២០២២
ដោយ​ស្មោះ​អស់ពី​ដួងចិត្ត
ខែ វិច្ឆិកា ឆ្នាំ ២០២២


ដោយ​ស្មោះ​អស់ពី​ដួងចិត្ត

យើង​គួរតែ​ធ្វើជា​អ្នកដើរតាម​របស់​ព្រះយេស៊ូវ ដែល​ពេញ​ដោយ​អំណរ និង​ដោយ​ស្មោះ​អស់ពី​ដួងចិត្ត​នៅក្នុង​ដំណើរ​នៃ​ភាពជា​សិស្ស​របស់​យើង​ផ្ទាល់ ។

ពេលខ្លះ វា​ជួយ​ដល់​ខ្ញុំ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពួកសាវក​របស់​ទ្រង់​ថា គ្រា​លំបាកៗ​នឹង​មកដល់ ។ ប៉ុន្ដែ​ទ្រង់​ក៏មាន​បន្ទូល​ផងដែរ​ថា « កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ » ។ មែនហើយ ទ្រង់​នឹង​ចាកចេញ ប៉ុន្ដែ​ទ្រង់​មិន​ទុក​ពួកលោក​ឲ្យ​នៅ​តែឯង​នោះទេ ។ ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​ជួយ​ពួកលោក​ឲ្យ​ចងចាំ ឈរ​យ៉ាង​ខ្ជាប់ខ្ជួន និង​រកឃើញ​សេចក្ដី​សុខសាន្ដ ។ ព្រះអង្គសង្គ្រោះ​បំពេញ​ការសន្យា​របស់​ទ្រង់​ក្នុង​ការគង់​នៅ​ជា​មួយ​យើង សិស្ស​របស់​ទ្រង់​ទាំងឡាយ ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​សំឡឹង​ទៅ​កាន់​ទ្រង់​ដើម្បី​ជួយ​យើង​ឲ្យ​ទទួលស្គាល់ និង​រីករាយ​ជា​មួយ​វត្តមាន​របស់​ទ្រង់ ។

សិស្ស​របស់​ព្រះគ្រីស្ទ​បាន​ប្រឈម​មុខ​នឹង​គ្រា​លំបាកៗ​ជានិច្ច ។

មិត្ត​សម្លាញ់​របស់​ខ្ញុំ​ម្នាក់​បាន​ផ្ញើ​អត្ថបទ​ចាស់​មួយ​មក​ឲ្យ​ខ្ញុំ ចេញពី Nebraska Advertiser ក្នុង​កាសែត Midwestern United States ចុះ​នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៥៧ ។ អត្ថបទ​នេះ​អាន​ថា « នា​ព្រឹក​ព្រលឹម​នេះ ពួកមរមន​មួយ​ក្រុម​បាន​បន្ដ​ដំណើរ​របស់​ពួកគេ​ទៅកាន់​ទីក្រុង​សលត៍ លេក ។ មាន​ស្ដ្រី ( ស្ដ្រី​មិន​ស៊ីវិល័យ​ ) អូស​រទេះ​ដូច​សត្វ [ ស្ដ្រី ] ម្នាក់​បាន​ដួល​ទៅក្នុង​ភក់​ដ៏ខ្មៅ​នេះ ដែល​បណ្ដាល​ឲ្យ​ក្បួន​ដំណើរ​នេះ​ត្រូវ​ផ្អាក​បន្ដិច កូនក្មេង​តូចៗ​ដើរ​ទាំង​លំបាក​ក្នុង​សម្លៀក​បំពាក់​ផ្លែក [ ដ៏​ចម្លែក ] របស់​ពួកគេ ហើយ​មាន​ទឹកមុខ​ប្ដេជ្ញាចិត្ត​ដូច​ម្ដាយ​របស់​ពួកគេ​ដែរ » ។​

