សន្និសីទទូទៅ
តើ​គ្មាន​ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី ?
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


តើ​គ្មាន​ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី ?

អំណាច​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ មិន​មែន​គ្រាន់តែ​ជា​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ព្យាបាល​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​កាន់តែ​សំខាន់​នោះ គឺ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ព្យាបាល​ដួងចិត្ត​យើង ។

មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​បេសកកម្ម​របស់​ខ្ញុំ ពេល​ជា​និសិត្ស​មួយ​រូប​នៅ សាកលវិទ្យាល័យ​ព្រិកហាំយ៉ង់​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ហៅ​មក​ពី​ប៉ា​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មានជំងឺ​មហារីក​លំពែង ហើយ​ថា ទោះបី​ជាមាន​ឱកាស​ក្នុង​ការរស់​​តិចតួច​ក្ដី ក៏​គាត់​ប្ដេជ្ញា​ចិត្ត​ដើម្បី​បាន​ជា​សះស្បើយ ហើយ​ត្រឡប់​ទៅ​សកម្មភាព​ជីវិត​ធម្មតា​របស់​គាត់​វិញ​ដែរ ។ ការសន្ទនា​តាម​ទូរស័ព្ទ​នោះ​គឺ​ជា​ពេល​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ខ្ញុំ ។ ប៉ា​ខ្ញុំ​ធ្លាប់​ជា​ប៊ីស្សព​របស់​ខ្ញុំ មិត្ត​របស់​ខ្ញុំ និង​ជា​អ្នក​ប្រឹក្សា​របស់​ខ្ញុំ ។ ពេលដែល​ម្ដាយ បងប្អូន​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ពិចារណា​ពី​អនាគត វា​ហាក់​ដូច​ជា​អាប់អួរ​ណាស់ ។ ប្អូន​ប្រុស​របស់​ខ្ញុំ ដេវ កំពុង​បម្រើ​បេសកកម្ម​នៅ​នូវយ៉ក ហើយ​បាន​ចូលរួម​ពី​ចម្ងាយ​នៅក្នុង​ព្រឹត្តិការណ៍​គ្រួសារ​ដ៏​លំបាក​ទាំងនេះ ។

អ្នក​ផ្ដល់​សេវា​វេជ្ជសាស្ត្រ​នៅ​ពេល​នោះ​បាន​ផ្ដល់​យោបល់​ឲ្យ​ធ្វើ​ការវះកាត់ ដើម្បី​សាកល្បង និង​កាត់​បន្ថយ​ការរីករាលដាល​នៃ​មហារីក​នោះ ។ គ្រួសារ​យើង​បាន​តមអាហារ ហើយ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​បាន​ទទួល​អព្ភូតហេតុ​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួកយើង​មាន​សេចក្ដី​ជំនឿ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​ប៉ា​ខ្ញុំ​អាច​បាន​ជា​សះស្បើយ ។ មុន​នឹង​ធ្វើ​ការវះកាត់ បងប្រុស​ខ្ញុំ ណម និង​ខ្ញុំ​បាន​ប្រសិទ្ធពរ​ឲ្យ​ប៉ា​ខ្ញុំ ។ ជាមួយ​នឹង​សេចក្ដី​ជំនឿ​ទាំងអស់​ដែល​យើង​អាច​ប្រមូល​ផ្ដុំ​បាន យើង​បាន​អធិស្ឋាន​ថា​គាត់​នឹង​បាន​ជា​សះស្បើយ ។

ការវះកាត់​នោះ​ត្រូវចំណាយ​ពេល​ជា​ច្រើន​ម៉ោង ប៉ុន្តែ​បន្ទាប់​ពី​រយៈពេល​ខ្លី​មួយ វេជ្ជបណ្ឌិត​បាន ដើរ​មក​កាន់​បន្ទប់​រង់ចាំ​ដើម្បី​ជួប​នឹង​គ្រួសារ​យើង ។ គាត់​បាន​ប្រាប់​យើង​ថា ពេល​ដែល​ពួកគេ​បាន​ចាប់ផ្ដើម​ធ្វើការការវះកាត់ ពួកគេរក​ឃើញ​ថា មហារីក​នោះ​បាន​រាលដាល​ពេញ​ទាំង​រាងកាយ​ប៉ា​ខ្ញុំ​រួចបាត់ទៅហើយ ។ ផ្អែក​ទៅលើ​អ្វី​ដែល​ពួកគេ​សង្កេត​ឃើញ នោះ​ប៉ា​ខ្ញុំ​អាច​រស់នៅ​បាន​តែ​ពីរបីខែ​ទៀត​ប៉ុណ្ណោះ ។ យើង​ខូច​ចិត្ត​ខ្លាំងណាស់ ។

