២០១៧
ការ​អធិស្ឋាន​សូម​សេចក្ដី​សុខសាន្ត
កុម្ភៈ 2017


យុវវ័យ

ការ​អធិស្ឋាន​សូម​សេចក្ដី​សុខសាន្ត

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ អារីស្សូណា ស.រ.អា. ។

ជារឿយៗ ឪពុកម្ដាយ​ខ្ញុំ​ត្រូវ​ទៅ​ចូល​រួម​ការ​ប្រជុំ​បន្ទាប់​ពី​ព្រះវិហារ​បាន​បញ្ចប់ ហើយ​ខ្ញុំ​ត្រូវ​នៅ​មើល​ប្អូន​ប្រុស​បី​នាក់ ហើយ​ជួយ​ពួកគេ​ឲ្យ​ចម្អិន​អាហារ​ថ្ងៃ​ត្រង់—ប៉ុន្តែ​ជា​រឿយៗ ពួកគេ​ខ្វះ​ការ​អត់ធ្មត់ ហើយ​ស្រេក​ឃ្លាន ។ ជាធម្មតា ប្រសិន​បើ​ពួកគេ​ចាប់​ផ្ដើម​ឈ្លោះ​គ្នា ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​តូចៗ​ភ្លាមៗ ។ ប៉ុន្តែ​ពេលខ្លះ វា​មាន​ការ​ពិបាក​ក្នុង​ការផ្សះផ្សា​ខ្លាំង​ណាស់ នៅ​ពេល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​មួយ​បាន​ចាប់​ផ្ដើម​ឡើង ដោយសារ​ខ្ញុំ​មាន​ចិត្ត​ច្របូក​ច្របល់ ។

មាន​រសៀល​មួយ ប្អូនៗ​របស់​ខ្ញុំ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ឃើញ​ថា ការ​ខិតខំ​របស់​ខ្ញុំ​ក្នុង​ការផ្សះផ្សា​ពួកគេ​រឹតតែ​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​អាក្រក់​ទៅ ដោយសារ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ។ ដូច្នេះ ខ្ញុំ​បាន​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​ខ្លួន​ឯង ហើយ​ឈប់​និយាយ​ទៀត ។ នៅ​ទីបំផុត ខ្ញុំ​បាន​និយា​ថា « បង​នឹង​អធិស្ឋាន ។ តើ​ពួកយើង​អាច​ស្ងៀម​ស្ងាត់​បន្តិច​បាន​ទេ ? » នៅ​ពេល​ពួកគេ​បាន​​ស្ងាត់ ខ្ញុំ​បាន​អធិស្ឋាន​ប្រសិទ្ធពរ​​អាហារ ។ ពីមុន ខ្ញុំ​បញ្ចប់​ការអធិស្ឋាន ខ្ញុំ​បាន​បន្ថែម​ថា « ហើយ​សូម​ជួយ​យើង​ឲ្យ​ក្លាយ​ជា​ពួក​អ្នកផ្សះផ្សា » ។

ដំបូង ពួកគេ​ទំនង​ជា​មិន​បាន​ឮ ហើយ​ចាប់​ផ្ដើម​ឈ្លោះ​គ្នា​ទៀត ។ វា​បាន​រំខាន​ចិត្ត​ខ្ញុំ ប៉ុន្តែ​ដោយ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​អត់ធ្មត់​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដោយសារ​ខ្ញុំ​ទើប​អធិស្ឋាន​សូម​សេចក្ដី​សុខសាន្ត ។ មួយ​នាទី​ក្រោយ​មក ខ្ញុំ​បាន​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​បរិភោគ​អាហារ​ដោយ​គ្មាន​មាត់​មួយ​ម៉ាត់ ហើយ​នៅ​ទីបំផុត ប្អូនៗ​ខ្ញុំ​បាន​ឈប់​ឈ្លោះ​ប្រកែក​គ្នា ។ ខ្ញុំ​បាន​ដឹង​ថា សេចក្ដី​សុខសាន្ត​ដែល​ខ្ញុំ​មាន​គឺ​ជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ដ៏​សាមញ្ញ​មួយ ។ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សះផ្សា​ម្នាក់ ហើយ​ព្រះវរបិតា​សួគ៌​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ កាល​មាន​ការ​ល្បួង​យ៉ាង​ខ្លាំង​ឲ្យ​ខ្ញុំ​ស្រែក​គំហក​នោះ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ពិតជា​អាច​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​យើង ។