ខ្ញុំ​បាន​គិត​ច្រើន​អំពី​ស្ដ្រី​ដែលទទឹកភក់ជោគ​រូប​នេះ ។ ហេតុអ្វី​គាត់​អូស​រទេះ​តែម្នាក់​ឯង ? តើ​គាត់​ជា​ស្ត្រីមេម៉ាយ​ឬ ? តើ​អ្វី​ទៅ​ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត ភាពក្លាហាន ស្មារតី​លះបង់​ដល់​គាត់ ដើម្បី​ធ្វើ​ដំណើរ​ឆ្លងកាត់​ភក់​ដ៏វេទនា​បែប​នោះ ហើយ​អូស​ទ្រព្យសម្បត្តិ​របស់​គាត់​ទាំងអស់​តាម​រទេះ​ទៅកាន់​ផ្ទះ​មួយ​នៅ​វាលខ្សាច់​ដែល​មិន​ស្គាល់—ហើយ​នៅពេល​ខ្លះ​ត្រូវបាន​គេ​សើច​ចំអក​ដូច្នេះ ?

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​មាន​ប្រសាសន៍​អំពី​កម្លាំង​ចិត្ត​របស់​ស្ដ្រី​ត្រួសត្រាយ​ផ្លូវ​ទាំងនេះ ដោយ​ពោល​ថា « តើ​មាន​អ្នកណា​អាច​បង្វែរ​ស្ដ្រី​ទាំងនេះ​ណាម្នាក់​ចេញពី​ការប្រែចិត្ត​ជឿ​របស់​គាត់ ទៅលើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ដែរ​ឬទេ ? តើ​មាន​អ្នកណា​អាច​ធ្វើ​ឲ្យ​គំនិត​របស់​ពួកគាត់​សង្ស័យ​លើ​បេសកកម្ម​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ដែរ​ឬទេ ? តើ​មាន​អ្នកណា​អាច​បោក​បញ្ឆោត​ពួកគាត់​អំពី​បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ដែរ​ឬទេ ? អត់​ទេ គ្មាន​អ្នកណា​សោះ​ឡើយ​អាច​ធ្វើ​រឿង​នេះ​បាន ។ ហេតុអ្វី​ទៅ ? ដោយសារ​ពួកគាត់​បាន​ដឹង​ពី​ការណ៍​នេះ ។ ព្រះ​បាន​បើក​សម្ដែង​ការណ៍​នេះ​ដល់​ពួកគាត់ ហើយ​ពួកគាត់​យល់​ពី​វា ហើយ​គ្មាន​អំណាច​ណា​នៅលើ​ផែនដី​នេះ​អាច​បង្វែរ​ពួកគាត់ ចេញពី​អ្វី​ដែល​ពួកគាត់​បាន​ដឹង​ថា​ជា​សេចក្ដីពិត​នោះ​បាន​ទេ » ។

បងប្អូន​ប្រុស​ស្រី ការធ្វើជា​បុរស និង​ស្ដ្រី​បែប​នោះ​គឺជា​ការហៅ​នៅ​ជំនាន់​យើង​នេះ—គឺ​សិស្ស​ដែល​ជីក​ជ្រៅ​ដើម្បី​ស្វែងរក​កម្លាំង​មក​បន្ដ​អូស​រទេះ ពេល​ត្រូវបាន​ហៅ​ឲ្យ​ដើរកាត់​វាល​រហោស្ថាន សិស្ស​ដែល​មាន​ការប្រែចិត្ត​ជឿ​ដែល​បាន​បើក​សម្ដែង​ដល់​យើង​ដោយ​ព្រះ អ្នកដើរតាម​ព្រះយេស៊ូវ​ដែល​មាន​អំណរ និង​ស្មោះ​អស់ពី​ចិត្ត​នៅក្នុង​ដំណើរ​នៃ​ភាពជា​សិស្ស​ផ្ទាល់​របស់​យើង ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ជឿ ហើយ​អាច​រីកចម្រើន​ក្នុង​សេចក្ដីពិត​សំខាន់​ចំនួន​បី ។