ពេល​ដែល​ប៉ា​ខ្ញុំ​បាន​ដឹង​ខ្លួន​ពី​ការវះកាត់ គាត់​បាន​អន្ទះសា​ចង់​ដឹង​ថា​ការវះកាត់​បាន​ទទួល​ជោគជ័យ​ឬ​ក៏​អត់ ។ យើង​បាន​ប្រាប់​គាត់ពី​ដំណឹង​ដ៏​ក្រៀមក្រំ​នោះ ។

យើង​បាន​បន្ត​តមអាហារ ហើយ​អធិស្ឋាន ដើម្បី​បាន​ទទួល​អព្ភូតហេតុ​មួយ ។ ពេល​ដែល​សុខភាព​ប៉ា​ខ្ញុំ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក នោះ​យើង​បាន​ចាប់ផ្ដើម​អធិស្ឋាន​ដើម្បី​ឲ្យ​គាត់​អាច​រួច​ផុត​ពី​ការឈឺចាប់ ។ នៅទី​បំផុត ពេល​ដែល​ស្ថានភាព​របស់​គាត់​កាន់តែ​ចុះ​ដុនដាបទៅ នោះ​យើង​បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​បាន​ឆ្លង​ផុត​វាឲ្យ​​ឆាប់ ។ ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការវះកាត់ ដូច​ដែល​បាន​ប្រាប់​ទុក​ជា​មុន​ដោយ​វេជ្ជបណ្ឌិត​វះកាត់ ប៉ា​ខ្ញុំ​បាន​ទទួល​មរណភាព ។

សមាជិក​វួដ និង​មិត្ត​ជិតដិត​បាន​ស្រោចស្រព​សេចក្ដី​ស្រឡាញ់ និង​ការខ្វល់ខ្វាយ​យ៉ាង​ច្រើន​មកលើ​គ្រួសារ​យើង ។ យើង​មាន​ពិធី​បុណ្យសព​ដ៏​ល្អ​ដែល​បាន​ឧទ្ទិស​ដល់​ជីវិត​របស់​ប៉ា​ខ្ញុំ ។ ទោះជា​យ៉ាង​ណា កាលដែល​ពេល​វេលា​បាន​កន្លង​ទៅ យើង​បាន​ដកពិសោធន៍​នូវ​ការឈឺចាប់​ពី​ការអវត្តមាន​ប៉ា​របស់​ខ្ញុំ ខ្ញុំ​បាន​ចាប់ផ្ដើម​ឆ្ងល់​ថា​ហេតុអ្វី​ប៉ា​ខ្ញុំ​មិន​បាន​ជាសះស្បើយ ។ ខ្ញុំ​បាន​ឆ្ងល់​ថា តើ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​មិន​រឹងមាំ​គ្រប់គ្រាន់​មែនដែរឬ​ទេ ។ ហេតុអ្វី​គ្រួសារ​មួយ​ចំនួន​បាន​ទទួល​អព្ភូតហេតុ ប៉ុន្តែ​គ្រួសារ​យើង​មិន​បាន​ទទួល​ទៅ​វិញ ? ខ្ញុំ​បាន​រៀន​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​ថា ត្រូវ​បែរ​ទៅ​រក​ព្រះគម្ពីរ​ដើម្បី​ទទួល​បាន​ចម្លើយ ដូច្នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​បង្រៀន​អំពី​គ្រឿងទេស​ដែល​មាន​ក្លិន​ឈ្ងុយ ឬ​ប្រេងលាប ដែល​បាន​ប្រើ​សម្រាប់​ព្យាបាល​របួស ដែល​បាន​ធ្វើ​ឡើង​ពី​ដើមប្រទាលម្យ៉ាង​ដែល​ដុះ​នៅស្រុក​កាឡាត ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ប្រេងលាប​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា « ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត » ។ ព្យាការី យេរាមា បាន​ទួញសោក​ដោយសារ​តែ​សេចក្ដី​លំបាក​ដែល​លោក​បាន​សង្កេត​ឃើញ​ក្នុង​ចំណោម​ប្រជាជន​លោក ហើយ​សង្ឃឹម​ចង់​បាន​ការជា​សះស្បើយ ។ យេរេមា​បាន​សួរ​ថា « តើ​គ្មាន​ប្រទាល​មុខ​សេះ​នៅ​ស្រុក​កាឡាត​ទេឬ​អី ? » តាមរយៈ​អក្សរសិល្ប៍ តន្ត្រី និង​សិល្បៈ ជា​ញឹកញាប់ ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​សំដៅ​ដល់​ថា​ជា​ប្រទាល​មុខ​សេះ​នៅ​ស្រុក​កាឡាត ដោយសារ​តែ​អំណាច​ប្រោស​ឲ្យ​ជា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ដូច​យេរេមា​ដែរ ខ្ញុំ​ឆ្ងល់​ថា « តើ​គ្មាន​ប្រទាល​មុខ​សេះ​នៅ​ស្រុក​កាឡាត​ទេឬ​អី ? »

