ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៤


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤

បុព្វកថា

ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ និង លូស៊ី ជា​ភរិយា​របស់​លោក បាន​ទៅ​សួរ​សុខទុក្ខ​កូន​ប្រុស​របស់​ពួកលោក យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ នៅ​ភូមិ ហាម៉ូនី រដ្ឋ ប៉ែនសិលវេញ៉ា ។ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ បាន​ចង់​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​គាត់​ជួយ​ក្នុង​ការងារ​នៃ​ការសា្ដរឡើងវិញ ។ កាល​កំពុង​សួរសុខទុក្ខ​នោះ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បាន​ទទួល​វិវរណៈ​មួយ ។ វិវរណៈ​នេះ បាន​ប្រទាន​ទៅ​ដល់​ឪពុក​របស់​ព្យាការី ដែល​ជា​វិវរណៈ​ទី​មួយ​ក្នុង​ចំណោម​វិវរណៈ​មួយ​ចំនួន​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​បុគ្គល​ទាំងឡាយ​ដែល​បាន​បំណង​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ( សូម​មើល គ. និង ស. ៦; ៨–៩; ១១–១២; ១៤–១៦; ២៣២៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១-៣

យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​ការងារ​ព្រះ

តើ​អ្នក​ធ្លាប់​មាន​បំណង​បម្រើ​ព្រះ ហើយ​ចង់​ស្គាល់​ព្រះឆន្ទៈ​ទ្រង់​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ដល់​ទ្រង់​បាន​យ៉ាង​ល្អ​បំផុត​ដែរ​ឬ​ទេ ? ឪពុក​យ៉ូសែប ស៊្មីធ​បាន​មាន​បំណង​ប្រាថ្នា​ជួយ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ប៉ុន្តែ​គាត់​ពុំ​ដឹង​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​ឡើយ ។ គាត់​បាន​សួរ​កូនប្រុស​គាត់​ដែល​ជា​ព្យាការី​ឲ្យ​សួរ​ព្រះអម្ចាស់​ជំនួស​គាត់.គោលលទ្ធិ និង សេចក្តីសញ្ញា ៤គឺ​ជា​ចម្លើយ​មក​ពី​ព្រះអម្ចាស់ ។ នៅ​ក្នុង​វិវរណៈ​នេះ ទ្រង់​បាន​មាន​បន្ទូល​ពី​គុណសម្បត្តិ​នានា ដែល​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ពី​អស់​អ្នក​ដែល​មាន​បំណង​ជួយ​ដល់​កិច្ចការ​របស់​ទ្រង់ ។ នៅ​ពេល​អ្នក​អាន​កណ្ឌ​នេះ សូម​កត់ចំណាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ អំពី​របៀប​ដែល​យើង​ត្រូវ​បម្រើ​ទ្រង់ ។

រូបភាព
យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ

នៅ​ពេល​បាន​ទទួល​វិវរណៈ​នេះ សាសនាចក្រ​ពុំ​ទាន់​បាន​បង្កើត​ឡើង​នៅ​ឡើយ ការបកប្រែ​ព្រះគម្ពីរ​មរមន​មិន​ទាន់​បាន​បញ្ចប់ ហើយ​បព្វជិតភាព​ក៏​មិន​ទាន់​បាន​ស្ដារឡើងវិញ​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:១ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​ពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ដែល​ហៀប​នឹង​កើត​មាន​ឡើង ។ អ្នក​អាច​នឹង​ចង់​កត់ចំណាំ​ពាក្យ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅ​ថ្ងៃ​ចុងក្រោយ ។ តើ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ « អស្ចារ្យ » ដោយ​របៀប​ណា ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​សូម​ពី​អស់​អ្នក​ដែល​ចាប់ផ្ដើម ឬ ចេញ​ប្រតិបត្តិការ​ធ្វើការ​បម្រើ​ទ្រង់ ។ សូម​បំពេញ​គោលការណ៍​តទៅ​នេះ​ដោយ​ផ្អែក​លើ គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ ៖ ប្រសិនបើ​យើង​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង លំដាប់​នោះ​យើង​អាច

អ្នក​ក៏​អាច​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ពី​គោលការណ៍​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២ បាន​ដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការធ្វើ​អ្វី​មួយ​ដោយ « អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​អ្នក » មានន័យ​ថា​ដូចម្ដេច ?