ទីមួយ យើង​អាច​រក្សា​សេចក្ដីសញ្ញា​របស់​យើង​បាន ទោះជា​នៅពេល​វា​មិន​ងាយស្រួល​ក្ដី

នៅពេល​សេចក្ដី​ជំនឿ គ្រួសារ ឬ​អនាគត​របស់​បងប្អូន​ជួប​នឹង​ឧបសគ្គ—នៅពេល​បងប្អូន​ឆ្ងល់​ថា ហេតុអ្វី​ជីវិត​នេះ​ពិបាក​ខ្លាំង​ម្ល៉េះ ពេល​បងប្អូន​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ—សូម​ចងចាំ​ថា ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​រំពឹង​ថា​នឹង​មាន​បញ្ហា ។ បញ្ហា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ ហើយ​មិន​មែន​មាន​ន័យ​ថា បងប្អូន​ត្រូវបាន​បំបរ​បង់​ចោល​ឡើយ បញ្ហា​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ត្រូវជា​របស់​ផង​ទ្រង់ ។​ ព្រោះ​នៅ​ទីបញ្ចប់ ទ្រង់​គឺជា « មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺចាប់ » ។

ខ្ញុំ​រៀន​ថា ព្រះវរបិតា​សួគ៌​ចាប់​ព្រះទ័យ​លើ ភាពរីក​ចម្រើន របស់​ខ្ញុំ​ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជាង​ចាប់​ព្រះទ័យ​លើ ភាពសុខ​ស្រួល​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​ឲ្យ​កើតឡើងដូច្នោះ​ជានិច្ច​នោះទេ—ប៉ុន្ដែ​វា​កើតឡើង !

ការរស់នៅ​ក្នុង​ភាពសុខ​ស្រួល​មិន​នាំឲ្យ​មាន​អំណាច​នោះ​ទេ ។ អំណាច​ដែល​យើង​ត្រូវការ​ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដែល​យើង​ជួប​នៅ​សម័យ​នេះ គឺជា​ព្រះចេស្ដា​របស់ ព្រះអម្ចាស់ហើយ​ព្រះចេស្ដា​របស់​ទ្រង់​ហូរ​មក​តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ។ ការឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ​របស់​យើង ពេល​កំពុង​ជួប​នឹង​ឧបសគ្គ​ដ៏លំបាក—ការខិតខំ ធ្វើ អ្វី​ដែល​យើង​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ថា​យើង​នឹង ធ្វើ ជារៀង​រាល់​ថ្ងៃ​ដោយ​ស្មោះត្រង់ ទោះជា​ពេល ហើយ​ជាពិសេស​ពេល​យើង​នឿយហត់ ព្រួយ​បារម្ភ និង​ពុះពារ​ជាមួយ​នឹង​សំណួរ និង​បញ្ហា​ដែល​ពិបាកៗ​ក្ដី—វា​គឺជា​ការទទួល​បាន​ពន្លឺ កម្លាំង សេចក្ដី​ស្រឡាញ់ ព្រះវិញ្ញាណ និង​សេចក្ដី​សុខសាន្ដ​របស់​ទ្រង់​បន្ដិច​ម្ដងៗ ។

មូលហេតុ​នៃ​ការដើរ​តាម​ផ្លូវ​នៃ​សេចក្តី​សញ្ញា​គឺ​ដើម្បី​ទៅ​ដល់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់ គឺជា​មូលហេតុ​នោះ មិនមែន​ភាពរីក​ចម្រើន​ដ៏ឥតខ្ចោះ​របស់​យើង​នោះទេ ។ វា​មិនមែន​ជា​ការប្រណាំង​ប្រជែង​ទេ ហើយ​យើង​មិន​ត្រូវ​ប្រៀបធៀប​ដំណើរ​របស់​យើង​ទៅនឹង​ដំណើរ​របស់​អ្នកដទៃ​ឡើយ ។ ទោះជា​ពេល​យើង​ជំពប់​ជើង​ដួល ក៏​ទ្រង់​នៅ​ទីនោះ​ដែរ ។

