២០២០
ការទុកចិត្ត​ទៅលើ​ចំណាប់​អារម្មណ៍​ទីពីរ និងទៅ​លើ​ការដឹកនាំ​ពី​ព្រះវិញ្ញាណ
ខែ មិថុនា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

ការទុកចិត្ត​ទៅលើ​ចំណាប់​អារម្មណ៍​ទីពីរ និងទៅ​លើ​ការដឹកនាំ​ពី​ព្រះវិញ្ញាណ

ពេល​ខ្ញុំ​បានជួប​ឃើត​នៅលើកដំបូង គាត់​មិនមែន​ជា​មនុស្សម្នាក់ ដែល​អាច​នាំ​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ តើ​យើង​អាច​បន្ត​ទៅ​មុខនៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ដោយ​របៀប​ណា ?

នៅ​ខែ កុម្ភៈ ឆ្នាំ ២០១៣ ខ្ញុំ​បាន​ជួប​នឹង​យុវជន​ម្នាក់​ឈ្មោះ ឃើត នៅឯ​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​មួយ ។ គាត់​មុខស្រមាម មិន​កោរ​ពុកមាត់ហើយ និង​ស្រវឹងស្រា ។ ខ្ញុំ​មិន​បាន​គិត​អ្វីច្រើនដល់​គាត់​នោះ​ទេ ។ បួន​ខែ​ក្រោយមក ខ្ញុំ​បាន​ឃើញ​យុវជន​ដ៏​សង្ហា​ម្នាក់ ដែល​ខ្ញុំ​ភ្លាមមានការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ។ ផ្លូវ​របស់​យើង​បាន​កាត់​គ្នាចំនួន​ប្រាំ​នាទី​ពេញ ប៉ុន្ដែ​ក្នុង​ពេល​នោះ ខ្ញុំ​បាន​ដឹង​ថា គាត់​គឺជា​ឃើត—​បុរស​មានពុកមាត់ស្រមាម​​ដែល​ខ្ញុំ​បាន​ជួប​កាលពីលើក​មុន ។ ខ្ញុំ​បានងឿង​ឆ្ងល់​ពី​ការផ្លាស់ប្តូរទៅ​លើ​រូបរាង​របស់​គាត់ ។

ពីរ​សប្ដាហ៍​ក្រោយមក ខ្ញុំ​បានមានការ​ភ្ញាក់ផ្អើល​ពេល​បាន​ទទួល​សារ​មួយ​ពី​ឃើត ដែល​សូម​ឲ្យខ្ញុំ​ចូលរួម​នឹង​មិត្ត​របស់​គាត់​ទៅ​មើល​កុន ។ ខ្ញុំ​បាន​ជជែក​វែកញែក​ក្នុង​គំនិត​របស់ខ្ញុំ ថា​តើ​ខ្ញុំ​គួរ​ទៅ​ឬ​ទេ ។ តើ​គាត់​បាន​លេខ​ខ្ញុំ​ដោយ​របៀប​ណា ? ខ្ញុំ​សឹងតែ​មិន​ស្គាល់​បុរស​នេះសោះ​ឡើយ ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ​ទៅលើ​គាត់​មិនមែន​ល្អ​បំផុត​ឡើយ ហើយ​មើល​ទៅ យើង​ក៏គ្មាន​អ្វី​ចុះសម្រុងនឹងគ្នា​សោះ ។ ប៉ុន្ដែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ទាំង​ស្ទាក់ស្ទើរ ។

ក្រោយពី​មើល​កុន​ហើយ ឃើត​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច ហើយ​ខ្ញុំក៏​ឆ្លើយ​ថា​ព្រមទៅ ដោយសារ​តែ​ខ្ញុំ​ឃ្លានតែ​ប៉ុណ្ណោះ ប៉ុន្ដែ​អាហារ​ពេល​ល្ងាច​នោះ​បាន​ផ្លាស់ប្តូរនូវ​អ្វីៗ​ទាំងអស់ ។ ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ​អំពី​គាត់​បាន​ផ្លាស់រប្តូរ នៅពេលដែល​ខ្ញុំ​បានដឹង​ថា គាត់​គឺជា​មនុស្សម្នាក់​ដែល​ធ្វើឲ្យ​ខ្ញុំ​ញញឹម និង​សើច​បាន​ដោយ​មិនដឹងខ្លួន ។ គាត់​ជាមនុស្សងាយ​នឹង​និយាយ​ជាមួយ ហើយ​យើង​ក៏បាន​ក្លាយជា​មិត្ត​នឹងគ្នាភ្លាមៗ ។

« តើ​យើង​កំពុង​ធ្វើ​អ្វី ? »

កាល​វេលាក៏​បាន​កន្លងផុត​ទៅ មិត្តភាពរបស់​យើងក៏​បាន​រីកចម្រើន ហើយ​អារម្មណ៍​របស់​យើង​ក៏​បាន​រីក​ដុះដាល​ដែរ ។ ពីមុន​ទំនាក់ទំនង​មនោសញ្ចេតនា​អាច​កើតឡើង​បាន ខ្ញុំ​បាន​មាន​ចម្បាំងមួយនៅក្នុង​ខ្លួន​ថា គាត់​មិន​មែន​ជា​សមាជិក​ក្នុង​ព្រះវិហារ​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចង់​ទៅរៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចិញ្ចឹម​កូនៗរបស់​ខ្ញុំ​ក្នុង​ដំណឹងល្អ ។ ខ្ញុំ​ចង់​មាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ ដូច្នេះ តើ​ខ្ញុំ​កំពុងតែ​បង្កើត​ទំនាក់ទំនង​អ្វី​ជាមួយ​គាត់ ?

