ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៣៧


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៦-៣៧

សេចក្ដីផ្ដើម

ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣០ ស៊ីឌនី រិកដុន បាន​ធ្វើ​ដំណើរ​ពី រដ្ឋ​អូហៃអូ ទៅ រដ្ឋ​នូវ យ៉ោក ជាមួយ អែតវឺត ប៉ាទ្រិច ដើម្បី​ជួប​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ ទោះ​ជា ស៊ីឌនី ទើបតែ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ថ្មីៗ​ក្ដី ក៏ អែតវឺត ពុំ​ទាន់​បាន​ប្រែចិត្តជឿ​លើ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នៅ​ឡើយ​ដែរ ។ បន្ទាប់​ពី​បាន​ជួប​ព្យាការី ហើយ​ជជែក​ជាមួយ​អ្នក​ដែល​ស្គាល់​លោក​ហើយ​នោះ អែតវឺត បាន​សុំ​ឲ្យ​ព្យាការី​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​គាត់ ។ ក្នុង​ដើម​ខែ ធ្នូ ឆ្នាំ ១៨៣០ ពីមុន អែតវឺត ប៉ាទ្រិច បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក នោះ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ ហើយ​បញ្ជា​ឲ្យ អែតវឺត ប៉ាទ្រិច ផ្សាយ​ដំណឹងល្អ ។

នៅ​អំឡុង​ប្រាំ​មួយ​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ ១៨៣០ សេចក្ដីបៀតបៀន​ទាស់​នឹង​សាសនាចក្រ​មាន​កាន់តែ​ខ្លាំងឡើង ។ ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ចាកចេញ​ពី​រដ្ឋ​នូវ យ៉ោក ហើយ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:១--៣

ព្រះអម្ចាស់​បាន​អត់ទោស​ឲ្យ អែតវឺត ប៉ាទ្រិច ពី​អំពើ​បាប​របស់​គាត់ ហើយ​ហៅ​គាត់​ឲ្យ​ផ្សាយ​ដំណឹងល្អ

សូម​គិត​អំពី​របស់​របរ​មួយ​ចំនួន ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​យក​ទៅ​ជាមួយ ដើម្បី​ជួយ​ពួកគេ​ឲ្យ​បំពេញ​ការងារ​របស់​ខ្លួន ។

រូបភាព
វ៉ាលី

របស់​របរ​មួយ​ចំនួន​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវការ​ពីមុន​ពួកគេ​អាច​ផ្សាយ​ដំណឹងល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ ពុំ​អាច​វេចខ្ចប់​បាន​នៅ​ក្នុង​វ៉ាលី​នោះ​ទេ ។ នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦សូម​ស្វែងរក​ប្រការ​មួយ​ចំនួន ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវការ និង ត្រូវតែ​ធ្វើ​ពី​មុន​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បម្រើ​បេសកកម្ម ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦ព្រះអម្ចាស់​បាន​ត្រាស់​ហៅ អែតវឺត ប៉ាទ្រិច ឲ្យ​បម្រើ​បេសកកម្ម ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦:១ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អែតវឺត ប៉ាទ្រិច នៅ​ពី​មុន​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​ឲ្យ​គាត់​ផ្សាយ​ដំណឹងល្អ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​មាន​សារៈសំខាន់ ចំពោះ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ត្រូវ​ប្រែចិត្ត ហើយ​ត្រូវ​បាន​អត់ទោស​ពី​អំពើបាប​របស់​ពួកគេ​ដូច្នេះ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ត្រូវបាន​ជ្រះស្អាត​ពី​អំពើបាប នឹង​ជួយ អែតវឺត ប៉ាទ្រិច ឲ្យ​ផ្សាយ​ដំណឹងល្អ « ហាក់ដូចជា​ដោយ​សំឡេង​ត្រែ » ( គ. និង ស. ៣៦:១ ) ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រួច​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់ ចំពោះ​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ត្រូវ​មាន​ភាពស្អាតស្អំ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« នៅក្នុង​ការប្រកួត​រវាង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់​នេះ អ្នក​ពុំ​អាច​លេង​ឲ្យ​ខាង​មារសត្រូវ នៅ​ពេល​ណា​មាន​ការ​ល្បួង​កើត​ឡើង រួច​មក​រំពឹងទុក​ថា ខ្លួន​បែរ​ត្រូវ​ខាង​ព្រះអង្គសង្គ្រោះ​វិញ នៅ​ឯ​ព្រះវិហារបរិសុទ្ធ និង​នៅ​ពេល​ចេញ​បេសកកម្ម ដែល​ហាក់ដូច​ជា​គ្មាន​អ្វី​បាន​កើត​ឡើង​បាន​នោះ​ទេ ។ មិត្ត​យុវវ័យ​ខ្ញុំ​អើយ នោះ​អ្នក​ពុំ​អាច​ធ្វើ​បាន​ឡើយ ។ ព្រះ​នឹង​ពុំ​ត្រូវ​បាន​ចំអក​ឡើយ ។

