ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១២-២៥


មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១២-២៥

សេចក្តីផ្តើម

មេរៀន​នេះ​មាន​នូវ​ផ្នែក​ទាំងអស់​នៃ​សំបុត្រ​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ដើម​ខែ កញ្ញា ឆ្នាំ ១៨៤២ ។ នៅក្នុង​ផ្នែក​នៃ​សំបុត្រ​នេះ ព្យាការី​បង្រៀន​អំពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​នៅរស់ និង មរណជន ។ លោក​ក៏​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ស្មោះត្រង់​ចំពោះ​កិច្ចការ​របស់​ខ្លួន​សម្រាប់​មរណជន ហើយ​បង្ហាញ​សេចក្តី​អំណរ​របស់​លោក​នៅក្នុង​ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​ផង​ដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១២-១៨

យ៉ូសែប ស៊្មីធ បង្រៀន​អំពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​នៅរស់ និង មរណជន ។

រូបភាព
អាង​ជ្រមុជ​ទឹក​ព្រះវិហារ​បរិសុទ្ធ

សូម​នឹក​ស្រមៃ​ថា​អ្នក​កំពុង​ចូលរួម​ការសម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​មិត្ត​ម្នាក់​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ។ នៅ​ពេល​អ្នក​ដើរ​កាត់​កន្លែង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក មិត្ត​របស់​អ្នក​បាន​សួរ​ថា « ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​ស្លាប់ ? » មិត្ត​របស់​អ្នក​សួរ​ទៀត​ថា « តើ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​នេះ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ​ឬទេ ? »

នៅ​ពេល​អ្នក​សិក្សា​មេរៀន​សម្រាប់​ថ្ងៃ​នេះ អ្នក​នឹង​រកឃើញ​គោលការណ៍​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​ទាំងនេះ ។

អ្នក​អាច​នឹក​ចាំ​ពី​មេរៀន​មុនៗ​ថា នៅ​ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៤២ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​លាក់​ខ្លួន​ពី​ក្រុម​មនុស្ស​ដែល​តាម​ចាប់​ខ្លួន​លោក​ដោយ​ខុស​ច្បាប់ ។ កាល​កំពុង​លាក់​ខ្លួន​នោះ លោក​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​ពួក​បរិសុទ្ធ ។ នៅក្នុង​សំបុត្រ​នោះ លោក​បាន​បង្រៀន​ពួកគេ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១២-១៣ ដោយ​ស្វែងរក​អ្វី ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន អំពី​និមិត្តរូប​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពាក្យ​ពីរបី​បន្ទាត់​ដោយ​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ការ​បង្រៀន​នៅ​ក្នុង ខ ១២–១៣ ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​យល់​ពី​ហេតុផល​ដែល​ពិធី​បុណ្យ​ជ្រមុជទឹក​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​ទឹក ។

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៤ សូម​កត់​ចំណាំ​ពី​របៀប​ដែល យ៉ូសែប ស្ម៊ីធ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​រក្សា​កំណត់ត្រា​ដែល​អាច​ទទួល​យក​បាន​នៅ​ចំពោះ​ព្រះអម្ចាស់​ទាក់​ទិន​នឹង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​ស្លាប់ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៥ ដោយ​រក​មើល​ហេតុផល​ដែល​យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។

នៅ​ក្នុង ខ​ទី ១៥ ឃ្លា​ថា « ពួកគេ​ក៏​មិនអាច​បាន​ល្អ​ឥតខ្ចោះ ក្រៅ​ពី​យើង​ដែរ »​មាន​ន័យ​ថា ដូនតា​របស់​យើង​ដែល​បាន​ចែកឋាន​ដោយ​គ្មាន​ដំណឹងល្អ​ពុំ​អាច​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ​រហូត​ដល់​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​ដំណឹងល្អ​ត្រូវ​បាន​ធ្វើ​ឡើង​ជំនួស​ឲ្យ​ពួកគេ ។

