ថ្នាក់​សិក្ខាសាលា
មេរៀនទី ៣២ ៖ កម្មវិធី និង អង្គការ​សាសនាចក្រ


មេរៀនទី ៣២ ៖ ថ្ងៃ​ទី ១

កម្មវិធី និង អង្គការ​សាសនាចក្រ

បុព្វកថា

នៅពេល​សាសនាចក្រ​បន្ដ​រីកចម្រើន ព្រះអម្ចាស់​បាន​បំផុសគំនិត​ដល់​អ្នកដឹកនាំ​សាសនាចក្រ និង​សមាជិក​ឲ្យ​អនុវត្ត​អង្គការ និង កម្មវិធី​នៅ​ក្នុង​សាសនាចក្រ​ដើម្បី​ប្រទានពរ​ដល់​ពួកបរិសុទ្ធ ។ នៅពេល​អង្គការ និង​កម្មវិធី​ទាំង​នេះ ត្រូវ​បាន​ស្ថាបនា​ជាលើក​ដំបូង នោះ​វា​ពុំ​មែន​ជាតម្រូវ​ការ​ចាំបាច់​ដូច​ពេល​បច្ចុប្បន្ន​ទេ ប៉ុន្តែ​ខណៈសាសនាចក្រ​លូតលាស់ នោះ​វា​ក្លាយទៅជា​ផ្នែក​ដ៏សំខាន់​នៅក្នុងកិច្ចការ​របស់សាសនាចក្រ​ដើម្បីសេចក្ដីសង្គ្រោះ​នៃ​កូនចៅ​របស់ព្រះ ។

អង្គការ និង​កម្មវិធី​សាសនាចក្រ ជួយយើង​រៀបចំខ្លួន និង​លូតលាស់​ឆ្ពោះទៅរក​ជីវិត​ដ៏អស់កល្បជានិច្ច

ចូរ​គិត​អំពី​របៀប​ដែល​អង្គការ និង​កម្មវិធី​សាសនាចក្រ បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​ ។

តើ​អ្នកនឹង​និយាយអ្វីខ្លះ​អំពី​គោលបំណង​នៃអង្គការ​សាសនាចក្រ ដូចជា​អង្គការ​យុវជន និង​យុវនារី ? តើ​ការ​ដឹង​អំពី​គោលបំណង​នៃ​អង្គការ​មួយ អាចជួយដល់អស់អ្នក​ដែល​រួម​ចំណែក​យ៉ាង​ដូចម្ដេច ?

សូមអានម៉ូសេ ១:៣៩ស្វែងរក​អ្វី​ដែល​ជា​គោលបំណង​របស់ព្រះវរបិតាសួគ៌ គឺ​ស្ថិត​នៅក្នុងគ្រប់អ្វី​ដែលទ្រង់​ធ្វើ ។ សូម​ចងចាំ​ថាជីវិត​អមតសំដៅទៅលើ​ការ​រស់នៅជា​រៀងរហូត​នៅក្នុង​ស្ថានភាព​ដែលរស់ឡើងវិញ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ ដោយមិនគិត​អំពីអំពើទុច្ចរិត ឬ​សុចរិត​របស់ពួកគេ​នៅក្នុងជីវិត​នេះ​ទេ ។. ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​សំដៅទៅលើ ការរស់នៅ​ជា​និរន្តរ៍​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌ និង ការប្រែក្លាយ​ដូចជា​ទ្រង់ ។

ចូរ​ពិចារណា​ថា គោលបំណង​របស់ព្រះវរបិតាសួគ៌ គឺ​ដើម្បីនាំ​មកនូវ​អមតភាព និងជីវិត​ដ៏នៅអស់កល្បជានិច្ច​ដល់​កូនចៅ​របស់ទ្រង់ ចុះតើ​គោលបំណង​នៃ​សាសនាចក្រ​នេះ​គឺជា​អ្វី ?

