២០១៧
« ដូច​យើង​ស្រឡាញ់​អ្នក »
កុម្ភៈ 2017


សារលិខិត​គណៈប្រធាន​ទីមួយ ខែ កុម្ភៈ ឆ្នាំ ២០១៧

« ដូច​យើង​ស្រឡាញ់​អ្នក »

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ មាន​មិត្ត​ម្នាក់​ឈ្មោះ​ល្វីស​បាន​ប្រាប់​ខ្ញុំ​នូវ​ដំណើរ​រឿង​ដ៏​កំសត់​មួយ​អំពី​ម្ដាយ​របស់​គាត់​ដែល​មាន​ចរិត​រាបសា ហើយ​សម្ដី​ស្រទន់ ។ កាល​គាត់​បាន​ចែកឋាន​ទៅ គាត់​មិន​បាន​បន្សល់​ទុក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ប្រុស​ស្រី​របស់​គាត់​ទេ ប៉ុន្តែ​គាត់​បាន​ទុក​នូវ​កេរមរតកដ៏​ស្ដុក​ស្ដម​ខាង​គំរូ ការ​លះបង់ និង​ការគោរព​ប្រតិបត្តិ ។

បន្ទាប់​ពី​ពាក្យ​សរសើរ​នៅ​ក្នុង​ពិធី​បុណ្យ​សព​ត្រូវ​បាន​ថ្លែង​ឡើង និង​ដំណើរ​ដ៏​សោកសៅ​ឆ្ពោះ​ទៅ​កាន់​កន្លែង​បញ្ចុះ​សព​ត្រូវ​បាន​ធ្វើ​ឡើង ក្រុម​គ្រួសារ​នេះ​បាន​បើក​មើល​ទ្រព្យ​សម្បត្តិ​ដ៏​តូច​ស្ដួច​ស្ដើង​ដែល​ម្ដាយ​ខ្លួន​បាន​បន្សល់​ទុក​ឲ្យ ។ នៅ​ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ល្វីស​បាន​រក​ឃើញ​សារ​ខ្លី​មួយ និង​កូនសោ​មួយ ។ សារខ្លី​នោះ​បាន​ចែង​ដូច​តទៅ​នេះ ៖ « នៅ​ជ្រុង​បន្ទប់​ដេក​ក្នុង​​ទូ​ដាក់​ខោអាវ​របស់​ម៉ាក់​ថត​ក្រោម​គេ​មាន​ប្រអប់​តូច​មួយ ។ នៅ​ក្នុង​ប្រអប់​នោះ​មាន​នូវ​ទ្រព្យ​នៃ​ដួង​ចិត្ត​របស់​ម៉ាក់ ។ កូនសោ​នេះ​សម្រាប់​បើក​ប្រអប់​នោះ » ។

កូន​ទាំង​អស់​បាន​ងឿង​ឆ្ងល់​ថា​តើ​ម្ដាយ​របស់​ខ្លួន​បាន​ទុក​របស់​មាន​តម្លៃ​អ្វី​ទៅ​នៅ​ក្នុង​ប្រអប់​នោះ ។

ប្រអប់​នោះ​ត្រូវ​បាន​យក​ចេញ​ពី​កន្លែង​ដែល​រក្សា​ទុក ហើយ​ប្រើ​កូន​សោ​នោះ​បើក​វា​ដោយ​ប្រុង​ប្រយ័ត្ន ។ នៅ​ពេល​ល្វីស និង​កូន​ផ្សេង​ទៀត​បាន​ពិនិត្យ​មើល​របស់​របរ​នៅ​ក្នុង​ប្រអប់​នោះ ពួកគេ​បាន​ឃើញ​រូបថត​របស់​កូន​ម្នាក់ៗ​ដោយ​មាន​ឈ្មោះ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នៅ​លើ​នោះ ។ បន្ទាប់​មក​ល្វីស បាន​ដក​យក​អំណោយ​សម្រាប់​បុណ្យ​នៃ​សេចក្ដីស្រឡាញ់​ដែល​ធ្វើ​ដោយ​ដៃ​មួយ​ចេញ​មក ។ គាត់​បាន​ស្គាល់​ថា ការ​សរសេរ​នោះ​ជា​របស់​គាត់ គាត់​បាន​អាន​ពាក្យ​ដែល​គាត់​បាន​សរសេរ​កាល​ពី ៦០ ឆ្នាំ​មុន ៖ « ជូន​ចំពោះ​អ្នក​ម៉ាក់​ជា​ទីស្រឡាញ់ កូន​ស្រឡាញ់​ម៉ាក់ » ។

