ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៩ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤


មេរៀន​ទី ២៩ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤

បុព្វកថា

នៅ​ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ ១៨៣៥ ការប្រជុំ​ទូទៅ​មួយ​នៃ​សាសនាចក្រ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដើម្បី​ពិចារណា​លើ​មាតិកា​ដែល​បាន​ស្នើ សម្រាប់​ការបោះពុម្ពលើក​ដំបូង​នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា ។ ដោយសារតែ​ព្យាការី យ៉ូសែប ស៊្មីធ បាន​កំពុងតែ​សួរ​សុខទុក្ខ​ពួក​បរិសុទ្ធ​នៅ​ទីក្រុង មីឈីហ្កេន ម្លោះ​ហើយ​ទើប អូលីវើរ ខៅឌើរី បាន​ធ្វើ​អធិបតី​លើ​ការប្រជុំ ។ នៅ​ក្នុង​ការប្រជុំ​នេះ ពួក​បរិសុទ្ធ​បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ ឲ្យ​ដាក់​បញ្ចូល​សេចក្ដី​ប្រកាស​ដែល អូលីវើរ ខៅឌើរី បាន​សរសេរ​អំពី​ជំនឿ​របស់​សាសនាចក្រ​ទាក់ទង​នឹង​រដ្ឋាភិបាល និង ច្បាប់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤ មាន​នូវ​ពាក្យ ឬ ឃ្លា ដែល​អាច​នឹង​ពិបាក​យល់ ។ បញ្ជី​និយមន័យ​នានា​ខាង​ក្រោម​នេះ អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​នៅ​ពេល​អ្នក​សិក្សា​កណ្ឌ​នេះ ៖

  • ទ្រទ្រង់ ( ខទី ២ ) ៖ សុវត្ថិភាព មិន​ត្រូវបាន​បំពាន

  • ពួក​ចៅក្រម ( ខទី ៣, ៦ ) ៖ មន្ត្រី​សាធារណៈ ដែល​គ្រប់គ្រង​ច្បាប់

  • សាធារណៈរដ្ឋ ( ខទី ៣ ) ៖ រដ្ឋាភិបាល​ដែល​មាន​ប្រជាពលរដ្ឋ បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​តំណាង​ពួកគេ

  • មហាក្សត្រ ( ខទី ៣ ) ៖ អ្នក​គ្រប់គ្រង​កំពូល​មាន​ដូចជា ព្រះរាជា ឬ ព្រះរាជនី

  • ទទួលខុសត្រូវ ( ខទី ៤ ) ៖ មាន​ភារកិច្ច

  • រំលោភ​ទៅ​លើ ( ខទី ៤ ) ៖ បង្អាក់ ដាក់​កំហិត បំពាន​ទៅ​លើ

  • ការដាក់ច្បាប់ ( ខទី ៤, ៦ ) ៖ ការបង្កើត​ច្បាប់

  • ដាក់បញ្ជា ( ខទី ៤ ) ៖ បង្គាប់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​អ្វី​មួយ តាម​វិធី​ជាក់លាក់​មួយ

  • ហាមប្រាម ( ខទី ៤ ) ៖ ដាក់​កំហិត រឹតបន្តឹង

  • ឥតដក​ចេញ​បាន ( ខទី ៥ ) ៖ ពុំ​អាច​បដិសេធ ពុំ​អាច​យក​ចេញ​បាន

  • ការចាក់រុក ( ខទី ៥, ៧ ) ៖ ការបះបោរ​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល

  • ព្រម​ធ្វើតាម ( ខទី ៦ ) ៖ ការព្រមព្រៀង ការចុះចូល

  • បាន​ជំនួស​ដោយ ( ខទី ៦ ) ៖ បាន​ប្ដូរ​ដោយ

  • អនាធិបតេយ្យ ( ខទី ៦ ) ៖ ភាពគ្មាន​សណ្ដាប់ធ្នាប់—អវត្តមាន​នៃ​ច្បាប់ និង រដ្ឋាភិបាល ឬ ការបះបោរ​ប្រឆាំង​នឹង​ច្បាប់ ឬ រដ្ឋាភិបាល

  • ហាមប្រាម ( ខទី ៧, ៩ ) ៖ ឃាត់ឃាំង

  • ការរួមគំនិត​ធ្វើ​អំពើ​ទុច្ចរិត (ខទី ៧ ) ៖ សកម្មភាព​នៃ​ការធ្វើការ​រួម​គ្នា ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ឬ អង្គការ​ដទៃ​ទៀត