ដោយសារ​តែ​គោលបំណង​របស់ព្រះវរបិតាសួគ៌ គឺ​ដើម្បី​នាំ​មកនូវ​អតមភាព និង​ជីវិត​អស់កល្បជានិច្ច​មក​ដល់​កូនចៅ​របស់ទ្រង់ នោះ​គោលបំណង​នៃ​សាសនាចក្រ​របស់​ទ្រង់ គឺ​ដូចគ្នា​ ។ ព្រះវរបិតាសួគ៌​បាន​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​ជួយ​កូនចៅ​របស់​ទ្រង់​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។

  1. នៅក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នូវ​វិធី​នានា​មួយចំនួន​ដែល​សាសនាចក្រ​បាន​ជួយ​ព្រះវរបិតាសួគ៌​ក្នុង​ការ​នាំ​មកនូវ​អមតភាព និងជីវិត​អស់កល្បជានិច្ច​មក​ដល់​កូនចៅ​របស់ទ្រង់ ។

សាសនាចក្រ​មាន​អង្គការ​ជាច្រើន--ដែល​ហៅ​ថា អង្គការ​ជំនួយ​ចំពោះប​ព្វជិតភាព​--ហើយនិង​កម្មវិធី​ផ្សេងៗ ដែលជួយ​យើង​ឲ្យរីកចម្រើន​ឆ្ពោះទៅរក​ជីវិត​អស់កល្ប​ជានិច្ច ។ សូមព្យាយាមរៀបរាប់​ឈ្មោះ​អង្គការ​មួយចំនួន​នោះ ។

អ្នកអាច​រៀបរាប់​ឈ្មោះ​ដូចជា អង្គការ​យុវជន អង្គការ​យុវនារី អង្គការ​បឋមសិក្សា អង្គការ​សមាគម​សង្គ្រោះ និង​ថ្នាក់សាលា​ថ្ងៃអាទិត្យ និង​កម្មវិធី​នានា ដូចជា​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យា​ស្ថាន​សាសនា និង​រាត្រីជួបជុំ​ក្រុមគ្រួសារ ។

ដើម្បីមើលឃើញពី​របៀប​ដែល​អង្គការ​សាសនាចក្រ និង​កម្មវិធី​ទាំងឡាយ​ជួយ​យើង​ឲ្យរៀន និង​រីកចម្រើន​នៅក្នុងដំណឹងល្អ ដើម្បី​យើង​អាច​ទទួលបានជីវិត​អស់កល្បជានិច្ច សូមអាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សេចក្ដីថ្លែងការណ៍នេះ គឺ​អំពី​កម្មវិធីថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន ប៉ុន្តែ​គោលការណ៍​ដែលវា​បង្រៀន​ក៏អាច​យកមកអនុវត្ត​ចំពោះ​អង្គការ​ជំនួយ​សាសនាចក្រ​ដទៃទៀត និង​កម្មវិធី​ទាំងឡាយ​ផងដែរ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« នៅក្នុង​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ គឺគ្មាន​ការ​ចង្អុល​បង្ហាញ​ណា អំពី​ការ​រៀបចំ​ប្រជាជន​នេះដោយ​ការ​ព្យាករ ប្រសើរ​ជាងការ​ចាប់​ផ្ដើម​នៃ​កម្មវិធី​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នោះ​ទេ ។ កម្មវិធី​ទាំងនេះ ត្រូវ​បាន​ចាប់​ផ្ដើម​ជា​ការ​ល្អ ប៉ុន្តែ​វា​ពុំ​ត្រូវការ​ជាចាំបាច់​នោះទេ ។ វា​ផ្ដល់នូវ​រដូវកាល​មួយ​ដើម្បី​ចម្រើន និង​លូតលាស់​ទៅជា​កំផែង​ការ​ពារ [គ្រឿង​ការពារ]​សម្រាប់​សាសនាចក្រ ។ ឥឡូវ​នេះ អង្គការទាំងនេះក្លាយទៅជាការ​បញ្ជូន​មកពីព្រះ សម្រាប់​សេចក្ដីសង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​សម័យ​ទំនើប នៅ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​មួយ » (« Teach the Scriptures » [address to CES religious educators, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៧៧] ទំព័រ ៣,​si.lds.org) ។

