២០១៧
ដំរី​នៅ​ក្នុង​ថ្នាក់​រៀន
October 2017


ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ដំរី​នៅ​ក្នុង​ថ្នាក់​រៀន

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន​ពុំ​គ្រាន់​តែ​ផ្លាស់​ប្តូរ​របៀប​យើង​បង្រៀន​ឡើយ ប៉ុន្ដែ​ការប្រជុំ​​នោះ​ថែមទាំង​ផ្លាស់ប្តូរ​របៀប​យើង​រៀន​​ផង​ដែរ ។

រូបភាព
elephant

មីស្វាខេ ស៊ីថុល ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ ។ ក្នុង​នាម​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ ព្រះ​បាន​ប្រទាន​ការទទួលខុសត្រូវ​មួយ​ដល់​គាត់​ឲ្យ​ជួយ​កែលម្អ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹង​ល្អ​នៅក្នុង​វួដ ។

ប៉ុន្តែ​សមាជិក​នៅក្នុង​វួដ​របស់​គាត់​នៅ​ទីក្រុង យ៉ូហាណែស្បើក ប្រទេស​អាហ្វ្រិកខាង​ត្បូង មាន​ប្រវត្តិ និង​ការរំពឹង​ចង់​បាន​ផ្សេងៗ​ពី​គ្នា​ជា​ច្រើន​ក្នុង​ករណី​មួយ​ចំនួន ។ អ្នក​ខ្លះ​មាន​ការអប់រំខ្ពស់ អ្នក​ខ្លះ​ទៀត​គ្មាន​ការអប់រំ​ឡើយ ។ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​បង្រៀន​ថា កាតព្វកិច្ច​របស់​សិស្ស​គឺ​ត្រូវ​ស្តាប់ ហើយ​ពុំ​ត្រូវ​និយាយ​វែក​ញែក​អ្វី​ឡើយ ។ អ្នក​ខ្លះ​មាន​ឧបសគ្គ​យ៉ាង​ខ្លាំង​ខាង​វប្បធម៌​ក្នុង​ការយល់ដឹង​ថា ទាំង បុរស និង​ស្ត្រី​គប្បី​រួម​ចំណែក​ក្នុងការបង្រៀន​នៅក្នុង​សាសនាចក្រ និង​នៅ​ផ្ទះ ។

បងប្រុស ស៊ីថុល និយាយ​ថា « យើង​ក៏​មាន​អ្នក​ដែល​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា​ផង​ដែរ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​សព្វ​ព្រះទ័យ​ក្នុងការ​បំផុស​គំនិត​មនុស្ស​គ្រប់​គ្នា » ។

ពេល​ទទួល​បាន​ការណែនាំ​អំពី​ការប្រជុំក្រុម​ប្រឹក្សា​គ្រូបង្រៀន និង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ឆ្នាំ​មុន​មក វួដ និង​សាខា​នានា​ទូទាំង​សាសនាចក្រ​បាន​ចាប់ផ្តើម​ប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ដើម្បី​ពិភាក្សា រៀន ហើយ​អនុវត្ត​នូវ​ការបង្រៀន​តាម​​របៀប​របស់​ព្រះអង្គសង្គ្រោះ ។

នោះ​ជា​ពេល​ដែល​បងប្រុស ស៊ីថុល បាន​ចាប់ផ្តើម​ឃើញ​ពី​របៀប​ដែល​ក្រុមប្រឹក្សា​គ្រូបង្រៀន​អាច​ផ្តល់​ពរ​ដល់​វួដ​របស់​គាត់ ។ ឧបសគ្គ​ខាង​វប្បធម៌​អាច​ត្រូវ​បាន​ដោះស្រាយ ការចូល​រួម​ក្នុង​ថ្នាក់​អាច​កើន​ឡើង ហើយ​ទស្សនវិស័យ​ផ្សេងៗ​គ្នា​របស់​សមាជិក​អាច​ក្លាយ​ជា​ពរជ័យ ។

