ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦


មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦

សេចក្ដីផ្ដើម

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦ គឺជា​ផ្នែក​មួយ​នៃ​សំបុត្រ​ដ៏​បំផុស​គំនិត​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុកលិបើធី ។ នៅ​ក្នុង​ផ្នែក​នេះ​នៃ​សំបុត្រ ព្យាការី​បង្រៀន​នូវ​គោលការណ៍​នានា​អំពី​អំណាច និង សិទ្ធិអំណាច​នៃ​បព្វជិតភាព ។ លោក​ពន្យល់​ពី​ហេតុផល​ដែល​មនុស្ស​ជាច្រើន​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល​ត្រូវ​បាន​រើស និង អំពី​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​អាច​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃទៀត ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤០

យ៉ូសែប ស៊្មីធ បង្រៀន​ថា សិទ្ធិ​នៃ​បព្វជិតភាព​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​អំណាច​សួគ៌ា

រូបភាព
ចង្កៀង​អគ្គិសនីមាន​ខ្សែ

តើ​អ្នក​គិត​ថា ការប្រើប្រាស់​បព្វជិតភាព​អាច​ប្រៀប​បាន​នឹង​ការ​បើក​ចង្កៀង​អគ្គិសនី​មួយ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​សរសេរ​ពាក្យ អ្នក​កាន់​បព្វជិតភាព នៅ​ក្បែរ​រូប​ចង្កៀង​អគ្គិសនី​ក្នុង​រូប​គំនូរ ។ នៅ​ក្នុង​មេរៀន​នេះ ពន្លឺ​ចង្កៀង​អគ្គិសនី​តំណាង​ឲ្យ​ពរជ័យ​ដែល​មនុស្ស​អាច​ទទួល​បាន​ពី​ព្រះ​តាមរយៈ​ការ​បម្រើ​របស់​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ។

សម្រាប់​ការ​សិក្សា​របស់​អ្នក​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១ នា​ថ្ងៃ​នេះ សូម​គិត​ពី​របៀប​ដែល​ភាព​សុច្ចរិត​របស់​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​គាត់​នៅ​ក្នុង​ការ​ជួយ​ដល់​មនុស្ស​ដទៃទៀត​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព ។ ទោះបី​ជា​ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅ​លើ​ពួក​អ្នក​កាន់​បព្វជិតភាព​ក្ដី ក៏​វា​មាន​នូវ​គោលការណ៍​ដែល​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ទាំង​អស់​ផង​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤ ដោយ​យក​ចិត្ត​ទុកដាក់​ទៅ​នឹង​សំណួរ​នៅ​ក្នុង​ខ​នេះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​សួរ​សំណួរ​នេះ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ដើម្បី​បង្កើន​ការ​យល់ដឹង​របស់​អ្នក​អំពី​អត្ថន័យ​ដែល​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ត្រូវបាន « ហៅ » និង « រើស » សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ទៅ​នេះ​របស់​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ​ទៅ​កាន់​ពួក​អ្នក​កាន់​បព្វជិតភាព ៖ « យើង​ត្រូវ​បាន​ហៅ នៅពេល​ដៃ​ត្រូវ​បាន​ដាក់​លើ​ក្បាល​របស់​យើង ហើយ​យើង​ត្រូវ​បាន​ប្រគល់​ឲ្យ​បព្វជិតភាព ប៉ុន្តែ​យើង​មិន​ត្រូវ​បាន​រើស​ឡើយ​រហូត​យើង​បាន​បង្ហាញ​សេចក្ដី​សុចរិត​របស់​យើង សេចក្ដី​ស្មោះត្រង់​របស់​យើង និង ការ​តាំង​ចិត្ត​របស់​យើង​ចំពោះ​ព្រះ » ( « Called and Chosen » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៥ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៥–៣៩ យើង​រៀន​ពី​មូលហេតុ​ដែល​ពួក​អ្នក​កាន់​បព្វជិតភាព​ខ្លះ​មិន​ត្រូវ​បាន​រើស ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៥-៣៦ ដោយ​ស្វែងរក​នូវ​មេរៀន​មួយ​ដែល​អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​គួរ​រៀនសូត្រ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​សរសេរ​ពាក្យ អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ នៅ​ក្បែរ​ព្រីភ្លើង​ក្នុង​រូបគំនូរ ។ នៅ​ក្នុង​រឿង​ប្រៀបធៀប​នេះ អគ្គីសនី​តំណាង​ឲ្យ​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ។