« … ក្នុង​ការប្រកួត​កីឡា​ស្ទើរតែ​គ្រប់​ទាំងអស់​ដែល​ខ្ញុំ​ដឹង មាន​គំនូស​ខ្សែ​នៅ​លើ​ផ្ទៃ ឬ តារាង ដែល​អ្នក​ចូលរួម​ប្រកួត​គ្រប់​រូប​ត្រូវតែ​ឈរ​នៅ​ទី​នោះ​ដើម្បី​ប្រកួត ។ ព្រះអម្ចាស់ បាន​គូស​បន្ទាត់​ភាពសក្ដិសម​សម្រាប់​អ្នក​ទាំងឡាយ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើការ​ជាមួយ​ទ្រង់​ក្នុង​កិច្ចការ​នេះ ។ គ្មាន​អ្នក​ផ្សព្វផ្សាយសាសនា​ណា អាច​មិន​ប្រែចិត្ត​ពី​អំពើ​រំលង​ខាង​ផ្លូវភេទ ឬ​ភាសា​អាសគ្រាម ឬ​បណ្ដោយ​ខ្លួន​តាម​ភាពអាសគ្រាម ហើយ​មក​រំពឹង​ឲ្យ​អ្នកដទៃ​ប្រែចិត្ត​ពី​រឿង​ទាំងអស់​នេះ​នោះ​ទេ ! អ្នក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ ។ ព្រះវិញ្ញាណ​នឹង​ពុំ​គង់​នៅ​ជាមួយ​អ្នក​ឡើយ ហើយ​ពាក្យ​ទាំងឡាយ​នឹង​ត្រូវ​ស្លាក់​នៅ​ក្នុង​បំពង់ក​អ្នក ពេល​អ្នក​ថ្លែង​វា​ចេញ​មក ។ អ្នក​ពុំ​អាច​ធ្វើដំណើរ​តាម​ផ្លូវ​ដែល លីហៃ បាន​ហៅថា ‹ ផ្លូវហាម​ឃាត់​ › នោះ​ឡើយ [នីហ្វៃទី ១ ៨:២៨]ហើយ​រំពឹង​ថា​ដឹកនាំ​អ្នកដទៃ​ឲ្យ​ដើរ​លើ ‹ ផ្លូវ​ត្រង់ និង​ចង្អៀត › នោះឡើយ [នីហ្វៃទី ២ ៣១:១៨] វា​ពុំ​អាច​ធ្វើ​ទៅរួចទេ » ( We Are All Enlisted » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ៤៥ ) ។