ទីពីរ យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​យល់​ថា សេចក្ដី​ជំនឿ​លើ​ទ្រង់​តម្រូវ​ឲ្យមាន​សកម្មភាព—ជាពិសេស​នៅក្នុង​គ្រា​លំបាកៗ ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ឪពុក​ម្ដាយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្ដូរ​ព្រំ​ក្នុង​ផ្ទះ ។ នៅយប់​មុន​ព្រំ​ថ្មី​មកដល់ ម៉ាក់​ខ្ញុំ​ឲ្យ​ប្អូនៗ​ប្រុស​របស់​ខ្ញុំ​យក​គ្រឿង​សង្ហារឹម​ចេញ ហើយ​ទាញ​ព្រំ​ចាស់ៗ​នៅក្នុង​បន្ទប់​គេង​ចេញ ដើម្បី​អាច​ក្រាល​ព្រំ​ថ្មី​បាន ។ ប្អូនស្រី​របស់​ខ្ញុំ អេមីលី ដែល​កាល​នោះ​អាយុ ប្រាំពីរ ឆ្នាំ​បាន​គេង​លក់​បាត់​ហើយ ។ ដូច្នេះ​ពេល​គាត់​គេង ពួកគេ​បាន​លើក​យក​គ្រឿង​សង្ហារឹម​ទាំងអស់​ចេញពី​បន្ទប់​នាង​ដោយ​ស្ងាត់ៗ ទុកតែ​គ្រែ​ទេ រួចហើយ​បាន​ដក​ព្រំ​ចាស់​ចេញ ។ មែនហើយ ពេលខ្លះ​បងប្រុសៗ​លេងសើច ពួកគេ​បាន​សម្រេច​ចិត្ត​ធ្វើ​ល្បិច​មួយ​ដាក់​ប្អូនស្រី​ខ្ញុំ ។ ពួកគេ​បាន​យក​របស់​របរ​របស់​នាង​ទាំងអស់​ចេញពី​ទូរ និង​ជញ្ជាំង ដោយ​ទុក​ឲ្យ​បន្ទប់​នោះ​នៅ​ទទេ​ស្អាត ។ រួចហើយ​ពួកគេ​បាន​សរសេរ​សំបុត្រ​មួយ​បិទ​នឹង​ជញ្ជាំង​ថា « អេមីលី ជាទី​ស្រឡាញ់ យើង​រើ​ផ្ទះ​ហើយ ។ ពីរ​បី​ថ្ងៃ​ទៀត យើង​នឹង​សរសេរ​សំបុត្រ​ប្រាប់​ឯង​កន្លែង​ដែល​យើង​នៅ ។ ដោយ​ក្ដីស្រឡាញ់ គ្រួសារ​របស់​ឯង » ។

