ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១-៣៣


មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១-៣៣

សេចក្ដីផ្ដើម

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១ មាន​នូវ​ផ្នែក​នៃ​សំបុត្រ​ដែល យ៉ូសែប ស្ម៊ីធ បាន​សរសេរ​នៅ​ក្នុង​គុកលិបើធី​ទៅ​កាន់​ពួក​បរិសុទ្ធ ចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១-៣៣ មាន​នូវ​ការ​ពិពណ៌នា​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការជំនុំ​ជម្រះ​ដែល​នឹង​កើត​មាន​ទៅ​លើ​មនុស្ស​ទុច្ចរិត និង​ការ​សន្យា​របស់​ទ្រង់​អំពី​វិវរណៈ​ទៅ​កាន់​ពួក​អ្នក​ក្លាហាន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១-២៥

ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​ពី​ការជំនុំ​ជម្រះ​ដែល​នឹង​កើត​មាន​ដល់​មនុស្ស​ដែល​បៀតបៀន​ពួក​បរិសុទ្ធ

សូម​នឹក​ស្រមៃ​ថា មាន​ព្រឹក​មួយ នៅ​ពេល​អ្នក​កំពុង​ចាក​ចេញ​ពី​ផ្ទះ អ្នក​បាន​កត់​សម្គាល់​ឃើញ​មាន​សេចក្ដី​ថ្លែង​ការណ៍​បិត​នៅ​ខាង​ក្រៅ​ទ្វារ​ផ្ទះ​របស់​អ្នក ៖ « ត្រូវ​ចាត់​ទុក​ពួក​មរមន​ជា​សត្រូវ ហើយ ត្រូវ​លុប​បំបាត់​ពួកគេ​ចោល » ។

តើ​អ្នក​នឹង​ភ័យខ្លាច​ចាក​ចេញ​ពី​ផ្ទះ​របស់​អ្នក​ដែរឬទេ ? តើ​អ្នក​នឹង​ទៅរក​ជំនួយ​នៅ​កន្លែងណា ? តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​អ្នក​បាន​រក​ឃើញ​ថា សេចក្ដី​ថ្លែង​ការណ៍​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិត្តភក្ដិ​មួយ​ចំនួន​ដែល​អ្នក​ស្គាល់​ពី​មុន ?

ពីមុន​ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​ចាប់​ដាក់​គុក មិត្ត​របស់​លោក​មួយ​ចំនួន​ដែល​ពេល​មួយ​ស្មោះត្រង់​នឹង​លោក​បាន​ងាក​មក​ប្រឆាំង​នឹង​លោក​វិញ ។ នៅ​ក្នុង​ចំណោម​នោះ មាន​មិត្ត​ពីរ​នាក់​គឺ ថូម៉ាស ប៊ី ម៉ាស និង អួរសុន ហៃឌ ធ្លាប់​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ចុះ​ហត្ថលេខា​លើ​សំបុត្រ​បញ្ជាក់ ( លិខិត​ថ្លែង​សច្ចា ) ដោយ​ចោទ​ប្រកាន់​ខុស​ថា យ៉ូសែប ស៊្មីធ និង សមាជិក​សាសនាចក្រ​ដទៃ​ទៀត​កំពុង​រៀប​ផែនការ​បណ្ដេញ​មារសត្រូវ​របស់​ខ្លួន​ចេញ​ដោយ​ការ​ដុត និង បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ។ សំបុត្រ​បញ្ជាក់​នេះ​បាន​ធ្វើ​ឲ្យ​អភិបាល​រដ្ឋ​មិសសួរី​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ដីកា​ការ​សម្លាប់​គ្មាន​សល់ ដោយ​ប្រកាស​ថា ពួក​មរមន​ទាំងអស់​ត្រូវ​តែ​សម្លាប់​ចោល ឬ​បណ្ដេញ​ចេញ​ពី​រដ្ឋ ។ សេចក្ដីថ្លែង​ការណ៍​ដែល​អ្នក​នឹក​ស្រមៃ​ថា​បាន​បិទ​នៅ​ទ្វារ​របស់​អ្នក​គឺជា​ពាក្យ​ដកស្រង់​ចេញ​ពី​ដីកា​ការ​សម្លាប់​គ្មាន​សល់​នោះ (សូមមើល History of the Church ៣:១៧៥) ។