សូម​ពិចារណា​អំពី​ស្ថានភាព​ដែល​នឹង​ទៅ​ជា​ដូចម្ដេច​ចំពោះ​អ្នក ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ខណៈ​អ្នក​ដឹង​ខ្លួនឯង​ថា ពុំ​បាន​រស់នៅ​តាម​សេចក្ដីពិត​ដែល​អ្នក​កំពុង​បង្រៀន​ផង​នោះ ។ ឥឡូវនេះ សូម​ពិចារណា​អំពី​ស្ថានភាព​ដែល​នឹង​ទៅ​ជា​ដូចម្ដេច ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ដោយ​មាន​ទំនុកចិត្ត​ដែល​កើត​មាន​ពី​ការត្រូវ​បាន​សម្អាត​ពី​ការធ្វើ​ខុស​ទាំងឡាយ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​អំពី​ការណ៍​ដែល​អ្នក​អាច​ធ្វើ​បាន​នា​ពេល​ឥឡូវនេះ ដើម្បី​មាន​ភាពស្អាតស្អំ​ក្នុង​ការបម្រើ​បេសកកម្ម​ថា ៖ « មិន​ថា​អ្នក​ជា​នរណា និង អ្នក​ជា​អ្វី​នោះ​ទេ អ្នក​អាច​ត្រូវបាន​អត់ទោស​ឲ្យ ។ អ្នក​ទាំងអស់​គ្នា … អាច​ទុក​ចោល​អំពើ​រំលង​សព្វបែប​យ៉ាង ដែល​អ្នក​អាច​នឹង​មាន​បញ្ហា ។ វា​គឺ​ជា​អព្ភូតហេតុ​នៃ​ការអភ័យទោស វា​គឺជា​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​អ្នក​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការតាំងចិត្ត​ដ៏​សកម្ម​មួយ​ចំពោះ​ដំណឹងល្អ​នោះ​ទេ ហើយ​អ្នក​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការប្រែចិត្ត ពេល​ដែល​វា​ចាំបាច់​តម្រូវ​ឲ្យ​មាន​នោះ​ឡើយ ។ ខ្ញុំ​សុំ​ឲ្យ​អ្នក… សកម្ម ហើយ​ស្អាតស្អំ ។ បើ​វា​ចាំបាច់ ខ្ញុំ​សុំ​ឲ្យ​អ្នក មានភាពសកម្ម ហើយ មានភាពស្អាតស្អំ » ( «We Are All Enlisted » ទំព័រ ៤៥ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នា​ពេល​ឥឡូវនេះ ដើម្បី​ឲ្យមាន​ភាពស្អាតស្អំ ឬ បន្ត​មាន​ភាពស្អាតស្អំ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦:២–៣ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​ប្រទាន​ដល់ អែតវឺត ប៉ាទ្រិច នៅ​ពី​មុន​ដែល​ទ្រង់​នឹង​បញ្ជូន​គាត់​ទៅ​ផ្សាយ​ដំណឹងល្អ ។

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

ប្រធាន ហារ៉ូល ប៊ី លី បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ឃ្លា « យើង​នឹង​ដាក់​ដៃ​លើ​អ្នក ដោយ​ដៃ​អ្នក​បម្រើ​របស់​យើង » មាន​ចែង​នៅ​ក្នុង ខទី ២ថា ៖ « ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​នៅ​ខ​នេះ​ថា ពេល​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ដែល​បាន​ទទួល​ការអនុញ្ញាត ដាក់​ដៃ​របស់​គាត់​ដោយ​សិទ្ធិអំណាច​នៅ​លើ​ក្បាល​របស់​បុគ្គល​ម្នាក់​ដែល​ត្រូវការ​ការប្រសិទ្ធពរ វា​គឺ​ដូចជា​ទ្រង់​ផ្ទាល់​ព្រះអង្គ ដែល​បាន​ដាក់​ព្រះហស្ត​ទ្រង់​នៅ​លើ​ពួកគេ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នោះ​ដូច្នោះ​ដែរ ។ ដូច្នេះ យើង​ឃើញ​ពី​របៀប​ដែល​ទ្រង់​សម្ដែង​ព្រះចេស្ដា​ទ្រង់ ក្នុង​ចំណោម​ពួក​អ្នក​បម្រើ​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​កូនសោ​ទាំងឡាយ​នៃ​សិទ្ធិអំណាច​ដល់​ពួកគេ » ( Be Secure in the Gospel of Jesus Christ, Brigham Young University Speeches of the Year [ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៥៨ ] ទំព័រ ៦ ) ។

