ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧


មេរៀន​ទី ១៥ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧

បុព្វកថា

នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ ក្រុម​នៃ​ពួកអែលឌើរ​មួយ​ក្រុម​បាន​មកជួប​ជុំគ្នា​សម្រាប់​សន្និសីទ​ពិសេស​មួយ​នៅ ហៃរាំ រដ្ឋ អូហៃអូ ។ ប្រធានបទ​នៃ​ការពិភាក្សា​មួយ​នៅ​ក្នុង​សន្និសីទ​នោះ គឺ​ជា​ការបោះពុម្ព​វិវរណៈ​ទាំងឡាយ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល ។ នៅ​អំឡុង​ការប្រជុំ​នោះ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ទៅ​ដល់ យ៉ូសែប ស៊្មីធ ហើយ​បាន​កំណត់​វិវរណៈ​នោះ​ថា​ជា អារម្ភកថា​នៃ​ព្រះគម្ពីរ​វិវរណៈ​ដែល​នឹង​ត្រូវ​បោះពុម្ព ។ សព្វថ្ងៃ​នេះ វិវរណៈ​នោះ គឺ​ជា​កណ្ឌទី ១ ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ។ ក្រោយ​មក នៅ​ក្នុង​សន្និសីទ​នោះ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ ដែល​សព្វថ្ងៃ​នេះ​ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​បងប្អូន​ប្រុស ដែល​បាន​មាន​សំណួរ​អំពី​ភាសា​នៃ​វិវរណៈ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ព្យាការី ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១-៣

ព្រះអង្គ​សង្គ្រោះ​ទ្រង់​ជ្រាប​អំពី​គំនិត និង ចិត្ត​របស់​មនុស្ស

តើ​អ្នក​ធ្លាប់​ឆ្ងល់ ថា​តើ​ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ទទួល​បាន​ទីបន្ទាល់​អំពី​គោលលទ្ធិ​នៃ​ដំណឹងល្អ ចំណែក​ឯ​មនុស្ស​មួយ​ចំនួន​ទៀត​ពុំ​ទទួល​បាន ?

ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ មាន​ពួក​អែលឌើរ​មួយ​ក្រុម រួម​បញ្ចូល​ទាំង​ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រជុំ​គ្នា​ពិភាក្សា​អំពី​ការបោះពុម្ព​វិវរណៈ​ដែល​ព្យាការី​បាន​ទទួល ។ ពួក​អែលឌើរ​មួយ​ចំនួន​បាន​ទទួល​ទីបន្ទាល់​ថា វិវរណៈ​ទាំងឡាយ​នោះ​គឺ​ពិត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​អែលឌើរ​មួយ​ចំនួន​ទៀត នៅ​តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ទីបន្ទាល់​ដូចគ្នា​នោះ​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១-២ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​ការអធិស្ឋាន ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខទី ១–២សូម​បំពេញ​នៅ​ក្នុង​ចន្លោះ​នៃ​គោលការណ៍​ដូចតទៅ​នេះ ៖ ព្រះអម្ចាស់​ឮ ហើយ​ជ្រាប​អំពី របស់​ខ្ញុំ ។

រូបភាព
យុវនារី​ម្នាក់​កំពុង​អធិស្ឋាន
  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការដឹង​អំពី​គោលការណ៍​នេះ អាច​ជួយ​អ្នក​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​មាន​សភាព​កាន់តែ​ប្រសើរ​ថែមទៀត​តាម​របៀប​ណា ? បន្ទាប់​មក សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​របស់​អ្នក ដែល​បាន​ជួយ​អ្នក ឬ មនុស្ស​ណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឲ្យ​បង្កើន​ការអះអាង​ខាង​វិញ្ញាណ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៣ដោយ​ស្វែងរក​មូលហេតុ​ដែល​ពួក​អែលឌើរ​មួយ​ចំនួន ពុំ​ទទួលបាន​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគាត់ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា ដែល​លេច​ធ្លោ​ចំពោះ​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការអនុញ្ញាត​ឲ្យ​សេចក្ដី​ភ័យខ្លាច​មាន​នៅ​ក្នុង​ចិត្ត​អ្នក អាច​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្ដេច​ដែរ ? រួច​សូម​បង្កើត​បញ្ជី​នៃ​សេចក្ដី​ភ័យខ្លាច ដែល​អាច​នឹង​បញ្ឈប់​មនុស្ស​ពី​ការទទួល​បាន​ពរជ័យ ។