សូម​ចងចាំ​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-២៣ មាន​នូវ​ផ្នែក​នៃ​សំបុត្រ​ដ៏​បំផុស​គំនិត​ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​នៅ​ក្នុង​គុកលិបើធី​ទៅ​កាន់​ពួក​បរិសុទ្ធ ចុះ​ខែ មិនា ឆ្នាំ ១៨៣៩ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១–១៧ដោយ​ស្វែង​រក​អ្វី​ដែល​ព្យាការី​រៀន​ពី​ព្រះអម្ចាស់​ទាក់​ទង​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​បាន​ចោទប្រកាន់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​អំពី​អំពើ​រំលង ។

ប្រយោគ​ដែល​ថា « សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​នឹ​ត្រូវ​បាន​បែក​ខ្ទេច​ខ្ទី ហើយ​សេចក្ដី​ប្រាថ្នា​របស់​ពួក​គេ​នឹង​ត្រូវ​បាន​រលាយ​បាត់​ទៅ » ( គ. និង ស. ១២១:១១ ) គូស​បញ្ជាក់​ថា ពួក​អ្នក​ដែល​ច្បាំង​ទាស់​នឹង​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នៅ​ទីបំផុត​នឹង​បរាជ័យ​នៅ​ក្នុង​ការគ្រោងទុក​របស់​ពួកគេ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១៨–២២ដោយ​ស្វែងរក​លទ្ធផល​បន្ថែម​ទៀត​ដែល​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​ចោទប្រកាន់​ខុស​ឆ្គង ហើយ​ច្បាំង​ទាស់​នឹង​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ ( នៅ​ក្នុង ខ ១៩ប្រយោគ​ដែល​ថា « បាន​កាត់​ចេញ​ពី​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណាក់ [ របស់​ព្រះអម្ចាស់ ] »​គឺ​មាន​ន័យ​ថា ការ​បាត់​បង់ ឬ​ផ្ដាច់​ចេញ​ពី​ពរជ័យ​ដែល​ទាក់ទង​ជាមួយ​នឹង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ក្នុង ខ ១៣ និង ១៧ហេតុផល​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​បាន​ចោទប្រកាន់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើបាប ?

    2. ស្របតាម ខ ១៩-២២តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ចំពោះ​ការ​និយាយ​ខុស​ឆ្គង​ទាស់​នឹង​ពួក​អ្នក​បម្រើ​របស់​ព្រះ ?

សេចក្ដីថ្លែង​ការណ៍​ខុស​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សាសនាចក្រ​ដែល​ក្បត់​សាសនា និង​មនុស្ស​ដទៃទៀត រួម​ផ្សំ​នឹង​ដីកា​ការ​សម្លាប់​គ្មាន​សល់​របស់​អភិបាល​រូបនោះ បាន​ធ្វើ​ឲ្យ​ពួក​មនុស្ស​កំណាច​បង្កើន​ការ​បៀត​បៀន​របស់​ពួកគេ​ទៅ​លើ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ។

រូបភាព
ទិដ្ឋភាព​មនុស្សកំណាច

ពួក​មនុស្ស​កំណាច​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​សមាជិក​សាសនាចក្រ​នៅ​រដ្ឋ​មិសសួរី ។

នៅ​ពេល​អ្នក​អាន​រឿង​ដូច​តទៅ​នេះ សូម​គូស​ចំណាំ​នូវ​គំរូ​មួយ​ចំនួន​ស្ដីពី​របៀប​ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​រង​នូវ​អំពើ​អយុត្តិធម៌ ៖

