ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៦


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៤-២៦

បុព្វកថា

សេចក្ដីបៀតបៀន​ទាស់នឹង​ព្យាការី យ៉ូសែប ស៊្មីធ និង សមាជិក​សាសនាចក្រ បាន​ចាប់ផ្ដើម​កាន់​តែ​ខ្លាំងឡើង​ក្នុង​រដូវក្ដៅ​ឆ្នាំ ១៨៣០ ។ អំឡុង​គ្រា​ដ៏​តឹងតែង​នេះ ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង ហើយ​បាន​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ អិមម៉ា ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃទៀត​នៃ​សាសនាចក្រ តាមរយៈ​វិវរណៈ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៤–២៦ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៤

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទទួល​បាន​ឱវាទ​អំពី​ការ​ហៅ​របស់​ពួកលោក

សូម​គិត​អំពី​ថ្ងៃ ឬ សប្ដាហ៍​ណា​មួយ​ដែល​មាន​សភាព​លំបាក ឬ បរាជ័យ ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ ។ តើ​អ្នក​បាន​ដោះស្រាយ​នឹង​ភាពលំបាក ដែល​អ្នក​បាន​ជួបប្រទះ​នោះ​យ៉ាង​ដូចម្ដេច ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួប​នឹង​គ្រា​លំបាក​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​លោក ។ គ្រា​នោះ​បាន​កើតឡើង​ក្នុង​រដូវក្ដៅ​ឆ្នាំ ១៨៣០ ។ ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និង​សហការី​ពីរបី​នាក់ បាន​ចេញ​ទៅ ខូលស្វិល រដ្ឋ​នូវយ៉ោក ដើម្បី​ជួប​នឹង​មនុស្ស​ដែល​ចាប់​អារម្មណ៍​ចង់​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ ស្ទឹង​មួយ​កន្លែង​ត្រូវបាន​ទប់​ទឹក​ដើម្បី​រៀបចំ​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​នៅ​ថ្ងៃ​បន្ទាប់​នោះ ( គឺ​ថ្ងៃ​អាទិត្យ ) ប៉ុន្តែ មាន​មនុស្ស​កំណាច​មួយ​ក្រុម​បាន​មក​ទម្លាយ​ទំនប់​នោះ​នៅ​ពេល​យប់ ។

នៅព្រឹក​ថ្ងៃ​ចន្ទ ទំនប់​ទឹក​ត្រូវ​បាន​សង់ឡើងវិញ ហើយ​មនុស្ស​ចំនួន ១៣ នាក់​ត្រូវ​បាន​ទទួលបុណ្យជ្រមុជទឹក រួម​ទាំង អិមម៉ា ស៊្មីធ ផង។ ទោះជាយ៉ាងណាក៏ដោយ នៅ​ពេល​ពិធីបុណ្យជ្រមុជទឹក​បាន​បង្ហើយ មាន​ក្រុម​មនុស្ស​កំណាច​ប្រមាណ ៥០ នាក់ បាន​ប្រមូល​គ្នា​មក​ជេរប្រមាថ ហើយ​គំរាមកំហែង​ថា​នឹង​ធ្វើ​ទុក្ខទោស​ដល់​ពួកបរិសុទ្ធ ។

នៅ​ល្ងាច​នោះ​ដែរ ពួកបរិសុទ្ធ​បាន​ជួបជុំ​ធ្វើ​ពិធី​បញ្ជាក់​ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​បុណ្យជ្រមុជទឹក​កាល​ពី​ព្រឹក ប៉ុន្តែ នៅ​ពី​មុន​ពិធីបញ្ជាក់​នោះ​អាច​ត្រូវបាន​ធ្វើឡើង យ៉ូសែប ត្រូវ​គេ​ចាប់​ខ្លួន​អំពី​បទ « រំខាន​ដល់​អ្នក​ដទៃ ធ្វើ​ឲ្យ​ប្រទេស​មាន​ភាពចលាចល​ដោយ​ការប្រកាស​ពី​ព្រះគម្ពីរ​មរមន » ( យ៉ូសែប ស៊្មីធ នៅ​ក្នុង History of the Church ១:៨៨ ) ។

