ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧-៤៨

បុព្វកថា

ក្នុង​ខែ មិនា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ និង ៤៨ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ព្រះអម្ចាស់​បាន​តែងតាំង យ៉ូហាន វិតមើរ ឲ្យ​ធ្វើ​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ និង ជា​អ្នក​កត់បញ្ជី​សម្រាប់​សាសនាចក្រ​ជំនួស អូលីវើរ ខៅឌើរី ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ជួយ​ធុរៈ​ដល់​សមាជិក​សាសនាចក្រ​ដែល​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ នូវ យ៉ោក ។ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ឲ្យ​សមាជិក​សាសនាចក្រ​ត្រៀមខ្លួន​ទិញ​ដី ដើម្បី​ស្ថាបនា​ទីក្រុង ស៊ីយ៉ូន​ឡើង​នៅ​រដ្ឋ មិសសួរី ផងដែរ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧

ព្រះអម្ចាស់​បាន​តែងតាំង យ៉ូហាន វិតមើរ ឲ្យ​រក្សា​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដែល​បាន​កត់ត្រាទុក ។

សូម​គិត​អំពី​ព្រឹត្តិការណ៍​កន្លង​ទៅ​ជាមួយ​នឹង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​អ្នក​បាន​រួម​ចំណែក ហើយ​ដឹង​ថា​វា​មាន​តម្លៃ​គួរតែ​ចងចាំ ( ឧទាហរណ៍ ៖ ពិធីឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ការប្រជុំ​មួយ​ក្នុង​សាសនាចក្រ ឬ កម្មវិធី​ក្នុង​ក្រុមគ្រួសារ​មាន​ដូចជា អាពាហ៍ពិពាហ៍ ឬ បុណ្យ​សព ) ។

ប្រសិនបើ​អាច សូម​និយាយ​ប្រាប់​សមាជិក​គ្រួសារ​ម្នាក់​អំពី​ព្រឹត្តិការណ៍​នោះ ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ។ ( ប្រសិនបើ​មិន​មាន​សមាជិក​គ្រួសារ​ដើម្បី​ប្រាប់​ទេ​នោះ សូម​ពិចារណា​អំពី​សំណួរ​ទាំងនេះ ) ។

  • តើ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ អ្វី​ទៅ​ដែល​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជាងគេ ?

  • តើ​ការចងចាំ​អំពី​ព្រឹត្តិការណ៍​នេះ មាន​តម្លៃ​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​ការដឹង​អំពី​ព្រឹត្តិការណ៍​នេះ អាច​ប្រទានពរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ក្នុង​រយៈ​ពេល ១០០ ឆ្នាំ​ខាង​មុខ​ទៀត​យ៉ាង​ដូចម្ដេច ?

សូម​អាន​វគ្គ​សេចក្តីណែនាំ​នៃ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧ និង ខ​ទី ១–៣ នៃ​វគ្គ​នេះ​ដើម្បី​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ យ៉ូហាន វិតមើរ ធ្វើ ។ ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​បុគ្គល​ម្នាក់​ដើម្បី​សរសេរ​ប្រវត្តិ​របស់​សាសនាចក្រ ?

រូបភាព
សៀវភៅ​វិវរណៈ​ទី ១

យ៉ូហាន វិតមើរ បាន​ចម្លង​វិវរណៈ​ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​កាល​ពីមុនៗ ចូល​ទៅ​ក្នុង​សៀវភៅ​ដែល​សព្វថ្ងៃ​នេះ​ត្រូវបាន​ស្គាល់​ថា​ជា​សៀវភៅ​វិវរណៈ​ទី ១ ។ សៀវភៅ​នេះ​មាន​នូវ​សំណៅ​ពី​ដំបូងៗ​ជា​ច្រើន​នៃ​វិវរណៈ​ទាំងនេះ ។

សូម​គិត​អំពី​ព្រឹត្តិការណ៍​មួយ​ចេញ​ពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ដែល​មាន​ការបំផុតគំនិត​ចំពោះ​អ្នក ។ តើ​អ្នក​បាន​រៀន​អំពី​ព្រឹត្តិការណ៍​នោះ​យ៉ាង​ដូចម្ដេច ?

