២០២០
តើ​កូន​របស់​ខ្ញុំ​ដែល​ពិការ​បានត្រៀមខ្លួនដើម្បី​ទទួល​បុណ្យជ្រមុជទឹក​ហើយ​ឬ​នៅ ?
ខែ មិថុនា ឆ្នាំ ២០២០


តើ​កូន​របស់​ខ្ញុំ​ដែល​ពិការ​បានត្រៀមខ្លួន​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក​ហើយ​ឬ​នៅ ?

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ខួប​ប្រាំបី​ឆ្នាំ​របស់​កូនប្រុស​យើង​ជិត​ចូលមក​ដល់​ហើយ ។ ប៉ុន្តែ​តើ​យើង​អាច​មាន​ចិត្ត​ប្រាកដ​ថា គាត់​បានត្រៀមខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ​នោះ ។

រូបភាព
feet in baptismal font

ថតរូប​ដោយ រេនឌី ខូលីយ័រ

មិនដល់​មួយ​ឆ្នាំ​ទៀត​ទេ ដេវីឌ កូនប្រុស​យើង​នឹង​ឈាន​ចូល​អាយុ​ប្រាំបី​ឆ្នាំ ។ ស្វាមី​ខ្ញុំ និង​ខ្ញុំចង់​ឲ្យ​គាត់​រៀបចំ​ធ្វើ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បុណ្យ​ជ្រមុជ​ទឹក ។ នោះ​មានន័យ​ថា ធ្វើ​រឿង​ទាំងឡាយ​ដូចជា​អាន​ព្រះគម្ពីរ​មរមន សិក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹ និង​រំឭក​សំណួរ​សម្ភាស​បុណ្យ​ជ្រមុជ​ទឹក ។ យើង​បាន​ធ្វើ​ការណ៍​ទាំងអស់​នេះ​ពីមុន​មក​ជាមួយ​នឹង​បងស្រី​របស់​ដេវីឌ ប៉ុន្តែ​ដេវីឌ​មាន​អធីហ្សឹម ដូច្នេះ​ការសម្រេច​ចិត្ត​ថា​បើ​គាត់​គួរ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឬទេ​គឺ​មិន​ច្បាស់លាស់​ទេ​សម្រាប់​យើង ។

មែនហើយ យើង​បាន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​រៀបចំ​គាត់ ប៉ុន្តែ​សំណួរ​ដែល​យើង​នៅតែ​គិត​ក្នុង​ចិត្ត​នោះ​គឺ ៖ តើ​ដេវីឌ​គួរតែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ​ឬ​ទេ ? តើ​គាត់​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ? តើ​គាត់​ត្រូវការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ? តើ​គាត់​បាន​យល់​ពី​អ្វី​ដែល​គាត់​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​ដែរ​ឬ​ទេ ? តើ​យើង​អាច​ដឹង​យ៉ាង​ប្រាកដ​ដោយ​របៀប​ណា​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ​ជា​រឿង​ត្រឹមត្រូវ​នោះ ?

ដូច​ជា​ឪពុក​ម្ដាយ​ជា​ច្រើន​ដែល​មាន​កូន​ជាមួយ​នឹង​ពិការភាព​ដែរ សំណួរ​ទាំងនេះ​បាន​ដឹកនាំ​យើង​នៅលើ​ដំណើរ​មួយ​នៃ​ការស្វែងរក​ការយល់ដឹង​ខាង​គោលលទ្ធិ និង​វិវរណៈ​ផ្ទាល់​ខ្លួន ។

អាយុ​នៃ​ការទទួល​ខុសត្រូវ និង​ការទទួល​ខុសត្រូវ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:២៧ ចែង​ថា « ហើយ​កូន​ចៅ​របស់​ពួក​គេ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ខ្លួន កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ និង​ទទួល​ការ​ដាក់​ដៃ​លើ » ។