ព្រះអម្ចាស់​បាន​បំផុស​គំនិត​អ្នកដឹកនាំ​របស់ទ្រង់ដើម្បី​ស្ថាបនា​កម្មវិធី និងអង្គការ​នៅក្នុង​សាសនាចក្រ​ជា​ច្រើន ដើម្បី​រៀបចំ​យើង​សម្រាប់​ការ​សាកល្បង និងឧបសគ្គ​ទាំងឡាយ ដែល​យើង​ជួប​ប្រទះ អំឡុង​ពេល​ជីវិត​រមែង​ស្លាប់នេះ និង​ដើម្បី​ជួយ​យើង​រីកចម្រើន​ឆ្ពោះ​ទៅរក​ជីវិត​អស់កល្បជានិច្ច ។

នៅ​ពេល​អ្នក​អាន​សេចក្ដី​សង្ខេប​នៃប្រវត្តិសាស្ត្រ​នីមួយៗ​ដូចខាង​ក្រោម សូម​រក​មើល​ចម្លើយ​ចំពោះសំណួរ​ដូចតទៅនេះ ៖

  • តើ​អង្គការ ឬ​កម្មវិធី​បាន​ចាប់​ផ្ដើម​មានឡើង​យ៉ាង​ដូចម្ដេច ? ( សូមពិចារណា​ធ្វើការគូស​ចំណាំ​ចម្លើយ​ចំពោះ​សំណួរ​នេះ ) ។

  • តើអ្នកគិត​ថា វា​រៀបចំ​យើង​ដើម្បី​ប្រឈមមុខ​នឹង​ការ​សាកល្បង ព្រមទាំង​ឧបសគ្គ​នានា​ក្នុងជំនាន់​របស់​យើង​យ៉ាងដូចម្ដេច ?

  • តើអ្នកគិត​ថា វា​ជួយ​យើង​រីកចម្រើន​ឆ្ពោះទៅរក​ជីវិត​អស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

រូបភាព
ថ្នាក់​សាលា​ថ្ងៃអាទិត្យ

នៅឆ្នាំ ១៨៤៩ សមាជិក​សាសនាចក្រ​ម្នាក់ ឈ្មោះ រីឆាដ បាឡាទីន មានអារម្មណ៍​ថា កុមារ​តូចៗ​ត្រូវការ​កន្លែង​មួយ​ដើម្បី​រៀន​ដំណឹងល្អ​នៅ​ថ្ងៃ​បរិសុទ្ធ ។ ពួកបរិសុទ្ធ​នៅចក្រភព​អង់គ្លេស មាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​រួច​ទៅហើយ ហើយ​បងប្រុស បាឡាទីន បានចាប់​ផ្ដើម​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​ដំបូង​គេ​នៅ​រដ្ឋ យូថាហ៍ នៅក្នុង​វួដ​ទីក្រុង​សលត៍ លេក​របស់​គាត់ នៅ​ខែ​ធ្នូ ឆ្នាំ ១៨៤៩ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក វួដ​ផ្សេងទៀត បាន​ចាប់​ផ្ដើម​ទទួលយក​ការ​អនុវត្ត​ដូចគ្នា​នេះ ដោយ​វួដ​នីមួយៗ​ប្រើ​កម្មវិធី​សិក្សា​រៀងៗ​ខ្លួន ។ ក្នុង​ឆ្នាំ ១៨៦៧ ថ្នាក់​អ្នកដឹកនាំ​សាសនាចក្រ​បាន​បង្កើត​សហព័ន្ធ​សាលាថ្ងៃអាទិត្យ​ដេសេរ៉ែត ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​រួបរួមគ្នាក្នុង​កម្មវិធីសិក្សា​តែមួយ ។ ត្រឹមឆ្នាំ ១៨៧០ នោះមាន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​ច្រើនជាង ២០០ ថ្នាក់ ត្រូវ​បាន​បង្កើត​ឡើង ។ សព្វ​ថ្ងៃ​នេះ វួដ និង​សាខា​ទាំងឡាយ មាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យចម្រុះ ។​