ដូច​ជា​អ្នក​ដទៃ​នៅ​ជុំវិញ​ពិភពលោក​ដែរ បងប្រុស ស៊ីថុល បាន​ដឹង​ថា​ព្រះអម្ចាស់​ពុំ​ប្រើ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន​ដើម្បី​គ្រាន់តែ​ផ្លាស់ប្តូរ​របៀប​យើង​បង្រៀន​នោះ​ឡើយ ប៉ុន្ដែ​ទ្រង់​កំពុង​ប្រើក្រុម​ប្រឹក្សា​នេះ​ដើម្បី​ផ្លាស់ប្តូរ​របៀប​ពួកគេ​រៀន​ផងដែរ ។

សត្វ​ដំរី​ជាមួយ​នឹង​ទស្សនវិស័យ​ចំឡែក​មួយ

អ្វី​ដែល​សំខាន់​បំផុត​ដែល​បងប្រុស ស៊ីថុល មើល​ឃើញ​នោះ​គឺ​ថា ពេល​គ្រូបង្រៀន​ជំរុញ​សិស្ស​ឲ្យ​ចូលរួម​ក្នុងការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​ពួក​គេ នោះ​មនុស្ស​គ្រប់​គ្នា​ទទួល​ប្រយោជន៍​ពី​ទស្សនៈ​ដែល​បាន​ពង្រីក​ឡើង កើត​មក​ពី​ទស្សនវិស័យ​ផ្សេងៗ​គ្នា​នោះ ។

ការយល់ដឹង​នោះ​បាន​កើត​មាន​ឡើង​ដល់​បងប្រុស ស៊ីថុល អំឡុង​ពេល​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ពេល​សមាជិក​វួដ​ចែកចាយ​រឿង​ប្រដូច​មួយ​អំពី​បុរស​ខ្វាក់ និង​សត្វ​ដំរី ជាមួយ​នឹង​ទស្សនវិស័យ​ចំឡែក​មួយ ។ រឿង​ប្រដូច​នោះ​ប្រាប់​ពី​របៀប​ដែល​មនុស្ស​ខ្វាក់​ប្រាំមួយ​នាក់ រៀបរាប់​ពី​ផ្នែក​ផ្សេងៗ​របស់​សត្វ​ដំរី ( ជើង​ដំរី​ដូច​ជា​ជើង​សរសរ កន្ទុយ​ដូច​ជា​ខ្សែ​ពួរ ប្រមោយ​ដូច​ជាបំពង់​ទឹក​ជាដើម ) ដោយសារ​ពួកគេ​ប៉ះ​ផ្នែក​ផ្សេងៗ​របស់​ដំរី​រៀងៗខ្លួន ។

រូបភាព
parts of an elephant

បងប្រុស ស៊ីថុល និយាយ​ថា « ប៉ុន្តែ​ចូរ​ឧបមា​ថា សត្វ​ដំរី​នោះ​ជា​ការបង្រៀន​ដំណឹង​ល្អ​វិញ ។ នោះ​យើង​ត្រូវ​អនុញ្ញាត​ឲ្យ​សមាជិក​គ្រប់​គ្នា​ក្នុង​ថ្នាក់ ចែកចាយ​ទស្សនវិស័យ​ពួកគេ ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​មាន​ការយល់ដឹង​រួម​មួយ​អំពី​របៀប​ដែល​ដំណឹង​ល្អ​ប្រទាន​ពរ​ដល់​ពួកយើង​គ្រប់គ្នា » ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​គ្រូបង្រៀន​នៅ​ក្នុង​វួដ​របស់​បងប្រុស ស៊ីថុល ​តែងតែ​អង្គុយ​ប្រជុំ​អំឡុង​ពេលប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន — ដើម្បី​សម្រប​សម្រួល​ការពិភាក្សា ។ គាត់​និយាយ​ថា « វា​រំឭក​ខ្ញុំ​ថា មនុស្សគ្រប់គ្នាមានសិទ្ធិបញ្ចេញយោបល់ដូចគ្នា » ។

