ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧


មេរៀន​ទី ១៨ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧

សេចក្ដីផ្ដើម

ពេញ​មួយ​ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និង សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ ហាក់​បី​ដូចជា​បាន​ដឹង​តាមរយៈ​ការចុះផ្សាយ​សារព័ត៌មាន អំពី​ទុក្ខសោក​ដែល​កើតមាន​ឡើង​ទូទៅ​ក្នុង​ពិភពលោក ។ នៅ​ជិត​ចុង​ឆ្នាំ​នោះ​ដែរ ព្យាការី បាន​មាន​ប្រសាសន៍​ថា « ការលេចឡើង​នូវ​សេចក្ដី​អំពល់​ក្នុង​ចំណោម​ជាតិសាសន៍​ទាំងឡាយ បាន​មាន​កាន់តែ​ច្រើន​ឡើងៗ ជាង​ពេល​ណាៗ​ទាំងអស់ ចាប់តាំង​ពី​ពេល​ដែល​សាសនាចក្រ​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ពី​ទីរហោស្ថាន​មក » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៤៩) ។ នៅ​ថ្ងៃ​ទី ២៥ ខែ ធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ ដែល​សព្វថ្ងៃ​នេះ​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧ ដែល​មាន​បញ្ចូល​នូវ​ការព្យាករណ៍​អំពី​សង្គ្រាម និង សេចក្តី​ជំនុំជម្រះ ដែល​នឹង​ធ្លាក់​មក​លើ​អស់​ទាំង​សាសន៍​នៅ​ថ្ងៃ​ចុងក្រោយ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៧

យ៉ូសែប ស៊្មីធ ព្យាករ​ថា សង្គ្រាម​នឹង​ធ្លាក់​មក​លើ​អស់​ទាំង​សាសន៍ ។

ការព្យាករណ៍​គឺ​ជា​សេចក្ដី​ប្រកាស​មួយ ដែល​ធ្វើ​ឡើង​ដោយ​ព្យាការី​ដ៏​ពិត​ម្នាក់ អំពី​ទីសម្គាល់ ឬ ព្រឹត្តិការណ៍​មួយ​នា​ពេល​អនាគត ដែល​បាន​បើកសម្ដែង​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១-៤រួច​ស្វែងរក​ការព្យាករណ៍​មួយ ដែល​បាន​ប្រទាន​ឲ្យ​តាម​រយៈ យ៉ូសែប ស៊្មីធ ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹងថា រដ្ឋ សៅខារូឡាញណា គឺ​ជា​រដ្ឋ​មួយ​ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ ។

រូបភាព
ផែនទី អាមេរិក​ខាង​ត្បូង

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:១–៤ គឺ​ថា នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ គឺ​ដូចជា​ជំនាន់​បូរាណ​ដែរ ព្រះអម្ចាស់​អាច​បើកសម្ដែង​អំពី​អនាគតកាល​សម្រាប់​យើង តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការដឹង​ថា ព្រះអម្ចាស់​បើកសម្ដែង អំពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត​តាមយៈ​ពួក​ព្យាការី​របស់​ទ្រង់ អាច​ជា​ពរជ័យ​មួយ​ដល់​សាសនាចក្រ​ដោយ​របៀប​ណា ?

    2. តើ​ការដឹង​បែប​នេះ អាច​ជា​ពរជ័យ​ដល់​អ្នក និង ក្រុមគ្រួសារ​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ។ សូម​ស្វែងរក​កាលបរិច្ឆេទ​នៃ​វិវរណៈ​នេះ ដែល​ត្រូវបាន​ប្រទាន​ឲ្យ និង អំពី​បញ្ហា​ដែល យ៉ូសែប ស៊្មីធ ឆ្លុះបញ្ចាំង​នៅ​ពេល​នេះ ។

