២០១៧
តមអាហារ​សម្រាប់​ព្យាការី
July 2017


តមអាហារ សម្រាប់ ព្យាការី

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ហាវ៉ៃ ស.រ.អា. ។

ស៊ីលីអូទី​ស្រឡាញ់​ប្រធាន​ឃឹមបឹល ។ នាង​ចង់​ឲ្យ​លោក​បាន​ធូរ​ស្បើយ ។

« Feed thou our souls, fill thou our hearts, and bless our fast, we pray » ( ទំនុក​តម្កើង លេខ ១៣៨ ) ។

រូបភាព
Fasting for a Prophet

ស៊ីលីអូទី បាន​ដើរ​ពី​សាលារៀន​ទៅ​ផ្ទះ​ដោយ​ដើរ​កាត់​ដើម​ល្ហុង និង​ស្វាយ​ដែល​មាន​ផ្លែ​ទុំ​ក្រហម​ស្រស់ ។ នៅពេល​នាង​បាន​ឃើញ​ផ្លែឈើ​ទាំង​នោះ នាង​ចាំ​ថា​នាង​ឃ្លាន​យ៉ាង​ខ្លាំង ។ នាង​ក៏​បាន​ចាំ​ផងដែរ​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ពិសេស ។ ថ្ងៃ​នេះ​សមាជិក​គ្រប់​រូប​នៅក្នុង​ស្តេក​របស់​នាង នៅក្នុង​ប្រទេស​តុងហ្គា​កំពុង​តម​អាហារ​សម្រាប់​ព្យាការី ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ ព្យាការី​ឈឺ ហើយ​លោក​ត្រូវ​ទទួល​ការវះកាត់ ។ យប់​នេះ​សមាជិក​គ្រប់​រូប​នឹង​ជួប​គ្នា​នៅក្នុង​ស្តេក​ដើម្បី​អធិស្ឋាន ហើយ​បញ្ចប់​ការតម​អាហារ​របស់​ពួកគេ​ជាមួយ​គ្នា ។

នៅពេល​ស៊ីលីអូទី បាន​ទៅដល់​ផ្ទះ​របស់​នាង នាង​បាន​ឆ្ងុយ​ក្លិន​ម្ហូប​ដែល​កំពុង​ចម្អិន​នៅក្នុង umu ( អ៊ូមូ ) នៅ​លើ​ចង្ក្រាន ។ ពោះ​របស់​នាង​បាន​កូរ ។ ស៊ីលីអូទី រីករាយ​ណាស់​ដែល​នាង​មាន​អាយុ​គ្រប់គ្រាន់​ល្មម​ដើម្បី​តម​អាហារ​បាន ប៉ុន្តែ​ការតម​អាហារ​នៅ​ថ្ងៃ​ទៅ​រៀន​គឺ​ពិបាក​ខ្លាំង​ជាង​ការតមអាហារ​នៅ​ថ្ងៃ​អាទិត្យ ។

ស៊ីលីអូទី​ព្យាយាម​បំភ្លេច​ថា​នាង​ឃ្លាន​ខ្លាំង​ណាស់ ។ នាង​បាន​រក​អុស ហើយ​បាន​បោស​សម្អាត​ស្លឹកឈើ​ដែល​បាន​ធ្លាក់​មក​ពី​ដើម​ចំប៉ាដក់​ខ្ពស់ៗ​ដ៏​ស្រស់ស្អាត​ដែល​ផ្តល់​ម្លប់​នៅ​រាន​ហាល​របស់​នាង ។

ស៊ីលីអូទី បាន​គិត​នៅពេល​នាង​បាន​លាង​ដៃ​របស់​នាង​បន្ទាប់​ពី​ការបោស​សម្អាត​នោះ​ថា « ព្រះវរបិតាសួគ៌​នឹង​យល់ ប្រសិនបើ​ខ្ញុំ​គ្រាន់តែ​ចឹប​ទឹក​បន្តិច » ។ ក្រោយ​មក​នាង​បាន​គិត​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ខ្លាំង​ដែល​នាង​មាន​ចំពោះ​ប្រធាន ឃឹមបឹល ។ នាង​ចង់​ឲ្យ​លោក​បាន​ធូរ​ស្បើយ​ឡើង​វិញ ។ នាង​បាន​សម្រេច​ចិត្ត​ថា​នាង​នឹង​រង់ចាំ ។