នៅ​តាម​ផ្លូវ​ទៅ​កាន់​សាលាក្ដី យ៉ូសែប បាន​រួច​ផុត​ពី​មនុស្ស​កំណាច​ដោយ​មាន​ជំនួយ​ពី​មន្ត្រី​ប៉ូលីស​ដ៏​សប្បុរស​មួយ​រូប ។ បន្ទាប់​ពី​បាន​ចូល​សាលាក្ដី ហើយ​បាន​សម្រេច​ក្ដី​ដោះលែង​ខ្លួន​ពី​បទ​ចោទប្រកាន់​ទាំងឡាយ​ហើយ​នោះ យ៉ូសែប ត្រូវបាន​ចាប់ខ្លួន​ម្តង​ទៀត​ភ្លាមៗ​នៅ​ទីក្រុង​មួយ​ផ្សេងទៀត ។ នៅ​យប់​នោះ យ៉ូសែប ត្រូវបាន​គេ​ចំអក និង​រំលោភបំពាន​ដោយ « មនុស្ស​មួយ​ក្រុម ដែល​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលោភបំពាន ចំអក ពោលពាក្យ​ប្រមាថ » ដល់​លោក ( យ៉ូសែប ស៊្មីធ នៅ​ក្នុង History of the Church, ១:៩១ ) ។ នៅ​ព្រឹក​បន្ទាប់ យ៉ូសែប បាន​ចូល​សាលាក្ដី​សាជាថ្មី ហើយ​លោក​ត្រូវ​បាន​សម្រេច​ក្ដី​ដោះលែង​ខ្លួន​ម្ដង​ទៀត ហើយ​បាន​រួច​ផុត​ពី​មនុស្ស​កំណាច​មួយ​ក្រុម​ទៀត​នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ។

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ព្យាយាម​ជួបជុំ​សមាជិក​ដែល​ទើបតែ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៅ ខូលស្វិល ម្ដង​ទៀត ប៉ុន្តែ ក្រុម​មនុស្ស​កំណាច​បាន​មក​ប្រមូល​គ្នា​នៅ​បន្ទាប់​ពី​ពួកលោក​បាន​ទៅ​ដល់ ។ យ៉ូសែប និង អូលីវើរ បាន​បង្ខំ​ចិត្ត​គេច​ខ្លួន ហើយ​គ្រាន់តែ​ពួកលោក​បាន​ភៀសខ្លួន​បាន​បន្តិច ក្រុម​មនុស្ស​កំណាច​បាន​ដេញតាម​ពួកលោក​ពេញ​មួយ​យប់ ។

យ៉ូសែប បាន​មាន​ប្រសាសន៍​អំពី​គ្រា​ដ៏​តានតឹង​នេះ​ថា « ដោយ​មិន​គិត​ពី​ភាពឃោរឃៅ​ទាំងឡាយ​ដែល​សត្រូវ​របស់​យើង​មាន​នោះ​ទេ យើង​នៅ​តែ​មាន​ការលួងលោមចិត្ត​ជា​ច្រើន ថែមទាំង​មាន​រឿង​ជា​ច្រើន​បាន​កើតឡើង​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ​ឡើង » ( នៅ​ក្នុង History of the Church, ១:១០១ ចំពោះ​ដំណើររឿង​របស់ យ៉ូសែប ស៊្មីធ ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ ខូលស្វិល សូម​មើល History of the Church, ១:៨៦–៩៧ ទំព័រ ១០១ ) ។

សូម​អាន​ក្បាល​ជំពូក​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៤ ដោយ​ស្វែងរក​គោលបំណង​នៃ​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤–២៦ ។

  1. សូម​បំពេញ​លំហាត់​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គូស​តារាង​ពីរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​តារាង​ទី​មួយ​ដាក់​ចំណងជើង​ថា ពង្រឹង ហើយ​លើកទឹកចិត្ត សូម​សរសេរ​នៅ​ក្នុង​តារាង​ទី​ពីរ​ដាក់​ចំណងជើង​ថា ណែនាំ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៤:១–១២ រួច​បង្កើត​បញ្ជី​នៃ​ឃ្លា​ទាំងឡាយ​ណា ដែល​អាច​ពង្រឹង ហើយ​លើកទឹកចិត្ត ឬ ណែនាំ​ដល់ យ៉ូសែប និង អូលីវើរ ដាក់​នៅ​ក្នុង​តារាង​ត្រឹមត្រូវ ។

