២០១៧
រកឃើញ​​ជំនួយ​បន្ទាប់​ពី​មរណភាព​របស់​ណាន់ស៊ី
October 2017


រកឃើញ​​ជំនួយ បន្ទាប់​ពី​មរណភាព​របស់​ណាន់ស៊ី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​ចចចារ ស.រ.អា. ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​អំណាច​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ​ដំណើរការ​នៅ​ក្នុង​ជីវិត​ខ្ញុំ ?

រូបភាព
man sitting down

រចនា​រូបភាព​ដោយ អ៊ីឃើរ អាយើស្តារេន

ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ភរិយា​ខ្ញុំ ណាន់ស៊ី បាន​ស្លាប់ បន្ទាប់​ពី​បាន​រងទុក្ខ​អស់​រយៈពេល ១១ ឆ្នាំ ដោយសារ​ជំងឺ​មហារីក​សុដន់ ។ ទុក្ខសោក​ដែល​ខ្ញុំ​បាន​ទទួល​ប៉ុន្មាន​ខែ​ដំបូង​បន្ទាប់​ពី​នាង​ស្លាប់​នោះ ពុំ​អាច​ពិពណ៌នា​ដល់​មនុស្ស​ណា​ម្នាក់​ដែល​គ្មាន​បទពិសោធន៍​នៃ​ការបាត់​បង់​នេះ​បានឡើយ ។ ទុក្ខព្រួយ ការតានតឹងចិត្ត ក្តីវេទនា ការឈឺចាប់ — គ្មាន​ពាក្យ​ណា​អាច​នឹង​ថ្លែង​បានឡើយ ។ វា​ជា​រឿង​ដែល​ពុំ​អាច​រែកពន់​បាន​ ។

អំណាច​នៃ​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ

ខ្ញុំ​មាន​ការយល់ដឹង​ជា​យូរ​មក​ហើយ​ថា ព្រះយេស៊ូវគ្រីស្ទ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ » ( គ. និង ស. ៨៨:៦ ) ដើម្បី​ទ្រង់​អាច « ជួយ [ ផ្តល់​ការធូរស្បើយ ឬ​ផ្តល់​ជំនួយ​ដល់​ ] រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២ ) ។ នេះ​មាន​ន័យ​ថា អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​លាត​សន្ធឹង​ហួស​ពី​ការគ្រាន់​តែ​ផ្តល់​ឲ្យ​នូវ​ការរស់ឡើង​វិញ និង​ការប្រោស​លោះ​អំពើ​បាប​ទៅ​ទៀត ។ តាមរយៈ​អំណាច​នេះ ទ្រង់​ក៏អាច​ព្យាបាល​យើង​ក្នុងគ្រា​នៃ​ការរងទុក្ខ និង​គ្រា​ដែល​យើង​ត្រូវការ ។ នៅអំឡុង​ពេល​នៃ​ក្តី​ទុក្ខ​របស់​ខ្ញុំ — ដោយ​រំជួលចិត្ត​យ៉ាង​ខ្លាំង — នោះ​ខ្ញុំ​ព្យាយាម​រៀន​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បី​ធ្វើឲ្យ​អំណាច​របស់​ព្រះអង្គ​សង្គ្រោះ​នេះ​ដំណើរ​ការ​នៅក្នុង​ជីវិត​ខ្ញុំ ។ អស់​រយៈពេល​ជាច្រើនសប្តាហ៍ ខ្ញុំ​បាន​ស្រាវជ្រាវ​ព្រះគម្ពីរ និង​សុន្ទរកថា​នានា​របស់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ ។ ខ្ញុំ​ជឿ​យ៉ាង​ស្មោះស្ម័គ្រ​ថា តាមរយៈ​តម្លៃ​នៃ​ការឈឺ​ចាប់ និង​ការបូជា​ដ៏​ធំ​អនេក​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ជ្រាប​អំពីការ​ឈឺចាប់​ដែលខ្ញុំ​កំពុង​ជួប​ប្រទះ​នេះ ។ ប៉ុន្តែ តើ​ការជ្រាប​ដឹង​របស់​ទ្រង់​នេះ​អាច​ជួយ​ខ្ញុំ​ដោយ​របៀប​ណា ? ដោយសារ​ទ្រង់​បាន​រងទុក្ខ​រឿង​នេះ សម្រាប់ ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​ជំនួយ​ដែល​ទ្រង់​ផ្តល់​ឲ្យ​នោះ ?

