២០១៥
សូម​ទៅ​ដល់​ទី​ផ្តាច់​ព្រ័ត្រ​ដោយ​គប់​ភ្លើង​របស់​អ្នក​នៅ​តែ​ឆេះ
ខែ តុលា ឆ្នាំ ២០១៥


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

សូម​ទៅ​ដល់​ទី​ផ្តាច់​ព្រ័ត្រ ដោយ​គប់​ភ្លើង​របស់​អ្នក​នៅ​តែ​ឆេះ

រូបភាព
Runners passing a torch.

ថតរូប​ដោយ Comstock/Stockbyte/Thinkstock

នៅ ប្រទេស​ក្រិក​ពីបុរាណ កីឡាករ​រត់​ប្រណាំង​បាន​បញ្ចប់​ការរត់​ប្រណាំង​បណ្តាក់​មួយ​ដែល​ហៅ​ថា lampadedromia  នៅ ក្នុង​ការរត់​ប្រណាំង​នោះ កីឡាករ​រត់​ដោយ​កាន់​គប់​ភ្លើង​នៅ​ក្នុង​ដៃ​ខ្លួន ហើយ​ហុច​វា​បន្ត​ទៅ​ឲ្យ​កីឡាករ​បន្ទាប់​ទៀត រហូត​ដល់​សមាជិក​ចុងក្រោយ​នៃ​ក្រុម​រត់​ប្រណាំង​នោះ​ឆ្លង​ដល់​ខ្សែ​ផ្តាច់ព្រ័ត្រ ។

ពាន​រង្វាន់​មិន​ត្រូវ​បាន​ផ្តល់​ជូន​ដល់​ក្រុម​ដែល​រត់​លឿន​បំផុត​នោះ​ទេ—ពាន​រង្វាន់​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដល់​ក្រុម​ដំបូង​គេ​ដែល​ទៅ​ដល់​ខ្សែ​ផ្តាច់ព្រ័ត្រ​ដោយ​គប់ភ្លើង​នៅ​តែ​ឆេះ ។

មាន​មេរៀន​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ក្នុង​ការរត់​ប្រណាំង​នេះ ជាមេរៀន​មួយ​ដែល​បាន​បង្រៀន​ដោយ​ព្យាការី​សម័យ​បុរាណ និង សម័យ​ទំនើប ៖ ខណៈ​ដែល​វា​សំខាន់​ដើម្បី​ចាប់​ផ្តើម​ការប្រកួត នោះ​វា​កាន់តែ​សំខាន់​ខ្លាំង​ថែម​ទៀត​ថា យើង​ទៅ​ដល់​ទី​ផ្តាច់​ព្រ័ត្រ​ដោយ​មាន​គប់ភ្លើង​របស់​យើង​នៅ​តែ​ឆេះ ។

សាឡូម៉ូន បាន​ចាប់​ផ្តើម​រឹងមាំ

ស្តេច​សាឡូម៉ូន​ដ៏​អស្ចារ្យ គឺ​ជា​គំរូ​មួយ​នៃ​មនុស្ស​ម្នាក់​ដែល​ចាប់​ផ្តើម​រឹងមាំ ។ កាល​ទ្រង់​នៅក្មេងទ្រង់ « បាន​ស្រឡាញ់​ដល់​ព្រះយេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះវរបិតា​ទ្រង់ » (ពង្សាវតារក្សត្រទី ១ ៣:៣) ។ ព្រះ​សព្វព្រះទ័យ​នឹង​ទ្រង់ ហើយ​មាន​បន្ទូល​ថា « ចូរ​សុំ​អ្វី​ដែល​ចង់​ឲ្យ​យើងប្រទាន​ដល់​ឯង​ចុះ » ( ពង្សាវតារក្សត្រទី ១ ៣:៥ ) ។