ស្រប​តាម​តម្រូវការ របស់​ពួកគេ

នៅក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ណាស៊ូកូ សូជីម៉ា សង្ស័យ​ថា​គាត់​បង្រៀន​ពុំ​បាន​ល្អ​ឡើយ ។ គាត់​និយាយ​ថា « ពេល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ថ្នាក់​យុវវ័យ នោះ​ខ្ញុំ​បាន​ប្រាប់​ប៊ីស្សព​ថា ខ្ញុំ​ភ័យ​ខ្លាច​ណាស់ ។ ប៉ុន្តែ​គាត់​បាន​និយាយ​ថា ការហៅ​នោះ​គឺ​មក​ពី​ព្រះ ដូច្នេះ​ខ្ញុំ​បាន​ទទួល​យក​ការហៅ​នោះ » ។

សិស្ស​ជា​ក្រុម​បាន​ធ្វើ​ឲ្យ​គាត់​ខ្លាច​ញញើត ដោយសារ​ឧបសគ្គ​នានា​ដែល​ពួកគេ​មាន ។ យុវវ័យ​ពីរ​នាក់​ថ្លង់​ស្តាប់​ពុំ​ឮ ។ សិស្ស​មួយ​ចំនួន​បាន​ប្តូរ​ពី​ប្រទេស​ផ្សេងៗ​ទៅ​រស់នៅ​ប្រទេសជប៉ុន​និយាយ​តែ​ភាសា​អង់គ្លេស ។ ដូច្នេះ​គាត់​មាន​ការភ័យខ្លាច​អំពី​ការមាន​អាយុ​ខុសៗ​គ្នា​រវាង​គាត់ និង​សិស្ស​ក្នុង​ថ្នាក់ ។

ក្រោយមក​នៅក្នុង​ក្រុមប្រឹក្សា​គ្រូបង្រៀន បងស្រី ស៊ូជីម៉ា បាន​រកឃើញ​ចម្លើយ ។ គាត់​ពន្យល់​ថា « យើង​បាន​និយាយ​អំពី​សេចក្តីស្រឡាញ់​ដល់​សមាជិក​នីមួយៗ​ក្នុង​ថ្នាក់ ស្គាល់​ឈ្មោះ​ពួកគេ អធិស្ឋាន​ឲ្យ​ពួកគេ​ម្តង​ម្នាក់ៗ និង​ការបង្រៀន — ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ — ស្រប​តាម​តម្រូវការ របស់​ពួកគេ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ » ។ គាត់​ក៏​បាន​ធ្វើ​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​គាត់​បាន​រៀន​នៅក្នុង​ក្រុមប្រឹក្សា ៖ « ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្តី ដែល​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ខ្ញុំ » ។

តើ​ទទួល​បាន​លទ្ធផល​យ៉ាង​ម៉េច​ដែរ ? « ដួង​ចិត្ត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​ស្រឡាញ់​សិស្ស​របស់​ខ្ញុំ ។ ខ្ញុំ​ខ្វល់ខ្វាយ​ពី​សិស្ស​ដែល​ពុំ​បាន​មក​ថ្នាក់​រៀន ហើយ​អធិស្ឋាន​ឲ្យ​ពួកគេ​ផងដែរ ។ ពេល​ចប់​មេរៀន​ភ្លាម ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​មេរៀន​បន្ទាប់​ទៀត ដើម្បី​មាន​ពេល​គិត​អំពី​ឱកាស​បង្រៀន ។ ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរ » ។

ចម្លើយ​ពិសេស

ប្រាដ វីលសុន ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង មីនីសូតា ស.រ.អា បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រូបង្រៀន​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន​ពុំ​បញ្ចប់​ឡើយ លុះត្រា​តែ​ពួកគេ​បាន​ពិភាក្សា​គ្នា​អំពី​របៀប​ដែល​ពួកគេ​នឹង​ផ្លាស់ប្តូរ តាមរយៈ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