    2. សូម​ជ្រើសរើស​ឃ្លា​មួយ​ចេញ​ពី​តារាង ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។ សូម​សរសេរ​ប្រយោគ​ចំនួន​ពីរ​ទៅ​បី ដោយ​ពន្យល់​អំពី​របៀប​ដែល​ការលើកទឹកចិត្ត ឬ ការណែនាំ​ដ៏​ជាក់លាក់​នោះ​ពី​ព្រះអម្ចាស់ អាច​នឹង​ជួយ​នរណាម្នាក់​ដែល​កំពុង​ឆ្លង​កាត់​បទពិសោធន៍​ដ៏​លំបាក​មួយ ។

សេចក្ដី​ថ្លែងការណ៍​ដ៏​សំខាន់​មួយ​អំពី​ការលើកទឹកចិត្ត និង ការណែនាំ​មក​ពី​ព្រះអម្ចាស់​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៤:៨ ។ សូម​សរសេរ​ជា​ពាក្យ​របស់​អ្នក​ផ្ទាល់ អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ ៖

ការឈឺចាប់​គឺ​ជា​បុព្វហេតុ ឬ ស្ថានភាព​នៃ​ការរងទុក្ខ ទុក្ខព្រួយ ឬ សេចក្ដីលំបាក ។ តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច ដើម្បី « អត់ធន់​ក្នុង​ការឈឺចាប់ » ហើយ « ទ្រាំទ្រ​ចុះ » ? ការអត់ធន់ និង ការទ្រាំទ្រ​ការឈឺចាប់​របស់​យើង​ពុំ​មែន​ងាយស្រួល​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ព្រះអម្ចាស់​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង​ក្នុង​អស់​ទាំង​ការឈឺចាប់​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​ឃើញ​នរណា​ម្នាក់​អនុវត្ត​ការអត់ធន់ ហើយ​បន្ត​ស្មោះត្រង់​ខណៈ​ទ្រាំទ្រ​ការឈឺចាប់​ដែរ​ឬ​ទេ ?

    2. តើ​បុគ្គល​នេះ​ថ្លែង​ដូចម្ដេច ឬ តើ​អ្នក​បាន​ឃើញ​អ្វី ដែល​បង្ហាញ​ថា​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​នឹង​បុគ្គល​រូប​នេះ ?

    3. តើ​ការមាន​សេចក្ដីជំនឿ​ថា​ព្រះអម្ចាស់​នឹង​គង់​ជាមួយ​អ្នក​នៅ​គ្រា​នៃ​ការសាកល្បង ជួយ​អ្នក​ឲ្យ​មាន​ភាពក្លាហាន និង ភាពរឹងមាំ​ដើម្បី​ធ្វើ​កិច្ចការ​លំបាកៗ​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៤:១៣–១៩ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​បន្ថែម​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី អំពី​របៀប​បំពេញ​ការហៅ​របស់​ពួកលោក និង អំពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បដិសេធ ហើយ​ជំទាស់​ពួកលោក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៥

អិមម៉ា ស៊្មីធ ទទួល​បាន​ឱវាទ​អំពី​ករណីយកិច្ច​របស់​នាង​ក្នុង​គ្រួសារ និង ក្នុង​សាសនាចក្រ

