ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៥ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១៤


មេរៀន​ទី ២៥ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១៤

បុព្វកថា

បន្ទាប់​ពី​មកដល់​ក្រុង​ហ្វាវេស្ទ រដ្ឋ មិសសួរី នៅខែ មិនា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​វគ្គគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ អេសាយ ។ យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​មាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៤ នៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៨៣៨ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ដែល​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឲ្យ​រៀបចំ​ខ្លួន​បម្រើ​បេសសកម្ម ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៣

ព្រះអម្ចាស់​ឆ្លើយ​តប​ចំពោះ​សំណួរ អំពី​វគ្គគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​អេសាយ

តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ក្នុង​ការ​យល់​អំពី​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង​ព្រះគម្ពីរ​ឬទេ ?

ការ​ព្យាករ​មួយ​ចំនួន​នៅ​ក្នុង​ព្រះគម្ពីរ ប្រើ​និមិត្តរូប​ដែល​ពិបាក​យល់ ។ នៅ​ក្នុង​ក្រុង​ហ្វាវេស្ទ រដ្ឋ មិសសួរី បងប្អូនប្រុស​មួយ​ចំនួន​បាន​សូម​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ បកស្រាយ​វគ្គគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​អេសាយ ។ ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​សំណួរ​ទាំងនោះ ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣ ។

រូបភាព
ការ​សរសេរ​របស់​អេសាយ

អេសាយ

  1. សូម​សរសេរ​សំណួរ​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣ ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​សង្ខេប​ចម្លើយ​របស់​ព្រះអម្ចាស់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:១–២គល់​មាន​អត្ថន័យ​យ៉ាង​ច្បាស់ ។ ព័ត៌មាន​ខាងក្រោម​នេះ អាច​ជួយ​បង្កើន​ការ​យល់ដឹង​របស់​អ្នក​ពី​និមិត្តរូប ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាងចុះ​ពី​ផ្ទះ​របស់ អ៊ីសាយ ជា​ឪពុក​របស់ ដាវីឌ ។ ពាក្យ គល់ នៅក្នុង អេសាយ ១១:១ ត្រូវ​បាន​បកប្រែ​ពី​ពាក្យ ហេព្រើរ ដែល​មាន​ន័យ​ថា​ជា​គល់ ឬ​ជា​ឫស​ដើម​ឈើ—មាន​នៅ​ក្នុង​ដើមឈើ​ដែល​ត្រូវ​បាន​កាត់ចោល ឬ​ក្នុង​ដើមឈើ​ដែល​ត្រូវ​បាន​ដាំ ។

សូម​ពិចារណា​ពី​អត្ថន័យ​នៃ​ពាក្យ លំពង់ ឫស ដែល​បាន​លើកឡើង​នៅ ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៣–៦។ សូម​គិត​ពី​ការ​បកប្រែ​ខាងក្រោម ដែល​ចែកចាយ​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « តើ​យើង​និយាយ​ខុស​ឬ ដែល​ថា​ព្យាការី​ដែល​បាន​លើកឡើង​នៅ​ទីនេះ​គឺជា​យ៉ូសែប ស្ម៊ីធ ដែល​បព្វជិតភាព​មាន​មក​តាម​លោក ជា​អ្នក​ដែល​បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​នគរ ហើយ​បាន​លើក​ទង់​ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ព្រះអម្ចាស់​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា ? ហើយ​តើ​លោក​ក៏​មិន​មែន​ជា ‹ អ្នក​បម្រើ​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះគ្រីស្ទ ដែល​ជា​ពូជពង្ស​របស់ អ៊ីសាយ ខ្លះ និង​ពូជពង្ស​របស់ អេប្រាអិម ខ្លះ ឬ​ជាវង្ស​នៃ យ៉ូសែប ដែល​មាន​អំណាច​ដ៏​ខ្លាំង › ទេ​ឬ​អី ? ( គ. និង ស. ១១៣:៤-៦ ) ។ អ្នក​ដែល​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការណ៍​ដ៏​ទេវភាពនោះ​នឹង​ដឹង​អំពី​អត្ថន័យ​នៃ​ការណ៍​ទាំងនេះ » ( The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ៣៣៩-៤០ ) ។

រូបភាព
គល់

តើ យ៉ូសែប ស៊្មីធ បាន​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា « អ្នក​បម្រើ​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះគ្រីស្ទ » ( គ. និង ស. ១១៣:៤ ) ?

