២០១៧
ធ្វើ​ជា​មនុស្ស​ផ្សេង ‹ ពី​មនុស្ស​ទូទៅ ›
October 2017


ធ្វើ​ជា​មនុស្ស​ផ្សេង « ពី​មនុស្ស​ទូទៅ »

ចូរ​បំភ្លេច​ទស្សនៈ​ពិភពលោក​ចោល ។ តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក ? អ្នក អាច រស់នៅ​តាម​ទស្សនវិស័យ​របស់​ទ្រង់​អំពី​សក្តានុពល​របស់​អ្នក ។

រូបភាព
breaking the mold

ពិភពលោក​មាន​ទស្សនៈ​យ៉ាង​ច្រើន​អំពី​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ។ អ្នក​ប្រហែល​ជា​ដឹង​អំពី​ការវាយ​តម្លៃ​មួយ​ចំនួន ឬ​ធ្លាប់​ឮ​គេ​ត្អូញត្អែរ​អំពី « ក្មេងៗ​សម័យ​នេះ » ។ មាន​ការសិក្សា និង​ស្ថិតិ​ជា​ច្រើន​ផងដែរ​អំពី​អ្នក — ទម្លាប់​នៅ​លើ​បណ្តាញ​សង្គម​របស់​អ្នក សម្ភារ​ដែល​អ្នក​ទិញ សូម្បី​តែ​អំពី​ការផ្តោត​ចិត្ត​ទុកដាក់​រយៈពេល​ដ៏​ខ្លី​របស់​អ្នក​ផងដែរ ។

ប៉ុន្តែ​ប្រធាន រ័សុល អិម ណិលសុន ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍​ថា លោក « ពុំ​ស្រណុក​ក្នុង​ចិត្ត​ឡើយ » ពេល​លោក​ឮ​អ្នក​ស្រាវជ្រាវ​ពិពណ៌នា​ការសិក្សា​របស់​ខ្លួន​អំពី​យុវវ័យ ។ លោក​មាន​ប្រសាសន៍​ថា « និយាយ​ឲ្យ​ត្រង់ ខ្ញុំ​ពុំ​ចាប់​អារម្មណ៍​លើ​អ្វី​ដែល ពួក​អ្នក​ជំនាញ និយាយ​អំពី​អ្នក ជាង​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​ប្រាប់​ខ្ញុំ​នោះ​ឡើយ » ។

ព្រះអម្ចាស់​ពុំ​ចាំបាច់​សិក្សា ឬ​ធ្វើ​ការ​វាយតម្លៃ​ទូទៅ​ដើម្បី​ស្គាល់​ពី​អ្នក​ឡើយ ។ ទ្រង់​ពុំ​ចាត់ទុក​ថា​អ្នក​គឺ​ជា​ស្ថិតិ ឬ​ជា​មនុស្ស​ដែល​មាន​បន្ទុក​ដោយសារ​តែ « ពិភពលោក » ព្យាយាម​ពិពណ៌នា​អំពី​អ្នក​បែប​ណា​នោះ​ឡើយ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា « ទ្រង់​ស្រឡាញ់​អ្នក​ពុំមែន​ដោយសារ​អត្តសញ្ញាណ​អ្នក​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ព្រោះ​តែ​សិរីល្អ និង​ពន្លឺ​ដែល​អ្នក​មាន​ព្រម​ទាំង​សក្ដានុពល និង​បំណង​ចង់​ប្រែក្លាយ​ផងដែរ » ។