បងប្រុស វិលសុន និយាយ​ថា « យើង​ធ្វើតាម​គម្រោង​មេរៀន​ដែល​មាន​នៅក្នុង ការ​បង្រៀន​តាមរបៀប​របស់​ព្រះអង្គសង្គ្រោះ ។ យើង​ពិភាក្សា​អំពី​បទពិសោធន៍​នានា​របស់​គ្រូបង្រៀន បន្ទាប់​មក​យើង​ពិភាក្សា​អំពី​ប្រធាន​បទ​មួយ​ដែល​បាន​ដាក់ស្នើ​មក ។ ក្នុង​នាម​ជា​អ្នក​សម្របសម្រួល ខ្ញុំ​សួរ​សំណួរ និង​សង្ខេប​យោបល់ ។ បន្ទាប់​មក​យើង​ហាត់​សម​ការសម្រេច​នោះ ។ យើង​បំបែក​គ្នា​ជា​ក្រុម​តូចៗ ហើយ​ពិភាក្សា​ថា ‹ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ផ្សេង​ពី​មុន តាមរយៈ​អ្វី​ដែល​យើង​បាន​ប្រជុំ​នៅ​ថ្ងៃ​នេះ ? › »

រុន ហ្គោដសុន អ្នកណែនាំ​កូរ៉ុម​ឌីកុន​នៅក្នុង​វួដ​ដដែល​នោះ​និយាយ​ថា គាត់​ភ្ញាក់ផ្អើល​ដោយ​ឃើញ​អំពី​របៀប​ដែល​បងប្រុស វិលសុន « ហ្វឹកហ្វឺន » ដល់​ក្រុមប្រឹក្សា​នោះ ។ គាត់​និយាយ​ថា « យើង​និយាយ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ។ ក្រោយមក​នៅពេល​អ្នក​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ នោះ​អ្នក​គិត​ថា ‹ នេះ​ជា​អ្វី​ដែល​ខ្ញុំ​គួរតែ​សាកល្បង​ជាមួយ​ថ្នាក់​រៀន​របស់​ខ្ញុំ › ។ ការគិត​អំពី​ព្រះអង្គសង្គ្រោះ​នឹង​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​អ្នក ។ ខ្ញុំ​បាន​ដឹង​ថា ‹ ខ្ញុំ​ត្រូវ​តែរៀបចំ​មេរៀន › តិច​ជាង​មុន ហើយ​ពិចារណា​កាន់​តែ​ហ្មត់ចត់​ថា ‹ តើ​ពួកឌីកុន​ទាំង​នេះ​ត្រូវការ​អ្វី ហើយ​តើ​ខ្ញុំ​អាច​ជួយ​ផ្តល់​នូវ​តម្រូវការ​នោះ​ឲ្យ​ពួកគេ​ដោយ​របៀប​ណា ? › »

គាត់​ចាំ​ពី​ការសរសេរ​នៅក្នុង​កំណត់ហេតុ​គាត់​ថា « ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ថ្ងៃ​នេះ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ » ។ ប្រាកដ​ណាស់ កំណត់ហេតុ​របស់​គាត់​កត់ត្រា​កំណត់ចំណាំ​បែប​ដូច្នោះ ។ ឥឡូវ​នេះ​គាត់​បាន​រៀបចំ​ជា​មុន ៖ « ចាប់​ផ្តើម​ពី​ដើម​សប្តាហ៍ ហើយ​អ្នក​នឹង​ទទួល​បាន​នូវ​ការបំផុសគំនិត​ពេញ​មួយ​សប្តាហ៍​នោះ » ។ គាត់​សួរ​ពួក​ឌីកុន​អំពី​សុខទុក្ខ​ក្នុង​ជីវិត​របស់​ពួកគេ ៖ « ខ្ញុំ​ជួយ​ពួកគេ​កាន់តែ​មាន​ប្រសិទ្ធភាព ពេល​ខ្ញុំ​ស្គាល់​ពួកគេ​កាន់​តែ​ច្បាស់ » ។ ហើយ​គាត់​អញ្ជើញ​ពួកឌីកុន​ឲ្យ​ជួយ​បង្រៀន ៖ « ពេល​ពួកគេ​ធ្វើ​ដូច្នោះ ពួកគេ​រៀន​បាន​កាន់តែ​ប្រសើរ​ផងដែរ » ។