កាល​អ្នក​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ គល់ សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣:៥-៦ ។

តើ​គល់​តំណាង​ឲ្យ យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?

សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​អំពី​គោលលទ្ធិ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី ខ ៦ ៖ យ៉ូសែប ស៊្មីធ ទទួល​បាន​កូនសោ​នៃ​នគរ​សម្រាប់ និង​សម្រាប់ នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។ អ្នក​អាច​នឹង​ចង់​ធ្វើ​សេចក្ដី​យោង​បទគម្ពីរ​នៃ ខ ៦ ជាមួយ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១ ។

បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​អំពី អេសាយ ១១អេលីយ៉ាស ហ៊ិកប៊ី បាន​សួរ​សំណួរ​ទាក់ទង​នឹង អេសាយ ៥២ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៧-១០ហើយ​បំពេញ​តារាង​ខាងក្រោម ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:៧-៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:៩-១០

តើ​អ្វី​ដែល​យើង​ត្រូវ « ពាក់ » ?

តើ​ព្រះអម្ចាស់​សន្យា​អ្វី​ចំពោះ​អ្នក​ដែល​ត្រឡប់​មក​រក​ទ្រង់​វិញ ?

តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា ?

តើ​អ្នក​គិត​ថា ការណ៍​នេះ​មានន័យ​យ៉ាងណា ចំពោះ​ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​បែកខ្ញែក ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​វិធី​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ការ​ដឹកនាំ និង​កម្លាំង​ដល់​មនុស្ស​ដែល​ព្យាយាម​ត្រឡប់​មករក​ទ្រង់​វិញ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៤

ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម

មនុស្ស​ម្នាក់​ដែល​ព្រះអម្ចាស់​ជ្រើសរើស ដើម្បី​ជួយ​ពង្រឹង​ទីក្រុង​ស៊ីយ៉ូន គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ។

ដាវីឌ ដ័បុលយូ ប៉ាទ្ទិន បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៨៣២ ។ គាត់​ត្រូវបាន​តែងតាំង​ជា​សាវក​នៅ​ឆ្នាំ ១៨៣៥ ។ គាត់​មាន​អំណោយ​ទាន​នៃ​ការ​ព្យាបាល ហើយ​លោក​ជា​បុរស​ម្នាក់​ដែល​មាន​ភាព​ក្លាហាន និង​អំណាច​យ៉ាង​ខ្លាំង ។ គាត់​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ការពារ​សេចក្ដី​ជំនឿ និង​ព្យាការី យ៉ូសែប ស៊្មីធ ឡើយ ។ ក្នុងការ​ការពារ​ពួកបរិសុទ្ធ​ពី​ពួក​មនុស្ស​កំណាច​នៅ​រដ្ឋ មិសសួរី ដាវីឌ ប៉ាទ្ទិន ត្រូវ​បាន​ស្គាល់​ថា « ប្រធាន​ក្រុម​អង់អាច » ។ ( សូមមើល Lycurgus A. Wilson, Life of David W. Patten: The First Apostolic Martyr [ ឆ្នាំ ១៩០០ ] ទំព័រ ៥–៨, ១៤–១៧, ៤៨–៤៩, ៦២ ) ។

អែលឌើរ ប៉ាទ្ទិន បាន​សូម​ឲ្យ ព្យាការី យ៉ូសែប ស៊្មីធ ស្វែង​រក​វិវរណៈ​ឲ្យ​គាត់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៤:១រកមើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អែលឌើរ ប៉ាទ្ទិន ធ្វើ ។