នៅ​ព្រឹក​ស្អែក​ពេល អេមីលី មិន​បាន​មក​បរិភោគ​អាហារ​ពេលព្រឹក ប្អូនប្រុស​ខ្ញុំ​បាន​ទៅរក​នាង—ហើយ​នាង​នៅក្នុង​បន្ទប់​តែឯង​យ៉ាង​ក្រៀមក្រំ អង្គុយ​នៅជិត​ទ្វារ​ដែល​បិទ​នោះ ។ ក្រោយមក អេមីលី បាន​គិត​ដល់​បទពិសោធន៍​នេះថា ៖ « ខ្ញុំ​ឈឺចាប់ ។ ប៉ុន្ដែ​តើ​នឹង​មាន​អ្វី​កើតឡើង បើ​ខ្ញុំ​គ្រាន់តែ​បើក​ទ្វារ​សិន​ទៅ ? តើ​ខ្ញុំ​នឹង​បាន​ឮ​អ្វី ? តើ​ខ្ញុំ​នឹង​បាន​ធុំក្លិន​អ្វី ? ខ្ញុំ​នឹង​ដឹង​ថា ខ្ញុំ​មិន​នៅ​តែឯង​ទេ ។ ខ្ញុំ​នឹង​ដឹង​ថា គ្រួសារ​យើង​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់ ។ គំនិត​នោះ​មិន​ដែល​កើតមាន​ក្នុង​ចិត្ត​ខ្ញុំ ឲ្យ​ក្រោក​ឡើង​ធ្វើ​អ្វីមួយ​ក្នុង​ស្ថានភាព​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​បោះបង់​ចោលតែម្ដង ហើយ​បន្ដ​អង្គុយ​យំ​នៅក្នុង​ទូរ​នោះ ។ ហើយ​ចុះ​បើ​ខ្ញុំ​គ្រាន់តែ​បើក​ទ្វារ​នោះ​បន្ដិច​ទៅ​មាន​អី » ។១០

ប្អូនស្រី​ខ្ញុំ​បាន​ធ្វើ​ការសន្មត​ដោយ​ផ្អែកលើ​អ្វី​ដែល​នាង​បាន​ឃើញ តែ​វា​មិនមែន​ជា​ការពិត​នៃ​សាច់រឿង​ពិត​នោះ​ទេ ។ តើ​វា​មិន​គួរឲ្យ​ចាប់​អារម្មណ៍​ទេ​ឬ ដែល​យើង ដូចជា​អេមីលី​ដែរ អាច​រង​សម្ពាធ​ខ្លាំង​ដោយ​អារម្មណ៍​សោកសៅ ឬ​ឈឺចាប់ ឬ​បាក់​ទឹកចិត្ត ឬ​ព្រួយ​បារម្ភ ឬ​ឯកោ ឬ​ខឹង​សម្បារ ឬ​អន្ទះ​អន្ទែង រហូត​ដល់​ការគ្រាន់តែ​ធ្វើ​អ្វីមួយ ការបើក​ទ្វារ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ មិន​បាន​កើតឡើង​ក្នុង​គំនិត​យើង​សោះ ?

ព្រះគម្ពីរ​មាន​ពេញ​ទៅដោយ​គំរូ​របស់​បុរស និង​ស្ដ្រី សិស្ស​របស់​ព្រះគ្រីស្ទ ដែល​គ្រាន់តែ​ចេញ​ធ្វើ​សកម្មភាព​ប៉ុណ្ណោះ ពេល​ពួកគេ​ជួប​នឹង​រឿង​ដែល​មិន​អាច​ធ្វើ​បាន—ពួកគេ​បាន​ក្រោកឡើង​ដោយ​សេចក្ដី​ជំនឿ ហើយ​ដើរ​ទៅមុខ ។១១

ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ទៅកាន់​មនុស្ស​ឃ្លង់ ដែល​ខំ​ស្វែងរក​ការព្យាបាល ៖ « ចូរ​អ្នករាល់គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួកសង្ឃ​ពិនិត្យ​មើល​ចុះ ។ លុះ គេ​កំពុង​តែ​ដើរ​ទៅនោះ​ក៏​បាន​ជា​ស្អាត​ទាំងអស់គ្នា » ។១២

ពួកគេ​បាន​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួកសង្ឃ ហាក់​ដូចជា​ពួកគេ​បាន​ជា​សះស្បើយ​រួចហើយ ហើយ​នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សកម្មភាព​នោះ ពួកគេ​បាន​ជា​សះស្បើយ​មែន ។