សូម​អាន​ព័ត៌មាន​ខាង​ក្រោម​នេះ ដោយ​គូស​ចំណាំ​លើ​ឃ្លា​ដែល​គូស​បញ្ជាក់​ពី​របៀប​ដែល​អ្នក​អាច​ជួយ​ពួក​ជីដូនជីតា​របស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ​ដោយ​ពុំ​បាន​ទទួល​ដំណឹងល្អ ។

« ជីដូនជីតា​ដែល​ស្លាប់​របស់​អ្នក​រស់នៅ​កន្លែង​មួយ​ដែល​ហៅ​ថា ពិភពវិញ្ញាណ ។ នៅទីនោះ​ពួកគេ​មាន​ឱកាស​ដើម្បី​ស្តាប់ និង ទទួល​យក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​មិន​អាច​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​សម្រាប់​ខ្លួន​ពួកគេ​ឡើយ ហើយ​ពួកគេ​ពុំ​អាច​រីកចម្រើន​ឡើង​លើកលែង​តែ​មាន​មនុស្ស​ដទៃ​ទៀត​ផ្តល់​ពិធី​បរិសុទ្ធ​ទាំង​នេះ​សម្រាប់​ពួកគេ ។

« ឯកសិទ្ធិ និង ទំនួល​ខុសត្រូវ​របស់​អ្នក​គឺ​ត្រូវ​ផ្តល់​អំណោយ​នេះ​ដល់​ពួកគេ​ដោយ​ការ​ស្វែងរក​ពួកគេ ហើយ​ធានា​ថា​ពិធី​បរិសុទ្ធ​ទាំង​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជំនួស​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក ពួកគេ​អាច​ជ្រើសរើស​ថា​ព្រមទទួល​យក​កិច្ចការ​ដែល​បាន​ធ្វើ​នេះ​ឬ​ក៏ អត់ » ( Member’s Guide to Temple and Family History Work [ ឆ្នាំ ២០០៩ ] ទំព័រ ២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ជីដូនជីតា​របស់​អ្នក​អាច​មាន​អារម្មណ៍​មក​លើ​អ្នក​យ៉ាង​ណា​ដែរ នៅ​ពេល​អ្នក​បាន​ជ្រមុជទឹក​ជំនួស​ពួកគាត់​នោះ ? ប្រសិន​បើ​អ្នក​មាន​ឱកាស​ចូល​រួម​នៅ​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ក៏​សូម​សរសេរ​ផង​ដែរ​អំពី​អារម្មណ៍​ដែល​មាន​អ្នក​មាន​អំឡុង​ពេល​ធ្វើ​ពិធី​នោះ ។

សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៥ ឡើង​វិញ ដោយ​រក​មើល​ហេតុផល​មួយ​ទៀត​ដែល​យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។ យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន សូម​បំពេញ​គោលលទ្ធិ​ដូច​តទៅ ៖ សេចក្តីសង្គ្រោះ​របស់​ជីដូនជីតា​យើង​ដែល​បាន​ចែកឋាន​ទៅ​គឺ ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ។

នៅ​ពេល​អ្នក​បន្ត​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ សូម​ពិចារណា​ពី​ហេតុផល​ដែល​ការ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ឲ្យ​ជីដូនជីតា​របស់​យើង​ដែល​បាន​ចែកឋាន​ទៅ​គឺជា​រឿង​ដ៏​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៦–១៧ ដោយ​រក​មើល​ការ​បង្រៀន​មក​ពី​សាវក​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ហេតុអ្វី​បាន​ជា​ការ​ដឹង​ថា ព្រះគម្ពីរ​មាន​បញ្ចូល​នូវ​ការ​បង្រៀន​អំពី​កិច្ចការ​ជំនួស​ឲ្យ​អ្នក​ស្លាប់​ជា​រឿង​ដ៏​មាន​ប្រយោជន៍ ?