យ៉ូសែប ស៊្មីធ បាន​ដឹង​អំពី​ទំនាស់​ខាង​នយោបាយ​វវាង រដ្ឋ សៅ​ខារូឡាញណា និង រដ្ឋាភិបាល​នៃ​សហរដ្ឋ អំពី​តម្លៃ​គយ ។ ( តម្លៃ​គយ គឺ​ជា​ពន្ធ​នៃ​ការនាំ​ចូល ) ។ ដោយសារតែ​ប្រជាជន​នៃ​រដ្ឋ សៅ​ខារូឡាញណា ពឹងផ្អែក​ទៅ​លើ​ផលិតផល​នាំ​ចូល ច្រើន​ជាង​ប្រជាជន​នៅ​រដ្ឋ​ភាគ​ខាង​ជើង នោះ​ពួកគេ​គិត​ថា តម្លៃ​គយ​របស់​រដ្ឋ​ពុំ​ត្រឹមត្រូវ ហើយ​ថា​ពួកគេ​ត្រូវបាន​ប្រមូល​ដោយ​ចេតនា លើ​រាល់​ការចំណាយ​នៃ​ភាគ​ខាង​ត្បូង ។ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៅ​រដ្ឋ សៅ​ខារូឡាញណា បាន​បង្កើត​ច្បាប់​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ឬ ទុក​ជា​មោឃៈ ដែល​ជា​ច្បាប់​រដ្ឋ ហើយ​ប្រជាជន​រដ្ឋ សៅ​ខារូឡាញណា ជា​ច្រើន បាន​ចាប់ផ្ដើម​ត្រៀមខ្លួន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋាភិបាល ។ ប្រធានាធិបតី​នៃ​សហរដ្ឋ បាន​ពោល​អះអាង​ថា គាត់​នឹង​រក្សា​ច្បាប់​នៃ​សហរដ្ឋ ដោយ​កងកម្លាំង ។

ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣២ សារព័ត៌មាន​ពាស​ពេញ​សហរដ្ឋ បាន​ចុះផ្សាយ​អំពី​ទំនាស់​នេះ ។ គឺ​នៅ​ពេល​នេះ​ហើយ ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ដែល​បាន​ព្យាករ​ថា « សង្គ្រាម​ទាំងឡាយ… នឹង​កើតឡើង​នៅ​ពេល​ឆាប់ៗ​ដូច្នេះ​ថា គឺ​ចាប់ផ្ដើម​នឹង​ការបះបោរ​ពី​រដ្ឋ សៅ​ខារូឡាញណា » ( គ. និង ស. ៨៧:១ ) ។ នៅ​ដើម​ឆ្នាំ ១៨៣៣ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការព្យាករណ៍​នេះ​ត្រូវបាន​ផ្ដល់​ឲ្យ រដ្ឋាភិបាល​នៃ​សហរដ្ឋ បាន​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​រដ្ឋ សៅ​ខារូឡាញណា ដោយ​សន្តិវិធី ។ មនុស្ស​មួយ​ចំនួន​បាន​ជឿ​ថា វិបត្តិ​នេះ​បាន​បញ្ចប់​ទៅ​ហើយ ហើយ​ថា​ការព្យាករណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១–៤ នឹង​មិន​ត្រូវបាន​សម្រេច​ឡើយ ប៉ុន្តែ វិបត្តិ​នេះ​ត្រូវបាន​បញ្ឈប់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​រដ្ឋ សៅ​ខារូឡាញណា បាន​នៅ​តែ​បន្ត​បះបោរ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ប្រសិនបើ​ប្រសាសន៍​របស់​ព្យាការី ពុំ​បាន​សម្រេច​ទៅ​តាម​របៀប ឬ នៅ​អំឡុងពេល​មួយ ដែល​អ្នក​រំពឹងទុក​នោះ ?

អ្នក​អាច​នឹង​ចង់​គូសចំណាំ បទគម្ពីរយោង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១ លេខ​យោង គ ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១២–១៣ ។ តើ ព្យាការី យ៉ូសែប ស៊្មីធ បាន​អះអាង​យ៉ាង​ដូចម្ដេច នៅ​ក្នុង​បទគម្ពីរ​ទាំងនេះ ?

សូម​យោង​ទៅ សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០រួច​ស្វែងរក​ឆ្នាំ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្ដល់​ការអះអាង​នៃ​ការព្យាករណ៍​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧ ។

តើ​ការអះអាង​នៃ​ការព្យាករណ៍​របស់ យ៉ូសែប ស៊្មីធ ដែល​លោក​បាន​ទទួល ១០ ឆ្នាំ មុន អាច​បង្រៀន​អ្នក​អំពី​អ្វី​ខ្លះ​អំពី​សេចក្ដី​ជំនឿ​របស់​លោក ?