នៅ​សរទរដូវ​ក្នុង​ឆ្នាំ ១៨៣៨ ប្រាំមួយ​ខែ​បន្ទាប់​ពី​វិវរណៈ​ដែល​បញ្ជា​ឲ្យ​អែលឌើរ ប៉ាទ្ទិន រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម គាត់​បាន​ពាក់ព័ន្ធ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទន្លេ ឃ្រុកឃិដ ដែល​មាន​ទីតាំង​នៅ​ជិត​ទីលំនៅ​របស់​ពួកបរិសុទ្ធ​នៅ​ខាងលិច​រដ្ឋ មិសសួរី ។ នៅ​ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ១៨៣៨ ពួក​មនុស្ស​កំណាច​បាន​វាយ​ប្រហារ​លើ​ផ្ទះ​សម្បែង​ពួកបរិសុទ្ធ​មួយ​ចំនួន និង​បាន​បញ្ជា​ឲ្យ​សមាជិក​ចាកចេញ​ពី​រដ្ឋ​នោះ ហើយ​បាន​ចាប់​បុរស​បីនាក់​ជា​អ្នក​ទោស ។ នៅពេល​ឮ​របាយការណ៍​ថា​ពួក​មនុស្ស​កំណាច​មាន​បំណង​សម្លាប់​ពួក​អ្នក​ទោស​នៅ​យប់នោះ កង​ជីវពល​ពួកបរិសុទ្ធ​បាន​រៀបចំ​ជា​ពីរ​ក្រុម ដើម្បី​ជួយ​សង្គ្រោះ​ពួក​អ្នក​ទោស ។ អែលឌើរ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន បាន​ដឹកនាំ​មួយ​ក្រុម ។ នៅ​ទៀបភ្លឺ ពេល​ដែល​ក្រុម​របស់​អែលឌើរ ប៉ាទ្ទិន បាន​ចូល​មក​ដល់​ទន្លេ ឃ្រុកឃិដ ដើម្បី​ឆ្លង​ទៅ​ត្រើយ​ម្ខាង សមាជិក​ក្រុម​មនុស្ស​កំណាច ដែល​បាន​លាក់ខ្លួន​នៅ​ជិត​នោះ បាន​ចាប់​ផ្ដើម​បាញ់ ។ ការ​តតាំង​ដ៏​រហ័ស​មួយ​បាន​ផ្ទុះ​ឡើង ហើយ​បុរស​បីបួន​នាក់​ពី​ក្រុម​នីមួយៗ​បាន​រង​របួស រួម​ទាំង​អែលឌើរ ប៉ាទ្ទិន​ផង ។

រូបភាព
ឈុតឆាក​ប្រយុទ្ធ

ការ​ប្រយុទ្ធ​នៅ​ទន្លេ ឃ្រុកឃិដ រដ្ឋ មិសសួរី

អែលឌើរ ប៉ាទ្ទិន បាន​ស្លាប់​បីបួន​ម៉ោង​ក្រោយ​មក ។ សេចក្តីជំនឿ​របស់​គាត់​នៅ​ក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​មាន​យ៉ាង​ខ្លាំងក្លា ហើយ​មាន​ម្ដង​នោះ គាត់​បាន​បញ្ជាក់​ប្រាប់​ព្យាការី យ៉ូសែប ស៊្មីធ ថា​គាត់​ចង់​ស្លាប់​ក្នុង​ការ​ស្លាប់​របស់​ទុក្ករបុគ្គល ។ « ព្យាការី ដោយ​មាន​ការ​រំជួលចិត្ត​ជាខ្លាំង បាន​និយាយ​ទៅ​កាន់ ដាវីឌ ដោយ​ទុក្ខព្រួយ​យ៉ាងខ្លាំង​ថា ‹ នៅ​ពេល​បុរស​ម្នាក់​ដែល​មាន​ជំនឿ​ដូចជា​បងប្រុស សូម​អ្វី​មួយ​ដល់​ព្រះអម្ចាស់ នោះ​គេ​តែង​នឹង​ទទួល​បាន​វា › » ។ នៅឯ​ពិធីបុណ្យសព្វ​របស់​អែលឌើរ ប៉ាទ្ទិន ក្នុង​ក្រុង​ហ្វាវេស្ទ បន្ទាប់​ពី​ការ​ប្រយុទ្ធ​នោះ យ៉ូសែប ស៊្មីធ បាន​កោតសរសើរ​គាត់ ៖ « នេះ​គឺ​ជា​បុរស​ដែល​បាន​ធ្វើ​ដូច​ដែល​គាត់​បាន​និយាយ—គាត់​បាន​លះបង់​ជីវិត​របស់​គាត់​ដោយ​សារ​មិត្តភក្ដិ​របស់​គាត់ » ។ ( សូមមើល Church History in the Fulness of Times Student Manual,2nd ed. [Church Educational System manual ឆ្នាំ ២០០៣] ទំព័រ ១៩៩–២០០; សេចក្ដី​សម្រង់ Life of David W. Patten,ទំព័រ ៥៣; History of the Church,៣:១៧៥ ) ។