បន្ទាប់​ពី​ការស្រាវជ្រាវ ការសិក្សា ការអធិស្ឋាន និង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​មក ខ្ញុំ​បាន​ចាប់ផ្តើម​យល់ ។ ដំបូង ខ្ញុំ​បានចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​ថា ព្រះអម្ចាស់​បាន​ជួយ បាន​លួងលោម និង​ជ្រោមជ្រែង​គ្រួសារ​របស់​ខ្ញុំ​រួច​ទៅ​ហើយ ជាពិសេស​នៅក្នុង​អំឡុង​សប្តាហ៍​ពីមុន​មរណភាព​របស់​ណាន់ស៊ី​នោះ ។ មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ដែល​ឥឡូវ​នេះ​ខ្ញុំ​ទទួល​ស្គាល់​ថា វា​ជា​ពរជ័យ​ដែល​កើត​មាន​ឡើង​ពី​អំណាច​នៃ​ការព្យាបាល និង​ការពង្រឹង ដែល​មាន​សម្រាប់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ការគ្រាន់តែ​ដឹង​ថា ព្រះអង្គសង្គ្រោះ​បាន​ថែទាំ​ពួកយើងរួចទៅ​ហើយ​នៅក្នុង​របៀប​មួយ​ជាក់លាក់​បែប​នេះ នោះ​ខ្ញុំ​ទទួល​បាន​ការលួង​លោម ។ ដូច សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ជំនាន់​បុរាណ​ដែរ ទ្រង់​គង់​នៅ​ជាមួយ​យើង​នៅក្នុង « គុក​ភ្លើង » ( ដានីយ៉ែល ៣:១៧ ) នៃ​ការរងទុក្ខ​របស់​យើង ។

ទុកចិត្ត​លើ​ទ្រង់

ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​រឿង​ជាច្រើន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ ដើម្បី​ទទួល​បាន​ការលួងលោម និង​ការព្យាបាល​ពី​ព្រះអម្ចាស់ ។ ការណ៍​សំខាន់​បំផុត​នោះ​គឺ យើង​ត្រូវ​ទុកចិត្ត​លើ​ទ្រង់ ។ នោះ​គឺជា​រឿង​មួយ​ដែល​ពិបាក​នឹង​ធ្វើ ។ ហេតុអ្វី​ខ្ញុំ​ត្រូវ​ទុកចិត្តលើ​ព្រះ ខណៈ​ដែល​ទ្រង់​អាច​រារាំង​កុំ​ឲ្យ​ណាន់​ស៊ី​ស្លាប់​បាន តែ​នាង​បាន​ស្លាប់នោះ ? នៅក្នុង​ចម្លើយ​ទៅនឹង​សំណួរ​នេះ ខ្ញុំ​បន្ត​ពិចារណា​រឿង​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ ៖

« ដ្បិត​នៅពេល​នេះ អ្នករាល់​គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោង​ការណ៍​នៃ​ព្រះ​របស់​អ្នក​អំពី​អ្វីៗ​ទាំង​នោះ ដែល​ត្រូវ​បាន​មក​នៅពេល​ក្រោយ និង​សិរី​ល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់ពី​មាន​សេចក្ដីវេទនា​ដ៏​ច្រើន » ( គ. និង ស. ៥៨:៣ ) ។