  • អំពើ​បំបែកបំបាក់ ( ខទី ៨ ) ៖ ល្មើស ឬ បំពាន

  • កែ ( ខទី ១១ ) ៖ ធ្វើ​អ្វី​មួយ​ឲ្យ​ត្រឹមត្រូវ​ឡើង​វិញ

  • ការបំពាន​ល្មើស​ច្បាប់ ( ខទី ១១ ) ៖ ការឈ្លានពាន​ខុស​ច្បាប់

  • គ្រោះអាសន្ន ( ខទី ១១ ) ៖ សេចក្ដី​ត្រូវការ​ជា​បន្ទាន់

  • ទាសភាព ( ខទី ១២ ) ៖ សេវកភាព ភាពជា​អ្នក​បម្រើ

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១-៤

ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ត្រូវបាន​ដាក់​ឲ្យ​មាន

រូបភាព
វិមាន​រដ្ឋសភា
  1. សូម​ស្រមៃ​ថា ក្រុមគ្រួសារ​របស់​អ្នក​កំពុង​ចូលរួម​ជាមួយ​គ្រូសារ​ដទៃ​ទៀត ដើម្បី​បង្កើត​ជា​ប្រទេស​ថ្មី​មួយ ដោយ​មាន​រដ្ឋាភិបាល​ថ្មី ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​រដ្ឋាភិបាល​មាន​គោលបំណង​អ្វី ?

    2. បើសិនជា​អ្នក​គឺ​ជា​អ្នក​ដឹកនាំ​ប្រទេស​ថ្មី​មួយ តើ​មាន​ច្បាប់​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​នឹង​បង្កើត ?

សូម​រំឭក​អំពី​បុព្វកថា​នៃ​មេរៀន​នេះ និង សេចក្ដី​ណែនាំ​អំពី​កណ្ឌ​ឡើង​វិញ​សម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤ ។ សូម​ស្វែងរក​មូលហេតុ​ដែល​ពួក​បរិសុទ្ធ បាន​ទទួល​អារម្មណ៍​ថា​ត្រូវ​បោះពុម្ព​សេចក្ដី​ប្រកាស​អំពី​រដ្ឋាភិបាល និង ច្បាប់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១ដោយ​ស្វែងរក​ថាតើ​នរណា ជា​អ្នក​រដ្ឋាភិបាល ។ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​នេះ សូម​បំពេញ​សេចក្ដីពិត​ដូចតទៅ​នេះ ៖ រដ្ឋាភិបាល​ត្រូវបាន​ឡើង​ដោយ សម្រាប់​ផល​ប្រយោជន៍  ។

ចេញ​ពី ខទី ១ យើង​ក៏​រៀន​ស្វែងយល់​អំពី​សេចក្ដីពិត​ដូចតទៅ​នេះ​ដែរ ៖ មន្ត្រី​រដ្ឋាភិបាល​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ព្រះ ក្នុង​ការប្រព្រឹត្ត « សម្រាប់​ការល្អ និង សន្តិសុខ​ដល់​សង្គម » ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

    1. សូម​រាយ​បញ្ជី​នៃ​របៀប​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល អាច​ប្រព្រឹត្ត « សម្រាប់​ការល្អ និង សន្តិសុខ​ដល់​សង្គម » ។

    2. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:២ដោយ​ស្វែងរក​សិទ្ធិ​ទាំង​បី ដែល​រដ្ឋាភិបាល​គួរតែ​គាំពារ ។ សូម​រាយ​បញ្ជី​នៃ​សិទ្ធិ​ទាំង​បី​នេះ ។