យុវនារី

រូបភាព
យុវនារី​បី​នាក់

ប្រធាន ព្រិកហាំ យ៉ង់ បានជួប​នឹង​កូនស្រីទាំងឡាយ​របស់​លោក​នៅក្នុង​ផ្ទះ​របស់លោក​នៅថ្ងៃទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ១៨៦៩ ហើយ​បាន​សុំ​ពួកគេ​ឲ្យធ្វើជា​អ្នកដឹកនាំ ដើម្បីជួយ​ដល់​មិត្តភក្ដិ​ដែលមានអាយុ​ប្រហាក់ប្រហែលនឹងពួកគេ​ទទួលបាន​ទីបន្ទាល់​នៃ​ដំណឹងល្អ ដើម្បីមានភាពរមទម្យ​នៅក្នុង​ការ​ស្លៀកពាក់ និង​ទង្វើ​របស់ពួកគេ ហើយចៀសវាង​ពី​ទំនោរ និង​អាកប្បកិរិយា​ខាង​លោកិយ ។ នៅឆ្នាំ ១៨៧០ អង្គការ​យុវនារី​ជាផ្លូវការ​មួយ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​លើក​ស្ទួយដល់​គោលបំណង​ទាំងនេះ ។ នៅទីបំផុត អង្គការ​នេះ ត្រូវបាន​ស្គាល់ថា​ជា សមាគម​កែលម្អគ្នា​ទៅវិញ​ទៅមក​របស់​ក្រុម​យុវនារី (វ៉ាយ.ដបុលយូ.អិម.អាយ.អេ ) ដែល​ក្រោយមក​បាន​ផ្លាស់​ប្ដូរ​ទៅជា​អង្គការ​យុវនារី ។ នៅ​ដើម​ឆ្នាំ ១៩៧០ ពួកអ្នកដឹកនាំ​បាន​ណែនាំ​អំពី​កម្មវិធី​អភិវឌ្ឍ​ខ្លួន ។ នៅ​ឆ្នាំ ១៩៨៥ ពួកគាត់​បាន​ណែនាំ​អំពី​គុណសម្បត្តិ និ​ងបាវចនា​យុវនារី ។

យុវជន

រូបភាព
យុវជន​ពីរ​នាក់

សមាគម​កែលម្អគ្នាទៅវិញ​ទៅមក​របស់​ក្រុម​យុវជន ( វ៉ាយ.អិម.អិម.អាយ.អេ ) ត្រូវបាន​បង្កើត​ឡើង​នៅ​ថ្ងៃទី ១០ ខែ​មិថុនា ឆ្នាំ ១៨៧៥ នៅ​ក្រោម​ការដឹកនាំ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ។ អង្គការ​នេះ គឺ​មានបំណង​ដើម្បី​ជួយ​ដល់ក្រុមយុវជន​អភិវឌ្ឍ​ខាង​វិញ្ញាណ និ​ងខាង​បញ្ញា​ស្មារតី ក៏ដូចជា​ផ្ដល់​ដល់ពួកគេ​នូវ​សកម្មភាព​ឆ្នៃប្រឌិត​ផងដែរ ។ នៅ​ឆ្នាំ ១៩១៣ សាសនាចក្រ​បានចូលសហការជាមួយ​នឹង​ក្រុមកាយឬទ្ធិ​អាមេរិកកាំង​នៅ​ក្នុងសហរដ្ឋ​អាមេរិក ។ ការចាប់ដៃគូក្នុង​កម្មវិធី​ក្រុមកាយឬទ្ធិ​ផ្សេងទៀត ត្រូវ​បាន​បង្កើត​ឡើង​ជាអន្ដរជាតិ នៅកន្លែង​ណា​ដែលអាច​ធ្វើទៅបាន ។ ឈ្មោះ​របស់​អង្គការ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ផងដែរ ដែលដំបូង​ឡើង​បានផ្លាស់ប្ដូរ​ទៅជា បព្វជិតភាពអើរ៉ុន​--អិម.អាយ.អេ បន្ទាប់មកក្លាយទៅជា​បព្វជិតភាព​អើរ៉ុន ហើយ​បន្ទាប់មកទៀត​ទៅ​ជា​ក្រុម​យុវជន ។ នៅ​ឆ្នាំ ២០០១ ពួកអ្នកដឹកនាំ​សាសនាចក្រ បាន​ណែនាំ​កម្មវិធី​កាតព្វកិច្ច​ចំពោះព្រះ ។

