២០១៧
របៀប​ទទួល​បាន​ទីបន្ទាល់
July 2017


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

របៀប ទទួល​បាន​ទីបន្ទាល់

ដកស្រង់​ចេញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០០៨ ។

រូបភាព
young woman

ជំហាន​ទីមួយ​ក្នុងការ​ទទួល​បាន​ចំណេះដឹង​ណាក៏​ដោយ​គឺ ការមាន​ប្រាថ្នា​ចង់​ដឹង​ដោយ​ពិតប្រាកដ ។ នៅក្នុង​ករណី​នៃ​ចំណេះដឹង​ខាង​វិញ្ញាណ ជំហាន​បន្ទាប់​គឺ ទូលសួរ​ដល់​ព្រះ​នៅក្នុង​ការអធិស្ឋាន​ដ៏​ស្មោះសរ ។ ដូច​យើង​អាន​នៅក្នុង​វិវរណៈ​សម័យ​ទំនើប​នេះ​ថា « បើ​សិន​ជា​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ និង​របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត — ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( គ. និង ស. ៤២:៦១ ) ។

នេះ​ជា​អ្វី​ដែល​អាលម៉ា​បាន​សរសេរ​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ ៖ « មើលចុះ ខ្ញុំ​បាន​តមអាហារ ហើយ​បានអធិស្ឋាន​ជាច្រើន​ថ្ងៃ​ដើម្បី​ខ្ញុំ​អាច​ដឹង​នូវរឿង​ទាំងនេះ​ដោយ​ខ្លួន​ខ្ញុំ ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ដឹង​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំ​ថា​ជា​រឿង​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​សម្ដែង​ប្រាប់​ខ្ញុំ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ » ( អាលម៉ា ៥:៤៦ ) ។

នៅពេល​យើង​មាន​បំណង​ប្រាថ្នា ហើយ​ស្វែងរក នោះ​យើង​គប្បី​ចាំ​ថា ការទទួល​បាន​ទីបន្ទាល់​ពុំ​មែន​ជា​រឿង​អកម្ម​ឡើយ ប៉ុន្តែ​វា​ជា​ដំណើរ​ការមួយ​ដែល​រំពឹង​ឲ្យ​យើង ធ្វើ កិច្ចការ​អ្វី​មួយ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « បើ​អ្នក​ណា​ចង់ធ្វើ​តាម​ព្រះហឫទ័យទ្រង់ នោះ​នឹង​បាន​ដឹង​សេចក្ដីបង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាងខ្លួន​ខ្ញុំ » ( យ៉ូហាន ៧:១៧ ) ។

របៀប​មួយ​ទៀត​ដើម្បី​ស្វែងរក​ទីបន្ទាល់ ហាក់បីដូច​ជា​អស្ចារ្យ​ណាស់ បើ​ប្រៀប​ធៀប​ទៅនឹង​វិធីនានា​ក្នុងការ​ទទួល​បាន​ចំណេះដឹង​ដទៃ​ទៀត ។ យើង​ទទួល​បាន ឬ ពង្រឹង​ទីបន្ទាល់​តាម​រយៈ​ការថ្លែង​ទីបន្ទាល់​នោះ ។ មាន​មនុស្ស​មួយ​ចំនួន​ព្រមទាំង​បាន​ផ្តល់​យោបល់​ថា ទីបន្ទាល់​ខ្លះ​អាច​ទទួល​បាន​នៅពេល​ពួកគេ​ថ្លែង​ទីបន្ទាល់នោះ ជាជាង​ការលុត​ជង្គង់​ទូលសូម​ទីបន្ទាល់​នោះ ។

ទីបន្ទាល់​ផ្ទាល់ខ្លួន​គឺ​ជា​គ្រឹះ​សម្រាប់​សេចក្តី​ជំនឿ​របស់​យើង ។ ដូច្នេះ​ហើយ អ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន ដើម្បី​ពង្រឹង និង​រក្សា​ទីបន្ទាល់​ទុកគឺ ចាំបាច់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ។ ក្រៅ​ពី​អ្វី​ដែល​បាន​និយាយ​មក​ហើយ​នេះ យើង​ត្រូវតែ ទទួលទាន​សាក្រាម៉ង់​រៀងរាល់​សប្តាហ៍ ( សូមមើល គ. និង ស. ៥៩:៩) ដើម្បី​សក្តិសម​នឹង​​ការសន្យា​ដ៏​មាន​តម្លៃ​ថា​យើង​នឹង « មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ [ ពួកយើង ] ជាដរាប » ( គ. និង ស. ២០:៧៧ ) ។ ប្រាកដ​ណាស់ ព្រះ​វិញ្ញាណ​គឺ​ជា​ប្រភព​នៃ​ទីបន្ទាល់​របស់​យើង ។