២០១៥
ការស្វែងរក​សេចក្តី​ពិត​របស់​ខ្ញុំ
ខែ តុលា ឆ្នាំ ២០១៥


ការស្វែងរក សេចក្តី​ពិត​របស់​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

ខ្ញុំ​ត្រូវ​បាន​បង្រៀន​ជានិច្ច​ថា​គ្មាន​ព្រះ​ឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ស្វែងយល់​ឲ្យ​ដឹង​ដោយ​ខ្លួន​ឯង ។

រូបភាព
illustration of young men and a woman talking

រចនា​រូបភាព​ដោយ ដាន បឺ

ដោយ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ដែល​មាន​ការប្រកួតប្រជែង និង គ្មាន​សាសនានោះ ខ្ញុំ​តែង​មាន​បំណង​ដ៏​ធំ​មួយ​ជានិច្ច​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​ជោគជ័យ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​គ្មាន​គោលការណ៍​អស់កល្ប ឬ សេចក្តី​ពិត​ណា​ដឹកនាំ​ខ្ញុំ​ឡើយ ។ នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ​ពាក្យ​ថា « ជោគជ័យ » មាន​ន័យ​ថា ការក្លាយ​ជា​អ្នក​មាន ហើយ​មាន​អំណាច ។

ឪពុក​ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ជានិច្ច​ថា​គ្មាន​ព្រះ​ឡើយ ។ សម្រាប់​ពួកគាត់ សាសនា ឬ ព្រះ​ហាក់​ដូច​ជា​គ្មាន​ន័យ​អ្វី​ឡើយ ហើយ​វា​សម្រាប់​តែ​មនុស្ស​ដែល​ខ្សោយ​ប៉ុណ្ណោះ ។ អស់ពេល​ជាយូរ​មក​ហើយ ខ្ញុំ​បាន​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មិនជឿ​ព្រះ ។ ពួកគេ​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ទុក​ចិត្ត​លើ​នរណា​ម្នាក់​ក្រៅ​ពីខ្លួន​ឯង​ឡើយ ។ ដូច្នេះ​តាំង​ពី​ក្មេង​មក ខ្ញុំ​បាន​ប្រើ​មហិច្ឆតា​ដ៏​ធំ​របស់​ខ្ញុំ​នោះ ធ្វើ​ជា​ការជម្រុញ ចិត្ត​ដើម្បី​សិក្សា និង ធ្វើការ​យ៉ាង​ខ្លាំង ។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​ក្តី​រំពឹង​ខ្ពស់​លើ​ខ្ញុំ ។ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ទទួល​បាន​ពិន្ទុ​ខ្ពស់​គ្រប់​ពេល ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ នៅពេល​ឃើញ​មុខ​របស់​ពួកគាត់​ខកចិត្ត ឬ ឮ​ពួកគាត់​ឈ្លោះ​គ្នា​នៅពេល​ខ្ញុំ​រៀន​បាន​ពិន្ទុ​មិន​ល្អ ។ ក្រៅ​ពី កិច្ចការ​សាលា​ទូទៅ​របស់​ខ្ញុំ នោះ​ខ្ញុំ​មាន​កិច្ចការ​សាលា​បន្ថែម​ទៀត​ដែល​ត្រូវ​ធ្វើ​ផងដែរ​នៅ​ចុង​សប្តាហ៍ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​និទេស A ​ជានិច្ច ។

ទោះបី​ជា​បន្ទាប់​ពី​ខ្ញុំ​បាន​សម្រេច​គោលដៅ​ដែល​ខ្ញុំ​បាន​ដាក់​ក៏ ដោយ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​វា មាន​អ្វី​មួយ​ទៀត​ដែល​មាន​ទុក​សម្រាប់​ជីវិត​ខ្ញុំ ។ ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ក្នុង​ដួងចិត្ត​ខ្ញុំ​ថា មាន​អ្វី​ផ្សេង​ទៀត​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ។

ថ្ងៃ​មួយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​នឹង​ស្វែងរក​អ្វី មួយ​សម្រាប់​ខ្លួន​ខ្ញុំ បើសិន​ពិត ជា​មាន​ព្រះ​មែន​នោះ ។ បើ​ទ្រង់​ពិត​ជា​មាន​មែន​នោះ ខ្ញុំ​ចង់​ដឹង​ថា​តើ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ឬ បើសិន​សាសនា​គ្រាន់តែ​ជា​អ្វី​ដែល​គ្មាន​ន័យ ដែល​គ្រាន់តែ​បង្កើត​ឡើង​តាម​ការស្រមៃ​របស់​មនុស្ស​លោក​នោះ ។ ខ្ញុំ​មិន​ភ័យ​ខ្លាច​ដើម្បី​ទទួល​បាន​ចម្លើយ​មួយ​ក្នុង​ចំណោម​ចម្លើយ​ពីរ​នោះ​ឡើយ ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ពី​ការពិត ។

នៅអំឡុង​ពេល​នោះ ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ជិតស្និទ​ជាមួយ​នឹង​មិត្ត​ម្នាក់​នៃ​ក្រុម​បាល់​បោះ​របស់​ខ្ញុំ​ឈ្មោះ ថេលើរ ។ ព្រឹក​មួយ​ខ្ញុំ​បាន​សុំ​គាត់​ជិះ​មក​សាលា​រៀន ។ គាត់​ថា​បាន ប៉ុន្តែ​ខ្ញុំ​ត្រូវ​ក្រោក​លឿន​ជាង​ធម្មតា​មួយ​ម៉ោង​ដើម្បី ទៅ​ថ្នាក់​សិក្ខាសាលា​ជាមួយ​គាត់ ។ ខ្ញុំ​បាន​ស្ទាក់ស្ទើរ​ឆ្លើយ​ថា យល់​ព្រម ដោយ​មិន​ដឹង​ថា​ថ្នាក់​សិក្ខា​សាលា​នោះ​ជា​អ្វីឡើយ ។ ខ្ញុំ​ចូលចិត្ត​ថ្នាក់​សិក្ខា​សាលា ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។