តើ​អ្នក​ធ្លាប់​មើល​ច្រវ៉ាក់​ដែក​ឲ្យ​ជិត​នឹង​ភ្នែក​ដែរ​ឬទេ ? ដើម្បី​ធ្វើ​ច្រវ៉ាក់​មួយ​ដ៏​រឹង​មាំ​តំណ​នីមួយៗ​ត្រូវ​បាន​ភ្ជាប់​គ្នា​ដោយ​គ្មាន​មុខ​តំណ​បន្ទាប់​ពី​បាន​ភ្ជាប់​នឹង​តំណ​មួយ​ទៀត ។

រូបភាព
តំណ​ច្រវ៉ាក់

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៨ ដោយ​រកមើល​របៀប​ដែល​តំណ​នៃ​ច្រវ៉ាក់​មួយ​ទាក់ទង​នឹង​ការបង្រៀន​របស់​ព្យការី យ៉ូសែប ស្ម៊ីធ អំពី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។ ( សូម​ចងចាំ​ថា គ្រា​កាន់​កាប់​ត្រួតត្រា មួយ​គឺ​ជា​ពេល​ដែល​ព្រះអម្ចាស់​បើក​សម្ដែង​គោលលទ្ធិ ពិធីបរិសុទ្ធ និង បព្វជិតភាព​របស់​ទ្រង់ [ សូមមើល Bible Dictionary « Dispensations »] ។ នៅ​ក្នុង​ខ​គម្ពីរ​នេះ​ពាក្យ​ថា កូនៗ សំដៅ​លើ​ពួក​យើង ហើយ​ពាក្យ​ថា ឪពុក សំដៅ​លើ​ជីដូនជីតា​របស់​យើង ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលលទ្ធិ​ដូច​តទៅ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខ ១៨ ៖ ពិធីបុណជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ជួយ​ត​ភ្ជាប់​យើង​ទៅ​នឹង​ជីដូនជីតា​យើង​សម្រាប់​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

ក្រៅពី​បុណ្យ​ជ្រមុជទឹក ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​ផ្សេង​ទៀត—ពិធីបញ្ជាក់ ការតែងតាំង​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) ពិធីអំណោយទានពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់—ក៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​តំណ​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ជីដូនជីតា​របស់​យើង និង ខ្លួន​យើង​បាន​រឹងមាំ​ផងដែរ ។

ដើម្បី​បង្កើន​ការ​យល់ដឹង​របស់​អ្នក​អំពី​សេចក្ដី​ពិត​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ សូម​សិក្សា​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​មក​ពី​ប្រធាន​យ៉ូសែប ហ្វីលឌីង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« សមាជិក​សាសនាចក្រ​មួយ​ចំនួន​ធ្លាប់​ងឿង​ឆ្ងល់​ពី​អត្ថន័យ​នៃ​ប្រសាសន៍​របស់​ព្យាការី​ដែល​ថ្លែង​ថា យើង​ពុំ​អាច​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​ជីដូនជី​តា​របស់​យើង​បានឡើយ ។ តើ​មនុស្ស​ម្នាក់​ដែល​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ជា​អ្នក​ដែល​ស្មោះត្រង់ ហើយ​មាន​ភក្ដីភាព​នឹង​មិន​ទទួល​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ទេឬ ? ពិត​ណាស់ គាត់​ត្រូវ​ផ្ដល់ឯកសិទ្ធិ​ដូចគ្នា​ទៅ​ដល់​ជីដូន​ជី​តា​របស់​គាត់​ដែល​បាន​ចែកឋាន​ទៅ​ដោយសារ​ត្រូវ​តែ​មាន​អង្គការ​គ្រួសារ​មួយ ជា​អង្គភាព​ក្រុមគ្រួសារ​មួយ ហើយ​ជំនាន់​នីមួយៗ​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយ​នឹង​ច្រវ៉ាក់​ដែល​បាន​ទៅមុន ដើម្បី​នាំ​នូវ​ភាព​ល្អឥតខ្ចោះ​នៅក្នុង​អង្គភាព​គ្រួសារ ។ ដូច្នេះ​នៅទីបំផុត យើង​នឹង​ក្លាយ​ជា​គ្រួសារ​ដ៏​ធំ​មួយ​ជាមួយ​នឹង​អ័ដាម ដែល​ជា​មេ មៃឃើល មេទ័ពពួកទេវតា ធ្វើជា​អធិបតី​លើ​ពូជពង្ស​របស់​លោក » ( Doctrines of Salvation,comp ។ Bruce R. McConkie, 3 vols. [១៩៥៤–៥៦] ២:១៧៥ ) ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៨ ហេតុ​អ្វី​បាន​ជា​ការ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​តំណ​មនុស្ស​ដែល​បាន​តភា្ជប់​គ្នា ឬ​បាន​ផ្សារភ្ជាប់​នឹង​គ្នា​មាន​សារៈសំខាន់ ?