ជំនួស​ឲ្យ​ការទូល​សុំ​ដើម្បី មាន​បាន ឬ ឲ្យ​មាន​ព្រះជន្ម​វែង នោះ​សាឡូម៉ូន​បាន​ទូល​សុំ « មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​នឹង​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ » ( ពង្សាវតារក្សត្រទី ១ ៣:៩ ) ។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​ជា​ខ្លាំង​ដែល ទ្រង់​បាន​ប្រទាន​ពរ​ដល់​សាឡូម៉ូន​មិន​គ្រាន់តែ​មាន​ប្រាជ្ញា​នោះ​ទេ ថែមទាំង​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើសលប់ និង មាន​ព្រះជន្ម​វែង​ថែមទៀត​ផង ។

ទោះបី​ជា​សាឡូម៉ូន​ជា​ក្សត្រ​ឆ្លាតវៃ ហើយ​សម្រេច​បាន​កិច្ចការ​អស្ចារ្យ​ជា​ច្រើន​ក្តី ក៏​គង់តែ​ទ្រង់​ពុំ​បាន​បញ្ចប់​ដោយ​ភាពរឹងមាំ​ឡើយ ។ គួរឲ្យ​ស្តាយ​ណាស់ ចុង​បំផុត​នៃ​ជីវិត​របស់​ទ្រង់ « សាឡូម៉ូន​ក៏​ប្រព្រឹត្ត​ការណ៍​ដែល​អាក្រក់​នៅ​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះយេហូវ៉ា​ដោយ​ពេញ​ខ្នាត » ( ពង្សាវតារក្សត្រទី ១ ១១:៦ ) ។

ការបញ្ចប់​ការរត់​ប្រណាំង​របស់​យើង​ផ្ទាល់

តើ​យើង​ធ្លាប់​បាន​ចាប់ផ្តើម​ធ្វើ​អ្វី​មួយ ហើយ​មិន​បាន​បញ្ចប់​វា​ប៉ុន្មាន​ដង​ហើយ ? ការតម​របប​អាហារ ? កម្មវិធី​ហាត់​ប្រាណ ? ការតាំងចិត្ត​ដើម្បី​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ? ការសម្រេចចិត្ត​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់តែ​ប្រសើរ​ជាងមុន ?

តើ​យើង​បាន​ធ្វើ​ការតាំងចិត្ត​ញឹកញាប់​ប៉ុណ្ណា នៅក្នុង​ខែ​មករា ហើយ​ធ្វើតាម​ការតាំងចិត្ត​ទាំង​នោះ​ជាមួយ​ការប្តេជ្ញា​ចិត្ត​ដ៏​ក្លាវក្លា​សម្រាប់​រយៈពេល​ពីរបី​ថ្ងៃ ពីរបី​សប្តាហ៍ ឬ សូម្បីតែ​ពីរបី​ខែ​តែ​ប៉ុណ្ណោះ​ដោយ​រក​ឃើញ​ថា ដល់​ខែ​តុលា​ហើយ​នោះ​អណ្តាត​ភ្លើង​នៃ​ការតំាងចិត្ត​របស់​យើង​ប្រែជា​ខ្សោយ​ហើយ​ឆេះ​រលាយសុស​ទៅ​ជា​ផេះផង់​អស់ឬ ?

ថ្ងៃ​មួយ​ខ្ញុំ​បាន ប្រទះ​ឃើញ​រូបភាព​បែប​កំប្លែង​មួយ​ដែល​វា​ជា​រូប​ឆ្កែ​ដេក​ជិត​នឹង​កំទេច​ក្រដាស​ដែល​វា​បាន​ខំា​ហែក​ខ្ទេចខ្ទី ។ កំទេច​ក្រដាស​នោះ​មាន​ឃ្លា​ថា « សញ្ញាបត្រ​បំពាក់បំប៉ន​ឆ្កែ​ឲ្យ​ចេះ​គោរព » ។

