២០២២
ការដកស្រង់​ចេញពី​សន្និសីទទូទៅ​ពាក់កណ្តាល​ឆ្នាំ​លើកទី ១៩២
ខែ វិច្ឆិកា ឆ្នាំ ២០២២


សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ការដកស្រង់​ចេញពី​សន្និសីទទូទៅ​ពាក់កណ្តាល​ឆ្នាំ​លើកទី ១៩២

វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​មាន​សេចក្តី​សុខសាន្ត​ណាស់​នៅ​អំឡុង​ពេល​សន្និសីទទូទៅ​ពាក់​កណ្តាល​ឆ្នាំ​លើកទី ១៩២ ។ សំឡេង​សាងសង់​នៅ​លើ​ដី និង​សំឡេង​រំញ័រ​នៃ​ការជួសជុល​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដ៏​ប្រវត្តិសាស្រ្ត​ត្រូវបាន​ផ្អាក ។

ប៉ុន្តែ​សេចក្តី​សុខសាន្ត​មួយ​បែបទៀត​បាន​បំពេញ​គេហដ្ឋាន និង​ដួងចិត្ត​របស់​យើង នៅពេល​យើង​ផ្អាក​សំឡេង​នៃ​ពិភពលោក ដើម្បី​ស្តាប់​ព្យាការី និង​សាវក​ដែល​មាន​ជីវិត​រស់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ជាមួយ​បុគ្គលិកលក្ខណៈ​នោះ​ដែល​មាន​ពន្លឺ​ក្នុង​កែវភ្នែក​របស់​លោក​ថា « បងប្អូន​នឹង​បន្ដ​ស្ដាប់​ឮ​សេចក្ដីពិត​ចេញពី​វេទិកា​នេះ​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក » ។ « ចូរ​ទូល​សូម​ព្រះអម្ចាស់​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​បងប្អូន​បាន​ស្ដាប់ឮ​គឺជា​ការពិត » ( សូមមើល ទំព័រ ២៩ ) ។

នៅក្នុង​សន្និសីទ​ទាំងមូល អ្នក​ឡើង​និយាយ​បាន​បង្រៀន​សេចក្តីពិត​ដែល​ពង្រឹង​ទីបន្ទាល់ រួម​ទាំង​ការ​ធ្វើ និង​ការរក្សា​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ ( សូមមើល​ទំព័រ ៩៥ និង ៧៣ ) ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន ( សូមមើល ទំព័រ ១៦ ) និង​ភាព​ជា​សិស្ស ( សូមមើល​ទំព័រ ៧៧ ) ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ពេល​បងប្អូន​បន្ត​ពង្រឹង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន នោះ​សូម​ចាំ​មើល​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​នៅក្នុង​ជីវិត​របស់​បងប្អូន » ( សូមមើល ទំព័រ ៩៥ ) ។

បន្ទាប់ពី​សន្និសីទ​ទូទៅ​បាន​បញ្ចប់ ការងារ​នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក បាន​ចាប់ផ្ដើម​ម្តងទៀត ។ ការងារ ឬ​ការរៀបចំ​ផ្សេងៗទៀត​ក៏​បាន​ចាប់ផ្តើម​ព្រម​ជាមួយ​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២៥ នៅ​ជុំវិញ​ពិភពលោក​ដែល​ត្រូវ​បាន​ប្រកាស ឬ​កំពុង​សាងសង់​ផងដែរ ។ ឥឡូវនេះ រួមទាំង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៨ ទីតាំង​ទៀត ដែល​ប្រធាន ណិលសុន បាន​ប្រកាស​នៅក្នុង​សម័យប្រជុំ​ចុងក្រោយ​នៃ​សន្និសីទ ( សូមមើល ទំព័រ ១២១ ) ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « [ ព្រះអម្ចាស់ ] កំពុង​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​មាន​កាន់តែ​ជិត​បង្កើយ » ។ « ទ្រង់​កំពុង​បង្កើន​ល្បឿន​ឲ្យ​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នានា ។ ទ្រង់​កំពុង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល » ( សូមមើល ទំព័រ ១២១ ) ។