សូម​កត់​សម្គាល់​ពី​ឃ្លា​ថា « សិទ្ធិ​ទាំងឡាយ​នៃ​បព្វជិតភាព » នៅ​ក្នុង​ខ​ទី ៣៦ ។ បុរស​ម្នាក់​ទទួល​បាន​សិទ្ធិ​ដើម្បី​អនុវត្ត​បព្វជិតភាព​នៅ​ពេល​សិទ្ធិអំណាច​បព្វជិតភាព​ត្រូវបាន​ប្រគល់​ដល់​គាត់​ដោយ​ការ​ដាក់​ដៃ​លើ​ក្បាល ។ សិទ្ធិ​ដើម្បី​ធ្វើ​ជាមួយ​នឹង​សិទ្ធិ​អំណាច​នេះ​ពឹង​ផ្អែក​លើ​ភាព​សក្ដិសម​របស់​បុរស​ម្នាក់ ។ នៅ​ក្នុង​រូប​គំនូរ សូម​សរសេរ​នៅ​ត្រង់​ខ្សែ​ភ្លើង​ថា សិទ្ធិអំណាច​បព្វជិតភាព ។

សូម​នឹក​ស្រមៃ​ថា អ្នក​ដោត​ខ្សែ​ភ្លើង​ចង្កៀង​អគ្គិសនី​នោះ​ទៅ​ក្នុង​ព្រីភ្លើង ប៉ុន្តែ​ចង្កៀង​នោះ​មិន​ភ្លឺ ។ អ្នក​ពិនិត្យ​មើល​ចង្កៀង​នោះ ហើយ​រក​ឃើញ​ថា កុងកាត់​ភ្លើង​មិន​ទាន់ « បើក » ។ នៅ​ក្បែរ​កុង​តាក់​ភ្លើង ( លើ​ខ្សែ​ភ្លើង​ក្នុង​រូប​គំនូរ ) សូម​សរសេរ​ថា គោលការណ៍​នៃ​សេចក្ដី​សុចរិត ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ក្នុង​រឿង​ប្រៀបធៀប​នេះ តើ​ការ​ធ្វើ​តាម « គោលការណ៍​នៃ​សេចក្ដី​សុចរិត » ដូច​គ្នា​នឹង​ការ​បើក​កុងតាក់​ចង្កៀង​តាម​របៀប​ណា ?

    2. យោង​តាម​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦ សូម​បំពេញ​សេចក្ដី​ថ្លែងកាណ៍​ដូច​តទៅ​នេះ ៖ ពួក​អ្នក​កាន់​បព្វជិតភាព​អាច​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌​បាន ដរាបណា​ពួកគេ…

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៧–៣៨ ដោយ​ស្វែង​រក​អ្វី​ដែល​កើត​ឡើង​ចំពោះ​សមត្ថភាព​របស់​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដើម្បី​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ប្រសិន​បើ​គាត់​មិន​រស់នៅ​ដោយ​សុចរិត​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។ ( នៅ​ក្នុង ខ​ទី ៣៨ « ធាក់​ជល់​នឹង​ជន្លួញ » សំដៅ​ទៅ​លើ​សត្វ​មួយ​ក្បាល​ដែល​ប្រឆាំង​នឹង​ដំបង​ស្រួច​មួយ​ដែល​ធ្លាប់​ប្រើ​នាំ​ផ្លូវ​វា​ឆ្ពោះ​ទៅ​ទិស​ដៅ​ដែល​ចង់​ទៅ ។ ចំពោះ​យើង ឃ្លា​នេះ​សំដៅ​ទៅ​លើ​ការ​ប្រឆាំង​នឹង​ការ​ដឹកនាំ​ពី​ព្រះអម្ចាស់ និង ពួក​អ្នក​បម្រើ​របស់​ទ្រង់ ) ។