នៅ​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ១៨៣៨ គឺ​បី​ថ្ងៃ​បន្ទាប់​ការ​ចេញ​ដីកា​ការ​សម្លាប់​គ្មាន​សល់​នោះ​មក មាន​បុរស​ប្រមាណ​ជា ២៤០ នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​តាំងលំនៅ​មួយ​របស់​ពួក​មរមន​នៅ​ត្រង់​កន្លែង​ដែល​ហៅ​ថា ហនស៍ មិល (ឬ​ហោនស៍ មិល) ។ ពួក​ស្ត្រី និង ពួក​ក្មេងៗ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ ខណៈ​ដែល​បុរសៗ​ខំ​ការពារ​នៅ​ហាង​ជាង​ដែក ។ ថ្នាក់ដឹកនាំ​ម្នាក់​របស់​ពួក​បរិសុទ្ធ គឺ​ដេវីឌ អេវ៉ានស៍ បាន​គ្រវី​មួក​របស់​គាត់ ហើយ​ស្រែក​សុំ​សន្តិភាព ។ សំឡេង​កាំភ្លើង​រាប់រយ​បាន​ឆ្លើយ​តប​នឹង​ការ​សុំ​របស់​គាត់ ភាគច្រើន​បាញ់​តម្រង់​ទៅ​ហាង​ជាង​ដែក​នោះ ។ ពួក​មនុស្ស​កំណាច​នោះ​បាន​លើក​កាំភ្លើង​បាញ់​ដោយ​គ្មាន​ក្ដី​មេត្តា​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​ពួកគេ​ឃើញ រួម​ទាំង​ស្ត្រី បុរស​ចំណាស់ និង​កុមារ​ផង​ដែរ ។ អាមេនដា ស្ម៊ីធ បាន​ឆក់​កូន​ស្រី​តូច​ពីរ​នាក់​របស់​ខ្លួន ហើយ​បាន​រត់​ទៅ​ជាមួយ​ម៉ារី ស្តេដវេល កាត់​ទឹក​តាម​ផ្លូវ​ដើរ ។ អាមេនដា បាន​នៅ​ចាំ​ថា « ប៉ុន្តែ​ទោះ​ជា​យើង​ជា​មនុស្ស​ស្រី​ដែល​មាន​កូន​តូចៗ ដែល​ខំ​រត់​គេច​ឲ្យ​រួច​ជីវិត​ក្ដី ក៏​ពួក​មនុស្ស​កំណាច​ទាំងនោះ​តាម​សម្លាប់​យើង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដែរ » (នៅ​ក្នុង Andrew Jenson « Amanda Smith » The Historical Record ខែ​កក្កដា ឆ្នាំ ១៨៨៦ ទំព័រ ៨៤) ។

ក្រុម​មនុស្ស​កំណាច​បាន​ចូល​ក្នុង​ហាង​ជាង​ដែក​នោះ ហើយ​បាន​រក​ឃើញ​ក្មេង​ប្រុស​ម្នាក់​អាយុ ១០ ឆ្នាំ ឈ្មោះ សាដាស់ ស្ម៊ីធ ជា​កូន​ប្រុស​របស់​អាមេនដា ស្ម៊ីធ ហើយ​បាន​សម្លាប់​វា កាល​វា​កំពុង​លាក់​ខ្លួន​នៅ​ក្រោម​ស្នប់​របស់​ជាង​ដែក ។ ក្រោយ​មក​បុរស​នោះ​បាន​ពន្យល់​ថា « [កូន​ចៃ] នឹង​ក្លាយ​ជា​ចៃ ហើយ​ប្រសិន​បើ​វា​នៅ​រស់​វា​នឹង​ក្លាយ​ជា​ពួក​មរមន » ( នៅ​ក្នុង Jenson « Haun’s Mill Massacre » Historical Record ខែ ធ្នូ ឆ្នាំ ១៨៨៨ ទំព័រ ៦៧៣, សូមមើល​ផង​ដែរ B. H. Roberts, A Comprehensive History of the Church, ១:៤៨២) ។ អាលម៉ា ស្ម៊ីធ ជា​ប្អូន​ប្រុស​របស់​សាដាស់ អាយុប្រាំពីរ​ឆ្នាំ បាន​ឃើញ​ការ​ស្លាប់​របស់​ឪពុក និង បងប្រុស​ខ្លួន ហើយ​ត្រូវ​គេ​បាញ់​ចំ​ត្រគាក ។ ក្រុម​មនុស្ស​កំណាច​រក​វា​មិន​ឃើញ​ឡើយ ហើយ​ក្រោយ​មក​ត្រូវ​បាន​ជា​សះស្បើយ​យ៉ាង​អព្ភូតហេតុ​តាមរយៈ​ការ​អធិស្ឋាន និង សេចក្ដី​ជំនឿ ។ ទោះ​បី​ជា​មាន​បុរស​ពីរ​បី​នាក់​នៅ​ជាមួយ​នឹង​ពួក​ស្ត្រី និង​ក្មេងៗ​រត់​គេច​ខ្លួន​ឆ្លងកាត់​ទន្លេ​ចូល​ទៅ​ជ្រលង​ភ្នំ​ក្ដី ក៏​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១៧ នាក់​ត្រូវ​បាន​គេ​សម្លាប់ ហើយ​ប្រហែល​ជា ១៣ នាក់​ត្រូវ​រង​របួស ។ ( សូមមើល Church History in the Fulness of Times Student Manual ការ​បោះពុម្ព​លើក​ទី​២ [ Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ២០១, ២០៣–៤; សូមមើល​ផង​ដែរ History of the Church៣:១៨៣–៨៦ ) ។

គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម​មនុស្ស​កំណាច​ឃោរឃៅ​ទាំងនេះ​ត្រូវ​បាន​ទៅ​តុលាការ​រដ្ឋ​មិសសួរី ឬ​រដ្ឋ​អំណាច​ដើម្បី​កាត់​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ​ឡើយ ។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ប្រសិន​បើ​អ្នក​ជួប​នឹង​ភាព​សាហាវ​ឃោរឃៅ​ទាំង​នេះ ? តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ដែរ នៅ​ពេល​អ្នក​បាន​ដឹង​ថា ពួក​អ្នក​ដែល​វាយ​ប្រហារ​មក​លើ​អ្នក​នឹង​មិន​បាន​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៣–២៥​ដោយ​ស្វែង​រក​ប្រយោគ​ដែល​គូស​បញ្ជាក់​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​មារសត្រូវ​របស់​ពួក​បរិសុទ្ធ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ ។ ( យើង​មិន​ដឹង​ពី​ពេលវេលា​ដែល​ការ​កាត់​សេចក្ដី​នេះ​នឹង​កើត​មាន​ចំពោះ​ពួក​មារសត្រូវ​របស់​ពួក​បរិសុទ្ធ​ឡើយ ។ ផល​ខ្លះ​អាច​នឹង​មិន​កើត​ឡើង​ក្នុង​ជីវិត​នេះ ប៉ុន្តែ​រហូត​ដល់​ជីវិត​ក្រោយ ) ។

សូម​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​អំពី​សេចក្ដី​ពិត​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខ ២៤-២៥ ។

  • ព្រះ​អម្ចាស់ និង រាល់​កិច្ចការ​របស់​យើង ។

  • ពួក​អ្នក​ដែល​ប្រឆាំង​ទាស់​នឹង​ព្រះអម្ចាស់ និង រាស្ត្រ​របស់​ទ្រង់​នឹង​ទទួល​បាន នៅ​ពេល​កំណត់​របស់​ទ្រង់ ។

  1. សូម​គិត​ពី​ពេល​ដែល​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ធ្វើ​ខុស ហើយ​ខំ​គេច​ពី​ផលកម្ម ។ នៅ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​គោលការណ៍​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៤–២៥ ទាក់​ទង​នឹង​ស្ថានភាព​សព្វថ្ងៃ​បែប​ណា​ខ្លះ នៅ​ពេល​មនុស្ស​ហាក់​ដូចជា​រត់​គេច​ពី​លទ្ធផល​នៃ​កំហុស​របស់​ពួកគេ​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៦-៣៣

ព្រះ​សន្យា​នឹង​បើក​សម្ដែង​សេចក្ដី​ពិត​ដ៏​អស់​កល្ប​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