    3. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៤រួច​កត់ត្រា​សិទ្ធិ​មួយ​ទៀត ដែល​រដ្ឋាភិបាល​គួរតែ​គាំពារ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​អ្វី​ដែល​លោក​បាន​ហៅ​ថា « សិទ្ធិ​សំខាន់ៗ​ទាំង​បី​របស់​មនុស្ស​ជាតិ » ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ខាង​ក្រោម​នេះ ឃ្លា « ពួក​អយ្យកោ​ដើម » សំដៅ​ទៅ​លើ​អ្នក​ទាំងឡាយ ដែល​បាន​បង្កើត​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ឡើង ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សេចក្តី​ប្រកាស​អំពី​ឯករាជ្យភាព បាន​បញ្ជាក់​អំពី​ជំនឿ និង ទំនុកចិត្ត​របស់​ពួក​អយ្យកោ​ដើម​ទៅ​លើ​ព្រះ​ដោយ​ពាក្យ​ពេចន៍​ទាំងនេះ ៖ ‹ យើង​សូម​ប្រកាន់​ខ្ជាប់​ថា សេចក្ដីពិត​ទាំងនេះ​គឺ​ជា​រឿង​ពិត ដែល​ថា​មនុស្ស​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា ដែល​ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​សិទ្ធិ​ផ្ទាល់ខ្លួន ពី​ព្រះ​ដ៏​បង្កបង្កើត​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​មាន​សេរីភាព និង សិទ្ធិ​ស្វែងរក​សុភមង្គល › ។

« គោលលទ្ធិ និង សេចក្តីសញ្ញា ថ្លែង​ថា ‹ យើង​ខ្ញុំ​ជឿ​ថា គ្មាន​រដ្ឋាភិបាល​ណា​អាច​នៅ​ក្នុង​សេចក្ដីសុខសាន្ត​បាន​ឡើយ លើកលែង​តែ​ច្បាប់​ទាំងឡាយ​ត្រូវបាន​បង្កើត​ឡើង ហើយ​ទ្រទ្រង់ ដែល​នឹង​ធានា​ដល់​បុគ្គល​ម្នាក់ៗ នូវ​សេរីភាព​ខាង​សតិសម្បជញ្ញៈ › (គ. និង ស. ១៣៤:២  ) ។ សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​មាន​សេរីភាព សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ—គឺ​ជា​សិទ្ធិ​សំខាន់ៗ​ទាំង​បី​របស់​មនុស្ស​ជាតិ » ( «Our Divine Constitution» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៤ ) ។

  1. សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គំរូ​មួយ​ចំនួន​នៃ​របៀប​ដែល​រដ្ឋាភិបាល​អាច​គាំពារ​សិទ្ធិ​នានា ដែល​មាន​រាយ​បញ្ជី​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:២ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៣ដោយ​ស្វែងរក​អ្វី​មួយ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​អាច​ធ្វើ ដើម្បី​ប្រាកដ​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​របស់​ខ្លួន​នឹង​អនុវត្ត​ច្បាប់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៤:៥-៦, ៨

ការទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ដាក់​ឲ្យ​មាន

សូម​ស្រមៃ​ថា​អ្នក​រស់នៅ​ក្នុង​ប្រទេស​មួយ ដែល​ជា​ធម្មតា​រដ្ឋាភិបាល​ប្រទេស​នេះ​គាំពារ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ខ្លួន ប៉ុន្តែ ថ្មីៗ​នេះ​បាន​អនុមតិ​ច្បាប់​ដែល​អ្នក​ពុំ​យល់ស្រប​តាម ។ តើ​របៀប​ឆ្លើយ​តប​ណា​មួយ​ខាង​ក្រោម​នេះ ដែល​សមស្រប ? ( សូម​គូស​រង្វង់​មួយ ) ។

  • ប្រកាស​ជំទាស់​ដោយ​សម្រេច​ថា​មិន​ធ្វើតាម ច្បាប់​ណា​មួយ​របស់​រដ្ឋាភិបាល​ឡើយ ។

  • គំរាមកំហែង ឬ បង្ក​របួស​ស្នាម​ដល់​មន្ត្រី​រដ្ឋាភិបាល ដែល​បាន​បង្កើត​ច្បាប់​នោះ​ឡើង ។

  • ប្រមូល​គ្នីគ្នា​ផ្ដួលរំលំ​រដ្ឋាភិបាល ។

  • បង្ហាញ​ទស្សន ឬ កង្វល់​របស់​អ្នក​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ គាំទ្រ និង ប្រព្រឹត្ត​តាម​រដ្ឋាភិបាល​ដោយ​គោរព​តាម​ច្បាប់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៥-៦ដោយ​ស្វែងរក​មើល​ថាតើ​អ្វី​ខ្លះ ដែល​ជា​ការទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ ។

គោលការណ៍​មួយ​ដែល ខគម្ពីរ​នេះ​បង្រៀន​គឺថា យើង​ត្រូវ​គាំទ្រ ហើយ​គោរព​តាម​ច្បាប់​រដ្ឋាភិបាល​ដែល​យើង​រស់នៅ​ក្រោម​ការគ្រប់គ្រង ។

តើ​គោលការណ៍​នេះ​រំឭក​អ្នក​អំពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ប៉ុន្មាន ? ( សូម​មើល​មាត្រា​នៃ​សេចក្ដី​ជំនឿ នៅ​ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​អ្នក ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​ប្រជាពលរដ្ឋ​ត្រូវ​គាំទ្រ ហើយ​គោរព​រដ្ឋាភិបាល ?