សូម​ពិនិត្យ​ឡើង​វិញ​នូវ ខ​ទី ៣៥ និង ៣៧ ដោយ​រក​មើល​ឥរិយាបថ និង ទង្វើ​ទុច្ចរិត​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់​បព្វជិតភាព​ម្នាក់​នឹង​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌​មាន​ភាព​ទន់ខ្សោយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។ បន្ទាប់​មកសូម​អាន​ឧទាហរណ៍​ខាងក្រោម ។ សូម​ស្វែង​រក​ឥរិយាបថ និង ទង្វើ​ដែល​ត្រូវបាន​លើក​ឡើង​នៅ​ក្នុង ខទី ៣៥ និង ៣៧ ។ នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ សូម​សរសេរ​ឥរិយាបថ និង ទង្វើ​ទាំងនោះ ។

  • ដើម្បី​សម្រប​ខ្លួន​នឹង​មិត្ត​ភក្ដិ​មួយ​ចំនួន​របស់​គាត់​ដែល​ល្បី អ្នក​កាន់​បព្វជិតភាព​ម្នាក់​ចូល​រួម​នឹង​ពួកគេ​សើច​ចំអក​ដល់​មិត្ត​រួម​ថ្នាក់​ម្នាក់​នៅ​ឯ​សាលារៀន ។

  • ប្រធាន​កូរ៉ុម​គ្រូ​ម្នាក់​ចូល​ចិត្ត​កីឡា ហើយ​បដិសេធ​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​សម្រាប់​កូរ៉ុម​ទាំងអស់ ដែល​មិន​ទាក់ទង​នឹង​កីឡា​បាល់​ទាត់ ឬ​កីឡា​បាល់​បោះ ។ នៅ​ពេល​ណា​កូរ៉ុម​ចូល​រួម​ក្នុង​សកម្មភាព ឬ​ការ​បម្រើ​មួយ គាត់​តម្រូវ​ឲ្យ​យុវជន​ផ្សេងទៀត​ធ្វើ​តាម​គាត់​ប្រាប់ ដោយសារ​គាត់​គឺជា​ប្រធាន​កូរ៉ុម ។

នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ព្រមាន​ស្ដីពី​ពួក​អ្នក​កាន់​បព្វជិតភាព​ដែល « ខំ​រក​ផ្លូវ​ដើម្បី​លាក់​អំពើបាប​ទាំងឡាយ​[ របស់​ពួកគេ ] » ( គ. និង ស. ១២១:៣៧ ) សូម​ពិចារណា​ពី​ដំណើរ​រឿង​របស់​ស្ដេច​ដាវីឌ​នៅ​ក្នុង សាំយូអែល ទី២ ១១ ។ បន្ទាប់​ដាវីដ​បាន​ប្រព្រឹត្ត​អំពើ​បាប​នៃ​សេចក្តី​កំផិត​ជាមួយ​នឹង​នាង បាតសេបា ហើយ​នាង​បាន​មាន​ផ្ទៃ​ពោះ នោះ​ទ្រង់​បាន​ព្យាយាម​លាក់​អំពើ​បាប​របស់​ទ្រង់ នៅ​ទីបំផុត​បាន​រៀប​ចំ​សម្លាប់​ប្ដី​របស់ នាង ឈ្មោះ អ៊ូរី ។ តើ​អ្នក​អាច​គិតឃើញ​ពី​ស្ថានភាព​ផ្សេង​ទៀត​ដែល​មនុស្ស​ព្យាយាម​លាក់​អំពើបាប​របស់​ខ្លួន​ដែរ​ឬទេ ?

តើ​គ្រោះថ្នាក់​នៃ​ការ​ដាក់​ដួងចិត្ត​ទៅ​លើ​រឿង​នៃ​លោកិយ និង​ការ​ចង់បាន​កិត្តិយស​នៃ​មនុស្ស​លោក​មាន​អ្វីខ្លះ ?