យើង​ស្គាល់​ព្រឹត្តិការណ៍​កន្លង​ហួស​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​បាន ដោយសារ​តែ​មាន​មនុស្ស​សរសេរ ហើយ​រក្សា​កំណត់ហេតុ​នៃ​ព្រឹត្តិការណ៍​ទាំងនោះ ដើម្បី​បាន​រក្សា​ទុក​សម្រាប់​មនុស្ស​ជំនាន់​នេះ និង ជំនាន់​ខាង​មុខ​ទៀត ។ សូម​ចងចាំ​ថា នៅ​ក្នុង​វិវរណៈ​មួយ​កាល​ពី​មុន ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នឹង​មាន​បញ្ជី​មួយ​កត់ទុក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា » ( គ. និង ស. ២១:១ ) ។ បច្ចុប្បន្ន​នេះ មាន​អ្នក​សរសេរ និង កត់បញ្ជី​មួយ​រូប​នៅ​ក្នុង​សាសនាចក្រ ត្រូវ​បាន​តែងតាំង​ដោយ​គណៈប្រធាន​ទី​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​រូប​នេះ ពុំ​អាច​សង្កេត ហើយ​កត់ត្រា​គ្រប់​ហេតុការណ៍​ដែល​កើតឡើង​នៅ​ក្នុង​សាសនាចក្រ​បាន​ទាំងអស់​ឡើយ ដូច្នេះ គាត់​ត្រូវបាន​ណែនាំ​ឲ្យ​ជ្រើសរើស​រឿង​ប្រវត្តិ​ពី​មនុស្ស​ដទៃ ។ ក្នុង​ន័យ​ទូទៅ​មាន​ន័យ​ថា បទពិសោធន៍​របស់​សមាជិក​សាសនាចក្រ គឺ​ជា​ចំណែក​នៃ​ប្រវត្តិ​សាសនាចក្រ ហើយ​អាច​មាន​ឥទ្ធិពល​ដល់​មនុស្ស​ជំនាន់​ខាង​មុខ ។

អែលឌើរ ម៉ាលីន ឃេ ជែនសិន នៃ​ក្រុម​ចិតសិប​នាក់ ដែល​បាន​បម្រើ​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ និង អ្នក​កត់បញ្ជី​សម្រាប់​សាសនាចក្រ​ពី​ឆ្នាំ ២០០៥–១២ បាន​បង្រៀន​ថា « រឿង​ប្រវត្តិ​ដ៏​អស្ចារ្យបំផុត​ជា​ច្រើន​នៃ​សាសនាចក្រ មាន​នៅ​ក្នុង​រឿង​ប្រវត្តិ​របស់​បុគ្គល និង ក្រុមគ្រួសារ ហើយ​ទាំងនេះ​គឺ​ជា​ចំណែក​មួយ​នៃ​កេរដំណែល​របស់​បុគ្គល​ម្នាក់ៗ និង ក្រុមគ្រួសារ » ( «There Shall Be a Record Kept among You» Ensignលីអាហូណាខែ ធ្នូ ឆ្នាំ ២០០៧ ទំព័រ ៣១ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក មាន​សារៈសំខាន់ ?

  2. សូម​គិត​អំពី​ព្រឹត្តិការណ៍​សំខាន់​ខាង​វិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ដឹង​ថា​មាន​តម្លៃ​ក្នុង​ការចងចាំ ។ សូម​ស្រមៃ​ថា កូនៗ និង ចៅៗ​អ្នក នឹង​អាន​បញ្ជី​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំងនេះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ប្រាប់​អំពី​ប្រភេទ​ព្រឹត្តិការណ៍​នោះ រួច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​អ្នក​នឹង​សរសេរ​អំពី​ផ្នែក​ណាមួយ​នៃ​ព្រឹត្តិការណ៍​នោះ ?