ពេល​ខ្លះ​យើង​ម្នាក់ៗ​គឺ​ដូច្នោះឯង ។

យើង​មាន​គោលបំណង​ល្អ យើង​ចាប់ផ្តើម​រឹងមាំ យើង​ចង់​ធ្វើ​អ្វី​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ។ ប៉ុន្តែ​នៅ​ទីបញ្ចប់ យើង​បាន​ទុក​ចោល​ការតាំងចិត្ត​របស់​យើង​ឲ្យ​វា​ខ្ទេចខ្ទី បោះបង់ និង បំភ្លេច​ចោល ។

វា​គឺ​ជា​ធម្មជាតិ​របស់​មនុស្សដែល​ត្រូវ ដួល​បរាជ័យ ហើយ​ពេលខ្លះ​បោះបង់​ការប្រកួត​ក៏​មាន​ដែរ ។ ប៉ុន្តែ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​បាន​តាំងចិត្ត​មិន​គ្រាន់តែ​នៅពេល​ចាប់ផ្តើម​ការប្រណាំង​ប៉ុណ្ណោះ​នោះ​ទេ តែ​ត្រូវ​តាំងចិត្ត​រត់​ដល់ទី​ផ្តាច់ព្រ័ត្រ​ផងដែរ—ហើយ​ដល់ទី​ដោយ​គប់ភ្លើង​យើង​នៅតែ​ឆេះ​សន្ធោសន្ធៅ​ទៀតផង ។ ព្រះអង្គ​សង្គ្រោះ បាន​សន្យា​ដល់​សិស្ស​របស់​ទ្រង់​ថា « អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ » ( ម៉ាថាយ ២៤:១៣ ) ។

សូម​ឲ្យ​ខ្ញុំ​សង្ខេប​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​នៅ ក្នុង​សម័យ​យើង​នេះ ៖ បើសិន​យើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ទៅ​ដល់​ទី​ផ្តាច់​ព្រ័ត្រ​ដោយ​គប់ភ្លើង​របស់​យើង​នៅ​តែ​ឆេះ នោះ​យើង​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ​ ( សូមមើល គ និង ស ១៤:៧; សូមមើល​ផងដែរ នីហ្វៃទី ២ ៣១:២០ ) ។

ពន្លឺ​ដែល​មិន​ចេះ​រលត់

ពេល​ខ្លះ​បន្ទាប់​ពី​ការដួលបរាជ័យ ឬ សូម្បី​តែ​បន្ទាប់​ពី បោះបង់​អ្វីមួយ​ក្តី យើង​អាច​បាក់ទឹក​ចិត្ត ហើយ​ជឿ​ថា​ពន្លឺ​របស់​យើង​បាន​រលត់​បាត់ ហើយ​ការប្រណាំង​របស់​យើង​គឺ​ចាញ់​ហើយ ។ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពន្លឺ​នៃ​ព្រះគ្រីស្ទ​មិន​អាច​រលត់​បាន​ឡើយ ។ ពន្លឺ​នោះ​បំភ្លឺ​នៅ​ក្នុង​យប់​ដ៏​ងងឹត​សូន្យសុង ហើយ​នឹង​បំភ្លឺ​ដួងចិត្ត​យើង​ជាថ្មី បើសិន​យើង​គ្រាន់តែ​បង្វែរ​ចិត្ត​ទៅ​ឯ​ទ្រង់ ( សូមមើល ពង្សាវតារក្សត្រទី ១ ៨:៥៨ ) ។

មិន​ថា​យើង​ដួល​ញឹកញាប់​ប៉ុណ្ណា ឬ ដួល​ខ្លាំង​ប៉ុណ្ណា​ឡើយ ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅ​តែ​ឆេះ​ចែងចាំង ។ ហើយ​មិន​ថា​នៅក្នុង​ពេល​ដ៏​លំបាកលំបិន​យ៉ាង​ណា​នោះ​ទេ បើសិន​យើង​ពុះពារ​ធ្វើ​តាម​ទ្រង់ នោះ​ពន្លឺ​របស់​ទ្រង់​នឹង​បណ្តេញ​ស្រមោល​នោះ​ចេញ ហើយ​ផ្តល់​ថាមពល​ដល់​ព្រលឹង​យើង​ឲ្យ​បន្ត​ទៅ​មុខ​ទៀត ។