នៅក្នុង ម៉ាកុស ជំពូក ២ នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​ព្រះអង្គ​សង្គ្រោះ​នៅ​ក្រុង​កាពើណិម ។ ការនិយាយ​អំពី​អំណាច​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ​បាន​សាយ​ពាសពេញ​ដែនដី ហើយ​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាពើណិម ដើម្បី​បាន​ការព្យាបាល​ពី​ព្រះអង្គ​សង្គ្រោះ ។ មាន​មនុស្ស​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំវិញ​ផ្ទះ​ដែល​ព្រះអង្គ​សង្គ្រោះ​គង់​នៅ ដែល​ពុំ​មាន​បន្ទប់​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ទ្រង់​ទទួល​ពួកគេ​ទាំងអស់​នោះ​ទេ ។ មាន​មនុស្ស​បួន​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ដើម្បី​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ព្យាបាល ។ ពួកគេ​មិនអាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ហ្វូង​មនុស្ស​បាន​ទេ ដូច្នេះ​ពួកគេ​បាន​បើក​ដំបូល​ផ្ទះ​ ហើយ​បាន​សម្រូត​មនុស្ស​ឈឺ​នោះ​ចុះ​មក​ក្រោម​ឲ្យ​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ ។

ពេល​ខ្ញុំ​អាន​ដំណើររឿង​នេះ ខ្ញុំ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ពេល​ទ្រង់​បាន​ជួប​នឹង​បុរស​នេះ ៖ « កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ » ។ ខ្ញុំ​បាន​គិត​ថា ប្រសិន​បើ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ដែល​បាន​សែង​បុរស​នេះ ខ្ញុំ​អាច​នឹង​ទូល​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ​ថា « តាមពិត​ទៅ​យើង​នាំ​គាត់​មក​ទីនេះ​ដើម្បី​បាន​ការព្យាបាល​ឲ្យ​ជា » ។ ខ្ញុំ​គិត​ថា ព្រះអង្គ​សង្គ្រោះ​ប្រហែល​ជា​តប​មក​វិញ​ថា « យើង​ពិត​ជា​បាន​ព្យាបាល​គាត់ » ​ទេ​ដែល​ខ្ញុំ​មិន​បាន​យល់​ច្បាស់​—ថា​អំណាច​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ មិន​មែន​គ្រាន់តែ​ជា​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ព្យាបាល​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​កាន់តែ​សំខាន់​នោះគឺ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ព្យាបាល​ដួងចិត្ត​យើង និង​ចិត្ត​ខ្ទេចខ្ទាំ​របស់​គ្រួសារ​ខ្ញុំ ?