    2. តើ​អ្នក​នឹង​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ដឹង ហើយ​ស្គាល់​អ្វី​អំពី​ព្រឹត្តិការណ៍​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧:៤ ដើម្បី​ស្វែងយល់​អំពី​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ជាមួយ យ៉ូហាន វិតមើរ ថា​នឹង​ប្រទាន​ដល់​កិច្ចខិតខំ​របស់​គាត់ « ក្នុង​ការកត់បញ្ជី និង ប្រវត្តិ​សាសនាចក្រ​ជានិច្ច » ( គ. និង ស. ៤៧:៣ ) ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧:៤សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង នោះ​ព្រះវិញ្ញាណ​អាច​ជួយ​យើង​ឲ្យ  ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​យក​គ្រប់​ទាំង​សេចក្ដី​មក​កាន់​ការចងចាំ​របស់​យើង ( សូម​មើល យ៉ូហាន ១៤:២៦ ) ហើយ​ជួយ​យើង​ឲ្យ​សរសេរ​អំពី​ព្រឹត្តិការណ៍ និង ស្ថានភាព​នានា ទៅ​តាម​របៀប​ដែល​នឹង​ប្រទានពរ​ដល់​សមាជិក​គ្រួសារ រួមទាំង​មនុស្ស​ដទៃ​ទៀត​នៅ​ជំនាន់​ខាង​មុខ ។ សូម​អធិស្ឋាន ហើយ​រស់នៅ​ដោយ​សក្ដិសម​ដើម្បី​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ នៅ​ពេល​អ្នក​ខិតខំ​រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន ។

សូម​ពិចារណា​អំពី​របៀប​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​បង្កើន​ការខិតខំ​រក្សា​កំណត់ហេតុ​ផ្ទាល់ខ្លួន​មួយ ឬ នៅ​ពេល​អ្នក​សរសេរ​ព្រឹត្តិការណ៍​សំខាន់​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន ពិធីបរិសុទ្ធ និង មនុស្ស​ដែល​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៨

ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ត្រូវ​ជួយ​ធុរៈ​ដល់​ពួក​បរិសុទ្ធ ដែល​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ នូវ យ៉ោក ហើយ​ត្រៀមខ្លួន​ទទួល​មរតក​របស់​ខ្លួន​នៅ​ទីក្រុង ស៊ីយ៉ូន

សូម​ស្រមៃ​ថា ថ្មីៗ​នេះ មាន​សមាជិក​សាសនាចក្រ ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល​មួយ​បាន​រងទុក្ខ​ដោយ​គ្រោះ​ធម្មជាតិ ហើយ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ស្នើ​ឲ្យ​អ្នក និងគ្រួសារ​អ្នក ផ្ដល់​ជា​ជម្រក​ដល់​អ្នក​ដែល​បាត់បង់​ជម្រក​មួយ​ចំនួន សម្រាប់​រយៈ​ពេល​បី​បួន​ខែ ។ តើ​សំណួរ និង កង្វល់​អ្វី​ខ្លះ ដែល​អ្នក និង គ្រួសារ​អ្នក​នឹង​មាន ? តើ​កង្វល់ និង អារម្មណ៍​ដូចម្ដេច​ខ្លះ ដែល​អ្នក​គិត​ថា អ្នក​ដែល​ផ្លាស់​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ នឹង​មាន ?

សូម​មើល​ទៅ​ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ទី ៣ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ « តំបន់​នូវ យ៉ោក ផែនសិលវ៉េញ៉ា និង អូហៃអូ នៃ​ស.រ.អា » ។ ទីតាំង ប៉ាលម៉ៃរ៉ា រដ្ឋ នូវយ៉ោក និង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ តើ​ទីក្រុង​ទាំងនេះ​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​ប៉ុន្មាន​គីឡូម៉ែត្រ ?

ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្លាស់​ទី​លំនៅ​ពី​ភូមិ ប៉ាលម៉ៃរ៉ា រដ្ឋ នូវយ៉ោក ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ សមាជិក​សាសនាចក្រ​ជា​ច្រើន បាន​ផ្លាស់​លំនៅ​ទៅ​តាម​ក្រោយ​អំឡុង​ប្រាំ​មួយ​ខែ​ក្រោយ​មក ។ សមាជិក​ទាំងនេះ​បាន​ទុក​ចោល​ទ្រព្យសម្បត្តិ និង ធនធាន​ខាង​លោកិយ​ជា​ច្រើន ដើម្បី​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​ផ្លាស់​លំនៅ​ទៅ​រដ្ឋ អូហៃអូ ហើយ​ពួកគេ​បាន​ត្រូវការ​ជំនួយ ។ តើ​អ្នក​គិត​ថា ព្រះអម្ចាស់​អាច​នឹង​តម្រូវ​អ្វី​ខ្លះ​ពី​អ្នក ប្រសិនបើ​អ្នក​បាន​រស់នៅ​រដ្ឋ អូហៃអូ ហើយ​បាន​ឃើញ​ពួក​បរិសុទ្ធ​ទាំងនេះ ផ្លាស់​ទីលំនៅ​ទៅ​កាន់​តំបន់​របស់​អ្នក​ដោយ​គ្មាន​ផ្ទះ​សម្បែង និង​មាន​ប្រាក់កាស​បន្តិចបន្តួច​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨:១–៣ ដើម្បី​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់ បាន​មាន​ព្រះបន្ទូល​ប្រាប់​សមាជិក​សាសនាចក្រ​ក្នុង​រដ្ឋ អូហៃអូ ឲ្យ​ធ្វើ សម្រាប់​សមាជិក​សាសនាចក្រ ដែល​ផ្លាស់​ទីលំនៅ​ទៅ​កាន់​ភូមិភាគ​នោះ ។ គោលការណ៍​មួយ​ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះអម្ចាស់​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចែកចាយ​អ្វី​ដែល​ខ្លួន​មាន​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅ​ក្បែរ ខទី ២ ។

សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨:៣ ថា​ព្រះអម្ចាស់​បាន​រំពឹង​ពី​អ្នក​ដែល​មាន​ធនធាន និង ប្រាក់កាស​បន្តិចបន្តួច ដែល​បាន​ផ្លាស់​ទីលំនៅ​ទៅ​កាន់​រដ្ឋ អូហៃអូ ដើម្បី​ទិញ​ដី​ធ្លី​នៅ​ទីនោះ ។ ដូចគ្នា​នេះ​ដែរ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ម្នាក់ៗ ប្រើប្រាស់​ធនធាន​ទាំងឡាយ​ដែល​យើង​មាន ហើយ​មិន​ពឹងផ្អែក​ឲ្យ​មនុស្ស​ដទៃ​ជួយ​យើង​ឡើយ ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​យើង​អាច​ចែករំលែក​អ្វី​ដែល​យើង​មាន ជាមួយ​សមាជិក​ដទៃ​នៅ​ក្នុង​សាសនាចក្រ​បាន​តាម​របៀប​ណា​ខ្លះ ?