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​តែធ្វើ​អ្វីមួយ ។ នា​ល្ងាច​មួយ យើង​បាន​បើក​ឡាន​ត្រលប់មក​ផ្ទះ​ខ្ញុំ​វិញ ហើយ​ខ្ញុំ​បាន​សួរ​ថា « តើ​យើង​កំពុង​ធ្វើ​អ្វី ? » ខ្ញុំ​បាន​ប្រាប់​គាត់​ថា យើង​ត្រូវដក​ថយ​មួយ​ជំហាន​មក​វិញ ហើយ​កុំ​ឲ្យ​មិត្តភាព​របស់​យើង​អភិវឌ្ឍ​ទៅជា​អ្វីមួយ​ខ្លាំង​ជាង​នេះ ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ចង់​ខូច​ចិត្ត ឬ​ឲ្យ​គាត់​ខូច​ចិត្ត​ឡើយ ប្រសិនបើ​យើង​ចាប់​មាន​ស្នេហា​នេះ​ដើម្បី​តែ​បែក​គ្នានៅ​ពេល​ក្រោយ ដោយសារ​តែ​ខ្ញុំ​ចង់​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ជីវិត​នេះ​គឺ​មិនមែន​តែ​អំពី​ខ្ញុំ ឬ​យើង​នោះ​ទេ ប៉ុន្ដែ​វាអំពី​អនាគត​យើង និង​កូនៗយើង​នា​ពេល​អនាគត​ផងដែរ ។ ខ្ញុំ​បាន​សារភាព​ថា ខ្ញុំ​ដឹង​ថា រឿង​នេះ​វាដូចជាឆ្កួតៗ ហើយ​ថា​ខ្ញុំ​គិតទៅមុខលឿនពេក ប៉ុន្ដែ​ខ្ញុំ​គ្រាន់តែ​ព្យាយាម​ទៅ​តាម​ភាពពិតភាពជាក់លាក់ ហើយ​មិនចង់​ឲ្យ​យើង​មាន​ការខូចចិត្ត​នា​ពេល​ខាងមុខ ។

គាត់​បាន​ស្ដាប់ រួច​ហើយ​បាន​ឆ្លើយតប​ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ថា « បង​នឹង​នាំ​អូន​ទៅ​ព្រះវិហារ​បរិសុទ្ធ » ។ ខ្ញុំបាន​សង្ស័យ​គាត់—ថាតើ​គាត់​អាច​សន្យា​រឿង​នោះបាន​យ៉ាង​ម៉េច​កើត ? គាត់​បានធើ្វការ​ធានា​ប្រាប់​ខ្ញុំ​ជា​ថ្មី តាមរយៈ​ការសន្យា​ថា​នឹង​នាំ​ខ្ញុំ​ទៅ ហើយ​សូម​ឲ្យ​ខ្ញុំ​ទុកចិត្តទៅ​លើ​គាត់ ។

ខ្ញុំ​ពិត​ជា​មិន​ដឹងថានឹង​​ត្រូវ​ធ្វើ​អ្វីឡើយ ប៉ុន្ដែ​វា​ប្រហែល​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​មាន​បំណង​ដ៏​ពិត​យ៉ាង​ខ្លាំង ។ នៅពេល​ខ្ញុំ​បាន​តម​អាហារ និង​អធិស្ឋាន​នៅក្នុង​​ដំណើរ​ការណ៏នេះ​ទាំងមូល ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ធានា​អះអាង​មួយ​ថា វា​ត្រឹមត្រូវ ហើយនិង​ត្រូវ​បន្ដ​ដើរ​នៅលើ​ផ្លូវ​នេះ​ទៅ ។ ទំនាក់ទំនង​មុនៗ​ទាំងឡាយរបស់​ខ្ញុំ​គឺ​មាន​អារម្មណ៍​ល្អ ប៉ុន្ដែ​ការនៅ​ជាមួយ​ឃើត វា​ជា​លើក​ទីមួយនៅ​ក្នុង​ជីវិត​ខ្ញុំ​ដែល​អ្វីៗ​មាន​អារម្មណ៍​ថា​ត្រឹមត្រូវ​—មិន​មែន​គ្រាន់តែ​មាន​អារម្មណ៍​ល្អ​ទេ ប៉ុន្ដែ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ ។