ពួកគេ​មាន​អារម្មណ៍​ក្ដុក​ក្ដួល និយាយ​តិចៗ ហើយ​ពោរពេញ​ដោយ​ទឹក​ភ្នែក ។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ម្ដាយ​គឺ​ជា​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​គាត់ ។ ចំណុច​ពិសេស​នៃ​ទ្រព្យសម្បត្តិ​នោះ​ស្ថិត​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ​នៃ​ពាក្យ « កូន​ស្រឡាញ់​ម៉ាក់ » ។

នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​គ្រឹះ​ដ៏​រឹង​មាំ​នៃ​សេចក្ដីស្រឡាញ់​ជាង​នៅ​ក្នុង​ផ្ទះ​ឡើយ ។ ហើយ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ពិភពលោក​នេះ​ អាចរក​ឃើញ​គំរូ​មួយ​នៃ​គ្រឹះ​នោះ​ប្រសើរ​ជាង​នៅ​ក្នុង​ផ្ទះ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ធ្វើ​ឲ្យ​សេចក្ដីស្រឡាញ់​ក្លាយ​ជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​ពួកគេឡើយ ។

ចំពោះ​យើង​ទាំងអស់​គ្នា​ដែល​ប្រកាស​ថា​ជា​ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​នូវ​សេចក្ដី​បង្គាប់​ដ៏​សំខាន់​នេះ​ថា

« ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ។

« គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

ប្រសិន​បើ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​ចិត្ត​មេត្តា និង ដោយ​ការគោរព តាមរយៈ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ទៅ​វិញ​ទៅ​មក​ជា​ប្រចាំ​ថ្ងៃ ។ សេចក្ដី​ស្រឡាញ់​ផ្ដល់​នូវ​ពាក្យ​សម្ដី​ល្អ ចម្លើយ​អត់ធ្មត់ ទង្វើ​សប្បុរស ការស្តាប់​ដោយ​ការ​យល់​ចិត្ត និង​ដួង​ចិត្ត​ដែល​មាន​ការ​អភ័យទោស ។ នៅ​រាល់​ទំនាក់ទំនង​របស់​យើង ឥរិយាបថ​ទាំង​នេះ និង ឥរិយាបថ​ផ្សេង​ទៀត​នឹង​ជួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដី​ស្រឡាញ់​ក្នុង​ចិត្ត​របស់​យើង ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បាន​ថ្លែង​ថា « សេចក្ដី​ស្រឡាញ់…គឺជា​សុភមង្គល​ដ៏​ធំធេង​នៅ​ចុង​បញ្ចប់ ។ ប៉ុន្តែ​វា​លើស​ពី​សុភមង្គល​នៅ​ចុង​បញ្ចប់​ទៅ​ទៀត ។ សេចក្ដី​ស្រឡាញ់​គឺ​មាន​នៅ​តាំង​ពី​ការ​ចាប់​ផ្ដើម​ផង​ដែរ ហើយ​ចាប់​ពី​ចំណុច​នោះ​មក​វា​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ពាស​ពេញ​ផ្ទៃ​មេឃ​នៅ​ថ្ងៃ​មួយ​ដែល​មាន​ព្យុះ​ភ្លៀង ។ សេចក្ដី​ស្រឡាញ់​គឺជា​សុវត្ថិភាព​ដែល​កូន​ក្មេង​តូចៗ​ស្រែក​យំ​ចង់​បាន ហើយ​យុវវ័យ​ប្រាថ្នា​ចង់​បាន វា​គឺជា​តំណ​ដែល​ចង​ភ្ជាប់​អាពាហ៍ពិពាហ៍ ហើយ​ជា​ឥទ្ធិពល​ស្ងប់​ស្ងាត់​ដែល​ការពារ​ការ​ឈ្លោះ​ប្រកែក​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ផ្ទះ វា​គឺជា​សេចក្ដី​សុខសាន្ត​នៃ​មនុស្ស​វ័យ​ចំណាស់ ជា​ពន្លឺ​ព្រះអាទិត្យ​នៃ​សេចក្ដីសង្ឃឹម​ដែល​ភ្លឺ​កាត់​សេចក្ដី​ស្លាប់ ។ មាន​ពរ​អ្វី​ម៉្លេះ​ដល់​អស់​អ្នក​ណា​ដែល​រីករាយ​នឹង​សេចក្ដីស្រឡាញ់​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​គ្រួសារ ព្រះវិហារ និង​ពួក​អ្នក​ជិត​ខាង​ខ្លួន​នោះ » ។