ដូច​បាន​លើកឡើង​ពី​មុន​ដែរ​ថា អិមម៉ា ស៊្មីធ គឺ​ជា​ម្នាក់​ក្នុង​ក្រុម​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅ ខូលស្វិល រដ្ឋ នូវ យ៉ោក ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣០ ប៉ុន្តែ ដោយសារតែ​មាន​ការបៀតបៀន​ពី​សំណាក់​ក្រុម​មនុស្ស​កំណាច នោះ​នាង​ពុំ​បាន​ទទួល​ពិធីបញ្ជាក់​រហូត​ដល់​ដើម​ខែ​សីហា ( សូម​មើល History of the Church, ១:១០៦ ទំព័រ ១០៨ ) ។ មាន​គ្រា​មួយ​នៅ​ចន្លោះ​ពេល​ដែល អិមម៉ា បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ នោះ​ព្យាការី យ៉ូសែប បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការលួងលោមចិត្ត និង ការណែនាំ​សម្រាប់ អិមម៉ា ដែល​នឹង​ដកពិសោធ​ការសាកល្បង ហើយ​ធ្វើ​ការលះបង់​ដ៏​ធំធេង​ពេញ​មួយ​ជីវិត​របស់​នាង ។

រូបភាព
អែមម៉ា ហេល ស្ម៊ីធ

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥ ។ បន្ទាប់​មក សូម​គិត​អំពី​ការលួងលោមចិត្ត និង ឱវាទ ដែល​បាន​ប្រទាន​ដល់ អិមម៉ា នៅ​ក្នុង​វិវរណៈ​នេះ នៅ​ពេល​អ្នក​អាន​សេចក្ដី​ពិស្ដារ​ខាងក្រោម​នេះ​ទាក់ទង​នឹង​ជីវិត​របស់​នាង ៖

អិមម៉ា ហេល ស៊្មីធ បាន​ដឹងក្ដី​ឡើង​នៅ​ក្នុង​គ្រួសារ​ស្ដុកស្ដម​មួយ ប៉ុន្តែ ក្រោយ​ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ នាង​បាន​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក្រៃលែង ។ នាង​បាន​ធ្វើ​ជា​ស្មៀន កាល​យ៉ូសែប បាន​បកប្រែ​ផ្ទាំងចំណារ​មាស​នៅ​ពេល​ទើបតែ​ចាប់ផ្ដើម​ការបកប្រែ ។ ទោះជា​នាង​បាន​ឃើញ​ជាញឹកញាប់​នូវ​ផ្ទាំងចំណារ​ដាក់​ទុក​នៅ​លើ​តុ ដោយ​មាន​ក្រណាត់​ឯកទេស​គ្រប​ពី​លើ​ក្ដី ក៏​នាង​ពុំ​ដែល​បង្ហើប​ក្រណាត់​ដើម្បី​មើល​ផ្ទាំងចំណារ​នោះ​ដែរ ។

កូន​ទាំង​បី​នាក់​ដំបូង​របស់​យ៉ូសែប និង អិមម៉ា​បាន​ស្លាប់ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ដែល​បាន​កើត​មក ។ ពេញ​មួយ​ជីវិត​នាង នាង​បាន​ទ្រាំទ្រ​ការស្លាប់​នៃ​កូន​បង្កើត​ប្រាំនាក់ និង កូន​ចិញ្ចឹម​ម្នាក់ ។ មិន​តែ​ប៉ុណ្ណោះ​ទេ នាង ព្រមទាំង​ស្វាមី​របស់​នាង បាន​លុយកាត់​សេចក្ដី​បៀតបៀន​ឥតស្រាកស្រាន្ត ។ ពេញ​មួយ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកលោក យ៉ូសែប និង អិមម៉ា បាន​បង្ខំ​ចិត្ត​ចាកចោល​ផ្ទះសម្បែង​ខ្លួន​ដោយសារតែ​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​មនុស្ស​កំណាច ។ ផ្ទះ​របស់ អិមម៉ា ត្រូវបាន​មនុស្ស​កំណាច​ទម្លាយ​ចូល ជា​ញឹកញាប់ នាង​ត្រូវ​ផ្លាស់ទីលំនៅ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​រស់នៅ​ជាមួយ​មនុស្ស​ដទៃ អាស្រ័យ​ទៅ​លើ​សណ្ដានចិត្ត​របស់​ពួកគេ​ដើម្បី​បាន​ទីស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ទីបំផុត យ៉ូសែប​ជា​ស្វាមី​សំណព្វចិត្ត​របស់​នាង​ត្រូវបាន​គេ​ចាប់​យក​ទៅ ហើយ​ធ្វើ​ឃាត ។