វិបត្តិ​រវាង​រដ្ឋាភិបាល​នៃ​សហរដ្ឋ និង រដ្ឋ សៅ​ខារូឡាញណា បាន​ដោះស្រាយ ១០ ឆ្នាំ​មុន ក្នុង​ឆ្នាំ ១៨៣៣ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បន្ត​រក្សា​សេចក្ដី​ជំនឿ​ទៅ​លើ​ការព្យាករណ៍ ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​តាមរយៈ​លោក ទោះជា​មាន​មនុស្ស​ជា​ច្រើន​ពុំ​បាន​ជឿ​ថា សង្គ្រាម​ស៊ីវិល​នឹង​កើតឡើង​នៅ​សហរដ្ឋ​យ៉ាង​ណា​ក៏​ដោយ ។

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

ក្នុង​ឆ្នាំ ១៨៦១ នាវា​ចម្បាំង​នៅ​ភាគ​ខាង​ត្បូង បាន​ចាប់ផ្ដើម​បាញ់​ពួក​ទាហាន​សហរដ្ឋ ដែល​បោះ​ទីតាំង​នៅ​ក្នុង​បន្ទាយ​ទាហាន ហ្វដ សាំធើរ នៅ​ទីក្រុង ឆាលស្តុន ហារបើរ រដ្ឋ សៅ​ខារូឡាញណា ។ រដ្ឋ​ភាគ​ខាង​ត្បូង​ដទៃ​ទៀត បាន​ចូលរួម​ជាមួយ​រដ្ឋ សៅ​ខារូឡាញណា នៅ​ក្នុង​សង្គ្រាម​ស៊ីវិល ប្រឆាំង​នឹង​រដ្ឋ​ភាគខាងជើង​ទាំងឡាយ ។ នៅ​គ្រា​នោះ រដ្ឋ​ភាគ​ខាង​ត្បូង បាន​អំពាវនាវ​រក​ជំនួយ​ពី​ចក្រភព​អង់គ្លេស ។ មិន​តែ​ប៉ុណ្ណោះ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ជា​ទាសករ​នៅ​ភាគ​ខាង​ត្បូង បាន​ចូលរួម​នឹង​ពួក​ទាហាន​នៃ​ភាគ​ខាង​ជើង ហើយ​បាន​ច្បាំង​នឹង​ពួក​ចៅហ្វាយ​របស់​ខ្លួន ។ សង្គ្រាម​ស៊ីវិល​អាមេរិក បាន​បន្ត​រហូត​ដល់​ឆ្នាំ ១៨៦៥ ហើយ​បាន​បន្សល់​ទុក​សាកសព​ទាហាន​ប្រមាណ ៦២០,០០០ នាក់ ។

រូបភាព
បន្ទាយ​ទាហាន ហ្វដ សាំធើរ

បន្ទាយ​ទាហាន ហ្វដ សាំធើរ នៅ​ទីក្រុង ឆាលស្តុន ហារបើរ រដ្ឋ សៅ​ខារូឡាញណា

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រឹត្តិការណ៍​នេះ ជួយ​យើង​ឲ្យ​ដឹង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ដ៏​ពិត​យ៉ាង​ដូចម្ដេច ?

    2. ហេតុអ្វី​បាន​ជា​វា​មាន​សារៈខាន់​ចំពោះ​អ្នក ដែល​ត្រូវ​ដឹង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ដ៏​ពិត​របស់​ព្រះ ?

រាល់​ការព្យាករណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ បាន​សម្រេច ឬ នឹង​ត្រូវបាន​សម្រេច ។

បន្ថែម​ពី​លើ​ព្រឹត្តិការណ៍ ដែល​បាន​បើកសម្ដែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១–៤ យ៉ូសែប ស៊្មីធ បាន​ព្យាករ​អំពី​រឿង​ផ្សេងៗ​ទៀត ដែល​នឹង​កើតឡើង ។ ខទី ៥ លើក​ឡើង​ថា « ពួក​សំណល់​ទាំង​ប៉ុន្មាន ដែល​នៅ​សេសសល់​លើ​ផែនដី​ក៏​នឹង … ធ្វើ​ទុក្ខ​ពួក​សាសន៍​ដទៃ » ។