អង្គការ​បឋម​សិក្សា

រូបភាព
កុមារ​បួននាក់​កំពុង​ច្រៀង

នៅ​ឆ្នាំ ១៨៧៧ អូរេលៀ ស្ពែនស៊ើរ រ៉ូជើរ « ទទួលអារម្មណ៍​យ៉ាង​ខ្លាំង​ថា មានអ្វី​មួយត្រូវ​ធ្វើ​ឡើង អំពី​ឥរិយាបទ​របស់​ក្មេងប្រុស​នៅជិត​ខាង​ដែល​រត់លេង​ដោយ​សេរី​ពេញ​ទីក្រុង​ទាំង​ថ្ងៃ​ទាំង​យប់ ។ នាង​មានអារម្មណ៍​ថា កុមារ​ទាំងនេះ ពុំត្រូវ​បាន​បង្រៀន​នូវ​គោលការណ៍ និង​គុណតម្លៃ​ជាមូលដ្ឋាន [ដើម្បីរៀបចំ​ពួកគេ] ទាំង​ខាង​ចំណេះដឹង ឬ​ឥរិយាបទ ដើម្បី​នាំ​យក​ដំណឹងល្អ​ឆ្ពោះទៅមុខ ឬ​ដើម្បី​ក្លាយជា​ឪពុក​ម្ដាយ ឬ​ពលរដ្ឋ​ល្អ » (« History of Primary »lds.org/callings/primary/getting-started/history-of-primary) ។ នាង​បានជួប​នឹង អេលីស្សា អ ស្នូ ដែល​ពេល​នោះ​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ហើយ​ពួកគេ​បាន​ទទួល​ការ​អនុញ្ញាត​មកពី​ប្រធាន យ៉ូហាន ថេលើរ ដើម្បី​រៀបចំ​អង្គការ​បឋមសិក្សា​នៅក្នុង​ក្រុង ហ្វាមីងតុន រដ្ឋ​យូថាហ៍ នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព យ៉ូហាន ហេស្ស ។ ការ​ប្រជុំ​អង្គការ​បឋមសិក្សា​ដំបូង បានធ្វើឡើងនៅថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ ១៨៧៨ ដែល​មាន​កុមារ និង​កុមារី​ចំនួន ២២៤ នាក់ ។ នៅឆ្នាំ ១៨៨០ ប្រធាន​អង្គការ​បឋមសិក្សាទូទៅ​ត្រូវ​បាន​ហៅ ហើយ​ថ្នាក់​អង្គការ​បឋមសិក្សា​បានចាប់ផ្ដើម​រៀបចំឡើង​នៅក្នុង​វួដ​ជាច្រើន ។