ស៊ីលីអូទី បាន​អង្គុយ​នៅ​លើ​មាត់​ទ្វារ ហើយ​កើយ​ក្បាល​នាង​នៅលើ​ភ្លៅ​របស់​ម្តាយ​នាង ។ នាង​អស់​កម្លាំង​ខ្លាំង​ណាស់ ។

ម៉ាក់​នាង​បាន​និយាយ​ថា « កូន​អាច​បញ្ចប់​ការតម​អាហារ​បាន​ប្រសិនបើ​កូន​ចង់ » ។

ស៊ីលីអូទី បាន​និយាយ​ថា « ប៉ុន្តែ​កូន​ចង់​តម​អាហារ ។ កូន​អាច​ធ្វើ​វា​បាន » ។

នៅពេល​ឪពុក​នាង​បាន​មក​ពី​ធ្វើការ​វិញ មនុស្ស​គ្រប់គ្នា​នៅក្នុង​គ្រួសារ​បាន​ជួយបើក​គម្រប់ ‘umu (អ៊ូមូ) នៅលើ​ចង្ក្រាន ។ ពួកគេ​បាន​ដកយក​ចង្វាយ​សាច់​ជ្រូក​ជា​ចំណិតៗ ត្រី និង​ផ្លែចំប៉ាដក់​ដែល​បាន​ដុត​នៅក្នុង​ខ្ទិះដូង ។ ក្រោយ​មក​ពួកគេ​បាន​ខ្ចប់​អាហារ​នៅក្នុង​បង្វិច ហើយ​យួរ​វា​ចេញ​ទៅ​ផ្លូវ​ដើម្បី​រង់ចាំ​រថយន្ត​ក្រុង ។

ពួកគេ​បាន​ជួប​គ្រួសារ​ផ្សេង​ទៀត​នៅ​តាម​ផ្លូវ មនុស្ស​ទាំងអស់​មាន​ម្ហូប​រៀងៗ​ខ្លួន​របស់​ពួកគេ ។ ពួកគេ​ទាំងអស់​បាន​ញញឹម ហើយ​បាន​និយាយ​នៅពេល​ពួកគេ​បាន​ឡើង​ជិះឡាន​ក្រុង​ជាមួយ​គ្នា ។ ស៊ីលីអូទី ឃើញ​កន្លែង​ទំនេរ​តូច​មួយ​នៅ​ក្បែរ​ម្តាយ​នាង ។ នាង​ស្រង់​ក្លិន​អាហារ​ដ៏​ឆ្ងុយឆ្ងាញ់​នោះ នៅពេល​ឡាន​ក្រុង​កំពុង​ធ្វើ​ដំណើរ ។

មេឃ​ងងឹត​ហើយ​នៅពេល​ឡាន​ក្រុង​ទៅ​ដល់​សាលា​ជំនុំ ។ នៅក្នុង​អគារ ស៊ីលីអូទី​បាន​លុត​ជង្គង់ ជាមួយ​ឪពុក​ម្តាយ​បងប្អូន​ប្រុសស្រី​របស់​នាង និង​សមាជិក​រាប់រយ​នាក់​ផ្សេង​ទៀត​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

អំឡុង​ពេល​អធិស្ឋាន ស៊ីលីអូទី បាន​អធិស្ឋាន​ក្នុង​ចិត្ត​នាង​ថា « សូម​ទ្រង់​ជួយ​ឲ្យ​ប្រធាន ឃឹមបឹល បាន​ធូរ​ស្បើយ​ឡើង​វិញ » ។ នាង​បាន​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​នៅក្នុង​បន្ទប់​កំពុង​អធិស្ឋាន​សម្រាប់​រឿង​ដូចគ្នា ។ អារម្មណ៍​ដ៏​ស្ងប់​បាន​ផុស​ឡើង​ក្នុង​ចិត្ត​នាង​ថា ប្រធាន ឃឹមបឹល​នឹង​បាន​ធូរ​ស្បើយ ។

នៅពេល​នាង​បើក​ភ្នែក​វិញ នាង​បាន​ឃើញ​មនុស្ស​នៅជុំ​វិញ​ខ្លួន​នាង​ស្រក់​ទឹក​ភ្នែក ។ សមាជិក​ទាំងនេះ​បាន​តម​អាហារ ហើយ​នាង​បាន​តមអហារ​ជាមួយ​ពួកគេ ។ វា​មាន​ការលំបាក ប៉ុន្តែ​នាង​បាន​ធ្វើ​វា !