២០១៧
ការចិញ្ចឹម​បីបាច់​កូន​ប្រុស​របស់​យើង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ព្រះ
July 2017


ការចិញ្ចឹម​បីបាច់​កូន​ប្រុស​របស់​យើងក្នុង​ភាពជា​ដៃគូ​ជាមួយ​ព្រះ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

នៅពេល​ខ្ញុំ​រៀន​ប្រើប្រាស់​ធនធាន​ខាង​វិញ្ញាណ​ដែល​មាន​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​មាន​យោបល់​ជា​ច្រើន​អំពី​របៀប​ជួយ​កូន​ប្រុស​របស់​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ប្រឈម​មុខ​នឹង​ការសាកល្បង​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​កាន់តែ​ប្រសើរ​ឡើង ។

រូបភាព
mother struggling with son

រចនា​រូបថត​ដោយ រ៉ូប៊ើត ហាន់

ការយល់ដឹងមួយ​របស់​ខ្ញុំ​ក្នុង​នាម​ជាឪពុក​ម្តាយ​នោះ គឺ​ការឲ្យ​កូនៗ​របស់​ខ្ញុំ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត​ជានិច្ច ហើយ​ពុំ​កខ្វក់​ឡើយ ។ ភ្លាមៗ​នោះ​ខ្ញុំ​ដឹង​ថា ការយល់ដឹង​ដែល​ខ្ញុំ​ចង់​បាន​នោះ​គឺ​ជា​គំនិត​រវើរវាយ​មួយ ។ ខ្ញុំ​បាន​សុខចិត្ត​ទទួល​យក​ភាពរញ៉េរញ៉ៃ​ដែល​មាន​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ និង​ការហៀរ​សំបោរ​របស់​កូនៗ ដោយសារ​ខ្ញុំ​ដឹង​ថា រឿង​ទាំងនេះ​បាន​កើត​ឡើង​ជា​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពីមុនមក ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ពុំ​ធ្លាប់​គិត​ឃើញ​នោះ គឺជា​ការលំបាក​ដែល​ខ្ញុំ​បាន​ជួប​អំឡុង​ពេល​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ខ្ញុំ ជាពិសេស ប្រាដ កូនប្រុស​របស់​ខ្ញុំ ។

ប្រាដ បាន​កើត​មក​ជាក្មេង​គ្មាន​កំហុស​ដូច​ជា​ក្មេងៗ​ដទៃ​ទៀត​ដែរ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​យើង​បាន​ដឹង​ថា​គាត់​មាន​ភាព​ខុស​ប្លែក​ពី​ក្មេង​ដទៃ ។ គាត់​ពុំ​អាច​ទៅ​ថ្នាក់​ទារក​ដ្ឋាន​ដោយ​គ្មាន​ស្វាមី​ខ្ញុំ ឬ​រូបខ្ញុំ​ឡើយ ដោយសារ​គាត់​រករឿងគេ​ខ្លាំង​ណាស់ ។ នៅពេល​គាត់​ធំឡើង និង​ពេល​គាត់​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត គាត់​ត្រូវតែ​មាន​ការ​មើល​គ្រប់គ្រង​ជាប់​ជានិច្ច ។ នៅពេល​យើង​ស្វែង​រក​ជំនួយ នោះ​គេ​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​នៅ​ឲ្យ​កាន់តែ​កៀក​នឹង​គាត់ ។ យើង​បាន​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដែល​យើង​គិត​ឃើញ ៖ យើង​បាន​ស្រាវជ្រាវ​តាម​អ៊ិនធើរណែត អាន​សៀវភៅ​ផ្សេងៗ​អំពី​ភាពជា​ឪពុកម្តាយ ហើយ​សួរ​យោបល់​ពី​វេជ្ជបណ្ឌិត និង​សមាជិក​គ្រួសារ ។ ទីបំផុត​នៅពេល ប្រាដ ចាប់ផ្តើម​ចូលរៀន គាត់​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​កើត​ជំងឺ​វិបត្តិ​មាន​សកម្មភាព​ហួសហេតុ​ដែល​ខ្វះ​ការប្រុង​ស្មារតី ឬ ADHD ព្រមទាំង​មាន​បញ្ហា​ជាច្រើន​ផ្សេង​ទៀត ។