    2. តើ​ការយល់ដឹង និង ការអនុវត្តន៍​គោលការណ៍​នេះ ជួយ​អ្នក​យ៉ាងណា កាល​ដែល​អ្នក​រួម​ចំណែក​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៣ រួច​ស្វែងរក​អ្វី​ដែល​យើង​ត្រូវ​មាន ដែល​នឹង​ជួយ​យើង​ឲ្យ​ជោគជ័យ​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

មនុស្ស​មួយ​ចំនួន​ចាត់ទុក គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ថា​ជា​ការហៅ​បម្រើ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ដល់​លោក​នោះ ពុំ​មែន​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ឡើយ ។ ប៉ុន្តែ លោក​ពិត​ជា​បាន​ធ្វើតាម​ដំបូន្មាន​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២–៣ ពេញ​មួយ​ជីវិត​របស់​លោក ដោយ​បាន​បម្រើ​ដោយ​ការតាំងចិត្ត​មិន​ថា​ទីណា និង កន្លែង​ណា​ដែល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​នោះ​ទេ ។ លោក​គឺ​ជា​សាក្សី​មួយ​រូប​ក្នុង​ចំណោម​សាក្សី​ទាំង​ប្រាំបី​រូប​នៃ​ព្រះគម្ពីរ​មរមន និង​មួយ​រូប​ក្នុង​ចំណោម​អ្នក​ទទួល​បុណ្យជ្រមុជទឹក​ដំបូង​ចូល​ក្នុង​សាសនាចក្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ លោក​ក៏​បាន​បម្រើ​ជា​លោកអយ្យកោ​ដំបូង​របស់​សាសនាចក្រ និង ជា​ទីប្រឹក្សា​ជំនួយ​របស់​គណៈប្រធាន​ទី​មួយ​ផង​ដែរ ។ សូម​គិត​ពី​មធ្យោបាយ​មួយ​ចំនួន​ទៀត ក្រៅ​ពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ដែល​អ្នក​អាច​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​បាន ។ ឧទាហរណ៍ ការដកស្រង់​ខាង​ក្រោម​ចេញ​ពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ក្រោម​ប្រធានបទ​នៃ​ការបម្រើ ផ្ដល់​នូវ​យោបល់​មួយ​ចំនួន​ស្ដីពី​របៀប​ដែល​អ្នក​អាច​ប្រព្រឹត្ត​ចំពោះ​បំណង​របស់​អ្នក​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​នា​ពេល​ឥឡូវ​នេះ​ថា ៖

រូបភាព
ការដើរ​បង្រៀន​របស់​គ្រូ​បង្រៀន​តាម​ផ្ទះ

« ការបម្រើ​ដល់​អ្នក​ដទៃ​គឺ​ជា​លក្ខណៈ​មួយ​ដ៏​សំខាន់​អំពី​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ជា​សិស្ស​ម្នាក់ គឺ​ត្រូវ​មាន​ឆន្ទៈ​ដើម្បី​សម្រាល​បន្ទុក​របស់​អ្នក​ដទៃ និង ដើម្បី លួងលោម ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវការ​ការលួងលោម ។ ជា​ញឹកញាប់ ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​អ្នកដទៃ​តាមរយៈ​អ្នក ។