នៅ​ពេល​អ្នក​អាន​រឿង​ខាង​ក្រោម​នេះ ដែល​បាន​ប្រាប់​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​កូរ៉ុម​នៃ​គណៈប្រធាន​ទី​មួយ សូម​ពិចារណា​អំពី​របៀប​ដែល​យុវជន​ម្នាក់ បាន​បំពេញ​ព្រះបញ្ញត្តិ​របស់​ព្រះ​ក្នុង​ការចែករំលែក​ជាមួយ​អ្នក​ដែល​ខ្វះខាត ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ មាន​កូរ៉ុម​សង្ឃ​មួយ បាន​សម្រេច​ចិត្ត​ប្រមូល​អាហារ​សម្រាប់​ជន​ខ្វះខាត ជា​គម្រោង​បម្រើ ។ ជីម ជា​សង្ឃ​ម្នាក់ ដែល​មាន​ចិត្ត​រំភើប​ចូលរួម ហើយ​បាន​តាំងចិត្ត​ថា​ប្រមូល​អាហារ​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត ។ ពេល​វេលា​បាន​មក​ដល់ ដែល​ពួកសង្ឃ​មក​ជួបជុំ​គ្នា​នៅ​រោង​ថ្វាយបង្គំ ។ ពួកគេ​ទាំង​អស់គ្នា​បាន​ចេញ​ទៅ​ក្នុង​ពេល​តែ​មួយ ហើយ​ត្រឡប់​មក​វិញ​ក្នុង​ពេល​ជាក់លាក់​មួយ​នៅ​ពេល​ល្ងាច ។ មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ព្រោះ​រទេះ​របស់ ជីម គ្មាន​អ្វី​ទាល់​តែ​សោះ ។ គាត់​មើល​ទៅ​ដូចជា [ ស្រងូតស្រងាត់ ] ណាស់ ហើយ​ក្មេង​ប្រុស​ផ្សេង​ទៀត​បាន​សើចចំអក​ដាក់​គាត់ ។ ដោយ​ឃើញ​ដូចនេះ ហើយ​ដឹង​ថា ជីម ចូលចិត្ត​ឡាន នោះ​អ្នក​ដឹកនាំ​បាន​ប្រាប់​គាត់ ‹ ជីម ចេញ​ទៅ​ក្រៅ​ទៅ ។ ខ្ញុំ​ចង់​ឲ្យ​ឯង​ទៅ​មើល​ឡាន​ខ្ញុំ ។ វា​ដើរ​មិន​ស្រួល​ទាល់តែ​សោះ › ។

« អ្នក​ដឹកនាំ​បាន​សួរ ជីម ថា​គាត់​អន់ចិត្ត​ឬ​ទេ ។ ជីម បាន​តប​ថា ‹ ទេ អត់ទេ ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បាន​ចេញ​ដើម្បី​ប្រមូល​អាហារ ខ្ញុំ​ពិតជា​ទទួលបាន​ច្រើន​ណាស់ ។ រទេះ​របស់​ខ្ញុំ​ពេញ​ដោយ​អាហារ ។ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​រោង​ថ្វាយបង្គំ​វិញ ខ្ញុំ​បាន​ឈប់​នៅ​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ដែល​មិនមែន​ជា​សមាជិក ដែល​បាន​លែងលះ​ប្ដី ហើយ​រស់នៅ​ក្នុង​ព្រំប្រទល់​វួដ​របស់​យើង ។ ខ្ញុំ​បាន​គោះ​ទ្វារ ហើយ​ពន្យល់​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ ហើយ​គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​ក្នុង​ផ្ទះ ។ គាត់​បាន​ចាប់ផ្តើម​រកមើល​អ្វី​មួយ​ឲ្យ​ខ្ញុំ ។ គាត់​បាន​បើក​ទូទឹកកក ហើយ​ខ្ញុំអាច​មើល​ឃើញ​ថា គាត់​គ្មាន​អ្វី​នោះ​ទេ ។ ទូ​របស់​គាត់​ទទេ​ស្អាត ។ ទីបំផុត គាត់​រក​បាន​ផ្លែ​ប៉ែស​មួយ​កំប៉ុង​តូច ។