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពី​មេរៀន​ដ៏​សំខាន់​មួយ​តាមរយៈ​បទពិសោធន៍​នេះ ពេល​ដែល​ទីបំផុត​ទ្រង់​បាន​ប្រោស​ឲ្យ​បុរស​នេះ​បាន​ជា​ខាង​រាងកាយ ។ វា​កាន់តែ​ច្បាស់​ចំពោះ​ខ្ញុំ​ថា សារ​របស់​ទ្រង់​គឺ​ថា ទ្រង់​អាច​ប៉ះ​ភ្នែក​ពួកអ្នក​ដែល​ខ្វាក់ ហើយ​ពួកគេ​អាច​មើល​ឃើញ ។ ទ្រង់​អាច​ពាល់​ត្រចៀក​ពួកអ្នក​ដែល​ថ្លង់ ហើយ​ពួកគេ​អាច​ស្ដាប់​ឮ ។ ទ្រង់​អាច​ពាល់​ជើង​ពួកអ្នក​ដែល​មិន​អាច​ដើរ ហើយ​ពួកគេ​អាច​ដើរ ។ ទ្រង់​អាច​ព្យាបាល​ភ្នែក ត្រចៀក និង​ជើង​យើង ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ទ្រង់​អាច​ព្យាបាល​ដួងចិត្ត​របស់​យើង កាលដែល​ទ្រង់​សម្អាត​យើង​ពី​អំពើ​បាប ហើយ​លើក​យើង​ឡើង​ឲ្យ​ឆ្លងកាត់​ការសាកល្បង​ដ៏​លំបាក​នានា ។

ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ជួប​នឹង​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ជា​ថ្មី​អំពី​អំណាច​ប្រោស​ឲ្យ​ជា​របស់​ទ្រង់ ។ ពួក​សាសន៍​នីហ្វៃ​ឮ​ព្រះសូរសៀង​របស់​ទ្រង់​ពី​ស្ថានសួគ៌​ថា « តើ​អ្នករាល់គ្នា​មិន​ចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​អ្នក ហើយ​ប្រែចិត្ត​ជឿ ដើម្បី​យើង​អាច​ប្រោស​អ្នក​ឲ្យ​បាន​ជា​ទេ​ឬ ? » ក្រោយ​មក​ទៀត ព្រះអង្គ​សង្គ្រោះ​បង្រៀន​ថា « ដ្បិត​ចំពោះ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ធ្វើ​ការងារ​បម្រើ ដ្បិត​អ្នក​រាល់គ្នា​ពុំ​ដឹង​ថា ដល់​ពេល​ណា​ទេ​ដែល​អ្នក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មក​រក​យើង​ដោយ​អស់​ពី​ដួងចិត្ត ហើយ យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា » ។ ព្រះអង្គ​សង្គ្រោះ​មិន​បាន​យោង​ទៅ​ការព្យាបាល​ខាង​រាងកាយ​ទេ ប៉ុន្តែ​យោង​ទៅ​ការព្យាបាល​ខាង​វិញ្ញាណ​នៃ​ព្រលឹង​របស់​ពួកគេ​វិញ ។