  1. ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អិមម៉ា ស៊្មីធ ឲ្យ « ធ្វើ​ការជម្រើស​យក​ទំនុក​សរសើរ​តម្កើង​ព្រះ​ដ៏​ពិសិដ្ឋ​ទាំងឡាយ … ដើម្បី​ឲ្យ​មាន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង » ( គ. និង ស. ២៥:១១ ) ។ សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១២ រួច​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​ឃ្លា « បទចម្រៀង​ពី​ចិត្ត » មាន​អត្ថន័យ​ដូចម្ដេច ?

    2. តើ « បទចម្រៀង​នៃ​ពួកសុចរិត » គឺ​ជា​បទអធិស្ឋាន​តាម​របៀប​ណា ?

    3. សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖

      « តន្ត្រី​អាច​ពង្រីក​ជីវិត​របស់​អ្នក ។ តន្ត្រី​អាច​ស្អាង និង​បំផុស​ដល់​អ្នក និង​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ។ តន្ត្រី​មាន​នូវ​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ទៅ​លើ​គំនិត វិញ្ញាណ និង អាកប្បកិរិយា​របស់​អ្នក ។

      ចូរ​ជ្រើសរើស​តន្ត្រី​សម្រាប់​ស្តាប់ ដោយ​ប្រុងប្រយ័ត្ន ។ សូមយក​ចិត្ត​ទុក​ដាក់​ពី​អារម្មណ៍​ដែល​អ្នក​មាន នៅពេល​ដែល​អ្នក​ស្តាប់ ។ តន្ត្រី​មួយ​ចំនួន អាច​នាំ​មក​នូវវិញ្ញាណ​អារក្ស និង​សារ​ដែល​បំផ្លិចបំផ្លាញ ។ សូមកុំ​ស្តាប់តន្រ្តី​ណា​ដែល​លើក​ទឹកចិត្ត​ឲ្យ​មានភាព​អសីលធម៌ ឬ​តម្កើងដល់​ហិង្សា​តាម​រយៈ​ទំនុក ចង្វាក់​ភ្លេង ឬ​ប្រពលភាព​របស់​វាឡើយ ។ ចូរ​កុំ​ស្តាប់​តន្ត្រី​ដែល​ប្រើ​ភាសា​អសុរស ឬ​ថោកទាប ឬ​លើក​តម្កើង​ការធ្វើ​អាក្រក់​នោះ​ឡើយ ។ តន្ត្រី​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​ការយល់ដឹង​ខាង​វិញ្ញាណ​របស់​អ្នក​ចុះ​អន់ថយ​បាន » (ដើម្បី​កម្លាំង​នៃ​យុវជន[កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២២) ។

      តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ខ្លួនអ្នក រុំ​ព័ទ្ធ​ទៅ​ដោយ​តន្ត្រី​ដែល​សក្ដិសម ?

  2. យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៦ ឱវាទ និង ការសន្យា​ទាំងឡាយ ដែល​ត្រូវបាន​ប្រទាន​ដល់ អិមម៉ា ស៊្មីធ នៅ​ក្នុង​វិវរណៈ​នេះ ក៏​អនុវត្ត​ចំពោះ​យើង​ម្នាក់ៗ​ផងដែរ ។ សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ចេញ​ពី​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ សូម​សរសេរ​ឲ្យ​បាន​យ៉ាងហោចណាស់​បួន​គោលការណ៍ ដែល​អ្នក​បាន​រៀន​ចេញ​ពី​ឱវាទ​ដែល​បាន​ប្រទាន​ដល់ អិមម៉ា ។ ( ឧទាហរណ៍ បើ​យើង​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​យើង​នឹង​ទទួល​បាន​មកុដ​នៃ​សេចក្ដីសុចរិត [ ខទី ១៥ ] ដែល​ជា​និមិត្តរូប​នៃ​ការទទួល​បាន​សិរីល្អ​សេឡេស្ទាល​ក្នុង​នគរ​ព្រះ ) ។