ខ្ញុំ​ក៏ចង់​និយាយ​ដែរ​ថា ប្រសិនបើ​គំនិត​ក្នុង​ការធ្វើ​សកម្មភាព​ពេល​បងប្អូន​កំពុង​មាន​អារម្មណ៍​ឈឺចាប់ មិន​អាច​ធ្វើ​បាន​ទេ​នោះ សូម​អនុញ្ញាត​ឲ្យ​សកម្មភាព​របស់​បងប្អូន​គ្រាន់តែ​ជា​ការឈោង​ទៅរក​ជំនួយ​—ពី​មិត្តភក្ដិ សមាជិក​គ្រួសារ អ្នកដឹកនាំ​ក្នុង​សាសនាចក្រ អ្នកមាន​វិជ្ជាជីវៈ ។ ការណ៍​នេះ​អាច​ជា​ជំហាន​ដំបូង​ទៅរក​សេចក្ដី​សង្ឃឹម ។

ទីបី យើង​អាច​ស្មោះ​អស់ពី​ចិត្ត និង​មាន​អំណរ​ក្នុង​ការលះបង់​របស់​យើង​១៣

នៅពេល​គ្រា​លំបាក​មកដល់ ខ្ញុំ​ព្យាយាម​ចងចាំ​ថា ខ្ញុំ​បាន​ជ្រើសរើស​ដើរតាម​ព្រះគ្រីស្ទ មុនពេល​ខ្ញុំ​បាន​មកកាន់​ផែនដី​នេះ ហើយ​ថា​ឧបសគ្គ​ចំពោះ​សេចក្ដី​ជំនឿ សុខភាព និង​ការតស៊ូ​របស់​ខ្ញុំ​គឺជា​ផ្នែក​មួយ​នៃ​មូលហេតុ​ទាំងអស់ ដែល​ខ្ញុំ​ព្រម​មក​ទីនេះ ។ ហើយ​ខ្ញុំ​ត្រូវ​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​គិត​ថា ការសាកល្បង​នៅ​សព្វថ្ងៃ​នេះ​បង្កើត​ឲ្យមាន​ការសង្ស័យ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​ខ្ញុំ ឬ​អនុញ្ញាត​ឲ្យ​វា​បង្វែរ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ទ្រង់​ទៅជា​ការសង្ស័យ​នោះ​ទេ ។ ការសាកល្បង​មិន​មែន​មាន​ន័យ​ថា ផែនការ​នេះ​បរាជ័យ​នោះ​ទេ វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ ដែល​មាន​បំណង​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ស្វែងរក​ព្រះ ។ ខ្ញុំ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ពេល​ខ្ញុំ​ស៊ូទ្រាំ​ដោយ​អត់ធន់ ហើយ​សង្ឃឹម​ថា​ពេល​ខ្ញុំ​ឈឺចាប់ ខ្ញុំ​អធិស្ឋាន​កាន់តែ​ស្មោះសរ​ជាង​មុន​ដូចជា​ទ្រង់​ដែរ ។​១៤

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការស្រឡាញ់​ដល់ព្រះវរបិតា​របស់​យើង​អស់ពី​ព្រះទ័យ​ទ្រង់—នៃ​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ មិន​ថា​ត្រូវ​លះបង់​អ្វី​នោះទេ ។​១៥ ខ្ញុំ​ចង់​ធ្វើតាម​គំរូ​របស់​ទ្រង់​ដោយ​ការធ្វើ​ដូចគ្នា​នេះ ។

ខ្ញុំ​ស្ងើច​សរសើរ​ភាពជា​សិស្ស​របស់​ស្ដ្រី​មេម៉ាយ​ដ៏ស្មោះ​អស់ពី​ចិត្ត អស់ពី​ព្រលឹង ដែល​បាន​ដាក់​ប្រាក់​ពីរស្លឹង​នៅក្នុង​ឃ្លាំង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​ថ្វាយ​អ្វី​ទាំងអស់​ដែល​គាត់​មាន ។១៦