« មាន​វិធី​ជា​ច្រើន​ដើម្បី​បម្រើ​ដល់​អ្នកដទៃ ។ ការបម្រើ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន ដែល​អ្នក​អាច​ផ្តល់​បាន​គឺ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ផ្ទាល់ ។ អ្នក​អាច​បម្រើ​នៅ​ក្នុង​ការចាត់តាំង​ពី​សាសនាចក្រ សាលារៀន និង សហគមន៍​របស់​អ្នក​បាន​ផងដែរ ។ អ្នក​អាច​បម្រើ​ដោយ​ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។ អ្នក​អាច​បម្រើ​ដោយ​ការចែកចាយ​ដំណឹងល្អ ជាមួយ​នឹង​អ្នកដទៃ​ឥឡូវនេះ និងក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នា​ពេល​អនាគត ។ ជាញឹកញាប់ ការបម្រើ​ដ៏​មាន​អត្ថន័យ​បំផុត គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈការធ្វើ​កិច្ចការ​ល្អៗសាមញ្ញជា​រៀងរាល់​ថ្ងៃ ។ ចូរ​ស្វែងរកការដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ដឹង​ថាតើ​ត្រូវបម្រើ​នរណា និង​ពី​របៀប​ដើម្បី​ជួយ​ស្របទៅ​តាម​តម្រូវការ​ទាំងឡាយ​របស់​ពួកគេ ។ សូម​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ពេល​អ្នក​បម្រើ​ដល់​អ្នក​ដទៃ » (ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣២) ។

  1. សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​មធ្យោបាយ​ជាក់លាក់​មួយ​ដែល​អ្នក​ចង់​ជួយ​ដល់​កិច្ចការ​ព្រះអម្ចាស់​នៅ​ពេល​នេះ​ក្នុង​ជីវិត​អ្នក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤

ស្រែ​សសំព្រុះ​ល្មម​ច្រូត​ហើយ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤ ព្រះអម្ចាស់​ចាត់ទុក​មនុស្ស​លើ​ពិភពលោក​ថា​ជា​ស្រែ​ក្នុង​វាល ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤ រួច​គូសចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ពី​វាល​ស្រែ​របស់​ទ្រង់ ( ឬ​មនុស្ស​លើ​ពិភពលោក ) ។ វា​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ខគម្ពីរ​នេះ ក្នុង​ការ​ដឹង​ថា​ស្រូវសាលី និង​ស្រូវ​ធម្មតា​ប្រែ​ពណ៌​នៅ​ពេល​វា​លូតលាស់ ។ នៅ​ពេល​ដែល​ដើម​ធញ្ញជាតិ​នៅ​ខ្ចី វា​មាន​ពណ៌​បៃតង ប៉ុន្តែ នៅ​ពេល​វា​លូតលាស់​ឡើង​បន្តិច វា​មាន​ពណ៌​ឡើង​ព្រលែត ។ នៅ​ពេល​ដើម​ធញ្ញជាតិ​ល្មម​ដើម្បី​ច្រូតកាត់ វា​តែង​បាន​គេ​ពិពណ៌នា​ថា​មាន « ពណ៌​ស » ។ កាំបិត​វែង​រាង​កោង​ត្រូវបាន​ហៅ​ថា​ជា កណ្ដៀវ ប្រើ​សម្រាប់​ច្រូតកាត់​ធញ្ញជាតិ ។

រូបភាព
បុរស​កំពុង​ច្រូតកាត់​ធញ្ញជាតិ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​ឃ្លា « ស្រែ​ស​សំព្រុះ​ល្មម​ច្រូត​ហើយ » មាន​ន័យ​ដូចម្ដេច ?

    2. តើ​អ្នក​គិត​ថា​ការលូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន មាន​ន័យ​ដូចម្ដេច ?

    3. តើ​រង្វាន់​ដែល​បាន​លើកឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤ សម្រាប់​អស់​អ្នក​ដែល​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន មាន​អ្វី​ខ្លះ ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​នេះ អំពី​ឥទ្ធិពល​នៃ​ការងារ​របស់​យើង​ក្នុង​ការ​បម្រើ​ដល់​ព្រះអម្ចាស់​គឺ​ថា នៅ​ពេល​យើង​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​នាំ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ក៏​អាច​ទទួល​បាន​សេចក្ដីសង្គ្រោះ​សម្រាប់​ខ្លួន​យើង​ផង​ដែរ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​អ្នក​ខិតខំ​ជួយ​ដល់​មនុស្ស​ដទៃ​ឲ្យ​មក​រក​ទ្រង់​ទាំង​ពីរ​អង្គ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥-៧

