២០២០
អំណោយ​នៃ​សេចក្តី​ស្រឡាញ់
ខែ មិថុនា ឆ្នាំ ២០២០


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

អំណោយ​នៃ​សេចក្តី​ស្រឡាញ់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ពេល​ស្វាមី​ខ្ញុំ​បាន​ប្រសិទ្ធពរដល់​កូនស្រី​តូច​របស់​យើង ខ្ញុំ​បាន​ចាប់ផ្ដើម​ក្រឡេក​មើល​ពី​ជម្រៅ និង​ទំហំ​នៃ​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌—គឺ​បព្វជិតភាព ។

រូបភាព
man holding baby in blessing dress

រចនា​រូបភាព​ដោយ ALE + ALE ម៉រហ្គេន ហ្គានីន

ខ្ញុំ​ជា​សមាជិក​ថ្មី​ម្នាក់​របស់​សាសនាចក្រ ជា​ភរិយា​ថ្មី និង​ជា​ម្ដាយ​ថ្មីថ្មោង ។ វា​ជា​ថ្ងៃ​អាទិត្យ​តម​អាហារ ហើយ​កូនស្រី​ដ៏​តូច​របស់​យើង​ត្រៀម​នឹង​ទទួល​ឈ្មោះ និង​ពរជ័យ​មួយ ។ ខ្ញុំ​មិនដែល​បានឃើញ​ការប្រសិទ្ធពរទារក​ពីមុន​មក​ទេ ដោយសារ​យើង​បាន​រស់នៅក្នុង​វួដ​មួយ​ដែល​មាន​គ្រួសារ​វ័យ​ក្មេង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ខ្ញុំ​ពុំ​ដឹង​ថា មាន​អ្វី​ត្រូវ​រំពឹង​ទុក​ឡើយ ។ ទោះយ៉ាង​ណា​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ថា នេះ​ជា​អ្វី​មួយ​ពិសេស និង​សំខាន់​ខ្លាំង​ណាស់ ។

ស្វាមី​ខ្ញុំ ដោយ​បាន​ចូលរួម​ពី​អ្នក​កាន់​បព្វជិតភាព​ដ៏​មាន​គារវភាព​ផ្សេងទៀត បាន​ទ្រ​កូនស្រី​តូច​ដ៏​មាន​តម្លៃ​របស់​យើង​ដោយ​ប្រុង​ប្រយ័ត្ន ។ ភាពផ្អែមល្ហែម​នៃ​ព្រះវិញ្ញាណ​បាន​បំពេញ​ក្នុង​ចិត្ត​ខ្ញុំ ។ ទឹកភ្នែក​បាន​ហូរ​កាត់​ផ្ទាល់​ខ្ញុំ ហើយ​ការបំផុស​ជា​ច្រើន​បាន​បំពេញ​ក្នុង​គំនិត​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គ្រាន់តែ​បាន​ចាប់ផ្ដើម​ក្រឡេក​មើល​ឃើញ​ពី​ជម្រៅ និង​ទំហំ​នៃ​អំណោយ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ដល់​យើង—គឺ​បព្វជិតភាព ។

ពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ​នូវ​ការពិភាក្សា​ទាំងឡាយ ខ្ញុំ​បាន​ដឹង​ថា​ពួកគេ​មាន​អារម្មណ៍​ថា​មាន​កិត្តិយស​យ៉ាង​ណា​ដែល​បាន​កាន់​បព្វជិតភាព​នោះ ។ ខ្ញុំ​បានឮ​វា​នៅក្នុង​ពាក្យ​សម្ដី​របស់​ពួកគេ និង​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ រួមទាំង​ពេល​ដែល​ពួកគេ​បាន​ប្រសិទ្ធិពរ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ជាមួយ​នឹង​ច្បាប់​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ខ្ញុំ​បាន​ដឹង​ពេល​ដៃ​របស់​ពួកគេ​ដែល​បាន​ដាក់​លើ​ក្បាល​ខ្ញុំ​ដោយ​ថ្នមៗ​នោះ ចាប់ផ្ដើម​ញ័រ​ពេល​ពួកគេ​បាន​និយាយ​ពាក្យពេចន៍​ដែល​ខ្ញុំ​ដឹង​ថា​មក​ពី​ព្រះអម្ចាស់—ជា​ពាក្យ​នៃ​សេចក្ដី​ស្រឡាញ់ និង​នៃ​ការព្យាបាល ។

មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ដៃ​របស់​ពួក​អ្នក​កាន់​បព្វជិតភាព​បានដាក់​លើ​ក្បាល​ខ្ញុំ​ម្ដង​ទៀត ។ ខ្ញុំ​បាន​ទទួល​ពិធីបញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវបាន​ប្រគល់​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ស្អាតស្អំ និង​បាន​កើត​ជា​ថ្មី ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​អំណាច​បព្វជិតភាព​ពេញ​ទាំង​រាងកាយ​ខ្ញុំ ហើយ​ជា​លើក​ទីមួយ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ស្គាល់​សេចក្ដី​អំណរ ។

មិនយូរ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ខ្ញុំ និង​ស្វាមី​ខ្ញុំបាន​រៀបការ ។ ឪពុក​ម្ដាយ​គាត់​ជា​សមាជិក​សាសនាចក្រ ហើយ​ផ្ទះ​គាត់​ផ្ដោត​ទៅលើ​ដំណឹងល្អ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ទីបន្ទាល់​របស់​គាត់​ពុំ​បាន​ចាក់​ឫស​រឹងមាំ​ទេ ។ ទោះ​យ៉ាងណា ខ្ញុំ​ពុំមាន​ការបារម្ភ​នោះទេ ។ សេចក្ដី​ជំនឿ​ក៏​ក្មេងខ្ចី​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេញ​ដោយ​សុទិដ្ឋិនិយម ។ ខ្ញុំ​នឹង​ស្រឡាញ់​គាត់ ហើយ​អត់ធ្មត់ និង​អធិស្ឋាន ។

អំឡុងពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ​ជាមួយ​នឹង​កូនដំបូង​របស់​យើង ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ម្ដាយ​ទាំងឡាយ​មាន​ដែរ—ជិតដិត​យ៉ាង​ខ្លាំង​ទៅនឹង​កូន​ក្នុង​ផ្ទៃ ពោរពេញ​ដោយ​ភាពអស្ចារ្យ​នឹង​ជីវិត​ថ្មី​ដែល​នៅក្នុង​ពោះ​ខ្ញុំ​នេះ ។ ពេល​កូនស្រី​យើង​បាន​កើត​មក ចំណង​របស់​ខ្ញុំ​នឹង​នាង​បាន​ក្លាយ​ជា​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ រឹងមាំ ហើយ​ផ្អែមល្ហែម ។

ប៉ុន្តែ​ខ្ញុំ​មាន​កង្វល់​ពី​ស្វាមី​ខ្ញុំ ។ គាត់​ពុំ​បាន​មាន​ពរជ័យ​នៃ​ភាពជិតស្និត​ដ៏​ខ្លាំង​នឹង​កូនស្រី​យើង ដែល​ខ្ញុំ​មាន​នោះ​ទេ ។ ពិតណាស់​គាត់​ស្រឡាញ់​នាង ប៉ុន្តែ​ខ្ញុំ​ឆ្ងល់ ហើយ​ព្រួយ​បារម្ភ​ថា​បើ​គាត់ និង​នាង​នឹង​អភិវឌ្ឍ​នូវ​ចំណង​ដ៏​រឹងមាំ​មួយ​ដែរ​ឬទេ ។ ខ្ញុំ​ព្រួយ​ចិត្ត ពេល​ខ្ញុំ​ចំណាយ​ពេល​បំបៅ​នាង ងូតទឹក​ឲ្យ​នាង និង​បី​នាង ខណៈ​ដែល​ពេលវេលា​ច្រើន​បំផុត​របស់​ស្វាមី​ខ្ញុំ​ត្រូវបាន​ចំណាយ​លើ​ការងារ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​យើង ។