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៦ព្រះ​សព្វព្រះទ័យ​ឲ្យ​យើង​គោរព ហើយ​ធ្វើតាម​ច្បាប់​របស់​ព្រះ និង ច្បាប់​របស់​មនុស្ស ។ តើ​អ្នក​គិត​ថា យើង​គួរតែ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ច្បាប់​ភូមិបាល ដំណើរការ​ទៅ​ជំទាស់​នឹង​ជំនឿ​របស់​យើង ?

នៅ​ពេល​អ្នក​គិត​អំពី​សំណួរ​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« នៅ​ក្នុង​ករណី​មាន​ទំនាស់​រវាង​ការទាមទារ​ដែល​ធ្វើ​ឡើង​ពី​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​បើកសម្ដែង និង ពី​ស្ថានភាព​ដែល​ត្រូវបាន​បង្ខំ​ដោយ​ច្បាប់​លោកិយ តើ​ភាគី​ណាមួយ​ដែល​សមាជិក​សាសនាចក្រ​ត្រូវ​គោរព​តាម ? ដើម្បី​ឆ្លើយ​សំណួរ​នេះ ព្រះបន្ទូល​នៃ​ព្រះ​អាច​នឹង​ត្រូវបាន​អនុវត្ត—ដ្បិត​វា​គឺ​ជា​ករណីយកិច្ច​របស់​មនុស្ស ដែល​ត្រូវ​ថ្វាយ​របស់​សេសារ ទៅ​សេសារ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ [ សូម​មើល លូកា ២០:២១–២៥ ] …

« ទន្ទឹម​នឹង​ការរង់ចាំ [ ព្រះ ] ទ្រង់​គ្រប់គ្រង​លើ​អ្វី​ទាំងអស់ ដើម្បី​មាន​សេរីភាព​ខាង​សាសនា​នោះ វា​គឺ​ជា​ករណីយកិច្ច​របស់​ពួក​បរិសុទ្ធ ដែល​ត្រូវ​ចុះចូល​ទៅ​នឹង​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​គួរតែ​ប្រើប្រាស់​គ្រប់​វិធី ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ឬ ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​ធានា​ដល់​ពួកគេ និង ដល់​មនុស្ស​ទាំងពួង ឲ្យ​ទទួល​បាន​គុណប្រយោជន៍​នៃ​សេរីភាព​ខាង​កិច្ចការ​សាសនា ។ ពួកគេ​ពុំ​ត្រូវបាន​តម្រូវ​ឲ្យ​រងទុក្ខ ដោយ​គ្មាន​ការប្រកាស​ជំទាស់​ទៅ​នឹង​ការដាក់​កំហិត​ឲ្យ​បង់ពន្ធ​ដោយ​អ្នក​បៀតបៀន​ខុសច្បាប់ ឬ តាម​រយៈ​ប្រតិបត្តិការ​នៃ​ច្បាប់​មិន​ស្មើភាព​នោះ​ទេ ប៉ុន្តែ ការប្រកាស​ជំទាស់​របស់​ពួកគេ​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ទៅ​តាម​បទបញ្ជា​ស្របច្បាប់ និង ត្រឹមត្រូវ ។ ពួក​បរិសុទ្ធ​បាន​បង្ហាញ​ការធ្វើតាម​របស់​ខ្លួន​ដោយ​មាន​ចិត្ត​ប្រតិបត្តិ​ថា វា​ជា​រឿង​ប្រសើរ​ជាង ដែល​ត្រូវ​រងទុក្ខ​នឹង​សេចក្ដី​អាក្រក់ ជាជាង​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​តាមរយៈ​ការប្រឆាំង​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស​ល្អ​បរិសុទ្ធ ទៅ​កាន់​អាជ្ញាធរ​មិន​យុត្តិធម៌​នោះ » ( The Articles of Faith, ការបោះពុម្ព​លើក​ទី ១២ [ ឆ្នាំ ១៩២៤ ] ទំព័រ ៤២២–២៣ ) ។