នៅ​គ្រា​ដំបូង​យើង​មាន​អារម្មណ៍​ថា​យើង​មាន​សេចក្តីសង្ឃឹម ។ ឥឡូវ​នេះ​យើង​មាន​រោគវិនិច្ឆ័យ យើង​អាច​ចាប់ផ្តើម​ផែនការ​ព្យាបាល ។ យើង​មាន​សង្ឃឹម​ថា ថ្នាំ​ដែល​ដាក់​ឲ្យ ប្រាដ ផឹក​នោះ​មាន​ប្រសិទ្ធភាព ព្រោះ​ថ្នាំ​នោះ​បាន​ជួយ​មនុស្ស​ជាច្រើន​ផ្សេង​ទៀត ។ ជា​អកុសល ឥរិយាបថ​របស់ ប្រាដ នៅពេល​ប្រើ​ថ្នាំ​គឺ​កាន់តែ​អាក្រក់​ជាង​ពេល​ពុំ​បាន​ប្រើ​ថ្នាំ​ទៅ​ទៀត ដូច្នេះ​គាត់ត្រូវ​ឈប់​ផឹក​ថ្នាំ​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា សេចក្តីសង្ឃឹម​ចុងក្រោយ​បន្តិចបន្តួច​របស់​ខ្ញុំ​បាន​រលាយ​បាត់អស់ ។

ថ្ងៃ​មួយ​ពេល ប្រាដ មាន​អាយុ​ប្រាំ​មួយ​ឆ្នាំ ខ្ញុំ​បាន​ប្រឈមមុខ​នឹង​ការផ្ទុះ​កំហឹង​​ដែល​គាត់​​មាន​ជា​ប្រចាំ ។ ខ្ញុំ​ចង់​ចុះចាញ់​ហើយ ។ ខ្ញុំ​បាន​ទៅ​បន្ទប់​របស់​ខ្ញុំ​មួយ​សន្ទុះ​តែ​ម្នាក់​ឯង ហើយ​ខ្ញុំ​បានយំ ។ ខ្ញុំ​បាន​អធិស្ឋាន​ទូលសូម​កម្លាំង ដើម្បី​អាច​ដេក​លក់នៅពេល​ដល់​ម៉ោង​សម្រាក ។ តើ​ខ្ញុំ​អាច​បន្តធ្វើ​កិច្ចការ​នេះ​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​បាន​យ៉ាង​ដូចម្តេច ? ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​ស៊ូទ្រាំ​នឹង​ការណ៍​នោះ​បាន​ឡើយ ។ តើ​ព្រះវរបិតា​សួគ៌​ជ្រាប​ដឹង​ថា​វា​ពិបាក​ខ្លាំង​ប៉ុណ្ណា​ទេ ? ប្រសិនបើ​ទ្រង់​ពិតជា​ស្រឡាញ់​ខ្ញុំ​មែន ខ្ញុំ​គិត​ថា ទ្រង់​នឹង​ដក​យក​បន្ទុក​នេះ​ចេញ​ពី​ខ្ញុំ ហើយ​ប្រទាន​ជីវិត​សាមញ្ញ​ដូច​គេឯង​ដល់​កូនប្រុស​របស់​ខ្ញុំ​វិញ ។ គំនិត និង​អារម្មណ៍​ទាំងនោះ​បាន​កើត​មាន​ឡើង​ក្នុង​ចិត្ត​ខ្ញុំ នៅពេល​ការសាកល្បង​ដែល​ខ្ញុំ​ជួប​ប្រទះ​ហាក់​បីដូចជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ មិន​ប្រសើរ​ឡើងសោះ ។