ខ្ញុំ​បាន​បន្ដ​ការ​ច្រៀង

ចយលីន ហ៊ើរីង​តុន គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​នៅ​ក្នុង​វួដ មីនីសូតា ដដែល​នោះ​និយាយ​ថា « នៅក្នុង​ក្រុមប្រឹក្សា​របស់​យើង យើង​និយាយ​គ្នា​អំពី​របៀប​ដែល​តន្ត្រី​អាច​ជួយ​យាង​ព្រះវិញ្ញាណ ។ ក្រោយ​មក ខ្ញុំ​បាន​បង្រៀន​កុមារ​ថ្នាក់ សាន់ប៊ីម ។ ខ្ញុំ​បាន​គិត​ថា ‹ ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​អំឡុង​ពេល​ពួកគេ​កំពុង​ផាត់​រូប ហើយ​វា​នឹង​ធ្វើ​ឲ្យ​បរិយាកាស​ល្អ​ណាស់ › ។ ខ្ញុំ​បាន​ចាប់ផ្តើម​ច្រៀង ហើយ​ពួកគេ​ទាំងអស់​គ្នា​បាន​ឈប់​ស្ងៀម ហើយ​ស្តាប់ ។ ដូច្នេះ​ខ្ញុំ​បាន​បន្ដ​ការ​ច្រៀង ។ ចម្រៀង​ពិតជា​នាំ​ឲ្យ​មាន​ព្រះវិញ្ញាណ ហើយ​ពេល​ខ្ញុំ​ច្រៀង​ពួកគេ​មាន​គារវភាព រង់ចាំ​ស្តាប់​ខ្ញុំ​និយាយ ។ យើង​បាន​និយាយ​រឿង​នេះ [ នៅក្នុង​ក្រុមប្រឹក្សា ] ផងដែរ ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ពេល​មាន​ឱកាស ។ ដូច្នេះ​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ជា​ពាក្យ​ដែល​ពួកគេ​អាច​យល់​បាន » ។

បងស្រី ហ៊ើរីង​តុន និយាយ​ថា គាត់​មាន​អំណរគុណ​ដែល​គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​​ក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា ។​ គាត់​និយាយ​ថា « យើង​និយាយ​អំពី​ការបង្រៀន​មនុស្ស​ពេញវ័យ ប៉ុន្តែ​ពេល​នោះ​បងប្រុស វិលសុន​ នឹង​និយាយ​ថា ‹ ចុះ​ពេល​យើង​បង្រៀន​យុវវ័យ ? ចុះ​ពេល​យើង​បង្រៀន​កុមារ​វិញ​នោះ ? › គាត់​បាន​រំឭក​យើង​ថា មនុស្ស​គ្រប់​វ័យ​ទាំង​អស់​គឺ​មាន​នៅក្នុង​ការប្រជុំ​នោះ » ។

ពី​ការប្រជុំ​ក្រុមប្រឹក្សា​មួយ​ទៅ​ការប្រជុំ​ក្រុមប្រឹក្សា​មួយ​ទៀត

អ័ដាម ម៉ាទីន ប្រធានសាលា​ថ្ងៃ​អាទិត្យ​វួដ​នៅ កាលហ្គារី អាល់ប៊ើរតា ប្រទេស​កាណាដា និយាយ​ថា គាត់​មាន​អំណរគុណ​ចំពោះ​យោបល់​នានា​មក​ពី​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ គាត់​និយាយ​ថា « ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​នឹង​និយាយ​ថា ‹ យើង​ចង់​ឲ្យ​គ្រូបង្រៀន​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ចំណុច​នេះ › ដូច្នេះ​យើង​បាន​លើក​យក​ចំណុច​នោះ​មក​ពិភាក្សា​គ្នា​ក្នុង [ ការប្រជុំ ] ក្រុម​ប្រឹក្សា​គ្រូបង្រៀន » ។

ពេលចាប់​ផ្ដើម​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ដំបូង ពួក​គ្រូបង្រៀន​ពុំ​ប្រាកដ​ថា​នឹង​រំពឹង​ចង់​បាន​អ្វី​ឡើយ ដូច្នេះ​គាត់​បាន​អញ្ជើញ និង​ណែនាំ​ឯកសារ​បំពាក់បំប៉ន​ជា​ច្រើន​ដែល​មាន​នៅ​គេហទំព័រ​ teaching.lds.org ។ គាត់​និយាយ​ថា « ឥឡូវ​នេះ​ការប្រជុំ​នោះ​កំពុងតែ​ដំណើរ​ទៅមុខ ។ ពួកគេ​ដឹង​ថា ទីនោះ​ជា​កន្លែង​ពិភាក្សា​អំពី​អ្វីដែល​នឹង​កើត​ឡើង » ។