  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ឥរិយាបថ និង ទង្វើ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៥, ៣៧ រារាំង​ពួក​អ្នក​កាន់​បព្វជិតភាព​ពី​ការ​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថាន​សួគ៌ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៩–៤០ ដោយ​ស្វែង​រក​ហេតុផល​ដែល​មនុស្ស​មួយចំនួន​ចាប់ផ្ដើម​អនុវត្ត​អំណាច​មិន​សុចរិត​( គ្រប់គ្រង​មនុស្ស​ដទៃ ) ។

  1. យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤០ សូម​សង្ខេប​ដាក់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​ហេតុផល​ដែល​« មនុស្ស​ជាច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល​ត្រូវ​បាន​រើស » ( គ. និង ស. ១២១:៤០ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១-៤៦

យ៉ូសែប ស៊្មីធ​បង្រៀន​ពី​របៀប​ដែល​ពួក​អ្នក​កាន់​បព្វជិតភាព​គួរ​ប្រព្រឹត្ត

បន្ទាប់ពី​បង្រៀន​អំពី​ឥរិយាបថ និង ទង្វើ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​កាន់​បព្វជិតភាព​ម្នាក់ និង​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌​មាន​ភាព​ទន់ខ្សោយ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អំពី​ឥរិយាបថ និង ទង្វើ​ដែល​ពង្រឹង​ដល់​ទំនាក់ទំនង​នោះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ ដោយ​ស្វែង​រក​ឥរិយាបថ និង ទង្វើ​ដែល​ជួយ​ពួក​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ។ សូម​ពិរចារណា​អំពី​ការគូស​ចំណាំ​ឥរិយាបថ និង ទង្វើ​ទាំងនេះ​នៅពេល​អ្នក​ស្វែងរក​ពួកវា ។ នៅ​ពេល​អ្នក​អាន វា មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​នៅ​ក្នុង ខ​ទី ៤១ ពាក្យ​ថា លើក​លែង​តែ មានន័យ​ថា « មាន​តែ » និង​ការ​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះត្រង់ ហើយ​ឥត​លាក់​ពុត ឬ​ឆបោក គឺជា​ការ​ស្រឡាញ់​មនុស្ស​ដោយ​ស្មោះ​ពិត​ប្រាកដ ហើយ​មាន​ការ​លើក​ទឹកចិត្ត​ដ៏​សុចរិត ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​ហេតុផល​ដែល​គុណសម្បត្តិ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ សំខាន់​ចំពោះ​ពួក​អ្នក​កាន់​បព្វជិតភាព ។ សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​ផង​ដែរ ៖ ហេតុអ្វី​គុណសម្បត្តិ​ទាំង​នេះ​សំខាន់​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់​រូប​ត្រូវ​មាន ? សូម​ជ្រើស​យក​គោលការណ៍​នៃ​សេចក្ដីសុចរិត​មួយ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ខ​ទាំងនេះ ហើយ​ដាក់​គោលដៅ​មួយ​ដើម្បី​រស់នៅ​តាម​គោលការណ៍​នោះ​ឲ្យ​បាន​ប្រសើរ ។

នៅ​ក្នុង ខ​ទី ៤៣ ពាក្យ ដោយ​ស្ដី​បន្ទោស សំដៅ​លើ​ការ​ប្រាប់​មនុស្ស​ម្នាក់​ថា គាត់​កំពុង​ខុស ជាទូទៅ​ដោយ​ភាព​ទន់ភ្លន់ ឬ​ចិត្ត​មេត្តា ។ ពាក្យ សមពេល​សមហេតុ មាន​ន័យ​ថា « មុន​ពេល » ឬ « ទាន់​ពេល » ។ ពាក្យ ការ​តឹង​រឹង អាច​សំដៅ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​ដើម្បី​បង្ហាញ​ខ្លួន​យើង​ឲ្យ​ច្បាស់​លាស់ ។ តើ​អ្នក​គិត​ថា ហេតុ​អ្វី​វា​ជា​ការ​សំខាន់​សម្រាប់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ម្នាក់​ដើម្បី​ស្ដីបន្ទោស​ឲ្យ​ច្បាស់​លាស់ ចំពេល ហើយ​ស្រប​តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​បន្ថែម​ទៀត បន្ទាប់​ពី​ស្ដី​បន្ទោស​មនុស្សម្នាក់ ? តើ​អ្នក​ធ្លាប់​ទទួល​បាន​អត្ថប្រយោជន៍​មក​ពី​ការ​កែតម្រូវ​បែប​នេះ​នៅ​ពេល​ណា​ដែរ ?