លក្ខណៈ​ពិតប្រាកដ​នៃការសាកល្បង

ខ្ញុំ​គិត​ថា ខ្ញុំ​បាន​យល់​អំពី​ការសាកល្បង ។ យើង​ត្រូវ​ឆ្លង​កាត់​ការសាកល្បង​ទាំងនោះ ដូចជា​ឆ្នាំង​ដែល​ត្រូវបាន​ដុត​នៅក្នុង​ឡ​ភ្លើង​ដែរ ។ យើង​នឹង​ត្រូវ​លត់​ដោយ​ភ្លើងទៅមក​ៗ បន្ទាប់​មក​ជីវិត​នេះ​នឹង​ត្រឡប់​ទៅ​រក​ភាពធម្មតា​វិញ រហូត​ដល់​ការលត់​​នឹង​កម្តៅ​លើក​ក្រោយ​ទៀត ។ ប៉ុន្តែ​ខ្ញុំ​បាន​ជួប​ការសាកល្បង​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​វា​មិន​បាន​ដក​ចេញ​ទៅ​ណា​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​រង​សម្ពាធ​យ៉ាង​ធ្ងន់ ហើយ​អារម្មណ៍​នៃ​ភាពគ្មាន​សង្ឃឹម បាន​នាំ​ឲ្យ​ខ្ញុំ​លុតជង្គង់​ចុះអធិស្ឋាន ។

ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា កន្លែង​ដែល​ខ្ញុំ​ត្រូវទៅ​ដើម្បី​ទទួល​បាន​ការលួងលោម​នោះ និង​ការយល់​ចិត្ត​នោះ​គឺ​ព្រះវិហារ​បរិសុទ្ធ ។ តាមរយៈ​ការបំផុស​គំនិត​នោះ ខ្ញុំ​បាន​ដឹង​ថា​យើង​ពុំ​មែន​ជា​អ្នក​រើស​យក​ការសាកល្បង​ណាមួយ​​ដែល​យើង​នឹង​មាន​ក្នុង​ជីវិត​នេះ ឬ​រើស​យករយៈពេល​នៃ​ការសាកល្បង​នោះ​ឡើយ ។ អ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន​នោះ​គឺ​ជា​របៀប​ដែល​យើង​គិត និង​ប្រព្រឹត្ត ​នៅពេលដែល​​ការសាកល្បង​នោះ​កើត​មាន​ឡើង ។

ខ្ញុំ​បាន​ដឹង​ថា ហេតុផល​ដែល​ខ្ញុំ​មាន​អារម្មណ៍​តូចចិត្ត​ចំពោះ​ខ្លួន​ខ្ញុំ​នោះ គឺ​ដោយសារ​ខ្ញុំមាន​ចិត្ត​អាណិត​ខ្លួន​ឯងខ្លាំង​ពេក ។ រឿង​ដំបូង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ គឺ​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ឈប់​មាន​គំនិត​អវិជ្ជមាន​ដែលមាននៅ​ក្នុង​ចិត្ត​ខ្ញុំ ដូចជា « រឿង​នេះ​អយុត្តិធម៌​ណាស់ ខ្ញុំ​ពុំ​អាច​ធ្វើ​រឿង​នេះ​បាន​ទេ ហេតុអ្វី ប្រាដ មិន​អាច​ជា​មនុស្ស​ធម្មតា ? ឬ ប្រភព​ដែល​ធ្វើ​ឲ្យ​មាន​គំនិត​អវិជ្ជមាន « ខ្ញុំ​គឺ​ជា​ម្តាយ​ដែល​អន់ » ។ ខ្ញុំ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​បញ្ឈប់​គំនិត​អវិជ្ជមាន​ដែល​មាន​ក្នុង​ចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​ថា គំនិត​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ បាន​ប្រែ​ជា​កាន់តែ​មាន​ចិត្ត​អំណត់ ហើយ​ស្រឡាញ់ នៅពេល​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​កូន​របស់​ខ្ញុំ​ទាំងអស់ ។

ខ្ញុំ​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​គិត​អ្វី​ដែល​វិជ្ជមាន ។ ខ្ញុំ​បាន​ចាប់ផ្តើម​គិតថា « អ្នក​បាន​ធ្វើ​ល្អ​ហើយ » ហើយ​ខ្ញុំ​បាន​សរសើរ​ខ្លួន​ខ្ញុំ ដូចជា « អ្នក​ត្រូវ​និយាយ​ដោយ​ស្រទន់ ហើយ​កុំ​ស្រែក ។ នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ! »