សូម​ពិចារណា​អំពី​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់ ដើម្បី​ជួយ​យើង​ឲ្យ​ជំនួស​សេចក្ដី​ភ័យខ្លាច​ដោយ​នូវ​សេចក្ដី​ជំនឿ​វិញ ។ តើ​ការយល់ដឹង​បែបនេះ ជួយ​មនុស្ស​ម្នាក់​ឲ្យ​បន្ត​បង្កើន​ទីបន្ទាល់​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៤-៩

ព្រះអម្ចាស់​សាកល្បង​មនុស្ស​ដែល​បាន​រិះគន់​ដល់​វិវរណៈ​ទាំងឡាយ​របស់​ទ្រង់

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ ថាតើ​ហេតុអ្វី​បាន​ជា​យើង​គួរតែ​ធ្វើតាម​ថ្នាក់​ដឹកនាំ​សាសនាចក្រ ទោះ​បី​ជា​ពួកលោក​ពុំ​ល្អ​ឥតខ្ចោះ​យ៉ាង​ណា​ក៏​ដោយ​នោះ ?

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ និង ខទី ៥ ដោយ​ស្វែងរក​ឥរិយាបថ​ខុសៗ​គ្នា ដែល​ពួក​អែលឌើរ​មួយ​ចំនួន​បាន​មាន​ចំពោះ​វិវរណៈ​ទាំងឡាយ ។ ( សូម​ចងចាំ​ថា ការចងក្រង​ដំបូង​នៃ​វិវរណៈ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា​ជា ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ។ ក្រោយ​មក ឈ្មោះ​នោះ​ត្រូវបាន​ប្ដូរ​ទៅ​ជា គោលលទ្ធិ និង សេចក្តីសញ្ញា វិញ ) ។ សូម​កត់ចំណាំ​នៅ​ក្នុង​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​ថា « ពួក​បងប្អូន​ប្រុសៗ​ភាគ​ច្រើន បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​ម៉ឺងម៉ាត់ » អំពី​ភាពពេញលេញ​នៃ​វិវរណៈ​ទាំងឡាយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ « ការសន្ទនា​ជំទាស់​មួយ​អំពី​របៀប​ប្រើ​ភាសា​នៅ​ក្នុង​វិវរណ​នេះ បាន​កើតឡើង » ។ យោង​តាម ខទី ៥ពួក​អែលឌើរ​មួយ​ចំនួន​បាន​គិត​ថា ពួកគាត់​អាច « ថ្លែង​បាន​ប្រសើរ​ជាង​ភាសា​របស់ [ របស់ យ៉ូសែប ស៊្មីធ ] » ។ ដោយសារ​តែ​ភាពឆ្មើងឆ្មៃ​ក្នុង​បញ្ញា​របស់​ខ្លួន នោះ​ពួកគេ​មាន​អារម្មណ៍​ថា ខ្លួន​មាន​គុណសម្បត្តិ​ច្រើន​ជាង​ព្យាការី​ដែល​ព្រះអម្ចាស់​បាន​ចាត់តាំង ដើម្បី​សរសេរ​វិវរណៈ​ទាំងឡាយ​នោះ ( សូម​មើល នីហ្វៃទី២ ៩:២៨–២៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៤រួច​សូមអាន ខទី ៥ សាជាថ្មី​ផងដែរ ។ សូម​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ពួក​អែលឌើរ អំពី​ការប្រើ​ភាសា​នៅ​ក្នុង​វិវរណៈ​នេះ ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​ពួក​អែលឌើរ ដែល​ត្រូវ​យល់​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា​ទ្រង់​កំពុង​ធ្វើការ​ជាមួយ​អ្នក​បម្រើ​ទ្រង់​ដែល​មិន​ល្អ​ឥតខ្ចោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៦-៩ដោយ​ស្វែងរក​ការសាកល្បង ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ដែល​មាន​កង្វល់​អំពី​ការប្រើ​ភាសា​នៅ​ក្នុង​វិវរណៈ​នេះ ។