មរ៉ូណៃ​នាំ​មក​នូវ​ការយល់ដឹង​បន្ថែម​ទៀត កាល​ដែល​លោក​ចែកចាយ​ពី​ពាក្យ​សម្ដី​របស់​ឪពុក​លោក គឺ​មរមន ។ បន្ទាប់​ពី​និយាយ​អំពី​អព្ភូតហេតុ​នានា មរមន​ពន្យល់​ថា « ហើយ​ព្រះ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជាការ​ចំបាច់​ដល់​យើង » ។ ខ្ញុំ​បាន​រៀន​ថា គោលដៅ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​គឺ​ត្រូវតែ​ជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​ត្រូវ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការចាំបាច់​ដល់​ទ្រង់ ពេល​ដែល​ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។ ឥឡូវ​នេះ​ខ្ញុំ​យល់​ថា ការស្លាប់​របស់​ប៉ា​ខ្ញុំ​គឺ​ជា​ការចាំបាច់​ដល់​ផែនការ​របស់​ព្រះ ។ ឥឡូវ​នេះ កាលដែល​ខ្ញុំ​ដាក់​ដៃ​លើ​ក្បាល​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដើម្បី​ប្រសិទ្ធពរ​គាត់ ឬ​នាង នោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​គឺ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​យល់​ថា មនុស្ស​ម្នាក់​អាច ហើយ​នឹង​បាន​ជាសះស្បើយ​ខាង​រាងកាយ ប្រសិន​បើ​វា​ជា​ការចាំបាច់​ដល់​ព្រះគ្រីស្ទ ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ធ្វើ​ឲ្យ​មាន​ទាំង​អំណាច​ប្រោសលោះ និង​អំណាច​ដែល​ធ្វើ​ឲ្យ​កើត​ឡើង​របស់​ទ្រង់ គឺ​ជា​ពរជ័យ​ដ៏​ខ្ពស់​បំផុត​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ដល់​មនុស្ស​ទាំងអស់ ។ ពេល​ដែល​យើង​ប្រែចិត្ត​ដោយ​មាន​គោលបំណង​នៃ​ដួងចិត្ត​ដ៏​ពេញលេញ នោះ​ព្រះអង្គ​សង្គ្រោះ​សម្អាត​យើង​ពី​អំពើ​បាប ។ ពេល​ដែល​យើង​ចុះចូល​ឆន្ទៈ​របស់​យើង​ដោយ​រីករាយ​ចំពោះ​ព្រះវរបិតា សូម្បីតែ​នៅក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ក៏ដោយ នោះ​ព្រះអង្គ​សង្គ្រោះ​នឹង​លើក​បន្ទុក​របស់​យើង ហើយ​ធ្វើ​ឲ្យ​វា​ស្រាល ។

ប៉ុន្តែ នេះ​ជា​មេរៀន​កាន់តែ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​រៀន ។ ខ្ញុំ​បាន​ជឿ​ទាំងខុស​ថា អំណាច​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​គ្រួសារ​ខ្ញុំ ។ ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​បាន​ក្រឡេក​មើល​ទៅវិញ​ជាមួយ​នឹង​ភ្នែក​ដែល​ចាស់ទុំ​ជាង​មុន នោះ​ខ្ញុំ​ឃើញ​អំណាច​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ជាក់​ស្ដែង​នៅក្នុង​ជីវិត​សមាជិក​គ្រួសារ​របស់​ខ្ញុំ​ម្នាក់ៗ ។ ខ្ញុំ​បាន​មាន​ការភាន់​ច្រឡំ​ពី​ការព្យាបាល​ខាង​រាងកាយ ដែល​ខ្ញុំ​មិន​បាន​មើល​ឃើញ​ពី​អព្ភូតហេតុ​ទាំងឡាយ​ដែល​បាន​កើត​ឡើង ។ ព្រះអម្ចាស់​បាន​ពង្រឹង និង​លើកស្ទួយ​ម្ដាយ​ខ្ញុំ​លើស​ពី​សមត្ថភាព​របស់​គាត់​ឲ្យ​ឆ្លងកាត់​ការសាកល្បង​ដ៏​លំបាក​នេះ ហើយ​គាត់​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​យូរអង្វែង និង​ល្អប្រសើរ ។ គាត់​មាន​ឥទ្ធិពល​វិជ្ជមាន​ដ៏​អស្ចារ្យ​លើ​កូនៗ និង​ចៅៗ​របស់​គាត់ ន់​មួយ​នៃ​ជីវិត​យើង ហើយ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ។

