២០១៧
ដង្វាយធួន​របស់​ព្រះគ្រីស្ទ​គឺជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ
កុម្ភៈ 2017


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ ខែ កុម្ភៈ ឆ្នាំ ២០១៧

ដង្វាយធួន​របស់​ព្រះគ្រីស្ទ​គឺជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ការ​យល់​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​មាន​អមតភាព ហើយ​សក្ដានុភាព​ដើម្បី​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះ​ដ៏​ធំធេង ហើយ​គ្មាន​ទីបញ្ចប់​ចំពោះ​យើង ។ ព្រះអង្គសង្គ្រោះ​របស់​យើង​ក៏​ស្រឡាញ់​យើង​ដែរ ។

« តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន ? …

« ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់ ឬ រស់ ពួក​ទេវតា ឬ អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ ទៅ​មុខ ឬ ឥទ្ធិឫទ្ធិ​អ្វី

« ទី​មាន​កម្ពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ » ( រ៉ូម ៨:៣៥, ៣៨–៣៩ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ថ្លែង​ពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ថា « ការ​រង​ទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ប្រោស​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​តាមរយៈ​ការ​បំពេញ​ដល់​តម្រូវការ​នានា​ដែល​សេចក្ដីយុត្តិធម៌​មាន​ចំពោះ​យើង ។ ទ្រង់​បាន​ប្រទាន​សេចក្ដី​ករុណា និង​អភ័យ​ទោស​ដល់​អ្នក​ទាំងឡាយ​ដែល​ប្រែចិត្ត ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក៏​បាន​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​បំណុល​នៃ​សេចក្ដីយុត្តិធម៌ ដើម្បី​លោះ​យើង​ដោយ​ការ​ព្យាបាល និង​ការ​បង់​ថ្លៃសង​ដល់​យើង​នូវ​រាល់​ការ​រងទុក្ខ ដែល​យើង​ស៊ូទ្រាំ​ដោយ​ស្លូត​ត្រង់ ។ ‹ ដ្បិត​មើល​ចុះ ទ្រង់​រង​ទុក្ខ​ការ​ឈឺ​ចាប់​នៃ​មនុស្ស​លោក​ទាំងអស់ មែន​ហើយ​គឺ​ការ​ឈឺ​ចាប់​របស់​សត្វ​លោក​សព្វសារពើ ដែល​រស់​នៅ​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​ជា​គ្រួសារ​នៃ​លោក​អ័ដាម › ( នីហ្វៃទី ២ ៩:២១ សូម​មើល​ផងដែរ អាលម៉ា ៧:១១–១២ ) » ។

ព្រះគ្រីស្ទ​ « បាន​ចារិក [ យើង ] ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់ [ ទ្រង់ ] ហើយ » ( អេសាយ ៤៩:១៦ ) ។ លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ថ្លែង​ថា « ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្តុង្គឧត្តម​នោះ ​គួរ​តែ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​លុត​ជង្គង់​ចុះ​អធិស្ឋាន​ដោយ​រាបសារ ដើម្បី​ថ្លែង​អំណរគុណ​ព្រះវរបិតា​សួគ៌​ដែល​បាន​ស្រឡាញ់​យើង រហូត​ដល់​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែមួយ និង​បុត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​ឲ្យ​មក​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង ការឈឺចាប់​ក្នុង​ចិត្ត​របស់​យើង និង​អ្វីៗ​ទាំងអស់​ដែល​ទំនង​ជា​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ » ។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

យ៉ូហាន ៣:១៦, នីហ្វៃទី ២ ២:៦–៧, ៩, reliefsociety.lds.org

កំណត់​ចំណាំ

  1. ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១១០ ។

  2. លីនដា ខេ ប៊ើតុន « Is Faith in the Atonement of Jesus Christ Written in Our Hearts? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១៤ ។

សូម​ពិចារណា​អំពី​សំណួរ​នេះ

តើ​យើង​អាច​បង្ហាញ​ការ​ដឹង​គុណ និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​អំណោយទាន​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើង​តាម​របៀប​ណា ?