ពឹងផ្អែក​ទៅលើព្រះ

បន្ទាប់​ពី​ថ្ងៃ​ដ៏​លំបាក​នោះ​មក​ខ្ញុំ​បាន​សូម​ឲ្យ​ស្វាមីរបស់​ខ្ញុំ​ផ្តល់​ការប្រសិទ្ធពរ​ដល់​ខ្ញុំ ។ អំឡុងពេល​ប្រសិទ្ធពរ ខ្ញុំ​ត្រូវបាន​រំឭក​ថា ខ្ញុំ​ជាបុត្រី​របស់​ព្រះ ថា​ទ្រង់​ជ្រាប​ដឹង​ពី​ខ្ញុំ និង​តម្រូវការ​ខ្ញុំ ហើយ​ថា​កូនប្រុស​របស់​ខ្ញុំ​គឺ​ជា​បុត្រា​នៃ​ព្រះ ។ ប្រាដ គឺ​ជា​បុត្រា​របស់​ព្រះ ហើយ​ស្វាមី​ខ្ញុំ និង​ខ្ញុំ​មាន​ភាព​ជា​ដៃគូជាមួយ​ព្រះមើល​ថែ​ ប្រាដ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ទាន់​បាន​ប្រើ​ប្រាស់​ឧបករណ៍​ទាំងអស់​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នោះ​ទេ ។ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ស្រាវជ្រាវ និង​បាន​រកឃើញ​ធនធាន​ជាច្រើន​ដើម្បី​ជួយ​ពួកយើង ប៉ុន្តែ​យើង​ភ្លេច​កិច្ចការ​មួយ​ដ៏​សំខាន់​បំផុត​គឺ ៖ ការអធិស្ឋាន ។

ខ្ញុំ​បាន​ចាប់ផ្តើម​អធិស្ឋាន​រៀងរាល់​ថ្ងៃ អំពី​របៀប​ដែល​ខ្ញុំ​អាច​ជួយ ប្រាដ ។ នៅពេល​គាត់​មាន​កំហឹង​ផ្លូវ​ចិត្ត​ខ្លាំង​នោះ ខ្ញុំ​បាន​អធិស្ឋាន​ខ្លី​មួយ​ទូលសូម​ការបំផុស​គំនិត​ពីមុនទៅជួប​គាត់ ។ នៅពេលខ្ញុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ ​ទូល​សូម​ការគាំទ្រ និង​ការបំផុស​គំនិត​សម្រាប់​កូន​ប្រុស​ខ្ញុំ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​យល់​អំពី​សក្តានុពល​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​សម្រាប់​គាត់ ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​ប្រសាសន៍​របស់​អាលម៉ា ៖ « ហើយ​នេះ​គឺជា​ការ​អួត​របស់​ខ្ញុំ ក្រែង​ខ្ញុំ​អាច​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ » ( អាលម៉ា ២៩:៩ ) ។

ការផ្លាស់ប្តូរ​បាន​កើត​មាន​ឡើង​ភ្លាមៗ ។ ខ្ញុំ​មាន​គំនិត និង​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ជួយ ​ប្រាដ ។ ខ្ញុំ​បាន​ប្រើប្រាស់​រាត្រីជួបជុំ​ក្រុមគ្រួសារ​ធ្វើ​ជា​ឧបករណ៍​មួយ ហើយ​បាន​អធិស្ឋាន​ទូល​សូម​យោបល់​នានា​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន ។ ខ្ញុំ​ក៏​បាន​អាន​ព្រះគម្ពីរ​ដោយ​មាន​ចិត្ត​ស្មោះសរ​កាន់តែ​ខ្លាំង​ឡើង ហើយ​ទទួល​ស្គាល់​នូវ​ការទូន្មាន​នៃ​ភាពជា​ឪពុកម្តាយ​ដ៏​អស្ចារ្យ​ដែល​មាន​នៅក្នុង​គម្ពីរ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ពោរពេញ​ដោយ​សេចក្តីសង្ឃឹម និង​ការលួងលោម ។