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា

រូបភាព
ថ្នាក់​យុវវ័យ

នៅ​ឆ្នាំ ១៨៨៨ សាសនាចក្រ​បាន​បង្កើត​គណៈ​កម្មការ​អប់រំ និង​វិទ្យាស្ថាន​សាសនាចក្រ ហើយ​បាន​បង្កើត​ថ្នាក់​ខាងសាសនា ដើម្បី​ផ្ដល់​គ្រឹះ​ខាង​វិញ្ញាណ​សម្រាប់​ការ​រៀនសូត្រ​ដែល​មិនទាក់ទង​នឹង​សាសនា​សម្រាប់​អ្នកទាំងឡាយ​ដែល​ពុំ​បាន​ចូល​រួម​ក្នុង​វិទ្យាស្ថាន​សាសនាចក្រ ។ នៅ​ឆ្នាំ ១៩១២ យ៉ូសែប អែហ្វ មើរីល ជា​សាស្ត្រាចារ្យ​ម្នាក់ និង​ជា​សមាជិក​នៃ​សាសនាចក្រ បាន​ដាក់ស្នើ​សុំ​ផែនការ​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​នៅក្នុង​សាលា​រដ្ឋ​មក​ចូល​រួម​ថ្នាក់​សាសនា​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​រាល់ថ្ងៃ​របស់​ពួកគេ ។ វា​ត្រូវបានហៅ​ថា​ថ្នាក់​សិក្ខា​សាលា ហើយ​ថ្នាក់​ដំបូង​ត្រូវ​បាន​បង្រៀន​នៅ​ជិត​វិទ្យាល័យ​ហ្គ្រែនិត នៅទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ហើយ​មានសិស្ស​ចុះ​ឈ្មោះ​ចំនួន ៧០ នាក់ ។ នៅពេល​កម្មវិធី​ថ្នាក់សិក្ខាសាលា​បានរីកសុះសាយ នោះ​កម្មវិធី​ស្រដៀងគ្នា​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​យុវវ័យ​ដែល​ស្ថិត​ក្នុង​វ័យ​រៀននៅសាកលវិទ្យាល័យ ។ វា​ត្រូវ​បាន​ដាក់ឈ្មោះ​ថា វិទ្យាស្ថាន​សាសនា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ថ្នាក់​វិទ្យាស្ថាន​បាន​ចាប់​ផ្ដើម​នៅក្នុង​ឆ្នាំ ១៩២៦ នៅ​ក្នុង​ទីក្រុង ម៉ូស្កូ រដ្ឋ អៃដាហូ ។ នៅ​ដើម​ឆ្នាំ ១៩៥០ កម្មវិធី​ថ្នាក់សិក្ខាសាលានៅពេល​ព្រឹក​ព្រលឹម បាន​ចាប់​ផ្ដើមនៅក្នុង​រដ្ឋ កាលីហ្វូញ៉ា កម្មវិធី​ថ្នាក់សិក្ខាសាលា​សិក្សានៅ​ផ្ទះ បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦០ ហើយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថានសាសនា បានចាប់​ផ្ដើម​នៅក្នុង​អំឡុងបណ្តាឆ្នាំ ១៩៦០ ហើយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា បាន​បន្ដ​ពង្រីក​នៅទូទាំងពិភពលោក ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ

រូបភាព
គ្រួសារ​ជាមួយនឹង​ព្រះគម្ពីរ

ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​បង្រៀន​ថា​កម្មវិធីសាសនាចក្រ គប្បី « បន្ថែម​ទៅក្នុងការ​បង្រៀន និងការ​បំពាក់បំប៉ន​របស់​យើង​នៅក្នុង​គេហដ្ឋាន ។ បើ​បរិដ្ឋាន គំរូ និង ការ​បំពាក់បំប៉ន​នៅក្នុង​គេហដ្ឋាន មានភាព​ចុះសម្រុង​នឹង​សេចក្ដីពិត​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ នោះ​គឺ​គ្មាន​កុមារ​ណា​ម្នាក់​ក្នុង​ចំនួន​មួយរយ​នាក់​នឹងត្រូវ​វង្វេង​ឡើយ » (« ​Worship in the Home, »Improvement Eraខែ ធ្នូ ឆ្នាំ ១៩០៣ ទំព័រ ១៣៨ ) ។ នៅក្នុង​ឆ្នាំ ១៩០៩ ស្ដេកហ្គ្រែនិត​នៅក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ បានចាប់​ផ្ដើម​កម្មវិធី​រាត្រីជួបជុំ​ក្រុម​គ្រួសារ​ប្រចាំ​សប្ដាហ៍ ដែល​ប្រសាសន៍​របស់​ប្រធាន ស្ម៊ីធ​ត្រូវ​បាន​បំផុសគំនិត ។ នៅក្នុង​ឆ្នាំ ១៩១៥ គណៈ​ប្រធាន​ទី​មួយ បាន​ចេញអនុសាសន៍​ថា រាត្រី​ជួបជុំក្រុមគ្រួសារ​ប្រចាំ​ខែ ត្រូវ​បាន​អនុវត្តទូទាំង​សាសនាចក្រ ។ គណៈ​ប្រធាន​ទី​មួយ​បានសន្យា ៖ « បើ​ពួកបរិសុទ្ធ​គោរព​តាម​ដំបូន្មាន​នេះ [ ដើម្បី​រក្សា​រាត្រីជួបជុំ​ក្រុមគ្រួសារ ] នោះ​យើង​សន្យា​ថា ពរជ័យ​ដ៏​មហិមា នឹង​កើត​មាន​ឡើង ។ សេចក្ដី​ស្រឡាញ់​ក្នុង​ផ្ទះ និង ការគោរព​ប្រតិបត្តិ​ដល់​ឪពុក​មា្ដយ​នឹង​កើន​ឡើង ។ សេចក្ដី​ជំនឿ នឹង​បង្កើត​ឡើង​នៅក្នុង​ដួងចិត្ត​របស់​យុវវ័យ​នៃ​អ៊ីស្រាអែល ហើយ​ពួកគេនឹង​ទទួល​បាន​អំណាច​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់ និង ការល្បួង​របស់​អារក្ស​ដែល​ឡោមព័ទ្ធ​ពួកគេ » ( នៅ​ក្នុងJames R. Clark, comp.,Messages of the First Presidency of The Church of Jesus Christ of Latter-day Saints,វ៉ុលទី ៦ [១៩៦៥–៧៥] ៤:៣៣៩ ) ។ ហាសិប​ឆ្នាំ​ក្រោយមក សាសនាចក្រ​បាន​បោះពុម្ព​សៀវភៅ​សិក្សា​សម្រាប់​ក្រុមគ្រួសារ​ឲ្យ​ប្រើ​ប្រាស់​នៅក្នុង​ការបង្រៀន​ដំណឹងល្អ​ប្រចាំ​សប្ដាហ៍ ។ នៅក្នុង​ឆ្នាំ ១៩៧០ អ្នកដឹកនាំ​សាសនាចក្រ បាន​ជ្រើសរើសល្ងាច​ថ្ងៃ​ចន្ទ​សម្រាប់​រាត្រីជួបជុំ​ក្រុម​គ្រួសារ ហើយ​បានប្រកាស​ថា សកម្មភាព​សាសនាចក្រ​ដទៃទៀត ពុំ​ត្រូវ​ធ្វើឡើង​នៅល្ងាច​នោះទេ ។

អង្គការ និង កម្មវិធី​សាសនាចក្រ​នីមួយៗ បាន​ប្រតិបត្តិការ​ឡើង​ដោយ​ឯករាជ្យ ។ នៅពេល​សាសនាចក្រ​ពង្រីកកាន់តែ​ធំ​នៅក្នុង​ឆ្នាំ ១៩៥០ នោះ​ពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​ឃើញ​ពី​តម្រូវការ​ដើម្បីធ្វើការ​វាយ​តម្លៃ​ទៅលើ​របៀប​ដែល​អង្គការ​សាសនាចក្រ​បំពេញ​តាមគោលបំណង​របស់​សាសនាចក្រ​ ។ ពួកគាត់​បាន​សម្រេចចិត្ត​ដើម្បី​រួបរួម ហើយ​សម្របសម្រួល​គ្រប់អង្គការ និងកម្មវិធី​សាសនាចក្រ​ទាំងអស់ ទាំង​នៅក្នុង​ការ​គ្រប់គ្រង និង​នៅក្នុង​ការ​ជ្រើសរើស​កម្មវិធី​សិក្សា ។ ការ​ផ្លាស់ប្ដូរ​ទាំងនេះ បានជួយ​អង្គការ និងកម្មវិធីនានា ឲ្យបំពេញ​តាម​តម្រូវការ​នៃ​ការលូតលាស់​របស់សាសនាចក្រ និងដើម្បី​ពង្រឹង​ក្រុមគ្រួសារ​កាន់តែ​ល្អ​ប្រសើរ ។ នៅក្រោម​កិច្ចខិតខំ​សហសម្ព័ន្ធ​នេះ​អង្គការ​សាសនាចក្រ​ទាំងអស់ បាន​ប្រតិបត្តិ​នៅក្រោម​ការ​ដឹកនាំ​របស់​អ្នកដឹកនាំ​បព្វជិតភាព ដែល​កាន់​កូនសោ​ជា​អធិបតី ។