« ពាក្យ ពួក​សំណល់ ជា​ញឹកញាប់​ត្រូវបាន​ប្រើ​នៅ​ក្នុង​ព្រះគម្ពីរ ដើម្បី​សំដៅ​ទៅ​លើ​ចំណែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល ( សូម​មើល Topical Guide, « remnant » ៤១៩ ) ។ ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ បាន​ធ្វើ​ការសន្យា​ជាក់លាក់​អំពី​ពួក​សំណល់​នៃ​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ( សូម​មើល នីហ្វៃ​ទី​៣ ២០:១០, ១៦; ២១:២, ៤ ) នោះ​មាន​មនុស្ស​ជាច្រើន​បាន​សន្មត់​ថា ខគម្ពីរ​នេះ​សំដៅ​ទៅ​លើ​ប្រជាជន​លេមិន ដែល​អាច​នឹង​ក្រោក​ឡើង​នៅ​ពេល​ណាមួយ ហើយ ‹ ធ្វើ​ទុក្ខ​ពួក​សាសន៍​ដទៃ › ( គ. និង ស. ៨៧:៥ ) ។

« ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​សរសេរ ៖ ‹ ប្រវត្តិ​នៃ​ទ្វីប​អាមេរិក​នេះ… ផ្ដល់​នូវ​ភស្ដុតាង​ដែល​បង្ហាញ​ថា ពួក​សាសន៍​លេមិន​បាន​ក្រោក​ឡើង​ក្នុង​កំហឹង ហើយ​បាន​ធ្វើ​ទុក្ខ​ពួក​សាសន៍​ដទៃ ។ សង្គ្រាម​នេះ​អាច​នឹង​មិន​បញ្ចប់​ឡើយ ។ វា​ជា​ការយល់​ឃើញ​ដ៏​ខុសឆ្គង​មួយ​របស់​មនុស្ស ដែល​រស់នៅ​សហរដ្ឋ ដែល​គិត​ថា ពាក្យពេចន៍​ព្យាករណ៍​នេះ​សំដៅ​ទៅ​លើ​ពួក​ឥណ្ឌា​ស្បែក​ក្រហម​រស់នៅ​សហរដ្ឋ ប៉ុន្តែ យើង​ត្រូវ​ចងចាំ​ថា មាន « ពួក​សំណល់ » រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស ម៉ិកស៊ិក ដែល​ជា​អាមេរិក​កណ្ដាល និង ខាង​ត្បូង ។ នោះ​គឺ​អំឡុង​សង្គ្រាម​ស៊ីវិល ដែល​ពួក​ឥណ្ឌា​ស្បែក​ក្រហម​នៅ​ប្រទេស ម៉ិកស៊ិក បាន​ក្រោក​ឡើង ហើយ​ស្វែងរក​សេរីភាព​ពី​ការសង្កត់សង្កិន ដែល​ស្ដេច ណាប៉ូឡេអុង បាន​ស្វះស្វែង​ដាក់ទោស​ដល់​ពួកគេ ដែល​ផ្ទុយ​ទៅ​នឹង​ការព្យាករណ៍​របស់​យ៉ាកុប នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា នឹង​ពុំ​មាន​ស្ដេច​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​នៅ​លើ​ដែនដី​នេះ​ឡើយ ។ ឯករាជ្យ​របស់​ប្រទេស ម៉ិកស៊ិក និង ប្រទេស​ដទៃ​ទៀត​នៅ​អាមេរិក​ខាង​ត្បូង ត្រូវបាន​សម្រេច​ដោយ​ការក្រោក​ឡើង​របស់ « ពួក​សំណល់ » នៅ​លើ​ដែនដី​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​យើង​កុំ​គិត​ថា ការព្យាករណ៍​នេះ​បាន​សម្រេច​ទាំងស្រុង​ហើយ​នោះ​ឡើយ › ។ ( Church History and Modern Revelation, ១:១៦៣ ) » ។ (គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅ​សិស្សការបោះពុម្ព​លើក​ទី ២ [ Church Educational System manual ឆ្នាំ ២០០១ ] ទំព័រ ១៩៥) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៦–៧រួច​ស្វែងរក​ព្រឹត្តិការណ៍​ដទៃ​ទៀត ដែល យ៉ូសែប ស៊្មីធ បាន​ព្យាករ​ថា​នឹង​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។