យើង​មាន​ពរ​ហើយ ដោយ​បាន​ទទួល​ទីសម្គាល់​ជាច្រើន​ដែល​ទាក់ទង​នឹង​របៀប និង​ពេល​វេលា​នៃ​ការស្លាប់​របស់​ណាន់ស៊ី ស្រប​ទៅតាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​យល់​ច្បាស់​ថា ព្រះវរបិតា​ដែល​ជ្រាប​ដឹង​ការណ៍​សព្វគ្រប់ និង​ពេញ​ដោយ​ក្តីស្រឡាញ់​បាន​ឲ្យ​យើង​រងទុក្ខ​នូវ​ការណ៍​ទាំងនេះ ដោយ​សារ​ការរងទុក្ខ​នេះ​គឺ​ជា​រឿង​ចាំបាច់ នៅក្នុង​ការរៀបចំ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​សម្រាប់​ភាពតម្កើង​ឡើង​របស់​គ្រួសារ​យើង ។ ដោយ​ដឹង​អំពី​រឿង​នេះ ខ្ញុំ​យល់​ថា​ចំណែករបស់​ខ្ញុំ​នៅ​ក្នុង​ការៀបចំ​របស់​ទ្រង់​គឺ ពុំ​គ្រាន់​តែ​ស៊ូទ្រាំ​នឹង​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ « ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ » ( គ. និង ស. ១២១:៨ ) ។ តាមការយល់​របស់​ខ្ញុំ​អំពី​ទុក្ខលំបាក​របស់​ទ្រង់ នោះ​ខ្ញុំ​ពុំ​គ្រាន់តែ​ត្រូវបាន​ទ្រង់​ជួយ​នោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ញែក​ខ្ញុំ​ឲ្យ​បរិសុទ្ធ​ផងដែរ ។ ខ្ញុំ​បាន​ទទួល​បទពិសោធន៍​នេះតាម​របៀប​ជា​ច្រើន​រួច​មក​ហើយ ។

ខ្ញុំ​បាន​ទូន្មាន​កូនៗ​របស់​យើង​ឲ្យ​ធ្វើ​អ្វី ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ដំណើរការ​នេះ​ដោយផ្ទាល់​ខ្លួន​ខ្ញុំ ៖

  • ចូរ​ឲ្យ​ក្តីឈឺចាប់​នៃ​បទពិសោធន៍​ដ៏​លំបាក​នេះ នាំ​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាពជា​សិស្ស​កាន់តែ​ប្រសើរ​ឡើង ។

  • ចូរ​អធិស្ឋាន​ឲ្យ​អស់​ពី​ដួងចិត្ត​របស់​អ្នក ។

  • ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ខឹង​ព្រះដែល​អនុញ្ញាត​ឲ្យ​រឿង​សោកដនាកម្ម​កើត​មាន​ឡើង ចូរទូលអង្វរ​ទ្រង់​ឲ្យ​ជំនួស​កំហឹង​នោះ​ដោយ​សេចក្តីជំនឿ និង​ការចុះ​ចូល​វិញ ។

  • ចូរ​ចុះ​សេចក្តីសញ្ញា​ថា អ្នក​នឹង​ស្រឡាញ់​ទ្រង់ ហើយ​ស្មោះត្រង់​ដល់​ទីបញ្ចប់ ។

  • ចូរ​អាន​ព្រះបន្ទូល​ព្រះ​ជាប់​ជានិច្ច — អាន​ព្រះគម្ពីរ និង​សុន្ទរកថា និង​ការនិពន្ធ​នានា​របស់​ព្យាការី​សម័យ​ទំនើប និង​គ្រូបង្រៀន​ដ៏​បំផុស​គំនិត ។

  • ចូរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​អារម្មណ៍​ស្រែក​ឃ្លាន​នូវការ​បង្រៀន​អំពី​រឿងរ៉ាវ​ដ៏អស់កល្ប ។

  • ចូរ​ស្វែងរក​មនុស្ស​ដែល​មាន​វិបត្តិ​ផ្ទាល់ខ្លួន ដែល​កំពុង​ក្លាយ​ជា​វិបត្តិ​នៃ​សេចក្តីជំនឿ ហើយ​ពង្រឹង​ពួកគេ​តាមរយៈ ទីបន្ទាល់​របស់​អ្នក​អំពី​គោលលទ្ធិ​ទាំង​នេះ ។