វា​ក៏​នឹង​មាន​ប្រយោជន៍​ផងដែរ​ចំពោះ​អ្នក ដើម្បី​ដឹង​ថា ឃ្លា « បង្រៀន​អ្នក​អំពី​ការណ៍​ទាំងឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​នៃ​នគរ » នៅ​ក្នុង ខទី ២ គឺ​សំដៅ​ទៅ​លើ​ការបំផុសគំនិត និង សេចក្ដី​ណែនាំ ដែល​យើង​ទទួលបាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​យើង​រស់នៅ​តាម​ដំណឹងល្អ ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ៣ អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​គាត់​ឲ្យ​ធ្វើ ដោយ​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ដល់​គាត់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ត្រូវ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​នោះ ? បន្ទាប់​ពី​បាន​ឆ្លើយ​សំណួរ​នេះ​ហើយ អ្នក​ក៏​អាច​សរសេរ​អំពី​គ្រា​មួយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​អ្វី​មួយ​អំពី « ការណ៍​ទាំងឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​នៃ​នគរ » ( គ. និង ស. ៣៦:២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៤-៨

ព្រះអម្ចាស់​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ ស្ដីអំពី​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹងល្អ

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦:៤-៥, ៧ ។ សូម​កត់ចំណាំ​ថា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ទៅ​កាន់ « ពួក​អែលឌើរ​នៃ​សាសនាចក្រ [ របស់​ទ្រង់ ] ( គ. និង ស. ៣៦:៧ ) ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​ទំនួលខុសត្រូវ​មួយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ឲ្យ​ពួក​អ្នក​កាន់​បព្វជិតភាព ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សូម​បញ្ចប់​គោលការណ៍​ដូច​តទៅនេះ ដែល​ស្ដីពី​ទំនួលខុសត្រូវ​នៃ​អ្នក​កាន់បព្វជិតភាព​ទាំងអស់​នា​ពេល​បច្ចុប្បន្ន​នេះ ៖ អ្នក​កាន់​បព្វជិតភាព​ទាំងឡាយ​ត្រូវបាន​ហៅ​ឲ្យ  ។

រូបភាព
អ្នក​ផ្សព្វផ្សាយ​ឈរ​នៅ​ខាង​មុខ​ទ្វារ​ផ្ទះ
រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ផ្ដល់​អនុសាសន៍​លើ​គោលការណ៍​នេះ​ថា ៖ « ខ្ញុំ​សូម​រំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកព្យាការី​បាន​បង្រៀន​ជា​យូរ​លង់​មក​ហើយ-- ថា​រាល់​យុវជន​ដែល​មាន​ភាពសក្ដិសម និង មាន​សមត្ថភាព​គ្រប់​រូប គួរ​តែ​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺ​ជា​កាតព្វកិច្ច​បព្វជិតភាព​មួយ--​ជា​កាតព្វកិច្ច​មួយ ដែល​ព្រះអម្ចាស់​រំពឹង​ពីយើង ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​យ៉ាង​ច្រើន​នោះ » (As We Meet Together Again, » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ៥-៦ ) ។

ប៊ីស្សព និង ប្រធាន​សាខា ធ្វើការ​ជាមួយ​ពួក​យុវជន និង យុវនារី ដើម្បី​កំណត់​ពី​ភាពសក្ដិសម និង សមត្ថភាព ក្នុង​ការបម្រើ​ព្រះអម្ចាស់ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ យុវជន​មួយ​ចំនួន​អាច​ត្រូវ​បាន​លើកលែង​ពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង បាន​ដោយសារ​បញ្ហា​សុខភាព ឬ ពិការ​ភាព​ផ្សេងៗ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​នេះ ពួកគេ​ត្រូវ​រក្សា​ភាពសក្ដិសម​របស់​ខ្លួន ហើយ​ត្រៀម​ខ្លួន​បម្រើ​ព្រះអម្ចាស់​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត ។

សូម​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៥, ៧ ដើម្បី​ឃើញ​ពី​អ្វី ដែល​អ្នក​កាន់​បព្វជិតភាព​ចាំបាច់​ត្រូវ​ធ្វើ ពី​មុន​ពួកគាត់​ត្រូវ​បាន​តែងតាំង ហើយ​បញ្ជូន​ទៅ​ផ្សាយ​ដំណឹងល្អ ?

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅនេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​យុវជន​ម្នាក់​អាច​បង្ហាញ​ដល់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ថា​គាត់​ស្រឡាញ់​ព្រះបញ្ញត្តិ ដែល​បញ្ជា​ឲ្យ​ផ្សាយដំណឹង​ល្អ ?