ប្រសិន​បើ​យើង​ផ្អែក​ទាំងស្រុង​ទៅលើ​ខគម្ពីរ​នេះ យើង​នឹង​សន្មត់​ថា ក្មេង​អាយុ​ប្រាំបី​ឆ្នាំ ទាំងអស់​គឺ​បាន​ត្រៀមខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ទោះជា​យ៉ាងណា ព្រះគម្ពីរ​ក៏​បង្រៀន​ផងដែរ ៖

« កូន​ក្មេង​តូច​ត្រូវ​បាន​ប្រោស​លោះ … តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង

« ដូច្នោះ​ហើយ ពួក​គេ​ពុំ​អាច​ធ្វើ​បាប​បាន​ទេ … លុះ​ត្រា​ពួក​គេ​ចាប់​ផ្ដើម​ទទួល​ការ​ខុសត្រូវ​នៅ​ចំពោះ​យើង​សិន » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៩:៤៦–៤៧; សូមមើល​ផងដែរ មរ៉ូណៃ ៨:៧–២២ ) ។

តើ​ស្វាមី​ខ្ញុំ និង​ខ្ញុំ​អាច​យល់​បាន​ដោយ​របៀប​ណា​ថាបើ​ដេវីឌ​មាន​ការទទួល​ខុសត្រូវ​ហើយ​ឬ​នៅ​នោះ ? យើងបានបន្តស្រាវជ្រាវទៀត ។

យើង​បាន​រៀន​ពី​គោលនយោបាយ​សាសនាចក្រ​ថា ការទទួល​ខុសត្រូវ​របស់​បុគ្គល​ម្នាក់ៗ គឺ​ផ្អែក​ទៅលើ​បំណង​ប្រាថ្នា​របស់​គាត់ និង​កម្រិត​នៃ​ការយល់ដឹង​របស់​គាត់ ៖ ប្រសិនបើ​ដេវីឌ​មាន​ភាពសក្ដិសម ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បង្ហាញ​ថា​គាត់​អាច​ទទួល​ខុសត្រូវ នោះ​យើង​មិនគួរ​រារាំង​គាត់​ពី​ការទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ ។

យើង​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិនបើ​ពិការភាព​របស់​ដេវីឌ​កំណត់​សមត្ថភាព​ខាង​ប្រាជ្ញា​របស់​គាត់​ដូច​កូនក្មេង​តូច​នោះ នោះ​គាត់​មិន​អាច​ទទួល​ខុសត្រូវ​បាន​ទេ ហើយ​នឹង​មិន​ត្រូវការ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​នោះ​ទេ ( សូមមើល ក្បួនខ្នាត ភាគ១ ៖ ប្រធាន​ស្តេក និង​ប៊ីស្សព [ ឆ្នាំ ២០១០ ] ចំណុច ១៦.១.៨ សមាជិក​ដែល​មាន​សំណួរ​អំពី​គោលលទ្ធិ​សាសនាចក្រ អាច​ធ្វើ​ការប្រឹក្សា​ជាមួយ​ប៊ីស្សព​របស់​ពួកគេ​បាន ) ។

សមត្ថភាព​ខាង​ប្រាជ្ញា​របស់​ដេវីឌ​តាមពិតទៅ​ធម្មតា ។ ទោះជា​យ៉ាង​ណា ខ្ញុំ​នៅតែ​ឃើញ​ថា​ខ្លួនខ្ញុំ​មាន​ការសង្ស័យ​ថាតើ ដេវីឌ​បានឈាន​ដល់​កម្រិត​នៃ​ការទទួល​ខុសត្រូវ​សមរម្យ​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​បន្ត​ស្រាវជ្រាវ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​សង្ឃឹម​ថា​បាន​ការណែនាំ​ដែល​នឹង​នាំ​ភាពសុខសាន្ត​ដល់​ខ្ញុំ ។