ទីបន្ទាល់​របស់​សាវក

ប្រហែល​ជា​មួយ​ខែ​បន្ទាប់​ពី​មរណភាព​របស់​ណាន់ស៊ី មាន​យប់​មួយ​នោះ​ខ្ញុំ​មាន​ការឈឺ​ចាប់​យ៉ាង​ពន់ពេក ។ ខ្ញុំ​មាន​ការឈឺចាប់ និង​កើតទុក្ខ​ពេញ​មួយ​ថ្ងៃ​នោះ ។ ខ្ញុំ​បាន​ចាំ​អំពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​បាន​បង្រៀន​ថា « មាគ៌ា​នៃ​សេចក្តីសង្គ្រោះ​តែងតែ​ដឹកនាំ … ឆ្លងកាត់​សួនច្បារ​គែតសេម៉ានី » ។ ទោះបីជា​ការរងទុក្ខ​របស់​ខ្ញុំ​ពុំ​អាច​ប្រៀបធៀប​នឹង​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​ក្តី នា​រាត្រី​នោះ​ខ្ញុំ​ស្ថិត​ក្នុង « ក្តីទុក្ខព្រួយ និង​ភាពល្វីង​ជូរចត់ » ជា​ខ្លាំង​ពន់ពេក ។

បន្ទាប់​ពីមាន​បទពិសោធន៍​នេះ​មួយ​រយៈពេល និង​ក្រោយ​ពី​ការអធិស្ឋាន​ទូល​សូម​ជំនួយ​មក ខ្ញុំ​បាន​ចាំ​ដល់​អ្វី​មួយ​ដែល​ខ្ញុំ​បាន​អាន ហើយ​កត់​ចំណាំ​ការអាន​នោះ​ទុក​លើ​កុំព្យូទ័រ​របស់​ខ្ញុំ កាល​បួន​ប្រាំ​ឆ្នាំ​មុន ។ ខ្ញុំ​បាន​រក​ឃើញ​ឯកសារ​នោះ ហើយ​អាន​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ស្វែងរក ។ នៅក្នុង​ការសម្ភាសន៍​ជាមួយ​អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( ១៩២៨–២០១៥ ) គេ​បាន​ចោទសួរ​លោក​អំពី​ការបាត់បង់​ភរិយា​លោក ជេននីន ដោយសារ​ជំងឺ​មហារីក​ក្នុង​ឆ្នាំ ១៩៩៥ ។ អែលឌើរ ស្កត បាន​ឆ្លើយ​ថា « ប្រាកដ​ណាស់ … ខ្ញុំ​ពុំ​បាន​បាត់បង់​គាត់​ឡើយ ។ គាត់​នៅផ្នែក​ម្ខាងទៀត​នៃវាំងនន ។ យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​យើង​នឹង​រស់នៅ​ជាមួយ​គ្នា​ជា​រៀងរហូត » ។