វិលលាម អ៊ី ម៉័កខ្លេលិន បាន​សម្រេចចិត្ត​ទទួល​យក​សំណូមពរ​ពី​ព្រះអម្ចាស់ ដើម្បី​សរសេរ​វិវរណៈ​មួយ​ប្រៀបធៀប​ទៅ​នឹង​វិវរណៈ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល ។ យ៉ូសែប ស៊្មីធ បាន​កត់ត្រា​រឿង​ដូចតទៅ​នេះ​នៅ​ក្នុង​ប្រវត្តិ​របស់​លោក ៖ « វិលលាម អ៊ី ម៉័កខ្លេលិន បាន​គិត​ថា​ខ្លួន​គឺ​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ជាង​គេ ដោយ​សំអាង​លើ​ចំណេះវិជ្ជា ជាជាង​ការ​ប្រើ​ការ​ញ្ញាណ​ដឹង បាន​ព្យាយាម​សរសេរ​ព្រះបញ្ញត្តិ​មួយ​ឲ្យ​ស្រដៀង​គ្នា​ទៅ​នឹង​ព្រះបញ្ញត្តិ​ដែល​តូច​បំផុត​របស់​អម្ចាស់ ប៉ុន្តែ បាន​បរាជ័យ ដ្បិត​វា​គឺ​ជា​ការទទួល​ខុសត្រូវ​មួយ​ដ៏​លើសលុប​ដើម្បី​សរសេរ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ។ ពួក​អែលឌើរ និង មនុស្ស​ទាំងអស់​ដែល​បាន​មើល​ឃើញ​ការព្យាយាម​ដែល​មិន​បាន​ទទួល​ជោគជ័យ​នៃ​បុរស​ក្លែង​ម្នាក់​នេះ​ធ្វើតាម​របៀប​ប្រើ​ភាសា​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ចាប់ផ្ដើម​សេចក្ដី​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ភាពពេញលេញ​នៃ​ដំណឹងល្អ​សាជាថ្មី និង លើ​សេចក្ដីពិត​នៃ​ព្រះបញ្ញត្តិ និង វិវរណៈ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​សាសនាចក្រ​តាមរយៈ​រូប​ខ្ញុំ ដែល​ជា​ឧបករណ៍​របស់​ទ្រង់ ហើយ​ពួក​អែលឌើរ​បាន​បង្ហាញ​ឆន្ទៈ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក » ( នៅ​ក្នុង History of the Church ១:២២៦ ) ។

បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ពួក​អែលឌើរ​ទាំង​ប៉ុន្មាន​នាក់​ដែល​បាន​មាន​វត្តមាន​នៅ​ទី​នោះ បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ ដោយ​បាន​ថ្លែងទីបន្ទាល់​ជា​ផ្លូវការ អំពី​ភាពពេញលេញ​នៃ​វិវរណៈ ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា យ៉ូសែប ស៊្មីធ ដែល​មាន​ការអប់រំ​ទាប អាច​សរសេរ​វិវរណៈ​ទាំងនេះ​បាន ប៉ុន្តែ វិលលាម អ៊ី ម៉័កខ្លេលិន ដែល​ជា​អ្នក​មាន​ការអប់រំ​ខ្ពស់​នោះ បែរ​ជា​មិន​អាច​ធ្វើ​បាន​ទៅ​វិញ ?

    2. តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​ដំណើររឿង​នេះ អំពី​ការវិនិច្ឆ័យ​ដល់​ថ្នាក់​ដឹកនាំ​របស់​យើង​ដោយសារ​តែ​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​ពួក​លោក ?

សូម​ពិចារណា​អំពី​ការតាំងចិត្ត ដើម្បី​ធ្វើតាម​ថ្នាក់​ដឹកនាំ​របស់​អ្នក​ដោយ​សេចក្ដី​សុចរិត ទោះជា​អ្នក ឬ មនុស្ស​ដទៃ​ទៀត​បាន​ឃើញ​មាន​ភាពមិន​ល្អ​ឥតខ្ចោះ​ដែល​ពួក​លោក​មាន​យ៉ាង​ណា​ក៏​ដោយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១០-១៤

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ដល់​ពួក​អ្នក​ដើរតាម​ទ្រង់ អំពី​របៀប​ត្រៀមខ្លួន​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ

  1. សូម​គូស​តារាង​មួយ ដែល​មាន​ប្រអប់​ឈរ​ពីរ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​លើ​ប្រអប់​ឈរ​ទីមួយ​ថា រង្វាន់ និង លើ​ប្រអប់​ឈរ​ទីពីរ​ថា របៀប​ទទួល​បាន​រង្វាន់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១០–១៤ដោយ​ស្វែងរក​រង្វាន់ ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា​ដល់​ពួក​បងប្អូន​ប្រុស​ទាំងនេះ និង ទង្វើ​ចាំបាច់ៗ​ដែល​ពួកគេ​ត្រូវ​ប្រព្រឹត្ត ដើម្បី​ទទួល​បាន​រង្វាន់​នោះ ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក ដាក់​នៅ​ក្នុង​ប្រអប់​ឈរ​ដែល​ត្រឹមត្រូវ ៖

យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ពួក​បងប្អូន​ប្រុស​ទាំងនេះ ត្រូវ​ធ្វើ​អ្វី​ដើម្បី​បាន​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ ? ( ពាក្យ បាន​នៅ​ក្នុង មាន​ន័យ​ថា ការកាន់ខ្ជាប់ ឬ ស្ថិតស្ថេរ​នៅ​ក្នុង​ទីកន្លែង​ជាក់លាក់​មួយ ) ។ បើ​ពួកគេ​ដកខ្លួន​ចេញ​ពី​ការច្រណែន​ឈ្នានីស និង ការភ័យខ្លាច ហើយ​បន្ទាបខ្លួន នោះ​ពួកគេ​នឹង​អាច​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន ។

ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១៣ពួក​បងប្អូន​ប្រុស​ទាំងនេះ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ « ស៊ូនៅ​ក្នុង​សេចក្ដី​អត់ធន់ » រហូត​ដល់​ពួកគេ​បាន​ល្អ​ឥតខ្ចោះ ។ សូម​អាន​ដំណើររឿង​ខាង​ក្រោមនេះ ដែល​បាន​ចែកចាយ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ ដែល​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​ការអត់ធន់​នៅ​ក្នុង​ដំណើរការ​នៃ​ការប្រែក្លាយ​ជា​ល្អ​ឥតខ្ចោះ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ មាន​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកលវិទ្យាល័យ ស្ទែនហ្វដ បាន​ធ្វើ​ការសាកល្បង​ធ្វើ​បទពិសោធន៍​តូច​មួយ​អំពី​កម្លាំង​ឆន្ទៈ​របស់​កុមារ​តូចៗ ដែល​មាន​អាយុ​បួន​ឆ្នាំ ។ គាត់​ដាក់​នំ​ម៉ាស្សម៉ាឡូ​ដ៏​ធំ​មួយ​នៅ​ចំពោះ​មុខ​កុមារ​តូចៗ​នោះ ហើយ​បាន​ប្រាប់​កុមារ​ទាំងនោះ​ថា ពួកគេ​អាច​ញ៉ាំ​នំ​នោះ​ភ្លាម​តែ​ម្ដង ឬ បើ​អាច​ចាំ​តែ ១៥ នាទី​ទៀត នឹង​ទទួល​បាន​នំ​ម៉ាស្សម៉ាឡូ​នោះ​ដល់​ទី​ពីរ ។

« បន្ទាប់​មក គាត់​បាន​ទុក​ឲ្យ​កុមារ​នោះ​នៅ​តែ​ឯង ហើយ​ឃ្លាំ​មើល​ពី​ក្រោយ​កញ្ចក់​ដែល​អាច​ឃើញ​តែ​ម្ខាង ។ កុមារខ្លះបានញ៉ាំនំ ម៉ាស្សម៉េលូ ភ្លាមតែម្តង ហើយខ្លះទៀតអាច រង់ចាំបានតែប៉ុន្មាននាទី មុនពេលពួកវាចុះចាញ់ការល្បួង ។ មាន​តែ ៣០ ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​រង់ចាំ​បាន » (បន្តដោយភាពអត់ធន់ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦ ) ។

តើ​អ្នក​គិត​ថា ការពិសោធន៍ និង ការរកឃើញ​របស់​សាស្ត្រាចារ្យ​រូប​នេះ អាច​អនុវត្ត​ចំពោះ​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្ដេច ?

បន្ទាប់​មក​ប្រធាន អុជដូហ្វ បាន​ថ្លែង​អំពី​ការរកឃើញ ដែល​ចេញ​ពី​ការពិសោធន៍​លើ​នំ​ម៉ាស្សម៉ាឡូ​នោះ​ថា ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ប៉ុន្តែនៅពេលដែលពេលវេលាកន្លងទៅ [សាស្ត្រាចារ្យ] បាន តាម​ដាន​កុមារទាំងនោះ ហើយចាប់ផ្តើមសំគាល់ ឃើញ​នូវ​ភាព​ស្របគ្នាដ៏គួរឱ្យចាប់អារម្មណ៍ថា៖ កុមារទាំង​នោះ​ដែល​មិន​អាច​រង់ចាំបាន ក្រោយមកតែងនឹងមានបញ្ហានៅក្នុងជីវិត និង​មានបញ្ហាផ្នែកអាកប្បកិរិយាជាងកុមារដែលអាចរង់ចាំបាន នៅពេលដែលកុមារដែលអាចរង់ចាំបាន ទំនង​ជា​មាន​ភាពវិជ្ជមាន​ជាង និងមានការលើកទឹកចិត្តជាង មានពិន្ទុ និង​ចំណូល​ខ្ពស់ជាង ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាង​កុមារ​ដែល​មិន​អាច​រង់ចាំ​បាន ។