រូបភាព
ឪពុក និង កូន
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​ជា​ការ​សំខាន់​សម្រាប់​ពួក​អ្នក​កាន់​បព្វជិតភាព​ដើម្បី​មាន​ភាព​ទន់ភ្លន់ និង​ចិត្ត​មេត្តា​នៅក្នុង​របៀប​ដែល​ពួកគេ​ទំនាក់​ទំនង​នឹង​អ្នកដទៃ ?

    2. តើ​អ្នក​គិត​ថា ឃ្លា « សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ១២១:៤៥ ) ? តើ​រឿង​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រក្សា​គំនិត​របស់​អ្នក​ឲ្យ​មាន​គុណធម៌​មាន​អ្វី​ខ្លះ ?

    3. តើ​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ អាច​ជួយ​យើង​ទាំងអស់​គ្នា នៅ​ពេល​យើង​ទំនាក់ទំនង​គ្នា​យ៉ាង​ដូចម្ដេច​ដែរ ?

ការ​រស់​នៅ​តាម​គោលការណ៍​នៃ​សេចក្ដីសុចរិត​ទាំងនេះ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​មនុស្ស​ដទៃទៀត​កាន់​តែ​ប្រសើរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤៥-៤៦ ដោយ​ស្វែង​រក​ពរជ័យ​ដែល​កើត​មាន​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​ដែល​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌​តាមរយៈ​ការ​រស់នៅ​ដ៏​សុចរិត ។ សូម​ពិចារណា​អំពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ពេល​អ្នក​អាន​ខ​ទាំងនេះ វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ដំបងរាជ​គឺជា​វត្ថុ​មួយ​ដែល​ស្ដេច ឬ​ម្ចាស់ក្សត្រី​កាន់ ។ វា​គឺ​ជា​និមិត្តរូប​មួយ​នៃ​សិទ្ធិអំណាច និង អំណាច ។

នៅ​ពេល​អ្នក​សញ្ជឹង​គិត​ពី​ពាក្យ​ត្រាស់​បង្គាប់​ថា « សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ » ( គ. និង ស. ១២១:៤៥ ) វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅ​ពេល​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​មក នោះ​អត្ថន័យ​មួយ​នៃ​ពាក្យ តុបតែ គឺ « លម្អ » ដែល​ណែនាំ​ឲ្យ​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​មួយ​ ។ អត្ថន័យ​មួយ​ទៀត​គឺ « ធ្វើ​ឲ្យ​តាំង​នៅ​ជាប់ »—និយាយ​ម្យ៉ាង​ទៀត​គឺ « ទប់​ចិត្ត » ។ ( សូមមើល Noah Webster, An American Dictionary of the English Language, សំណៅ​កិច្ចការ​នៃ​ការ​បោះ​ពុម្ព​លើក​ទី​មួយ [ ឆ្នាំ ១៨២៨ បោះ​ពុម្ព​ឡើង​វិញ​ឆ្នាំ ១៩៦៧ ] « garnish » ) ។ នៅ​ក្នុង​និយមន័យ​នេះ យើង​រៀន​ថា យើង​គួរ​អនុញ្ញាត​ឲ្យ​គុណធម៌​នៅ​អែប ហើយ​គ្រប់​គ្រង​គំនិត​របស់​យើង ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​គាត់​បាន​រស់នៅ​តាម​របៀប​ដែល​បាន​ជួយ​គាត់​ឲ្យ​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ។ តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរជ័យ តាមរយៈ​ការ​បម្រើ​របស់​គាត់​យ៉ាង​ដូចម្តេច ?

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៦, ៤១–៤២

  1. សូម​ចំណាយ​ពេល​មួយ​ចំនួន​អាន​ឡើង​វិញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦ ឲ្យ​ឮៗ​រហូត​អ្នក​អាច​សូត្រ​វា​បាន ។ រួច​សូត្រ​វាឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ស្ដាប់ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​នៅ​ក្នុង ខ​ទី ៤១–៤២ សូម​ធ្វើ​បញ្ជី​មួយ​អំពី​ឥរិយាបថ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ខ​ទាំងនេះ ។ សូម​ដាក់​បញ្ជី​នោះ​ត្រង់​កន្លែង​ដែល​អ្នក​អាច​អាន​វា​បាន ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