រូបភាព
Atlanta Georgia Temple

រចនា​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ អាត្លង់តា ចចចារ

នា​រាត្រី​នោះ ពាក្យ​ទាំងនោះ​បាន​នាំ​នូវអំណាច ដែល​ខ្ញុំ​ពុំ​ធ្លាប់​ទទួល​បាន​អារម្មណ៍​បែប​នេះ​ពីមុន​មក​ឡើយ ។ វា​ហាក់បីដូចជា​សើន​បញ្ចាំង​ពន្លឺ​ត្រូវបាន​បិទ​នៅក្នុង​រាត្រី​អន្ធកាល ។ ខ្ញុំ​ពុំ​ធ្លាប់​អាន​អ្វី​ដែល​មាន​ឥទ្ធិពល​ភ្លាមៗ និង​ខ្លាំងក្លា​មក​លើ​ចិត្ត​ខ្ញុំ​ដូច​នេះ​ឡើយ ។ ភាពអន្ធកាល និង​ការឈឺចាប់​បាន​រសាយ​បាត់អស់​ទៅ ។ វា​ដូ​ចជា​អាលម៉ា​ដែរ ដែល​លោក​អាច « ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់ [ របស់លោក ] ទៀត » ( អាលម៉ា ៣៦:១៩ ) ។ ទីបន្ទាល់​របស់​សាវក​បាន​ជ្រាប​ចូល​ក្នុង​ចិត្ត​ខ្ញុំ​ទាំងស្រុង ។ ខ្ញុំ​ភ្ញាក់ផ្អើល​ថា គំនិត​មួយ​ដែល​ខ្ញុំ​បាន​យល់​តាំង​ពី​ក្មេង​បាន​ប្រែជា​អស្ចារ្យ​យ៉ាង​ខ្លាំង​នា​ពេល​នោះ ។ ខ្ញុំ​បាន​ឆ្ងល់​អំពី​របៀប​ដែល​អែលឌើរ ស្កត អាច​ដឹង​អំពី​រឿង​បែប​នោះ ។ ហើយ​នា​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ក៏​បាន​ដឹង​វា​ផងដែរ ។ ប្រសិនបើខ្ញុំ​ស្មោះត្រង់ នោះ​ខ្ញុំ​អាច​មាន​សង្ឃឹម​ទាំងស្រុង​ដូច​ដែល​អែលឌើរ ស្កត មាន​ផង​ដែរ ។ ប្រាកដណាស់​ដោយសារ​មាន​ការកើត​ទុក្ខ និង​ការទួញសោក​ចាប់តាំង​ពី​ពេល​នោះ​មក នោះ​ខ្ញុំ​ពុំ​ទទួល​ការឈឺចាប់ និង​ការកើត​ទុក្ខ​ដ៏​ខ្លាំង​ដែល​ខ្ញុំ​បាន​មាន​នា​រាត្រី​នោះ​ទៀត​ឡើយ ។

នេះ​គឺជា​អំណាច​ដែល​ព្រះអង្គសង្គ្រោះ​លាត​សន្ធឹង​ដល់​យើង ជួយ​យើង​ក្នុង​ការសាក​ល្បង​របស់​យើង ។ ខ្ញុំ​ដឹង​ថា ទុក្ខព្រួយ​របស់​គ្រួសារ​យើង​នឹង​ពុំ​បាត់​អស់​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​លេបបាត់​ទៅក្នុង​អ្វី​មួយ​ដែល​ហៅ​ថា​ពរជ័យ​នៃ « ការពង្រឹង » និង « ភាព​ល្អឥតខ្ចោះ » នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​បាន​ខិតកាន់តែ​ជិត​ទៅ​ព្រះអង្គសង្គ្រោះ បានទទួល​អារម្មណ៍​នៃ​ការបញ្ជាក់​ពី​ទ្រង់ ហើយ​បាន​គាំទ្រ​ដោយ​គ្រឹះ​ពិតប្រាកដ​នៃ​សេចក្តីសញ្ញា​របស់​យើង ។

កំណត់ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » ( ការប្រជុំធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៧ ខែ កញ្ញា ឆ្នាំ ២០០៨ ) ទំព័រ ៦ speeches.byu.edu ។

  2. ឌៀថើរ អេហ្វ អុជដូហ្វ « Encircled in His Gentle Arms » Liahona, ខែ មិនា ឆ្នាំ ២០១៥ ទំព័រ ៥ ។

  3. « A Sure Witness of Jesus Christ: Elder Richard G. Scott » lds.org/prophets-and-apostles ។

  4. សូមមើល Bruce C. Hafen and Marie K. Hafen The Contrite Spirit: How the Temple Helps Us Apply Christ’s Atonement ( ឆ្នាំ ២០១៥ ) ទំព័រ ៣៤–៥២ ។