មិន​យូរ​ប៉ុន្មាន ក្រោយ​មក ថេលើរ បាន​សុំ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​គាត់ ។ លើក​ដំបូង​ខ្ញុំ​បាន​គិត​ថា ព្រះវិហារ​ដូច​ជា​គួរ​ឲ្យ​ធុញ ហើយ​ចម្លែក ប៉ុន្តែ​បន្តិច​ម្តងៗ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​នៃ​ភាព​កក់ក្តៅ និង សុខសាន្ត​ដែល​ខ្ញុំ​បាន​ទទួល​នៅការប្រជុំ​នោះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅតែ​មិន​បាន​ប្រែចិត្ត​ជឿ​តាម​អារម្មណ៍​ល្អ​នោះ​ថា​មាន​ព្រះ​ឡើយ ។ តើ​ខ្ញុំ​អាច​ដឹង​ថា អារម្មណ៍​នេះ មិន​មែន​ជា​អារម្មណ៍​របស់​ខ្ញុំ​តាម​របៀប​ណា​ទៅ ? តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​បែប​នេះ​តាម​របៀប​ណា​ទៅ ?

បន្ទាប់​ពី តវ៉ា​ក្នុង​ចិត្ត​ជា​ច្រើន​មកនោះ ខ្ញុំ​បាន​ទៅ​ជួប​ម្តាយ​របស់ ថេលើរ​ដើម្បី​ស្វែងរក​ចម្លើយ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​អាច​ទទួល​ចម្លើយ​នោះ ដោយ​ការអាន​ព្រះគម្ពីរ និង អធិស្ឋាន​អំពី​ចម្លើយ​ដែល​ខ្ញុំ​កំពុង​ចង់​ដឹង​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ពុំ​ទទួល​បាន​ចម្លើយ​អ្វី​ទេ ហើយ​ស្មុគស្មាញ​ក្នុង​ការគោរព​តាម​ច្បាប់​នានា និង ព្រះបញ្ញត្តិ​ដែល​ខ្ញុំ​បាន​រៀន ។ ខ្ញុំ​ធ្វើ​មិន​បាន​សម្រេច​ជា​ច្រើន​ដង ។ ខ្ញុំ​រំពឹង​ថា​មាន​ព្រះ​បង្ហាញ​ព្រះកាយ​ទ្រង់​ដ៏​អស្ចារ្យ និង គួរឲ្យ​រំភើប ឬ ក៏​មាន​ព្រឹត្តិការណ៍​អព្ភូតហេតុ​មួយ​ចំនួន​ដើម្បី បង្ហាញ​ភស្តុតាង​ថា​មាន​ព្រះ​ពិត​មែន​នោះ ។ ពិត​ណាស់​ខ្ញុំ​ចង់​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​ក្នុង​ពេល​តែ​ម្តង ។ ការពិត គឺ​កាលណា​ខ្ញុំ​កាន់តែ​អធិស្ឋាន នោះ​ខ្ញុំ​ទទួល​អារម្មណ៍​កាន់តែ​ច្បាស់​អំពី​សេចក្តី​ពិត​ក្នុង​ជីវិត​ខ្ញុំ ។ កាលណា​ខ្ញុំ​កាន់តែ​ធ្វើ​តាម​ព្រះបញ្ញត្តិ នោះ​ខ្ញុំ​ប្រែ​កាន់តែ​សប្បាយ​រីករាយ ។ កាលណា​ខ្ញុំ​កាន់តែ​អាន​ព្រះគម្ពីរ នោះ​ខ្ញុំ​កាន់តែ​ទទួល​វិវរណៈ ។ បន្តិចម្តងៗ ទីបន្ទាល់​របស់​ខ្ញុំ​បាន​កើន​ឡើង ដូចជា​ព្រះអាទិត្យ​រះ​នៅពេល​ព្រឹក​ដូច្នេះ​ដែរ ។

ខ្ញុំ​ចំណាយ​ពេល​អស់​ពីរ​ឆ្នាំ​ទំរាំ​តែ​ខ្ញុំ​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ទោះបី​ជា​ខ្ញុំ​បាន​រស់​នៅ​តាម​បទដ្ឋាន​សីលធម៌ និង គោលការណ៍​ល្អៗ​ជា​ច្រើន​ក្តី ឥឡូវ​នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​បាន​ជួប​សេចក្តី​ពិត​ដ៏​អស់កល្ប និង គ្មាន​ទីបញ្ចប់​គឺ ៖ ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ​ព្រះ​អង្គសង្គ្រោះ និង ជា​ព្រះ​ប្រោស​លោះ​របស់​យើង ។ ឋាន​សួគ៌​បើក ។ ព្យាការី​របស់​ព្រះ​ដើរ​នៅ លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ការពិត ។ ព្រះ​ពិត​ជា​អភ័យទោស​ដល់​អស់​អ្នក​មាន​បាប​ដែល​ប្រែចិត្ត ។ ខ្ញុំ​ប្រហែល​ជា​មិន​ឆ្លាត ឬ មាន​អំណោយ​ទាន​ដូច​មនុស្ស​ដទៃ​ទៀត ឡើយ ប៉ុន្តែ​ចំណេះ ដឹង​ដែល​ខ្ញុំ​មាន​គឺ​ពុំ​អាច​កាត់​ថ្លៃ​បាន​ឡើយ