« ‹ ខ្ញុំ​ស្ទើរ​តែ​ពុំ​ជឿ​ទេ ។ មាន​កូន​តូចៗ​រត់​ពេញ​ក្នុង​ផ្ទះ ដែល​ត្រូវការ​អាហារ ហើយ​គាត់​បែរ​ជា​ហុច​ផ្លែ​ប៉ែស​កំប៉ុង​នោះ​មក​ឲ្យ​ខ្ញុំ​ទៅ​វិញ ។ ខ្ញុំ​បាន​យក​វា ហើយ​បាន​ដាក់​វា​ក្នុង​រទេះ​របស់​ខ្ញុំ ហើយ​ក៏​ចេញ​ដើរ​មក​តាម​ផ្លូវ ។ ពេល​ខ្ញុំ​បាន​ដើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​នោះ ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​ពីក្បាល​ដល់​ចុង​ជើង ហើយ​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​នោះ​វិញ ។ ខ្ញុំ​បាន​ឲ្យ​អាហារ​ទាំងអស់​ដល់​គាត់ › ។

« អ្នក​ដឹកនាំ​បាន​វាចា​ថា ‹ ជីម ឯង​នឹង​មិន​ភ្លេច​នូវ​អារម្មណ៍​ដែល​ឯង​មាន​នៅ​យប់​នេះ​នោះ​ទេ ព្រោះ​នោះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ › » ( “Spiritual Nutrients,” EnsignLiahona, ខែ តុលា ឆ្នាំ ២០០៦ ទំព័រ ៥៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា អ្វី​បាន​កើតឡើង​ចំពោះ ជីម កាល​គាត់​ទទួល​អារម្មណ៍​ថា​គាត់​គួរតែ​ត្រឡប់​ក្រោយ​វិញ​នោះ ?

    2. នៅ​ពេល​អ្នក​ដឹកនាំ​បាន​ប្រាប់​គាត់​ថា អ្វី​ដែល ជីម បាន​ទទួល​អារម្មណ៍​នៅ​ពេល​នោះ​គឺ​ជា « អ្វី​ដែល​យើង​ត្រូវ​ធ្វើ » តើ​អ្នក​គិត​ថា គាត់​ចង់​មាន​ន័យ​ដូចម្ដេច ?

  2. សូម​ស្វែងរក​វិធី​ដែល​អ្នក​អាច​ជួយ​បំពេញ​សេចក្ដីត្រូវការ​របស់​នរណាម្នាក់ ដែល​ប្រហែល​ជា​ដោយ​ការចែករំលែក​នូវ​អ្វី​ដែល​អ្នក​មាន ។ ឧទាហរណ៍ អ្នក​អាច​ជួយ​សមាជិក​គ្រួសារ មិត្តភក្ដិ នរណាម្នាក់​នៅ​ក្នុង​ថ្នាក់រៀន ឬ កូរ៉ុម​ក្នុង​សាសនាចក្រ ឬ នរណាម្នាក់​ដែល​ជា​អ្នក​ជិតខាង ឬ ជា​អ្នក​រួម​សាលា​ជាមួយ​គ្នា ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួយ​បុគ្គល​ដែល​អ្នក​គិត​ដល់ ក្រោយ​មក​តាមដាន​ផែនការ​របស់​អ្នក ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨:៤–៦ ព្រះអម្ចាស់​បាន​ពន្យល់​ថា ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួក​បរិសុទ្ធ​ត្រៀមខ្លួន​ទិញ​ដី​ធ្លី នៅ​ពេល​ទ្រង់​បើកសម្ដែង​អំពី​ទីតាំង​នៃ​ទីក្រុង ស៊ីយ៉ូន ឬ យេរ៉ូសាឡិម​ថ្មី ។ ព្រះអម្ចាស់​បញ្ជា​ឲ្យ​ពួកគេ​សន្សំ​ប្រាក់​ទាំង​អម្បាលម៉ាន​ដែល​ពួកអាច​ធ្វើ​ទៅ​បាន ដើម្បី​ត្រៀមខ្លួន​ចាក់គ្រឹះ​ទីក្រុង​នេះ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