ធ្វើ​ស្រប​តាម​ព្រះវិញ្ញាណ ។ ហើយ​ប្រសិនបើ​ប្អូន​ពុំ​ធ្វើ​បែប​នេះ​ទេ នោះ​ប្អូន​កំពុង​ដកខ្លួន​របស់​ប្អូន​ថយ​ចេញ​ហើយ ។

ស៊ីស្ទើរ អូស្កាសុន ៖ យើង​អាច​ទូល​ផ្ទាល់​ជាមួយ​ព្រះ ។ ទ្រង់​ពុំ​បាន​កំណត់​ពេលវេលា​ឡើយ ។ នោះ​គឺ​ជា​អំណោយ​ទាន​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ដែល​យើង​ដឹង​ថា យើង​អាច​ធ្វើ​បែប​នោះ​បាន ហើយ​ថា​ទ្រង់​គង់​នៅ​ទីនោះ​ជានិច្ច ។

តើ​អ្នក​បាន​រៀន​អធិស្ឋាន​ប្រកប​ដោយ​អត្ថន័យ​យ៉ាង​ដូចម្ដេច ?

ស៊ីស្ទើរ អូស្កាសុន ៖ ខ្ញុំ​គិត​មិន​ឃើញ​ពី​បទពិសោធន៍​មួយ​ណា​ឡើយ វា​គឺ​ជា​កម្រិត​ដ៏​ខ្ពស់​បំផុត​ក្នុង​ពេលវេលា​នៃ​ជីវិត​នេះ ។ ការអធិស្ឋាន​បាន​ក្លាយ​ជា​ផ្នែក​មួយ​ប្រកប​ដោយ​អត្ថន័យ​បំផុត​ចំពោះ​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ប្រឹងប្រែង​អធិស្ឋាន​ជា​ប្រចាំ ។ ខ្ញុំ​កាន់តែ​ពូកែ​ស្តាប់ និង ទទួល​ចម្លើយ​បាន​ប្រសើរ​ឡើង ។ យើង​បាន​រៀន ហើយ​យើង​បាន​ទទួល​វា​កាន់តែ​ប្រសើរ​ឡើង ដរាប​ណា​យើង​ចុះប្រឡូក​ក្នុង​ដំណើរ​ការនេះ ។ វា​គឺ​ជា​ការអធិស្ឋាន​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​ពុំ​បាន​ខកខាន​នូវ​ឱកាស​ទូល​ជាមួយ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ឡើយ ។ ដរាប​ណា​យើង​កាន់តែ​អធិស្ឋាន ដរាប​នោះ​យើង​កាន់តែ​ពូកែ​ស្តាប់​រក​ចម្លើយ​ទាំង​នោះ ។

បងប្រុស អូវីន ៖ កាល​ខ្ញុំ​នៅ​យុវវ័យ នៅពេល​ខ្ញុំ​ត្រូវការ​ដឹង​រឿង​អ្វី​មួយ ខ្ញុំ​បាន​ចាំ​អំពី​ការនិមិត្ត​ដំបូង ហើយ​គិត​ថា « យ៉ូសែប ស៊្មីធ បាន​ធ្វើ​រឿង​នេះ ។ ខ្ញុំ​ពុំ​ត្រូវការ ការបើក​សម្ដែង​ដ៏​ធំ​អស្ចារ្យ​អ្វី​ឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ចម្លើយ » ។ ដូច្នោះ​ខ្ញុំ​បាន​ធ្វើ​តាម​លំនាំ​នោះ​ដោយ​សេចក្តីជំនឿ ។ ខ្ញុំ​ចាំ​ពី​ការលុតជង្គង់ ហើយ​ឱន​ក្បាល​របស់​ខ្ញុំ​ចុះ ព្រមទាំង​ពោលពាក្យ​អធិស្ឋាន​ឮៗ ។ ការបន្ត​ធ្វើ​តាម​លំនាំ​នោះ បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​គ្រា ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។

តើ​ចំណុច​សំខាន់​បំផុត​ណា​ខ្លះ ដែល​យុវវ័យ​អាច​រៀន​អំពី​ខគម្ពីរ​នេះ ?

បងប្រុស អូវីន ៖ ខ្ញុំ​សូម​គូស​បញ្ជាក់​ជា​ថ្មី​អំពី​លំនាំ​នៃ​ការអធិស្ឋាន​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ ។ កាល​អាយុ ១៤ ឆ្នាំ លោក​បាន​ច្របូកច្របល់ ដូច្នោះ​លោក​បាន​អាន​ព្រះគម្ពីរ​របស់​លោក ។ ការនិមិត្ត​ដំបូង​ពុំ​មែន​ជា​ពេលវេលា​ខ្លី ដែល​កើត​ឡើង​ដោយសារ​យ៉ូសែប​លុត​ជង្គង់​ចុះ​អធិស្ឋាន​នោះ​ឡើយ ។ មាន​រឿង​ជាច្រើន​ដែល​ត្រូវធ្វើ​ពី​មុន​នោះ ។ លោក​បាន​សញ្ជឹង​គិត​ពី​សំណួរ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត ។ នៅពេល​លោក​ឃើញ យ៉ាកុប ១:៥–៦ លោក​បាន​មាន​ប្រសាសន៍​ថា « ពុំ​ដែល​មាន​បទគម្ពីរ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ទៅលើ​ចិត្ត​មនុស្ស​ដូច​ជា​បទគម្ពីរ​នេះ មាន​ប្រសិទ្ធភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ » ( យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១២ ) ។ ខគម្ពីរ​នោះ​បាន​ចាក់​ចូល​ទៅក្នុង​ដួងចិត្ត​របស់​លោក​យ៉ាង​ខ្លាំង ហើយ​ក្រោយ​មក​លោក​បាន​អនុវត្ត​តាម​ខគម្ពីរ​នោះ​ប្រាប់ ។ លោក​បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ ។ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ពួកយើង​សង្ឃឹម​ថា ប្អូនៗ​នឹង​អាច​ទទួល​អារម្មណ៍​នេះ​ពី​ខគម្ពីរ​នេះ​ក្នុង​ឆ្នាំ ២០១៧​ទាំងមូល។