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួល​ស្គាល់​ភាពពេញ​បរិបូរណ៍​របស់​គាត់ ខណៈ​ដែល​អ្នកដទៃ​មើល​ឃើញ​តែ​ចំណុច​ខ្វះខាត​របស់​គាត់​ប៉ុណ្ណោះ ។ ការណ៍​ដូចគ្នា​នេះ​គឺ​ពិត​ចំពោះ​ពួកយើង​ម្នាក់ៗ​ដែរ ។ ទ្រង់​មិន​ទត​ឃើញ​ចំណុច​ខ្វះខាត​របស់​យើង​ថាជា​កំហុស​នោះ​ទេ ប៉ុន្ដែ​ផ្ទុយ​ទៅវិញ ទ្រង់​ឃើញ​ថា​វា​ជា​ឱកាស​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​រីក​ចម្រើន​ទៅវិញ​ទេ ។

សេចក្ដី​បញ្ចប់

បងប្អូន​របស់​ខ្ញុំ ដែល​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អើយ ខ្ញុំ​ជ្រើសរើស​ឈរ​ជាមួយ​ព្រះអម្ចាស់​ដោយ​អស់ពី​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ជ្រើសរើស​ឈរ​ជាមួយ​នឹង​អ្នកបម្រើ​ដ៏ជម្រើស​របស់​ទ្រង់—ប្រធាន រ័សុល អិម ណិលសុន និង​ពួកសាវក​ទាំង​ដប់ពីរ​របស់​លោក—ព្រោះ​ពួកលោក​ថ្លែង​ជំនួស​ទ្រង់ ហើយ​ជា​អ្នកបម្រើ​នៃ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​ដែល​ចង​ខ្ញុំ​ទៅនឹង​ព្រះអង្គ​សង្គ្រោះ ។

នៅពេល​ខ្ញុំ​ជំពប់​ដួល ខ្ញុំ​នឹង​បន្ដ​ងើប​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះគុណ និង​ព្រះចេស្ដា​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​នឹង​បន្ដ​នៅក្នុង​សេចក្ដីសញ្ញា​របស់​ខ្ញុំ​ជាមួយ​ទ្រង់ ហើយ​ខំ​ឆ្លើយ​នឹង​សំណួរ​របស់​ខ្ញុំ តាមរយៈ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ តាមរយៈ​សេចក្ដី​ជំនឿ និង​ដោយ​មាន​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ខ្ញុំ​ទុកចិត្ត​លើ​ការណែនាំ​របស់​ទ្រង់ ។ ខ្ញុំ​នឹង​ខំ​ស្វែងរក​ព្រះវិញ្ញាណ​របស់​ទ្រង់​ជារៀង​រាល់​ថ្ងៃ តាមរយៈ​ការធ្វើ​កិច្ចការ​តូចតាច និង​សាមញ្ញ ។

នេះ​គឺជា​ផ្លូវ​នៃ​ភាពជា​សិស្ស​របស់​ខ្ញុំ ។

ហើយ​រហូតដល់​ថ្ងៃ​ដែល​គ្រប់​ទាំង​របួស​នៃ​ជីវិត​រមែង​ស្លាប់​នេះ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ នោះ​ខ្ញុំ​នឹង​រង់ចាំ​ដល់​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​លើ​ទ្រង់—ពេលវេលា ព្រះប្រាជ្ញា​ញាណ និង​ផែនការ​របស់​ទ្រង់ ។​១៧

ខ្ញុំ​ចង់​ឈរ​ប្រទាក់​ដៃ​គ្នា​ជាមួយ​បងប្អូន និង​ជាមួយ​ទ្រង់​ជារៀង​រហូត​តទៅ ។ ដោយ​អស់ពី​ដួងចិត្ត ។ ដោយ​ដឹង​ថា នៅពេល​យើង​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​អស់​ពី​ដួងចិត្ត​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​អ្វី​គ្រប់យ៉ាង​ត្រឡប់​មកឲ្យ​យើង​វិញ ។១៨ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