ការប្រណាំង​នៃ​ភាពជា​សិស្ស​នេះ​គឺ​មិនមែន​ជា​ការរត់​ធម្មតា​នោះ​ទេ វា​គឺ​ជា​ការរត់​ប្រណាំង​ប្រជែង​គ្នា ។ ហើយ​វា​មាន​ភាពខុសប្លែក​បន្តិច​ពី​ល្បឿន​ដែល​យើង​រត់ ។ ពិតណាស់ ផ្លូវ​មួយ​ដែល​យើង​អាច​ចាញ់​ការប្រកួត​នោះ គឺ​ការធ្លាក់​ក្នុង​ការល្បួង ឬ បោះបង់​ចោល​ការប្រណាំង​នេះ​នៅទី​បំផុត ។

បើកាលណា​យើង​នៅតែ​បន្ត​ព្យាយាម​ប្រឹងប្រែង ហើយ​ឆ្ពោះ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​ឈ្នះ​ការប្រណាំង​ដោយ​គប់ភ្លើង​របស់​យើង​នៅតែ​ឆេះ​សន្ធោសន្ធៅ ។

ដ្បិត​គប់ភ្លើង​នោះ មិនមែន​ជា​ខ្លួន​យើង ឬ អ្វី​ដែល​យើង​ធ្វើ​ឡើយ ។

គប់ភ្លើង​នោះ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។

ហើយ​គប់ភ្លើង​នោះ គឺ​ជា​ពន្លឺ​មួយ​ដែល​មិន​អាច​ត្រូវបាន​រលត់​ឡើយ ។ វា​គឺ​ជា​ពន្លឺ​មួយ​ដែល​នឹង​លេប​ត្របាក់​នូវ​ភាពងងឹត ព្យាបាល​របួស​យើង ហើយ​ជា​កម្លាំង​នៅក្នុង​គ្រា​ដ៏​សោកសៅ និង ការលំបាកលំបិន​យ៉ាង​ខ្លាំង ។

វា​គឺ​ជា​ពន្លឺ​ដែល​លើស​ទាំង​ការយល់ដឹង ។

សូម​ឲ្យ​យើង​ម្នាក់​ៗ​ទៅដល់​ទី​ផ្តាច់ព្រ័ត្រ​នៃ​ផ្លូវ​ដែល​យើង​បាន​ចាប់ផ្តើម ។ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ទៅ​ដល់​ទី​ផ្តាច់ព្រ័ត្រ​ដោយ​សេចក្តី​អំណរ ហើយ​គប់ភ្លើង​របស់​យើង​នៅតែ​ឆេះ ។

កំណត់​ចំណាំ

  1. Harpers Dictionary of Classical Antiquities (ឆ្នាំ ១៨៩៨), “Lampadedromia,www.perseus.tufts.edu/hopper ។ អ្នក​ភូមិសាស្ត្រ​ជនជាតិ​ក្រិក​ពិពណ៌នា​ខុសៗ​គ្នា​ពី​ការរត់​ប្រណាំង​កាន់​គប់ភ្លើង​នេះ ដែល​អ្នក​កាន់​គប់ភ្លើង​នោះ អាច​ជា​មនុស្ស​ម្នាក់​មក​ពី​កុលសម្ព័ន្ធ​និមួយៗ មិន​អាច​ហុច​គប់ភ្លើង​របស់​ខ្លួន​ត​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឡើយ ។ ប៉ុន្តែ​នៅ​ក្នុង​កីឡា lampadedromia អ្នក​ឈ្នះ​គឺ​ជា​ម្នាក់​ដែល​រត់​ទៅ​ដល់​ទី​ព្រ័ត្រ​មុន​គេ​ដោយ​មាន​គប់ភ្លើង​របស់​ខ្លួន​នៅ​តែ​ឆេះ ។

រូបភាព
Product Shot from October 2015 Liahona