នៅពេល​ខ្ញុំ​បន្ត​អនុវត្ត​តាម​គំនិត​ដែល​ថា ស្វាមី​ខ្ញុំ និង​ខ្ញុំ​មាន​ព្រះ​ជាដៃគូ ក្នុង​ការធ្វើ​ជា​ឪពុក​ម្តាយ​ចំពោះ​កូនៗ​របស់​យើង ហើយ​ប្រើប្រាស់​ឧបករណ៍​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​ពឹង​ផ្អែក​លើ​ព្រះ​កាន់តែ​ច្រើន​ឡើង ។ ខ្ញុំ​បាន​ដឹងថា ចំណេះដឹង​របស់​ខ្ញុំ​អំពី​ភាពជា​ឪពុកម្តាយ អាច​ឈាន​មក​ដល់​ចំណុច​នេះ ដោយ​សារ​តែ​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ដែល​ជ្រាបដឹង​រឿង​គ្រប់​យ៉ាង ហើយ​ស្រឡាញ់​កូនប្រុស​របស់​ខ្ញុំ​ច្រើន​ជាង​ខ្ញុំ​ស្រឡាញ់​គាត់​ទៅ​ទៀត នោះការ​យល់​ដឹង​នេះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ទៅ​ជា​ម្តាយ​កាន់តែ​ប្រសើរ​ឡើង និង​រឹងមាំ​ឡើង ។ ទោះជា​យ៉ាង​ណា​ក្តី ជួនកាល​ខ្ញុំ​នៅតែ​មាន​ការលំបាក ប៉ុន្តែ​ខ្ញុំ​ដឹង​ពី​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ស្វែងរក​ជំនួយ ។ ឥឡូវ​នេះ​ខ្ញុំ​យល់​ថា ការសាកល្បង​មួយ​ចំនួន​អាច​គ្មាន​ពេល​កំណត់​ថា​ឈប់​នៅពេល​ណា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ផ្តោត​ទៅលើ​ភាពអស់កល្ប​ជានិច្ច​នោះ​ព្រះ​នឹង​ជួយ​ខ្ញុំ ។

មាន​អំណរ​នៅក្នុង​រឿង​ល្អៗ​ដែល​កើត​មាន

រូបភាព
mother smiling with son

នៅពេល​មាន​គ្រា​លំបាក​នានា ខ្ញុំ​បាន​រៀន​ចំណាយ​ពេល​ទទួល​អំណរ​ចំពោះ​រឿង​ល្អៗ​ដែល​កើត​មាន​ ទោះបី​វា​តូចតាច​ក្តី — វាជា​អំណោយ — ដែល​បាន​ប្រទាន​ដល់​យើង ។ នៅពេល​កូន​ប្រុស​របស់​ខ្ញុំ​ថើប​ខ្ញុំ នោះ​ខ្ញុំ​មាន​អំណរគុណ​ណាស់ ។ នៅពេល​ខ្ញុំ​បាន​មើល​កូនប្រុស​របស់​ខ្ញុំ​ជិះ​ឡាន​ក្រុងតែ​ឯង​បាន នោះ​ខ្ញុំ​មាន​ពរ​ដោយ​មាន​ខគម្ពីរ​នេះ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ ៖ « យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។ ខ្ញុំ​បាន​ដឹង​ថា ប្រាដ មិន​នៅ​ឯកោ ហើយ​នឹង​ពុំ​ឯកោ​ឡើយ ។

យើង​គឺ​ជា​គ្រួសារ​អស់កល្ប​ជានិច្ច ហើយ​ដោយ​មាន​ជំនួយ​ពី​មនុស្ស​ដែល​ស្រឡាញ់​ពួកយើង និង​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង មើល​ថែ​យើង នោះ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អំណោយ​តូចតាច​នានា ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​រាល់ថ្ងៃ និង​អារម្មណ៍​នៃ​អំណរ ព្រមទាំង​សុភមង្គល​ដែល​យើងចង់​បាន ។ ហើយ​ដោយ​មាន​ពរជ័យ​តូចៗ​ទាំង​នោះ និង​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​ខ្ញុំ​អាច​ប្រែក្លាយ​ដូច​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​ប្រែក្លាយ ទោះវា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក្តី ។