    2. សូម​ជ្រើសរើស​គោលការណ៍​មួយ ដែល​អ្នក​បាន​សរសេរ​ក្នុង​បញ្ជី ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ត្រូវ​នឹង​អ្នក រួច​សរសេរ​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នា​ពេល​ឥឡូវ​នេះ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា អិមម៉ា ស៊្មីធ គឺ​ជា « ស្ត្រី​រើសតាំង​មួយ​រូប » ( គ. និង ស. ២៥:៣ ) ។ នៅ​ពេល​ក្រោយ​មក​ទៀត ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបាន​បង្រៀន​ថា « ជ្រើសតាំង​មាន​ន័យ​ដល់​ការដែល​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ » ( នៅ​ក្នុង History of the Church, ៤:៥៥២ ) ។ សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ ដោយ​ស្វែងរក​អ្វី​ដែល អិមម៉ា ស៊្មីធ ត្រូវបាន​ជ្រើសតាំង ( ត្រូវបាន​រើស ឬ ហៅ ) ឲ្យ​ធ្វើ​នៅ​គ្រា​នេះ និង អ្វី​ដែល​នាង​ត្រូវ​បាន « តែងតាំង » ( ប្រទាន​ឲ្យ​សិទ្ធិអំណាច ) ឲ្យ​ធ្វើ ( គ. និង ស. ២៥:៧ ) ។

ប្រមាណ ១២ ឆ្នាំ​ក្រោយ​មក ប្រធាន យ៉ូហាន ថេលើរ ប្រព្រឹត្ត​តាម​ការដឹកនាំ​របស់​ព្យាការី យ៉ូសែប ស៊្មីធ បាន​ញែក អិមម៉ា ឲ្យ​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​របស់​សាសនាចក្រ ។ ប្រធាន ថេលើរ បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ក្នុង​ការប្រជុំ​នោះ ព្យាការី បាន​ហៅ បងស្រី អិមម៉ា ឲ្យ​ធ្វើ​ជា​ស្ត្រី​រើសតាំង ។ ការណ៍​នោះ​មាន​ន័យ​ថា នាង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ ហើយ​ថា​នោះ​គឺ​ជា​ការបំពេញ​តាម​វិវរណៈ​ជាក់លាក់​មួយ [ គ. និង ស. ២៥ ] អំពី​នាង ។ នាង​ត្រូវបាន​រើសតាំង​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សមាគម​សង្គ្រោះ ហើយ​នាង​ត្រូវបាន​តែងតាំង​ឲ្យ​បកស្រាយ​បទគម្ពីរ ។ ជា​កិច្ចព្រមព្រៀង​នឹង​សំណើ​របស់ [ បងប្រុស ] យ៉ូសែប ខ្ញុំ​បាន​ញែក​នាង​ចេញ ។… បងស្រី អិមម៉ា ត្រូវបាន​រើសតាំង​ជា​អ្នក​បកស្រាយ​បទគម្ពីរ និង​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​សមាគម​សង្គ្រោះ » ( “Discourse by President John Taylor,”Deseret News,ថ្ងៃទី ៩ ខែ មិនា ឆ្នាំ ១៨៨១ ទំព័រ ៨៣ ) ។