  1. សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់ ជា​អ្នក​ដែល​គាំទ្រ ហើយ​ប្រព្រឹត្ត​តាម​រដ្ឋាភិបាល និង ច្បាប់​របស់​ខ្លួន ។ សូម​សរសេរ​អំពី​ពួកគេ​ម្នាក់ ឬ ពីរ​នាក់ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ តើ​អ្នក​បាន​ឃើញ​ពួកគេ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​គាំទ្រ ហើយ​ប្រព្រឹត្ត​តាម​រដ្ឋាភិបាល និង ច្បាប់ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៨យើង​អាន​ថា រដ្ឋាភិបាល​មាន​ការទទួលខុសត្រូវ​មួយ​ក្នុង​ការដាក់ទោស​ដល់​អ្នក​ទាំងឡាយ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​ប្រជាពលរដ្ឋ​មាន​ការទទួលខុសត្រូវ​មួយ​ក្នុង​ការជួយ « នាំ​អ្នក​មាន​ទោស​ទាស់​នឹង​ច្បាប់​ល្អ មក​ដាក់​ទោស » ។

  1. សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ពិពណ៌នា​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​គាំទ្រ ហើយ​ប្រព្រឹត្ត​តាម​រដ្ឋាភិបាល​របស់​អ្នក ព្រមទាំង​ច្បាប់​របស់​វា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៧, ៩–១០, ១២

ទំនាក់ទំនង​រវាង​សាសនា និង រដ្ឋាភិបាល​

រូបភាព
ប្រធាន ម៉នសុន និង ប្រធាន រីហ្គាន

ប្រធាន ថូម៉ាស អេស ម៉នសុន និង ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក រ៉ូណល រីហ្គាន

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៧, ៩–១០, ១២យើង​អាន​ថា រដ្ឋាភិបាល​គួរតែ​បង្កើត​ច្បាប់​នានា ដែល​គាំពារ​ការគោរព​សាសនា ប៉ុន្តែ ពុំ​គួរ​ផ្គាប់ចិត្ត​សាសនា​មួយ​ជាង​សាសនា​មួយ​ផ្សេង​ទៀត​ឡើយ ។ យើង​ក៏​អាន​ថា អង្គការ​សាសនា​នានា​មាន​សិទ្ធិ​ដាក់​ទោស​ដល់​សមាជិក​របស់​ខ្លួន ដែល​ពុំ​គោរព​តាម​ច្បាប់ ដោយ​ការកាត់កាល​ចេញ ឬ ដក​យក​សមាជិកភាព​របស់​ពួកគេ​ចេញ ប៉ុន្តែ អង្គការ​ទាំងនោះ​ពុំ​មាន​សិទ្ធិ​អំណាច​ក្នុង​ការវិនិច្ឆ័យ ឬ បង្ខំ​ដាក់​ទោស ដែល​នឹង​ដក​យក​ទ្រព្យសម្បត្តិ​របស់​សមាជិក ឬ បង្ក​របួស​ស្នាម​ដល់​រូបរាង​កាយ​របស់​ពួកគេ​ឡើយ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៤:១១ ។

សិទ្ធិ​អំពាវនាវ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល ត្រូវបាន​ពន្យល់

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១១ប្រជាពលរដ្ឋ​គួរតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ អំពាវនាវ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល ថាតើ​ពួកគេ​បាន​ប្រព្រឹត្ត​ខុសឆ្គង​ដែរ​ឬ​ទេ ។ ខគម្ពីរ​ទាំងនេះ​ក៏​បាន​បូក​បញ្ចូល​សេចក្ដី​ប្រកាស​មួយ​ដែល​ប្រាប់​ថា ប្រជាពលរដ្ឋ​ត្រូវបាន​បង្ហាញ​ថា​មិន​មាន​កំហុស ដើម្បី​ការពារ​ខ្លួន​គេ និង មនុស្ស​ទូទៅ នៅ​ពេល​មាន​សេចក្ដី​ត្រូវការ​បន្ទាន់ ដែល​រដ្ឋាភិបាល​ពុំ​អាច​ជួយ​ពួកគេ​បាន​នោះ ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​មាន​អំណរគុណ ចំពោះ​ប្រទេស ឬ សហគមន៍​របស់​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