ការប្រជុំ​ថ្មីៗ​នេះ​បាន​ផ្តោត​ទៅលើ​ការធ្វើ​តាម​ព្រះវិញ្ញាណ ។ គាត់​និយាយ​ថា « យើង​បាន​និយាយ​អំពី​ការរៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ប៉ុន្តែ​កុំ​បារម្ភ​អំពី​ការបង្រៀន​អ្វីៗ​គ្រប់​យ៉ាង​ឡើយ ។ បងស្រី​ម្នាក់​បាន​និយាយ​ថា គាត់​បាន​ទទួល​អារម្មណ៍​ជានិច្ច​ថា គាត់​ត្រូវតែ​និយាយ​គ្រប់​ចំណុច​ទាំង​អស់​ដែល​មាន​នៅក្នុង​គម្រោង​មេរៀន​របស់​គាត់ ។ អ្នក​អាច​ឃើញ​ពន្លឺ​ដែល​ដឹកនាំ​គាត់ ពេល​យើង​បាន​ពិភាក្សា​អំពី​ការធ្វើតាម​ការបំផុស​គំនិត ពេល​អ្នក​ដឹកនាំ​ការពិភាក្សា » ។

ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្នា

រូបភាព
elephant on a table

ស្ថានភាព​នៃ​ការបង្រៀន​នីមួយៗ​មាន​នូវ​ឱកាស ឧបសគ្គ និង​ពរជ័យ​ដែល​នឹង​កើត​មាន​ឡើង ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ក្រុមប្រឹក្សា​មាន​ប្រសិទ្ធភាព ដោយសារ​ក្រុមប្រឹក្សា​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​ស្វែងរក ហើយ​រកឃើញ​ចម្លើយ​ចំពោះ​ឧបសគ្គ​ជាក់លាក់ របស់​ពួកគេ ។

ហ្គីហ្វ្រី រៀដ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្តេក​នៅ អារីហ្សូណា ស.រ.អា និយាយ​ថា ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ដំណើរការ​បាន​ល្អ​បំផុត ពេល​គ្រូបង្រៀន​យល់​ថា គោលបំណង​របស់​ពួកគាត់​គឺ​ប្រឹក្សា​គ្នា ៖ « ក្រោយ​មក​ពួកគេ​ឃើញ​ថា ពួកគេ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន » ។

គាត់​និយាយ​ថា ស្តេក​កំពុង​ផ្តោត​ទៅលើ​ការជួយ​គ្រូបង្រៀន​ឲ្យ​ផ្លាស់ប្តូរ​ពី​ការគិត​ថា « តើ​ខ្ញុំ​កំពុង​បំពេញ​កិច្ចការ​បាន​ល្អ​ដែរឬ​ទេ ? » ឲ្យ​ទៅ​គិត​បែប​នេះ​ថា « តើ​សិស្ស​កំពុង​ទទួល​សារលិខិត​នោះ​តាម​របៀប​ណា ? »

ម៉ារីស្សា ខូណូវ៉ា គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​នៅក្នុង​ស្តេក​និយាយ​ថា តាម​ការឆ្លើយ​តប​ទៅ​នឹង​ការបំផុស​គំនិត​ដែល​គាត់​បាន​ទទួល​នៅក្នុង​ក្រុមប្រឹក្សា​គ្រូបង្រៀន ឥឡូវ​នេះ​គាត់​លើក​ទឹកចិត្ត​សមាជិក​ក្លាហាន​ក្នុង​ថ្នាក់ ៨ នាក់​ឲ្យ​អធិស្ឋាន​សម្រាប់​គ្នា​ទៅវិញ​ទៅមក ។​ ការធ្វើ​បែប​នោះ​មាន​ប្រសិទ្ធភាព​ណាស់ ប៉ុន្តែ​ប្រហែល​វា​ពុំ​អាច​មាន​ប្រសិទ្ធភាព​ស្មើគ្នា​សម្រាប់​ថ្នាក់​មនុស្ស​ពេញ​វ័យ​ឡើយ ។ គាត់​និយាយ​ថា « ការអធិស្ឋាន​សម្រាប់​សមាជិក​គ្រប់គ្នា​នៅក្នុង​ថ្នាក់​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹង​ល្អ​ដ៏​ធំ​នេះ​អាច​ជា​រឿង​មួយ​លំបាក ។ សំណាង​ល្អ គ្រូបង្រៀន​ទាំង​នោះ​និយាយ​ថា ‹ តើ​អ្នក​គិត​ថា យើង​អាច​កែសម្រួល​វា​សម្រាប់​ថ្នាក់​ពួកយើង​តាម​របៀប​ណា ? › ហើយ​យើង​បាន​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្នា ។