សេចក្ដីថ្លែង​ការណ៍​ដូច​តទៅ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​បណ្ដាសារ​អ្វី​ដែល​នៅ​ក្នុង ខ ១៨ សំដៅ​ទៅ​លើ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ បាន​ថ្លែង ៖​« បើសិន​គ្មាន​តំណភ្ជាប់​គ្នា​រវាង​ពួកឪពុក និង​កូនៗ—ដែល​ជា​កិច្ចការ​សម្រាប់​មនុស្ស​ស្លាប់​ទេ—នោះ​យើង​ទាំងអស់​គ្នា​នឹង​ត្រូវកំទេច​ចោល ហើយ​កិច្ចការ​របស់​ព្រះ​ទាំង​មូល​នឹង​បរាជ័យ និង ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង » (Doctrines of Salvation២:១២២ ) ។

រូបភាព
អែលឌើរ អិល ថម ភែរី

អែលឌើរ​អិល ថម ភែរី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន ៖ « គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺជា​កត្តា​ដ៏សំខាន់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ វា​គ្មាន​ហេតុផល​ដែល​ទ្រង់​ត្រូវ​ត្រឡប់​មក​ផែនដី​វិញ​ដើម្បី​ដឹកនាំ ហើយ​គ្រងរាជ​នៅ​លើ​នគរ​ទ្រង់​ឡើយ លើកលែង​តែ​ក្រុម​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ត្រូវ​បាន​ស្ថាបនា​ឡើង​សម្រាប់​កូន​ចៅ​របស់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ នៅ​ពេល​យើង​យល់​ពី​តួនាទី​ដ៏​អស់​កល្ប​ជានិច្ច​របស់​គ្រួសារ នោះ​ការ​ចិញ្ចឹមបីបាច់ និង ការ​បង្កើត​ចំណង​ក្រុម​គ្រួសារ​ដ៏​រឹងមាំ​គឺជា​រឿង​ដ៏​សំខាន់​បំផុត » ( « Youth of the Noble Birthright » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ ហេតុ​អ្វី​កិច្ចការ​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៩-២៥

យ៉ូសែប ស៊្មីធ បង្ហាញ​ពី​សេចក្តី​អំណរ​នៅក្នុង​ស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ហើយ​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ស្មោះត្រង់ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​មរណជន

សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​មាន​ភាព​រីករាយ​ដោយ​បាន​ឮ​ដំណឹង​ដ៏​ល្អ ។ នៅ​ពេល​អ្នក​បាន​ឮ​ពី​រឿង​នេះ តើ​អ្នក​ចង់​ចែកចាយ​វា​នឹង​អ្នក​ដទៃ​ដែរ​ឬទេ ? ហេតុអ្វី ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៩ ។ ពាក្យ ដំណឹងល្អ នៅ​ក្នុង​ខ​នេះ​គឺជា​ពាក្យ​មួយ​ទៀត​សម្រាប់ ដំណឹង ។ សូម​រក​មើល​ដំណឹងល្អ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ថា យើង​នឹង​បាន​ទទួល ។

តើដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សំឡេង​រីករាយ​សម្រាប់​ទាំង​អ្នក​រស់ និង មរណជន​យ៉ាង​ដូចម្តេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:២០–២១ យើង​អាន​អំពី​បទពិសោធន៍​មួយ​ចំនួន​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ មាន​ជាមួយ​នឹង​សារទូត​សួគ៌ា នៅ​ពេល​ដំណឹងល្អ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ​លោក ។

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា កូនសោ អំណាច និង សិទ្ធិអំណាច​នៃ​គ្រា​កាន់​កាប់​ត្រួតត្រា​កាល​ពី​មុន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​កំណត់​កាល​ដ៏​ពោរពេញ ។ សូម​ពិចារណា​អំពី​ការសរសេរ​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

ប្រធាន យ៉ូហាន ថេលើរ បាន​មាន​ប្រសាសន៍ ៖ « បើសិន​អ្នក​សួរ​យ៉ូសែប​ពី​លក្ខណៈ​របស់​អ័ដាម នោះ​លោក​នឹង​ប្រាប់​អ្នក​ភ្លាម លោក​នឹង​ប្រាប់​អ្នក​ពី​ទំហំ និង រូបរាង ព្រមទាំង​អ្វីៗ​ទាំងអស់​ពី​អ័ដាម ។ អ្នក​អាច​សួរ​លោក​ពី​លក្ខណៈ​របស់ ពេត្រុស យ៉ាកុប និង យ៉ូហាន នោះ​លោក​អាច​ប្រាប់​អ្នក​បាន​ទាំងអស់ ។ ហេតុអ្វី ? ដោយ​សារ​លោក​បាន​ឃើញ​ពួកគេ » ( នៅ​ក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១០៣) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការ​ដឹង​ថា​ដំណឹងល្អ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​លើ​ផែនដី​តាមរយៈ​ពួក​សារទូត​សួគ៌ា ជះឥទ្ធិពល​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក និងទីបន្ទាល់​របស់​អ្នក​អំពី​ការ​ស្ដារ​ឡើង​វិញ​យ៉ាង​ណា​ដែរ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២២-២៣ មាន​ការបង្ហាញ​ពី​សេចក្តី​អំណរ​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​ដោយសារ​កូនសោ​នៃ​បព្វជិតភាព​ត្រូវបាន​ស្តារ​ឡើង​វិញ ហើយ​ដោយសារ​ពួកបរិសុទ្ធ​អាច​ជួយ​សង្គ្រោះ​ដល់​មរណជន ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ អ្នក​គួរ​គូស​ចំណាំ​ឃ្លាទាំងឡាយ​ដែល​មាន​ន័យ​ចំពោះ​អ្នក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:២៤ ដោយ​រក​មើល​ការ​បូជា​មួយ​ដែល​ព្យាការី​បាន​ណែនាំ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ថ្វាយ​ដល់​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រួមចំណែក​នៅក្នុង « បញ្ជី » នេះ ?

សូម​ពិចារណា​ពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ហើយ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​យើង នោះ​យើង​ធ្វើ​ការថ្វាយ​ដង្វាយ​ដោយ​សុច្ចរិត​ដល់​ព្រះអម្ចាស់​ហើយ ។ នៅ​ពេល​អ្នក​គិត​អំពី​សេចក្ដី​ពិត​នេះ សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូចតទៅ ដែល​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ ពួក​សាវក​ដប់​ពីរនាក់​បាន​រៀបរាប់​ពី​តួនាទី​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​មរណជន ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« មាន​អ្នករាល់គ្នា​ជាច្រើន​ប្រហែល​ជា​គិត​ថា​កិច្ចការ​ពង្សប្រវត្តិ​គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ពួក​មនុស្ស​វ័យ​ចំណាស់ ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​គ្មាន​ការ​កំណត់​អាយុ​ណា​មួយ​បាន​រៀបរាប់​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​សេចក្ដី​ណែនាំ​ណា​មួយ​ដែល​បាន​ប្រកាស​ដោយ​ពួក​អ្នកដឹកនាំ​សាសនាចក្រ​ដោយ​បាន​ដាក់​កំហិត​នូវ​ការ​បម្រើ​ដល់​សំខាន់​នេះ​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ឡើយ ។ អ្នក​គឺជា​បុត្រាបុត្រី​នៃ​ព្រះ ជា​កូនចៅ​នៃ​សេចក្ដី​សញ្ញា និង​ជា​អ្នក​ស្ថាបនា​នគរ ។ អ្នក​ពុំ​ត្រូវ​ចាំ​រហូត​អ្នក​មាន​អាយុ​គ្រប់គ្រាន់​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​របស់​អ្នក​ក្នុងការ​ជួយ​ដល់​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​គ្រួសារ​មនុស្ស​ឡើយ ។…