« អ្វី​ដែល​បាន​ចាប់ផ្ដើម​ដោយ​ការពិសោធន៍​យ៉ាង​សាមញ្ញ​មួយ​ជាមួយ​កុមារ ហើយ​និង​នំ​ម៉ាស្សម៉ាឡូ នឹង​ក្លាយ​ទៅ​ជា​ការសិក្សា​គំរូ​សំខាន់​មួយ​ដែល​បង្ហាញ​ថា លទ្ធភាព​ដើម្បី​រង់ចាំ—អត់ធន់—គឺ​ជា​លក្ខណៈសម្បត្តិ អត្តចរិក​ជា​គន្លឹះ ដែល​អាច​ព្យាករ​នូវ​ជោគជ័យ​ក្រោយ​មក​ក្នុង​ជីវិត ។…

« ការរង់ចាំ​អាច​ជា​ការលំបាក ។ កុមារ​ដឹង​ថា វា​លំបាក ហើយ​មនុស្ស​ពេញ​វ័យ​ក៏​ដឹង​ដូច្នោះ​ដែរ ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ ដែល​មាន​ភោជនីយដ្ឋាន​លក់​អាហារ​លឿន​ទាន់​ចិត្ត ការផ្ញើ​សារ​បន្ទាន់ ខ្សែភាពយន្ត​ដែល​អាច​រើស​បាន​តាម​ចិត្ត និង ឆ្លើយតប​ភ្លាមៗ​លើ​សំណួរ​ជ្រៅៗ ឬ សំណួរ​រាក់​កំផែល ។ យើង​មិន​ចូលចិត្ត​រង់ចាំ​នោះ​ទេ ។…

« ភាពអត់ធន់—ជា​លទ្ធភាព​ដើម្បី​ដាក់​ចំណង់​របស់​យើង​ឲ្យ​នៅ​ស្ងៀម​ក្នុង​រយៈ​ពេល​មួយ—គឺ​ជា​គុណធម៌​ដ៏​មាន​តម្លៃ និង កម្រ ។ យើង​ចង់​បាន​អ្វី​ដែល​យើង​ចង់​បាន ហើយ​យើង​ចង់​បាន​វា​ឥឡូវ​នេះ ។ ហេតុដូច្នោះ​ហើយ គំនិត​នៃ​ភាពអត់ធ្មត់​នោះ​ឯង ដែល​វា​ហាក់​ដូចជា​មិន​ទទួល​បាន​ការពេញ​ចិត្ត ហើយ​មាន​រសជាតិ​ល្វីង​ជូរចត់ ។

« យ៉ាង​ណាក្ដី ដោយ​គ្មាន​ការអត់ធន់ យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះហឫទ័យ​ឡើយ យើង​មិន​អាច​ទទួល​បាន​ភាពគ្រប់លក្ខណ៍​ឡើយ ។ យ៉ាង​ពិតប្រាកដ ការអត់ធន់ គឺជា​ដំណើរការ​ឲ្យ​មាន​បរិសុទ្ធភាព ដែល​ដុស​ខាត់​ការយល់ដឹង បង្កើន​សុភមង្គល ផ្ដោត​ទង្វើ ហើយ​និង​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ភាពសុខសាន្ត » ( « បន្ត​ដោយ​ភាពធត់ធន់ » ទំព័រ ៥៦) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការអត់ធន់​ចាំបាច់ នៅ​ក្នុង​ការខិតខំ​របស់​អ្នក​ឲ្យ​មាន​ភាពសក្ដិសម ហើយ​នៅ​ក្នុង​វត្តមាន​នៃ​ព្រះអម្ចាស់ ? សូម​យក​ពេល​ពីរបី​នាទី​ផងដែរ ទៅ​ពិចារណា​អំពី​ចំណុច​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​អាច​ត្រូវ​មាន​ការអត់ធន់ឲ្យ​បាន​កាន់តែ​ច្រើន​ជាមួយ​ខ្លួនឯង និង ជាមួយ​មនុស្ស​ដទៃ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ល្អ​ក្នុង​ការធ្វើ​ដូចនេះ សូម​សរសេរ​គោលដៅ​មួយ ដែល​រួមបញ្ចូល​ទាំង​ការមាន​អត់ធន់​ឲ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ការខិតខំ​របស់​អ្នក ដើម្បី​មាន​ភាពបរិសុទ្ធ​នៅ​ចំពោះ​ព្រះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