រូបភាព
ទិដ្ឋភាព​ខាង​ក្នុង​នៃ​គុក​លិបើធី

ជាន់​ខាង​ក្រោយ​នៃ​គុក​លិបើធី

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៦ដោយ​រក​មើល​សេចក្ដី​ពិត​មួយ​ដែល​ព្យាការី​យ៉ូសែប​ស្ម៊ីធ បាន​កត់​ត្រា កាល​លោក​ជាប់​ឃុំ​នៅ​ក្នុង​គុក​លិបើធី ។

សូម​ប្រើ​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង ខ ២៦ ដើម្បី​បំពេញ​ឃ្លា​ដូចតទៅ​នេះ ៖ ព្រះ​នឹង តាម រយៈ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

នៅ​ពេល​អ្នក​ពិចារណា​ពី​របៀប​ដែល​សេចក្ដី​ពិត​នេះ​អាច​មាន​ទំនាក់ទំនង​នឹង​អ្នក នៅ​ពេល​អ្នក​ជួប​ការ​លំបាក​នានា សូម​សញ្ជឹង​គិត​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ៖ « អ្នក​អាច​មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ​អស្ចារ្យ និង​ប្រកប​ដោយ​វិវរណៈ​ជាមួយ​នឹង​ព្រះអម្ចាស់ នៅ​ក្នុង​បទពិសោធន៍​ដ៏​ជូរចត់​បំផុត​នៃ​ជីវិត​របស់​អ្នក—នៅ​ក្នុង​បរិយាកាស​ដ៏​អាក្រក់​បំផុត កាល​កំពុង​ស៊ូទ្រាំ​នឹង​ភាព​អយុត្តិធម៌​ដ៏​ឈឺចាប់​បំផុត ពេល​កំពុង​ជួប​នឹង​ភាព​មិន​ទៀងទាត់ និង​សេចក្ដី​ទំនាស់​ដែល​ពិបាក​ពុះពារ​បំផុត​ដែល​ធ្លាប់​ជួប » ( « Lessons from Liberty Jail » [ Brigham Young University fireside ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០០៨ ] ទំព័រ ៤, speeches.byu.edu) ។

ដំណើរ​រឿង​តទៅ​នេះ​របស់​លូស៊ី ម៉ាក ស្ម៊ីធ ផ្ដល់​នូវ​គំរូ​មួយ​អំពី​របៀប​ដែល​ព្រះ​អាច​បើក​សម្ដែង​ចំណេះដឹង​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ពេល​អ្នក​អាន​ដំណើរ​រឿង​នេះ សូម​កត់​សម្គាល់​ពី​របៀប​ដែល​ចំណេះដឹង​ដែល​គាត់​បាន​ទទួល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​លួង​លោម​គាត់​អំពី​ការ​ជាប់​ឃុំឃាំង​នៃ​កូន​ប្រុស​របស់​គាត់​ក្នុង​គុក​លិបើធី បន្ទាប់​ពី​យ៉ូសែប ហៃរុម​ត្រូវ​បាន​ចាប់​ខ្លួន​ជា​អ្នក​ទោស ហើយ​គំរាម​សម្លាប់ ។

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« ផ្ទះ​របស់​យើង​បាន​ពោរពេញ​ដោយ​ការ​កាន់​ទុក្ខ ការ​ទួញ​យំ និង សេចក្ដី​វេទនា​អស់​មួយ​រយៈ​ពេល ប៉ុន្តែនៅ​កណ្ដាល​នៃ​ទុក្ខព្រួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រកឃើញ​ការ​លួងលោម​ចិត្ត​ដែល​លើស​លុប​ជាង​ការ​លួងលោម​ខាង​លោកិយ​ទាំងអស់​ទៅ​ទៀត ។ ខ្ញុំ​បាន​ពោរ​ពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ហើយ​បាន​ទទួល​ចំណេះដឹង​ដូចតទៅ​នេះ​តាមរយៈ​អំណោយទាន​នៃ​ការ​ព្យាករ ៖ ‹ ចូរ​ឲ្យ​ដួង​ចិត្ត​អ្នក​ទទួល​បាន​ការ​លួង​លោម​ទាក់ទង​នឹង​រឿង​កូនៗ​របស់​អ្នក មារសត្រូវ​របស់​ពួកគេ​នឹង​មិន​បៀតបៀន​ពួកគេ​ឡើយ… ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ធូរស្បើយ ហើយ​ខ្ញុំ​រៀបចំ​ខ្លួន​ជួប​នឹង​កូនៗ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​បាន​បើក​សម្ដែង​មក​ខ្ញុំ ដែល​វា​បាន​លួង​លោម​ចិត្ត​ពួកគេ​យ៉ាង​មហិមា » ( History of Joseph Smith by His Motherកែសម្រួល​ដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ២៩១ ) ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការ​ទទួល​បាន​ចំណេះដឹង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក នៅ​ពេល​អ្នក​ជួប​រឿង​លំបាកៗ​បាន​ដោយ​របៀប​ណា ?