សេចក្ដី​ស្រឡាញ់​គឺជា​កត្តា​ដ៏​សំខាន់​នៃ​ដំណឹងល្អ ជា​លក្ខណៈ​ដ៏​ថ្លៃថ្នូរ​បំផុត​នៃ​ព្រលឹង​មនុស្ស ។ សេចក្ដី​ស្រឡាញ់​គឺជា​ថ្នាំ​ព្យាបាល​សម្រាប់​គ្រួសារ សហគមន៍ និង​ប្រទេស​ដែល​មាន​ជំងឺ ។ សេចក្ដី​ស្រឡាញ់​អាច​បង្ហាញ​តាមរយៈ​ស្នាម​ញញឹម ការ​គ្រវី​ដៃ ការ​បញ្ចេញ​មតិ​ល្អៗ និង​ការ​សរសើរ ។ សេចក្ដីស្រឡាញ់​គឺជា​ការ​លះបង់ ការ​បម្រើ និង​ការ​មិន​គិត​ពី​ខ្លួន​ឯង ។

ស្វាមី​ទាំងឡាយ សូម​ស្រឡាញ់​ភរិយា​របស់​អ្នក ។ សូម​ប្រព្រឹត្ត​ចំពោះ​ពួកគាត់​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​អំណរគុណ ។ បងប្អូន​ស្រ្តី​ទាំង​ឡាយ សូម​ស្រឡាញ់​ស្វាមី​របស់​អ្នក ។ សូម​ប្រព្រឹត្ត​ចំពោះ​ពួកគាត់​ដោយ​ការ​គោរព និងការ​លើក​ទឹក​ចិត្ត ។

ឪពុកម្ដាយ​ទាំងឡាយ សូម​ស្រឡាញ់​កូនៗ​របស់​អ្នក ។ សូម​អធិស្ឋាន​ឲ្យ​ពួកគេ បង្រៀន​ពួកគេ ហើយ​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​ពួកគេ ។ កូនៗ​ទាំងឡាយ សូម​ស្រឡាញ់​ឪពុកម្ដាយ​របស់​អ្នក ។ សូម​បង្ហាញ​ការគោរព ការ​ដឹងគុណ និង​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ពួកគាត់ ។

មរមន បាន​ទូន្មាន​ថា ប្រសិន​បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធ​សាធ​នៃ​ព្រះគ្រីស្ទ​ទេ « [ យើង ] គ្មាន​ជា​អ្វី​ទាំង​អស់ » ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​មរមន​ឲ្យ « អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ [ យើង ] បាន​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ [ យើង ] អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ » ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

ប្រធាន​ថូម៉ាស អេស ម៉នសុន បង្រៀន​យើង​ពី​សារៈសំខាន់​នៃ​ការ​បង្ហាញ​សេចក្ដីស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ​ដ៏​ពិត​ប្រាកដ ជា​ពិសេស​នៅ​ក្នុង​ផ្ទះ ។ សូម​ពិចារណា​ស្នើឲ្យ​សមាជិក​ដែល​អ្នក​ទៅ​សួរ​សុខ​ទុក្ខ​ប្រមូល​ផ្ដុំ​គ្នា​ជា​គ្រួសារ ហើយ​ពិភាក្សា​អំពី​វិធី​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នក​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ជ្រើស​យក​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ទាំងនោះ ហើយ​ដាក់​ផែនការ​ដើម្បី​សម្រេច​វា​ឲ្យ​បាន​ជា​គ្រួសារ ។ ឧទាហរណ៍ សមាជិក​គ្រួសារ​អាច​ព្យាយាម​ស្វែង​រក​ផ្ដល់​ការ​បម្រើ​ដ៏​សម្ងាត់​មួយ​ទៅ​ដល់​សមាជិក​គ្រួសារ​ម្នាក់​ទៀត​នៅ​រៀងរាល់​សប្ដាហ៍ ។ អ្នក​អាច​សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​នៅ​ពេល​ក្រោយ​ថា​តើ ការ​ព្យាយាម​សម្រេច​គោលដៅ​របស់​ពួកគេ​បាន​បង្កើន​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ​របស់ពួកគេ​យ៉ាង​ដូច​ម្ដេច ។