គាត់​និយាយ​ថា « អ្វី​មួយ​ដែល​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន​នោះ​គឺ​ថា ពួកគេ​ផ្តល់​ពេល​វេលា​ឲ្យ​យើង​គិត​អំពី​របៀប​ដែល​យើង​កំពុង​ធ្វើ និង​អ្វី​ដែល​យើង​កំពុង​ធ្វើ ។ វា​មាន​ប្រយោជន៍​ណាស់​ដែល​មាន​ការជួយ​ជ្រោមជ្រែង និង​ការ​ផ្តល់​មតិ​កែលម្អ ដោយ​មាន​អារម្មណ៍​ថា អ្នក​ទាំងអស់​គ្នា​កំពុង​ធ្វើការ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​មួយ​ដូចគ្នា ។ ខ្ញុំ​ក៏​ចូលចិត្ត​ទស្សនវិស័យ​ផ្សេងៗ​គ្នា​ដែល​មនុស្ស​ជាច្រើន​បាន​លើក​ឡើង​នៅពេល​ប្រជុំ​នោះ​ផង​ដែរ ។ វា​ជួយ​ឲ្យ​ខ្ញុំ​ពិចារណា​អំពី​រឿង​នានា ដែល​ខ្ញុំ​ពិត​ជា​ពុំ​ធ្លាប់​បាន​ពិចារណា​ពីមុន​មកសោះ » ។

ពេល​យើង​ចូលរួម ហើយ​ចែកចាយ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន នោះ​ទស្សនវិស័យ​យើង​អំពី​សត្វ​ដំរី​ដែល​ហៅថា « ការបង្រៀន​ដំណឹង​ល្អ » នោះ​ចាប់ផ្តើម​ប្រែ​កាន់តែ​ច្បាស់​ឡើង ។ ដូច​បងប្រុស ស៊ីថុល នៅក្នុង​ទ្វីប​អាហ្វ្រិក​ដែរ សមាជិក​ជាច្រើន​ទៀត​នៅ​ទូទាំង​សាសនាចក្រ​កំពុង​រកឃើញ​ថា នៅពេល​លទ្ធភាព​យើង​ដើម្បី​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ​បាន​រីក​ចម្រើន​ឡើង នោះ​វា​ពុំ​គ្រាន់តែ​ផ្លាស់ប្តូរ​របៀប​យើង​បង្រៀន​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្លាស់ប្តូរ​របៀប​យើង​រៀន​ផងដែរ ។

កំណត់ចំណាំ

  1. សូមមើល ក្បួន​ខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ១២.២.២ ។

  2. រឿង​ប្រៀបប្រដូច​នេះ​ក៏​មាន​នៅក្នុង​សុន្ទរកថា​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « What Is Truth ? » ( ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​អំពី​ប្រព័ន្ធ​អប់រំ​សាសនាចក្រ នៅ​ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០១៣ ) broadcasts.lds.org និង ឌៀថើរ អេហ្វ អុជដូហ្វ « What Is Truth ? » Friend, ខែ មិនា ឆ្នាំ ២០១៧ ទំព័រ ២ ។

  3. សម្រាប់​យោបល់​បន្ថែម​ទៀត​សូមមើល Brian K. Ashton « Helping Youth Teach » Liahona, ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ២៤–២៥ ។