នៅពេល​ដែល​អែលឌើរ ប៉ាទ្ទិន បាន​ស្លាប់ គាត់​បាន​រៀបចំ​ខ្លួន​ដោយ​សេចក្ដី​ជំនឿ​របស់​គាត់ ដើម្បី​បម្រើ​បេសកកម្ម ។ គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​ពួកបរិសុទ្ធ​ដែល​ជា​មិត្តភក្ដិ​របស់​គាត់​ដែរ រួមទាំង​សមាជិក​មួយ​ចំនួន​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​ពុំស្មោះត្រង់​ផង​ដែរ ។ នៅ​ដង្ហើម​ចុង​ក្រោយ​របស់​គាត់ គាត់​បាន​ប្រកាស​ថា « ខ្ញុំ​បាន​លើក​ដាក់​មក​លើ​ខ្លួន​ខ្ញុំ ! ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បម្រុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត [ សូមមើល ធីម៉ូថេ ទី២ ៤:៧–៨ ] » ។ គាត់​បាន​និយាយ​ទៅកាន់​ភរិយា​គាត់​ថា « ទោះ​ជា​អូន​ធ្វើ​អ្វី​ក៏ដោយ តែ​សូម​កុំ​បោះបង់​ចោល​សេចក្ដី​ជំនឿ​ឡើយ » ( សេចក្ដី​សម្រង់ Heber C. Kimball, នៅក្នុង Life of David W. Patten,ទំព័រ ៦៩ ) ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់ ដាវីឌ ប៉ាទ្ទិន នោះគឺ បើ​យើង​ស្ដាប់​តាម​ការដឹកនាំ​របស់​ព្រះអម្ចាស់ នោះ យើង​នឹង​រៀបចំ​ខ្លួន​សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​យើង ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ដូច​តទៅនេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅពេល​ណា​ដែល​អ្នក​បាន​ធ្វើតាម​ការ​ទូន្មាន​របស់​ព្រះអម្ចាស់ ហើយ​បាន​ឃើញ​ថា វា​បាន​រៀបចំ​អ្នក​សម្រាប់​អ្វី​មួយ​ដែល​អ្នក​មិន​បាន​រំពឹង​ទុក ? បើ​អ្នក​ពុំធ្លាប់​មាន​បទពិសោធន៍​នេះ​ទេ សូម​ពិភាក្សា​សំណួរ​នេះ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។ សូម​សរសេរ​អ្វី​ដែលអ្នក​បាន​រៀន​ពី​គេ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៤:២ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថា​នឹង​កើតឡើង ពេល​មនុស្ស​មួយ​ចំនួន​បដិសេធ​ព្រះនាម​ទ្រង់ ។ ( នៅ​ក្នុង​ខគម្ពីរ​នេះ ពាក្យ គណៈប៊ីស្សព សំដៅ​ទៅលើ​ទំនួល​ខុសត្រូវ​របស់​មនុស្ស​ម្នាក់ មិន​មែន​ចំពោះ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ទេ ។ សូមមើល ទំនុកដំកើង ១០៩:៩; កិច្ចការ ១:២០; Bible Dictionary, « Bishop » ) ។

នៅពេល​សមាជិក​មួយ​ចំនួន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ មិន​មាន​ភាព​ស្មោះត្រង់ អ្នក​ដទៃ​ទៀត​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជំនួស​ពួកគេ ។ សាវក​ថ្មី​ទាំងនេះ រួម​មាន យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ជា​អ្នក​ដែល​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស​ដោយ​ស្មោះត្រង់ ហើយ​បាន​នាំ​មនុស្ស​ជា​ច្រើន​ពាន់នាក់​ឲ្យ​ស្គាល់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​កថាខណ្ឌ​ខ្លី​មួយ​ដែល​រៀបរាប់​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់ និង​បំពេញ​ការ​រំពឹងទុក​ដែល​ទ្រង់​មាន​សម្រាប់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