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

ម្ដាយ​របស់ យ៉ូសែប ស៊្មីធ គឺ លូស៊ី ម៉ាក ស្ម៊ីធ បាន​ផ្ដល់​ជា​សេចក្ដី​បញ្ជាក់​អំពី អិមម៉ា ដែល​ជា​កូន​ប្រសារ​ស្រី​របស់​គាត់​ថា ៖ « ខ្ញុំ​មិន​ដែល​ឃើញ​ស្ត្រី​ណា​ម្នាក់​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​បាន​ទ្រាំទ្រ​រាល់​ការនឿយហត់ និង ការលំបាក​គ្រប់​ជំពូក ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​មាន​ភាពក្លាហាន ថាមពល និង ការអត់ធន់​ឥត​រាថយ ដែល​នាង​បាន​ធ្វើ ដ្បិត​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​នាង​បាន​ធ្វើ​ក្នុង​ការអត់ធន់​នោះ—គឺ​នាង​បាន​ធ្វើ​ទៅ​ដោយ​ភាពមិន​ប្រាកដ​ក្នុង​ចិត្ត​នោះ​ទេ—គឺ​នាង​បាន​រងទុក្ខ​សេចក្ដី​បៀតបៀន​ពន់ពេក​ក្រៃ ហើយ​បាន​តស៊ូ​នឹង​ភាពឃោរឃៅ​នៃ​មនុស្ស និង ពួក​អារក្ស ដែល​បាន​យកឈ្នះ​លើ​ស្ត្រី​ស្ទើរតែ​គ្រប់​រូប​ទៅ​ហើយ » ( History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៩០–៩១ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​កំណត់ចំណាំ​ខ្លី​មួយ​នៃ​ការដឹងគុណ និង ការកោតសរសើរ​ចំពោះ​ស្ត្រី​មួយ​រូប ដែល​អ្នក​ស្គាល់ ដែល​មាន​នូវ​គុណសម្បត្តិ​លក្ខណៈ​ដូចជា អិមម៉ា ស៊្មីធ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ និង​សេចក្ដី​ថ្លែងការណ៍​របស់ លូស៊ី ម៉ាក ស្ម៊ីធ ។ សូម​ពិចារណា​អំពី​ការផ្ដល់​ច្បាប់​ចម្លង​នៃ​កំណត់ចំណាំ​របស់​អ្នក​មួយ​ច្បាប់​ទៅ​ដល់​ស្ត្រី​រូប​នោះ ។

រូបភាព
scripture mastery icon
ចំណេះចំណានខគម្ពីរ—គ. និង ស. ២៥:១៣

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១៣ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ។ ឃ្លា « ចូរ​នៅ​ជាប់​នឹង​សេចក្ដីសញ្ញា​ទាំងឡាយ » មាន​ន័យ​ថា ធ្វើតាម​ដោយ​ហ្មត់ចត់ ឬ តោង​ជាប់​នឹង​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះ ។ អ្នក​អាច​ចង់​សរសេរ​និយមន័យ​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​ខគម្ពីរ​នោះ ។

  1. សូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ មាន​ន័យ​ចំពោះ​អ្នក ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​អំពី​ការដាក់តឿន​របស់​ព្រះអម្ចាស់ ដែល​តម្រូវ​ឲ្យ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សញ្ញា នោះ​សូម​សរសេរ​ពាក្យ​ទាំងឡាយ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ នៅ​លើ​ក្រដាស​មួយ​សន្លឹក​តូច ឬ បណ្ណ​មួយ ។ សូម​ដាក់​ក្រដាស​នោះ​តាម​ខ្លួន​របស់​អ្នក​ពីរបី​ថ្ងៃ សូម​គិត​អំពី​ពាក្យ​ទាំងនោះ ហើយ​ព្យាយាម​ទន្ទេញ​វា ។ អ្នក​អាច​នឹង​ចង់​សូត្រ ហើយ​ពន្យល់​អំពី​អត្ថន័យ​នៃ​ខគម្ពីរ​នេះ​ទៅ​កាន់​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​ម្នាក់ នៅ​ពេល​ដែល​អ្នក​បាន​ទន្ទេញ​វា​ចាំ​ហើយ​នោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៦

ព្រះអម្ចាស់​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៦:១ ព្រះអម្ចាស់​បាន​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ អំពី​ការងារ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ដែល​ពួកលោក​ត្រូវ​ធ្វើ ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​បង្រៀន​ពួកលោក អំពី​គោលការណ៍​សំខាន់​មួយ​នៃ​ការគ្រប់គ្រង​សាសនាចក្រ ។