« វា​មិន​មែន​ជា​ការចៃដន្យ​ទេ ដែល​កម្មវិធី​ស្រាវជ្រាវ​ពង្សប្រវត្តិ…ឧបករណ៍​ទាំងឡាយ​ដទៃ​ទៀត​ត្រូវបង្កើត​ឡើង​នៅ​ចំពេល​ដែល​មនុស្ស​វ័យក្មេង​មាន​ការចេះដឹង​យ៉ាង​ទូលំទូលាយ​អំពី​បច្ចេកវិជ្ជា​ព័ត៌មាន និង ទំនាក់ទំនង​នោះ ។… ជំនាញ និង ភាពឆ្លាតវៃ​ក្នុង​ចំណោម​ពួក​យុវវ័យ​ជា​ច្រើន​របស់​យើង​សព្វថ្ងៃ​នេះ រៀបចំ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។

« ខ្ញុំ​សូម​អញ្ជើញ​យុវជន​នៃ​សាសនាចក្រ​ឲ្យ​រៀន ហើយមានបទពិសោធន៍ពី​វិញ្ញាណ​នៃ​អេលីយ៉ា ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា ស្វែង​រក​ជីដូនជីតា​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​របស់​អ្នក​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ សម្រាប់​ញាតិសន្តាន​ដែល​ស្លាប់ របស់​អ្នក ( សូមមើល គ. និង ស. ១២៤:២៨–៣៦ ) ។ យើង​ខ្ញុំ​សូម​ជម្រុញ​អ្នក​ឲ្យ​ជួយ​មនុស្ស​ដទៃ​ស្វែងរក​ពង្សប្រវត្តិ​របស់​ពួកគេ » ( « The Hearts of the Children Shall Turn » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦-២៧ ) ។

រូបភាព
យុវវ័យ​កំពុង​ដើរ​ឆ្ពោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ
  1. ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ សូម​ដាក់​ផែនការ​មួយ​ដើម្បី​ជួយ​ជីដូនជីតា​មួយ​ចំនួន​របស់​អ្នក​ឲ្យ​ទទួល​បាន​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​គួរ​ធ្វើ​ការ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​អ្នក ឬ​អ្នក​ផ្តល់​ប្រឹក្សា​ខាង​ពង្សប្រវត្តិ​ក្នុង​វួដ ឬ​សាខា​របស់​អ្នក នៅពេល​អ្នក​ដាក់​ផែនការ​នេះ ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​ដូច​ខាង​ក្រោម​នេះ ៖

    1. ផែនការ​របស់​ខ្ញុំ​ដើម្បី​រក​ឈ្មោះ​ជីដូនជីតា​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ៖

    2. ផែនការ​របស់​ខ្ញុំ​ដើម្បី​សម្រេច​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​ខ្ញុំ ៖ ( ប្រសិន​បើ​អាច​ធ្វើ​បាន សូម​ដាក់​ផែនការ​មួយ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង ពិធីបញ្ជាក់​ជំនួស​ជីដូន​ជីតា​ដែល​អ្នក​បាន​រក​ឃើញ ) ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១២-២៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