ទោះ​ជា​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង គឺ​ជា​ករណីយកិច្ច​បព្វជិតភាព​ក្ដី ក៏​យុវនារី​អាច​បម្រើ​បាន​ផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​សូម​ថ្លែង​ទៅ​កាន់​យុវនារី​ទាំងឡាយ ៖ ខណៈ​ដែល​អ្នក​ពុំ​មាន​នូវ​ទំនួល​ខុសត្រូវ​បព្វជិតភាព​ដូចគ្នា​នឹង​យុវជន ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ក្ដី ក៏​អ្នក​អាច​រួម​ចំណែក​ដ៏​មាន​តម្លៃ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផងដែរ ហើយ​យើង​សូម​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​អ្នក » ( «As We Meet Together Again » ទំព័រ ៦) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៦ដោយ​ស្វែងរក​សារលិខិត ដែល​ព្រះអម្ចាស់​បញ្ជា​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ឲ្យ​បង្រៀន ។ ឃ្លា « អាវ​ដែល​ត្រូវ​ស្មោកគ្រោក​ដោយ​សាច់ឈាម » សំដៅ​ទៅ​លើ សំលៀកបំពាក់​ដែល​ត្រូវបាន​ចម្លង​ដោយ​ជំងឺ ។ អ៊ីស្រាអែល​ជំនាន់​បុរាណ សំលៀកបំពាក់​បែបនេះ ត្រូវបាន​ដុត​ចោល ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នោះ ។ នៅ​ក្នុង ខទី ៦ព្រះអម្ចាស់​ប្រៀបធៀប​ជំងឺ​ជា​អំពើបាប ហើយ​ដូច្នេះ ទ្រង់​បាន​បញ្ជា​ដល់​យើង​ឲ្យ​ចៀសវាង​នូវ​អ្វីៗ​ទាំងអស់​ដែល​ទាក់ទង​នឹង​អំពើបាប ។

តើ​សារលិខិត​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦:៦ ដែល​ប្រាប់​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​ប្រកាស​អំពី​ការប្រែចិត្ត ទាក់ទង​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ហូឡិន អំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​ត្រៀមខ្លួន ដែល​មាន​នៅ​ដើម​មេរៀន​នេះ​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦:៨ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អែតវឺត ប៉ាទ្រិច នៅ​ចុង​បញ្ចប់​នៃ​វិវរណៈ​នេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧

ព្រះអម្ចាស់​បញ្ជា​សមាជិក​សាសនាចក្រ​ទ្រង់​ឲ្យ​ប្រមូល​គ្នា​នៅ​រដ្ឋ អូហៃអូ

នៅ​អំឡុង​ប៉ុន្មាន​ខែ​ពីមុន​ពេល​ដែល អែតវឺត ប៉ាទ្រិច បាន​ធ្វើ​ដំណើរ​ទៅ​ជួប យ៉ូសែប ស៊្មីធ នោះ​មាន​សេចក្ដីបៀតបៀន​ដល់​ពួក​បរិសុទ្ធ​កាន់​កើនឡើង​នៅ​រដ្ឋ នូវ យ៉ោក ។ នៅ​ជិត​ចុង​ខែ​ធ្នូ ឆ្នាំ ១៨៣០ ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បាន​មក​ដល់​រដ្ឋ នូវ យ៉ោក នោះ​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧:១-៤រួច​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ព្យាការី​ធ្វើ ពី​មុន​ផ្លាស់ទៅ​រដ្ឋ អូហៃអូ ។ សូម​កត់ចំណាំ​នៅ​ក្នុង ខទី ២ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ យ៉ូសែប ស៊្មីធ ឲ្យ​ចេញ​ទៅ ហើយ​ចម្រើន​កម្លាំង​ដល់​សមាជិក​នៅ​ភូមិ ខូលស្វិល រដ្ឋ នូវ យ៉ោក ។

តើ​គោលការណ៍​អ្វី​ខ្លះ​អំពី​ការអធិស្ឋាន ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលការណ៍​ដែល​អ្នក​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៧:២ អំពី​ការអធិស្ឋាន ។ សូម​ពន្យល់​ផងដែរ អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ប្រព្រឹត្ត​តាម​គោលការណ៍​នេះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៣៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