សូម​ស្រមៃ​ថា​មាន​មិត្តភក្ដិ​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង អង្គុយ​ជាមួយ​អ្នក​ក្នុង​ការប្រជុំ​មួយ ដែល​មាន​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ​ជា​ច្រើន​ត្រូវបាន​គាំទ្រ​ក្នុង​ការហៅ​របស់​ពួកលោក ( ដូចជា​ក្នុង​សន្និសីទ​វួដ ឬ សាខា ឬ ស្តេក ) ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ទៅ​កាន់​មិត្តភក្ដិ​របស់​អ្នក​អំពី​ការអនុវត្ត​ការគាំទ្រ ដល់​អ្នក​កាន់តំណែង​ខុសៗគ្នា​ក្នុង​សាសនាចក្រ​ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៦:២ រួច​ស្វែងរក​ឃ្លា​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ការគាំទ្រ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍ របស់​ទាំងអស់​នឹង​ត្រូវ​បាន​សម្រេច ដោយសារ​ការយល់ព្រម​ទូទៅ​នៅ​ក្នុង​សាសនាចក្រ ។

តើ​អ្នក​គិត​ថា « ការយល់ព្រម​ទូទៅ » មាន​ន័យ​ដូចម្ដេច ?

« ការយល់ព្រម​ទូទៅ » សំដៅ​លើ​ការអនុវត្ត​របស់​សមាជិក​សាសនាចក្រ លើ​ការគាំទ្រ​ដល់​អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ ក៏​ដូចជា​ការគាំទ្រ​ដល់​ការសម្រេច​ដទៃទៀត​របស់​សាសនាចក្រ ដែល​តម្រូវ​ឲ្យ​មាន​ការគាំទ្រ​ពី​សំណាក់​សមាជិក ។ ជាធម្មតា ការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ការលើកដៃ​ស្ដាំ ។

មាន​ភាពខុសគ្នា​រវាង​ការគាំទ្រ​ដោយ​ការសម្ដែង​ការយល់ព្រម​ទូទៅ និង ការបោះឆ្នោត​ជ្រើសតាំង ។ នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ ព្រះអម្ចាស់​បំផុសគំនិត​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​តែងតាំង​របស់​ទ្រង់ ជា​អ្នក​ដែល​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត ដោយ​សិទ្ធិ​អំណាច​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកលោក ។ ភ្លាម​នោះ ថ្នាក់ដឹកនាំ​ស្វែងរក​ការបញ្ជាក់​ពី​ព្រះអម្ចាស់ ចំពោះ​ការសម្រេចចិត្ត​របស់​ពួកលោក ។ ការលើកដៃ​ស្ដាំ​ពុំ​មែន​ជា​របៀប​ដែល​សមាជិក​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ ជា​របៀប​បង្ហាញ​ការយល់ព្រម​របស់​ពួកគេ ( ឬ ការជំទាស់ ) ចំពោះ​ការសម្រេចចិត្ត​ដែល​បាន​ធ្វើ​ឡើង​នោះ ។

រូបភាព
ការគាំទ្រ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់

បន្ថែម​ពី​លើ​ការបង្ហាញ​ការយល់ព្រម ឬ ការអនុមតិ​របស់​ពួកគេ នៅ​ពេល​លើក​ដៃ​ស្ដាំ សមាជិក​ក៏​បង្ហាញ អំពី​ឆន្ទៈ​ខ្លួន​ក្នុង​ការគាំទ្រ​ដល់​បុគ្គល ឬ​សកម្មភាព​ដែល​កំពុង​បង្ហាញ​នោះ​ដែរ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « នីតិវិធី​នៃ​ការគាំទ្រ​គឺ​លើស​ពី​ការលើកដៃ​គាំទ្រ​ជា​ទំនៀមទម្លាប់​មួយ​ទៅ​ទៀត ។ វា​គឺ​ជា​ការ​តាំងចិត្ត​មួយ​ដើម្បី​លើក​ស្ទួយ គាំទ្រ ជួយ​ដល់​អ្នកទាំងឡាយ ដែល​ត្រូវ​បាន​ជ្រើសរើស » (This Work Is Concerned with People » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៥១ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​បំពេញ​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ក្នុង​ការគាំទ្រ​ដល់​នរណាម្នាក់ ដែល​ត្រូវបាន​ហៅ ហើយ​គាំទ្រ​ឲ្យ​បម្រើ​អ្នក​នៅ​ក្នុង​វួដ ឬ សាខា​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