ព្រះអម្ចាស់​ណែនាំ​ពី​គុណសម្បត្តិ និង ឥរិយាបថ​ចាំបាច់ទាំងឡាយ​ដែល​អស់​អ្នក​ដែល​បម្រើ​ទ្រង់​ត្រូវ​មាន

សូម​គិត​ពី​ការងារ អាជីព ឬ ជំនាញ​ពីរ​បី ។ តើ​គុណសម្បត្តិ និង ឥរិយាបថ​ចាំបាច់​ណា​ខ្លះ​ដែល​មនុស្ស​ម្នាក់​ត្រូវ​មាន​ដើម្បី​សម្រេច​បាន​ការងារ​នីមួយៗ​នោះ ?

សូម​ស្វែងរក​រូបមន្ត​ធ្វើ​ម្ហូប​មួយ​សម្រាប់​អាហារ​ដែល​អ្នក​ចូលចិត្ត រួច​អាន​បញ្ជី​គ្រឿងផ្សំ​ដែល​មាន​លើ​នោះ ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​ម្ហូប​នោះ ប៉ុន្តែ ពុំ​បាន​ដាក់​គ្រឿងផ្សំ​មួយ ឬ ពីរ ? គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៥–៦មាន​នូវ​បញ្ជី « គ្រឿងផ្សំ » ឬ ឥរិយាបថ​នានា​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​គុណសម្បត្តិ​អាច​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​បាន ។ សូម​អាន​ខគម្ពីរ​ទាំងនេះ រួច​គូសចំណាំ​ពី​ឥរិយាបថ​ដ៏​ទេវភាព​នីមួយៗ​ដែល​បាន​លើកឡើង ។ អ្នក​ក៏​អាច​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ពី​គោលការណ៍​នេះ​ថា ៖ នៅ​ពេល​យើង​ព្យាយាម​អភិវឌ្ឍ​ឥរិយាបថ​ដ៏​ទេវភាព នោះ​វា​នឹង​ជួយ​យើង​ឲ្យ​មាន​គុណសម្បត្តិ​អាច​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​បាន ។

សូម​ពិចារណា​ពី​របៀប​ដែល​ការអភិវឌ្ឍន៍​ឥរិយាបថ​ដ៏​ទេវភាព​នីមួយៗ​ទាំងនេះ អាច​ជួយ​អ្នក​ឲ្យ​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​បាន​កាន់តែ​ប្រសើរ​ឡើង ។

  1. សូម​ជ្រើសរើស​ឥរិយាបថ​មួយ​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៥–៦ ដែល​អ្នក​ចង់​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។ ដោយ​ប្រើ​ធនធាន​នានា​ដែល​មាន​សម្រាប់​អ្នក ( ដូចជា Topical Guide និង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) សូម​ស្វែងរក​ខគម្ពីរ​ផ្សេង​ទៀត​ចំនួន​បី​ដែល​បង្រៀន​ពី​ឥរិយាបថ​នោះ ។ ( អ្នក​ក៏​អាច​ចង់​អាន​ព័ត៌មាន​នៅក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿ ឬ​នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ សម្រាប់​ឥរិយាបថ​ដែល​អ្នក​បាន​ជ្រើសរើស ) ។ សូម​សរសេរ​ការសង្ខេប​ខ្លី​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​សិក្សា​ពី​ឥរិយាបថ​នោះ ក៏​ដូចជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​នា​ពេល​ឥឡូវ​នេះ ដើម្បី​ចាប់ផ្ដើម​អភិវឌ្ឍ​ឥរិយាបថ​នោះ ។ អ្នក​អាច​ចង់​ចែកចាយ​ផែនការ​របស់​អ្នក​ជាមួយ​ឪពុកម្ដាយ ឬ មិត្តភក្ដិ​ជិតស្និទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៧ រួច​ស្វែងរក​របៀប​ដែល​អ្នក​អាច​ព្យាយាម ហើយ​អភិវឌ្ឍ​ឥរិយាបថ​ទាំងនេះ ។ សូម​ពិចារណា​ពី​អត្ថន័យ​នៃ « សូម » និង « គោះ » ។ តើ​ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ឥរិយាបថ​ដ៏​ទេវភាព​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