    2. តើ​អ្នក​ធ្លាប់​ទទួល​បាន​ចំណេះដឹង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​គ្រាលំបាក​នៅ​ពេល​ណា​ដែរ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៦–៣៣ព្រះអម្ចាស់​បាន​សន្យា​នឹង​បើក​សម្ដែង​ចំណេះដឹង​ដែល « ពុំ​ទាន់​បាន​បើក​សម្ដែង​ប្រាប់​ចាប់​តាំង​ពី​កំណើត​លោកិយ » ( គ. និង ស. ១២១:២៦ ) និង​ប្រទាន​ពរជ័យ​ដ៏​រុងរឿង​ដល់​អស់​អ្នក​ដែល « ស៊ូទ្រាំ​ដោយ​ក្លាហាន​ដើម្បី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( គ. និង ស. ១២១:២៩ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៣ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ការ​ប្រៀបធៀប​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​យល់ដឹង​ថា ព្រះអម្ចាស់​មាន​មហិទ្ធិឫទ្ធិ​ជាងអស់​អ្នក​កំពុង​បៀតបៀន​ពួក​បរិសុទ្ធ និង​កំពុង​ចង់​បញ្ឈប់​កិច្ចការ​របស់​ព្រះ ។

សូម​អាន ខ​ទី ៣៣ដោយ​ស្វែង​រក​ការ​ប្រៀបធៀប​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ ដើម្បី​ចង្អុល​បង្ហាញ​ពី​ព្រះចេស្ដា​នៃ​ព្រះ ។ ទន្លេ​មិសសួរី​គឺជា​ទន្លេ​មួយ​ដ៏​ធំ​ល្វឹងល្វើយ​ដែល​ពួក​បរិសុទ្ធ​កាល​សម័យ​មុន​បាន​រស់នៅ​ក្បែរ​នោះ ហើយ​ស្គាល់ ។

រូបភាព
ទន្លេ មិសសួរី

ទន្លេ មិសសួរី

តើ​វា​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា ដែល​មនុស្ស​ម្នាក់​នឹង​បញ្ឈប់​ទិសដៅ​ចរន្ត​ទឹក​ហូរ​នៃ​ទន្លេ​មួយ​ដ៏​ធំ​ល្វឹងល្វើយ​ដោយ​ប្រើ​តែ​ដៃ​ម្ខាង​នោះ ? តើ​អ្នក​គិត​ថា​ព្រះអម្ចាស់​កំពុង​បង្រៀន​អ្វី​ខ្លះ​ដល់​ព្យាការី​អំពី​វិវរណៈ​ដែល​ទ្រង់​នឹង​បើក​សម្ដែង ?

គោលលទ្ធិ​មួយ​ដែល​យើង​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៣ គឺ​ថា គ្មាន​អ្វី​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះអម្ចាស់​មិន​ឲ្យ​ឆ្ពោះ​ទៅ​មុខ​បាន​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​មាន​អារម្មណ៍​បែបណា ដោយ​ដឹង​ថា​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​បន្ត​មិន​ថា​មាន​សេចក្ដី​ទំនាស់​បែបណា​នោះ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១-៣៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