« ព្រះហស្ត​សម្រាប់​ប្រៀន​ប្រដៅ » របស់​ព្រះ សំដៅ​ទៅ​លើ​ហេតុការណ៍ ដែល​ព្រះអម្ចាស់​ប្រើប្រាស់​សេចក្ដី​ជំនុំ​ជម្រះ​របស់​ទ្រង់ ដើម្បី​បំផុស​ឲ្យ​កូនចៅ​ទ្រង់​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្លួន ។ មិន​តែ​ប៉ុណ្ណោះ សេចក្ដី​ជំនុំ​ជម្រះ​មួយ​ចំនួន ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​នេះ នឹង​កើតឡើង​នៅ​ពេល​ព្រះអម្ចាស់​ដាក់​ទោស​ដល់​ពួក​ទុច្ចរិត​ចំពោះ​ការប្រព្រឹត្ត​ដ៏​អយុត្តិធម៌​របស់​ពួកគេ មក​លើ​ពួក​សុចរិត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៨ ដើម្បី​រៀន​អំពី​អ្វី ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ធ្វើ ដើម្បី​យើង​នឹង​បាន​ត្រៀមខ្លួន​ប្រឈម​មុខ​នឹង​សង្គ្រាម និង សេចក្ដី​វិនាស ដែល​នឹង​កើតឡើង​នៅ​លើ​ផែនដី​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។ គោលការណ៍​មួយ ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​គឺ​ថា យើង​ត្រូវ​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះអម្ចាស់​មក​ដល់ ។

ទីបរិសុទ្ធ​មាន​ន័យ​ថា ទីកន្លែង​ដែល​យើង​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀន​អំពី​ទ្រង់​ទាំង​ពីរ​អង្គ ។ ការឈរ​នៅ​ក្នុង​ទីបរិសុទ្ធ ជា​ញឹកញាប់​មាន​រឿង​ច្រើន ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង របៀប ដែល​យើង​រស់នៅ ជាជាង ទីកន្លែង ដែល​យើង​រស់នៅ ។ បើ​អ្នក​រស់​នៅ​សក្ដិសម​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​ជា​ប្រចាំ នោះ​អ្នក​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​មួយ​ហើយ ។ សូម​ព្យាយាម​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​អ្នក​ក្លាយ​ជា​ទីបរិសុទ្ធ មាន​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។

  1. សូម​រាយ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ទីកន្លែង​បីបួន ដែល​អ្នក​ចាត់ទុក​ថា​ជា​ទី​បរិសុទ្ធ ។ បន្ទាប់​មក ជ្រើសរើស​កន្លែង​មួយ​ដែល​អ្នក​រាយ​ក្នុង​បញ្ជី​នោះ រួច​ពិពណ៌នា​អំពី​របៀប​ដែល​ការស្ថិត​នៅ​ក្នុង​ទី​បរិសុទ្ធ​នោះ បាន​ជួយ​អ្នក​ឲ្យ​នៅ​ជិត​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ខិតខំ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​អ្នក ក្លាយ​ទៅ​ជា​ទី​បរិសុទ្ធ​បាន​តាម​របៀប​ណា ? ប្រសិនបើ​ព្យាការី​ត្រូវ​ទៅ​ឃើញ​ទី​កន្លែង​អ្នក​រស់នៅ បន្ទប់​របស់​អ្នក ទូ​សម្លៀកបំពាក់ ឬ កន្លែង​អ្នក​ប្រើ​ជា​ប្រចាំ តើ​លោក​នឹង​ឃើញ​ថា ទី​នោះ​ជា​ទី​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​វា​មាន​ន័យ​ដូចម្ដេច ដែល​ត្រូវ « ឈរ … នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ » ( គ. និង ស. ៨៧:៨ ) ?

    2. តើ​បុគ្គល​ម្នាក់​អាច​រើ​ចេញ​ពី​ទី​បរិសុទ្ធ​បាន​តាម​របៀប​ណា ?

    3. តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ឲ្យ​មាន​ចិត្ត​កាន់តែ​ស្មោះត្រង់ និង មិន​រើ​ចេញ​ពី​ទីបរិសុទ្ធ​ទាំងនោះ ?

  3. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