ដោយ​មាន​ការធានា​ជាថ្មី​នោះ​មកពី​ព្រះវិញ្ញាណ ខ្ញុំ​បាន​យល់ព្រម​ទុកចិត្ត​លើ​ឃើត ហើយ​បន្ដការ​ទំនាក់ទំនង​របស់​យើង ។ ខ្ញុំ​បាន​ដឹង​ថា អ្វីៗ​នៅតែ​មិន​អាច​ដំណើរការ​បាន ប៉ុន្ដែ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា ខ្ញុំ​នឹង​នៅប្រកាន់ខ្ជាប់​នឹង​ការប្ដេជ្ញា​របស់​ខ្ញុំ​ដើម្បីទៅ​រៀបការនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

មានទំនុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ឈានដំណើរ​ទៅមុខ

ឃើត​បាន​ចាប់ផ្ដើម​ជួប​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។ អំឡុង​ពេល​រៀន ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​អង្កេត​មើល​ព្រះវិហារ​ជាង​មួយ​ឆ្នាំ​ហើយ មុន​ពេល​យើង​បាន​ជួប​គ្នា ។ ខ្ញុំ​ក៏​បាន​ដឹងផងដែរ​ថា គាត់​មាន​បំណង​មិនចង់​សួរ​ខ្ញុំ​អំពី​សំណួរ​ខាង​សាសនា​ឡើយ ដោយសារ​គាត់​ចង់​ដឹង​ពី​សេចក្ដីពិត​ដោយ​ខ្លួនឯង ហើយ​មិន​ចង់អនុញ្ញាត​ឲ្យ​អារម្មណ៍​របស់​គាត់​មានចំពោះ​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​លំអៀង​ឡើយ ។

គាត់​បាន​ជ្រមុជ​ទឹក ហើយ​យើង​បាន​រៀបការ និង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ហាមីលតុន ញូវ​ហ្ស៊ីលេន​មួយ​ឆ្នាំ​ក្រោយមក ។ គាត់​បាន​រក្សានូវ​ពាក្យ​សន្យា​របស់​គាត់​ចំពោះ​ខ្ញុំ ដើម្បី​នាំ​ខ្ញុំ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​គាត់​នៅតែ​កាន់​សេចក្ដី​សញ្ញា​របស់​គាត់​ជាប់​នឹង​ដួងចិត្ត​របស់​គាត់​ដដែល ។ ប្រាំមួយ​ឆ្នាំ​កន្លះ​នៃ​អាពាហ៍ពិពាហ៍​នេះ​ក្រោយមក យើង​នៅតែ​មាន​រឿង​ដ៏​អស្ចារ្យ​កើតឡើង ។ យើង​មាន​កូនប្រុស​ម្នាក់ ដែល​យើង​ស្រឡាញ់​យ៉ាងខ្លាំង ហើយ​យើង​ខិតខំរៀង​រាល់ថ្ងៃ​ដើម្បី​បង្រៀន​គាត់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​មិនបាន​អនុញ្ញាត​ឲ្យ​ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ​អំពី​ឃើត ក្លាយជា​ចំណាប់​អារម្មណ៍​ចុងក្រោយ របស់ខ្ញុំ។ គាត់​មិន​មែន​ជា​មនុស្ស​ដដែល ​ដែល​ខ្ញុំ​បាន​ជួបនៅលើក​ដំបូង​នោះ​ទេ ។ ខ្ញុំ​រីករាយ ដែល​ខ្ញុំ​បាន​ទុកចិត្ត​ទៅលើ​គាត់ និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​នៅក្នុង​ទំនាក់ទំនង​របស់​យើង ។ ហើយ​ខ្ញុំ​មាន​អំណរ ដែល​ខ្ញុំ​បាន​ក្រោកឈរ​សម្រាប់​អ្វី​ដែល​ខ្ញុំ​ជឿទៅលើ សម្រាប់​ខ្លួន​ខ្ញុំ និង​អនាគតគ្រួសារ​បស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចង់បានការ​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ មិន​មែន​ដោយសារតែ​វា​ជា « រឿង​ត្រឹមត្រូវ​ត្រូវ​ធ្វើ » នោះ​ទេ ប៉ុន្ដែ​ដោយសារ​សេចក្ដីសញ្ញា​ដែល​យើង​ចុះ ជាពិសេស​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ដាក់​យើង​ឲ្យ​នៅលើ​ផ្លូវ​មួយ ដែល​អនុញ្ញាត​ឲ្យ​គ្រួសារ​យើង​រីក​ចម្រើន ធំធាត់ និង​អស់កល្បជានិច្ច។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​​វោហាសព្ទ​ថា « សេចក្ដី​សង្គ្រោះ​គឺជា​រឿង​បុគ្គល ឯ​ការលើក​តម្កើង​គឺជា​រឿង​គ្រួសារ » ( « Salvation and Exaltation » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ១០ ) ។