ឥឡូវ​នេះ ពីរបី​សប្ដាហ៍​បន្ទាប់​ពី​នាង​បានកើត យើង​នៅក្នុង​សាលា​ជំនុំ​របស់​យើង ។ អព្ភូតហេតុ​មួយ​បាន​បើក​សម្ដែង​ឡើង​នៅពី​មុខ​ខ្ញុំ និង​នៅក្នុង​ដួងចិត្ត​ខ្ញុំ ។ ស្វាមី​របស់​ខ្ញុំ​ដែល​មិនដឹង​ថា​គាត់​កំពុង​ធ្វើ​អ្វី​នោះ បានញញឹម​ដោយ​ការបន្ទាប​ខ្លួន​ទៅកាន់​បងប្អូន​ប្រុស​របស់​គាត់​ដែល​នៅក្នុង​រង្វង់ ភ្នែក​គាត់​ពោរពេញ​ដោយ​ពន្លឺ ហើយ​មាន​ទឹកភ្នែក​រលីងរលោង​ផង ។ ជាការតប​វិញ បងប្អូន​ប្រុស​ទាំងនោះ​បាន​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​ដល់​គាត់ កាលដែល​ពួកគេ​បាន​ដាក់ដៃ​លើ​ស្នា ហើយ​ជួយ​ទ្រ​កូន​របស់​យើង បង្កើត​ជា​រង្វង់​តូច​មួយ​ស្រោចស្រប់​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ និង​ពិសិដ្ឋ ។​ ពេល​ស្វាមី​ខ្ញុំ​បាន​ចាប់ផ្ដើម​ការប្រសិទ្ធពរ ខ្ញុំ​បាន​ឮ​សំឡេង​គាត់​ញ័រ ហើយ​ខ្ញុំ​បាន​ដឹង​ថា គាត់​កំពុង​ទទួល​អារម្មណ៍​ពី​ព្រះចេស្តា​នៃ​ព្រះ និង​កិត្តិយស​នៃ​ការកាន់​បព្វជិតភាព ។

ខ្ញុំ​បាន​ដឹង​ថា គាត់​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​យ៉ាង​អស្ចារ្យ​ចំពោះ​កូនស្រី​តូច​របស់​យើង ហើយ​ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រៀបចំ​ខ្លួន​គាត់​ក្នុង​ការប្រសិទ្ធិពរ​ដល់​នឹង​នូវ​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះរាជ​បំណង​ចង់​ប្រទាន​ដល់​នាង ។ ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរ ពេល​ខ្ញុំ​បានដឹង​ថា ឥឡូវ​នេះ​គាត់​មាន​ចំណង​ដ៏​រឹងមាំ​ជាមួយ​កូនស្រី​យើង ។ វា​ជា​ចំណង​មួយ​ដែល​មិនដែល​ទន់ខ្សោយ​នោះ​ឡើយ ។

ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅហើយ​តាំងពី​បទពិសោធន៍​នោះ​បាន​កើតឡើង ។ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី និង​ទទួល​អារម្មណ៍​នៃ​អំណាច និង​ភាពស្រស់ស្អាត​នៃ​បព្វជិតភាព​ដែល​ត្រូវបាន​អនុវត្ត​ក្នុង​របៀប​ជា​ច្រើន ក្នុង​ទីកន្លែង​ជាច្រើន និង​សម្រាប់​បុត្រា​បុត្រី​ជាច្រើន​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​បាន​មើល​ឃើញ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​ស្រស់​បំព្រង​ដែល​ត្រូវបាន​ប្រគល់ និង​បំពេញ​ដួងចិត្ត ។ ខ្ញុំ​បាន​សង្កេត​ឃើញ​មាន​ការសម្អាត ការព្យាបាល ការលួងលោម និង​ការបង្រៀន ។ ខ្ញុំ​បានឃើញ និង​ទទួល​អារម្មណ៍​ថា បន្ទុក​ត្រូវបាន​ធ្វើ​ឲ្យ​ស្រាល​ឡើង ។

ខ្ញុំ​​ដឹង​ថា ខ្ញុំ​នៅតែ​មិន​យល់​ពី​ភាពអស្ចារ្យ​ពេញលេញ​នៃ​បព្វជិតភាព​នោះទេ ប៉ុន្តែ​គ្រប់​ការប្រសិទ្ធិពរ​ទារក​ដែល​ខ្ញុំ​បាន​ឃើញ បាន​បំពេញ​ដួងចិត្ត​ខ្ញុំ​ជាមួយ​នឹង​ភាពស្ញប់ស្ញែង​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​អំឡុង​ការប្រសិទ្ធពរកូន​ដំបូង​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ភាពស្ញប់ស្ញែង​នឹង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​បាន​បង្ហាញ ដោយ​ការចែកចាយ​នូវ​អំណាច​របស់​ទ្រង់​ជាមួយ​យើង ហើយ​ខ្ញុំ​ពោរពេញ​ដោយ​ការដឹងគុណ​រក​ពាក្យ​អ្វី​មក​ថ្លែង​ជា​ទីបន្ទាល់​មិន​បាន​អំពី​ទ្រង់ ព្រះរាជ​បុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដ៏​ស្រស់​បំព្រង​របស់​យើង ។