ប៉ុន្តែ​ចុះ​ប៉ា​ខ្ញុំ​វិញ​នោះ ? ដូចជា​មនុស្ស​ទាំងអស់​ដែល​នឹង​ប្រែចិត្ត នោះ​គាត់​បាន​ជា​សះស្បើយ​ខាង​វិញ្ញាណ ពេល​ដែល​គាត់​បាន​ស្វែងរក និង​បាន​ទទួល​ពរជ័យ​ដែល​មាន តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ គាត់​បាន​ទទួល​ការផ្ដាច់​បាប​របស់​គាត់ ហើយ​ឥឡូវ​នេះ​រង់ចាំ​អព្ភូតហេតុ​នៃ​ការរស់​ឡើងវិញ ។ សាវក​ប៉ុល​បាន​បង្រៀន​ថា « ​ព្រោះ​ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។ បងប្អូន​ឃើញ​ទេ ខ្ញុំ​កំពុង​ទូល​ទៅ​ព្រះអង្គ​សង្គ្រោះ​ថា « ពួក​ទូល​បង្គំ​បាន​នាំ​ឪពុក​ទូល​បង្គំ​មក​ដើម្បី​ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា » ហើយ​ឥឡូវ​វា​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ខ្ញុំ​ថា ព្រះអង្គសង្គ្រោះ​ពិត​ជា​បាន​ប្រោស​គាត់ឲ្យជា​មែន ។ ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត​បាន​មាន​ប្រសិទ្ធភាព​សម្រាប់​គ្រួសារ​នែលសុន—មិន​មែន​តាម​របៀប​ដែល​យើង​ស្មាន​ដល់​នោះ​ទេ ប៉ុន្តែ​ក្នុង​របៀប​ដែល​កាន់តែ​ចាំបាច់​បំផុត ដែល​បាន​ផ្ដល់​ពរជ័យ និង​បន្ត​ផ្ដល់​ពរជ័យ​ដល់​ជីវិត​ពួកយើង ។

នៅ​ក្នុង យ៉ូហាន ជំពូក ៦ ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ ។ ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​ចំណី​ដល់​មនុស្ស ៥០០០ នាក់ ជាមួយ​នឹង​ត្រី​តែ​ពីរ​បី និង​នំប៉័ង​បន្តិច​បន្ដួច​ប៉ុណ្ណោះ យ​នៃ​បទពិសោធន៍​នោះ ដែល​ខ្ញុំ​មិន​បាន​មើលឃើញ ដែល​ឥឡូវ​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ដល់​ខ្ញុំ ។ បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស ៥០០០ នាក់​ហើយ​នោះ ទ្រង់​សុំ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ទៅ​ប្រមូល​អាហារ​ដែល​នៅ​សល់ ដែល​ប្រមូល​បាន​ពេញ ១២ កន្ត្រក ។ ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​បាន​យក​ពេល​វេលា​ដើម្បី​ធ្វើ​រឿងនោះ ។ វា​កាន់តែ​ច្បាស់​ចំពោះ​ខ្ញុំ​ថា មេរៀន​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ឱកាស​នោះ​គឺ ៖ ទ្រង់​អាច​ផ្ដល់​អាហារ​ដល់​មនុស្ស ៥០០០ នាក់ ហើយ​នៅ​សល់​ទៀត ។ « គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​អ្នក » ។​ អំណាច​​នៃ​ការប្រោសលោះ និង​អំណាច​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ​សង្គ្រោះ អាច​គ្រប​ដណ្ដប់​គ្រប់​អំពើ​បាប របួស ឬ​ការសាកល្បង មិន​ថា​វា​ធំ ឬ​ពិបាក​ប៉ុណ្ណានោះ​ទេ—ហើយ​មាន​នៅ​សល់​ទៀត​ផង ។ ព្រះគុណ​របស់ទ្រង់​គឺ​មានល្មម​គ្រប់គ្រាន់ ។

ជាមួយ​នឹង​ការចេះដឹង​នោះ យើង​អាច​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ ដោយ​ដឹង​ថា ពេល​ដែល​គ្រាលំបាក​ចូល​មក​ដល់—ហើយ​ពិត​ណាស់​វា​នឹង​មក—ឬ​ពេល​ដែល​អំពើ​បាប​ហ៊ុំព័ទ្ធ​ជីវិត​យើង នោះ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ជាមួយ « អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប »១០របស់​ទ្រង់ ដោយ​អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដល់​បងប្អូន​អំពី​ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត​ថា​ជា​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ព្រះប្រោសលោះ​របស់​យើង និង​នៃ​អំណាច​ប្រោស​ឲ្យ​ជា​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ព្រះរាជ​បំណង​របស់​ទ្រង់​ក្នុង​ការប្រោសឲ្យ​ជា​ដល់​បងប្អូន ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