ពិការភាព និងភាពគ្មាន​កំហុស

ខ្ញុំ​ស្គាល់​ឪពុក​ម្ដាយ​ខ្លះ​ដែល​មាន​កូន​មាន​ពិការភាព ដែល​បាន​ទទួល​នូវ​ការលួងលោម​យ៉ាង​ខ្លាំង​ពី​ការអាន​ថា ពួកអ្នក​ដែល​បាន​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​ដោយ​ពុំ​បាន​មាន​ការទទួល​ខុសត្រូវ នោះ​បន្ត​ស្ថិត​នៅក្នុង​ស្ថានភាព​គ្មាន​កំហុស ៖ « អស់​ទាំង​កូន​ក្មេង​តូច​រស់នៅ​ក្នុង​ព្រះ​គ្រីស្ទ ។ … ត្បិត​ព្រះ​ចេស្ដា​នៃ​សេចក្ដី​ប្រោស​លោះ មាន​មក​ដល់​អស់​អ្នក​ណា​ដែល​គ្មាន​ច្បាប់ … ហើយ​ចំពោះ​មនុស្ស​បែប​នោះ នោះ​បុណ្យ​ជ្រមុជ​ទឹក​នឹង​ពុំ​នាំ​មក​នូវ​ផល​ប្រយោជន៍​អ្វី​ឡើយ » ( មរ៉ូណៃ ៨:២២ ) ។

ព្យាការី យ៉ូសែប ស៊្មីធ ក៏​បាន​ពិពណ៌នា​ផងដែរ​ពី លក្ខខណ្ឌ​របស់​កុមារ​ដែល​ស្លាប់ ហើយ​ដោយ​ពុំ​ទាន់​ចូល​ដល់​ការទទួល​ខុសត្រូវ ៖ « ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​កូន​ក្មេង​ទាំង​អស់​ដែល​បាន​ស្លាប់​មុន​គ្រប់​អាយុ​ទទួល​ខុសត្រូវ នោះ​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៅ​ស្ថាន​សួគ៌​ដែរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:១០ ) ។

ខ្ញុំ​ដឹង​ថា សម្រាប់​បុគ្គល​ទាំងនេះ បុណ្យ​ជ្រមុជ​ទឹក​ពុំ​ចាំបាច់​នៅក្នុង​ជីវិត​នេះ​ទេ ។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ព្រះ​នឹង​ជួយ​យើង​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ដេវីឌ ។

ស្វែងរក​ការណែនាំ​ពី​ព្រះ

មាន​លទ្ធភាព​ជា​ច្រើន សម្រាប់​ពួក​អ្នក​ដែល​មាន​ពិការភាព ។ បុគ្គល​ជាច្រើន​ដែល​មាន​ពិការភាព មាន​កម្រិត​សតិ​ខ្ពស់​ជាង​ក្មេង​អាយុ​ប្រាំបី​ឆ្នាំ ហើយ​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ប្រសិន​បើ​ពួកគេ​មាន​ការទទួល​ខុសត្រូវ ( សូមមើល ក្បួនខ្នាត ភាគ១ ចំណុច ១៦.៣.៥ ) ។ បុគ្គល​ដទៃ​ទៀត​នឹង​មិន​ទទួល​ខុសត្រូវ​ទេ ។ ខ្ញុំ​បានដឹង​ថា ស្វាមី​ខ្ញុំ និង​ខ្ញុំ​អាច​ប្រឹក្សា​ជាមួយ​នឹង​កូនប្រុស​យើង ជាមួយ​ព្រះ និង​ជាមួយ​ប៊ីស្សព​យើង ដែល​ឈរ​តំណាង​ជា « ចៅក្រម​ក្នុង​អ៊ីស្រាអែល » ដើម្បី​ជួយ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​បំផុស​គំនិត ទាក់ទង​នឹង​ភាពរួចរាល់​របស់​ដេវីឌ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឬ​នៅ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧៦ ) ។

ពាក្យ​សម្ដី​ទាំងនេះ​មក​ពី​អាលម៉ា បាន​នាំ​មក​នូវ​ក្ដី​សុខសាន្ត​យ៉ាង​ខ្លាំង​ដល់​ខ្ញុំ ៖ « ហើយ​ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ … តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់​ថា អ្នក​រាល់​គ្នា​បាន​ចូល​ក្នុងសេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ថា អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​អង្គ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់ មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូរណ៍ ? » ( ម៉ូសាយ ១៨:៨, ១០ ) ។