បន្ថែម​ពីលើ​នោះ នៅក្រោម​ការ​ដឹកនាំ​នៃ​គណៈប្រធានទីមួយ និង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ ការិយាល័យសហ​សម្ព័ន្ធ​មួយ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ពិនិត្យ​មើល វាយតម្លៃ និង​ធ្វើ​សហសម្ព័ន្ធ​គ្រប់​សម្ភារ​ដែលបានបោះពុម្ព​ដោយសាសនាចក្រ​ទាំងអស់ ។ ការណ៍​នេះ​ត្រូវ​បានធ្វើឡើង​ដើម្បី​រក្សា​គោលលទ្ធិ​ឲ្យ​នៅបរិសុទ្ធ ដើម្បី​ឲ្យ​ការ​បង្រៀន​របស់សាសនាចក្រ មិន​ត្រូវ​បាន​គេយល់ខុស ។

ចូរ​ពិចារណា​អំពី​របៀប​ដែល​អង្គការ​ជំនួយ​ទាំងឡាយ​របស់​សាសនាចក្រ បាន​រួម​សាមគ្គីភាពគ្នា ហើយ​ធ្វើ​សហសម្ព័ន្ធ​នឹង​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​អ្នកកាន់​បព្វជិតភាព អាច​ជួយ​សម្រេច​គោលបំណង​របស់​ព្រះវរបិតាសួគ៌​សម្រាប់​កូនចៅ​របស់​ទ្រង់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។

  1. សូម​ពិចារណា​អំពី​គោលការណ៍​ដូចខាង​ក្រោម ៖នៅពេល​យើង​ចូលរួម​នៅក្នុង​អង្គការ និង​កម្មវិធី​នានា​របស់​សាសនាចក្រ នោះ​យើង​ទទួលបាន​ពរជ័យ​ដែលមាន​នៅក្នុង​កម្មវិធី និងអង្គការទាំងនោះ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អង្គការ និងកម្មវិធី​នានា​របស់​សាសនាចក្រ បាន​ប្រទានពរ​ដល់​ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ?

    2. តើ​កម្មវិធី​កាតព្វកិច្ច​ចំពោះព្រះ ឬ​កម្មវិធី​អភិវឌ្ឍ​ខ្លួន បាន​ប្រទានពរ​ដល់ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  2. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់អ្នក ចូរ​សរសេរ​គោលដៅ​មួយ ឬពីរ​ដើម្បី​កែលម្អ​ការ​ចូលរួម​របស់អ្នក​ក្នុង​អង្គការ និង​កម្មវិធី​នានា​នៃ​សាសនាចក្រ ។ សំណួរ​ដូច​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​គិត អំពី​អ្វី​ដែល​ជាគោល​ដៅ​ត្រូវ​ដាក់ ៖ តើ​អ្នក​នឹងចូល​រួម​បាន​កាន់តែ​ពេញលេញ​នៅក្នុង​អង្គការ​យុវជន និងអង្គការ​យុវនារី​យ៉ាង​ដូចម្ដេច ? នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ? ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ? នៅក្នុង​ថ្នាក់​សិក្ខាសាលា ?

  3. សូម​ឆ្លើយ​សំណួរ​ដូចខាង​ក្រោម​នៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​ការ​ចូលរួម​នៅក្នុង​អង្គការ​ជំនួយ និងកម្មវិធី​នានា អាច​ជួយ​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សា​ដែក ឬ​ចូល​ទៅ​ថ្នាក់​សមាគម​សង្គ្រោះ​បាន​យ៉ាង​ដូចម្ដេច ?

  4. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « អង្គការ និងកម្មវិធី​នានា​របស់​សាសនាចក្រ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និងការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