បន្ទាប់​ពី​ការរៀបចំ​ទាំងអស់​របស់​យើង គឺ​មេរៀន​ទាំងអស់​របស់​យើង​ទាំងនៅ​ផ្ទះ និង​នៅ​ថ្នាក់​បឋម​សិក្សា នោះ​ខ្ញុំ​បាន​ចាប់ផ្ដើម​សួរ​ដេវីឌ​នូវ​សំណួរ​ទាំងឡាយ​ដែល​ខ្ញុំ​ដឹង​ថា គាត់​នឹង​ត្រូវសួរ​នៅក្នុង​ការសម្ភាស​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ។

ជួនកាល​ការឆ្លើយតប​របស់​គាត់​បង្ហាញ​ពី​ការយល់ដឹង ប៉ុន្តែ​ពេលខ្លះ​ទៀត​គាត់​មិន​ដឹង​ពី​របៀប​ឆ្លើយ​តប​ទេ ។ ខ្ញុំ​ឆ្ងល់​ថា​បើ​យើង​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ​ដែរ​ឬ​ទេ ។

នៅទីបំផុត ព្រះវិញ្ញាណ​បាន​ខ្សឹប​ដល់​ដួងចិត្ត​ខ្ញុំ​ថា « ហេតុអ្វី​អ្នក​មិនសួរ​ដល់​ដេវីឌ​ថា គាត់​គិត​យ៉ាង​ណា ? »

ខ្ញុំ​បាន​បែរ​ទៅ​ដេវីឌ ហើយ​បាន​សួរ​ថា « ដេវីឌ តើ​កូន​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ? »

គាត់​បាន​មើល​មក​ចំ​ខ្ញុំ ហើយ​និយាយ​ថា « បាទ ! »

ពេល​ខ្ញុំ​សួរ​គាត់​ថា ហេតុអ្វី​បាន​ជាគាត់​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​បាន​និយាយ​ថា « ដើម្បី​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ » ។

ខ្ញុំ​បាន​ពោរពេញ​ដោយ​ភាពសុខសាន្ត និង​ការណែនាំ ។ ខ្ញុំ​បាន​ដឹង​ភ្លាម​ថា ទោះបី​ជា​ដេវីឌ​ពុំ​យល់​គ្រប់​សំណួរ​បាន​ឥតខ្ចោះ ក៏​គាត់​មាន​ភាពរួចរាល់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ការបញ្ជាក់​រួច​ហើយ ។ គាត់​បាន​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវការដឹង ហើយ​សំខាន់​បំផុត គាត់​បាន​ដឹង ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​ចូល​ក្នុង​នគរ​នៃ​ព្រះ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

ថ្ងៃ​ដែល​ដេវីឌ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បញ្ជាក់​ជា​សមាជិក​នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជា​ថ្ងៃ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់ មិត្តភាព និង​ភាពសុខសាន្ត ។ មានគ្រួសារ សមាជិក​វួដ មិត្តភក្ដិ​នៅ​សាលា និង​សូម្បីតែ​គ្រូៗ​មក​ពី​សាលា​របស់​ដេវីឌ​ផងដែរ​មក​ពេញ​ក្នុង​បន្ទប់ ។ គំរូ​ដែល​ដេវីឌ​បាន​ធ្វើ​នៅ​ថ្ងៃ​នោះ ក្នុង​ការជ្រើសរើស​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​គំរូ​មួយ​ដែល​ជះ​ឥទ្ធិពល​ល្អ​ដល់​មនុស្ស​ជាច្រើន ។ គ្រួសារ​របស់​យើង​កាន់តែ​រឹងមាំ​ឡើង ដោយសារ​យើង​មាន​ឱកាស​រៀន​ពី​របៀប​ដែល​កិច្ចការ​របស់​ព្រះ​ត្រូវបាន​ធ្វើ​ឲ្យ​ឃើញ​តាមរយៈ​កូនប្រុស​របស់​យើង គឺ​ដេវីឌ ( សូមមើល យ៉ូហាន ៩:៣ ) ។