ព្រះ​ពុំ​គ្រាន់តែ​គិត​អំពី​អ្នក​ឡើយ ទ្រង់​ស្រឡាញ់​អ្នក ។

តើ​អ្នក​ចង់​ធ្វើ​ជា​មនុស្ស​ផ្សេង​ពី​មនុស្ស​ក្នុង​លោកិយ​នេះ​ឬ​ទេ ? ចូរ​ចាត់ទុក​ខ្លួន​អ្នក​ក្នុង​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​អ្នក​បម្រើ​រើសតាំង​របស់​ទ្រង់​ចាត់ទុក​ខ្លួន​របស់​អ្នក ។ តើ​អ្នក​ចង់​ធ្វើ​ជា​មនុស្ស​ផ្សេង​ពី​ការវាយ​តម្លៃ​ទូទៅ​របស់​អ្នកដទៃ​អំពី​អ្នក​ឬ​ទេ ? ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​បង្ហាញ ហើយ​ធ្វើ​វា​ហើយ ! ដូច​កាល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម ១២ ព្រះវស្សា​ទ្រង់​បាន​រំឭក​ឪពុកម្តាយ​របស់​ទ្រង់​ថា ទ្រង់​ត្រូវតែ « នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ [ ទ្រង់ ] ( លូកា ២:៤៩ ) ។

ទ្រង់​មិន​ក្មេង​ពេក​ទេ ហើយ​អ្នក​ក៏​ដូច្នេះ​ដែរ ។ ដូច្នេះ​សំណួរ​បន្ទាប់​នោះ​គឺ​ថា ៖ តើ​អ្នក​អាច​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​អ្នក​យ៉ាង​ដូចម្តេច ?

« កិច្ចការ » របស់​ទ្រង់​គឺ​ការ​នាំ​មក​នូវ « អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ដូច្នេះ​អ្នក​អាច​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​របស់​អ្នក តាមរយៈ​ការ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សក្តានុពល​របស់​អ្នក និង​តាមរយៈ​ការក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​អ្នកដទៃ​ឲ្យ​សម្រេច​បាន​នូវ​សក្តានុពល​របស់​ពួកគេ​ផងដែរ ។

ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ការទទួល​ខុសត្រូវ​សម្រាប់​អនាគត​ផ្ទាល់​របស់​អ្នក​ហើយ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ក្នុង​ពេល​នេះ ដើម្បី​ប្រាកដ​ថា អ្នក​កំពុង​ប្រែក្លាយ​ជា​មនុស្ស​ដែល​ព្រះវរបិតាសួគ៌​ដឹង​ថា​អ្នក​អាច​ប្រែក្លាយ ពុំ​មែន​គ្រាន់តែ​ក្នុង​ភាពអស់កល្ប​ជានិច្ច​នោះ​ទេ ប៉ុន្តែ​នៅក្នុង​ជីវិត នេះ ផងដែរ ។

តើ​អ្នក​ចង់​រៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ? ចូរ​សម្រេច​ចិត្ត​ក្នុង​ពេល​នេះ​ដើម្បី​មាន​ភាពបរិសុទ្ធ​ទាំង​ក្នុង​គំនិត ពាក្យសម្ដី និង​ទង្វើ ។ តើ​អ្នក​ដាក់ផែនការ​ទៅ​រៀន​មហាវិទ្យាល័យ​ដែរ​ឬ​ទេ ? ចូរ​អភិវឌ្ឍ​ទម្លាប់​សិក្សា​ល្អ​ក្នុង​ពេល​នេះ ។ តើ​អ្នក​ចង់​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ ? ចូរ​សិក្សា ប្រកាស​ដំណឹង​ល្អ​របស់​យើង បន្ថែម​ទៅក្នុង​ការសិក្សា​ដំណឹង​ល្អ​របស់​អ្នក ( ជាពិសេស​ជំពូក ៣ ) ។ តើ​អ្នក​ចង់​ផ្គត់ផ្គង់​ដល់​គ្រួសារ​ដែរ​ឬ​ទេ ? ចូរ​រៀន​អំពី​របៀប​ធ្វើ និង​រក្សា​គម្រោង​ថវិកា​ក្នុង​ពេល​នេះ ។

អ្នក​ក៏​អាច​ស្វែងរក​អ្វីៗ​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ ក្នុង​ពេល​នេះផងដែរ ។ តើ​អ្នក​ស្រឡាញ់​គណិតវិទ្យា​ដែរ​ឬ​ទេ ? ចេះ​លេង​ព្យាណូ​ឬទេ ? ចេះ​និពន្ធ​រឿង​ឬ​ទេ ? ចូរ​បន្ត​ធ្វើ​វា ! ចូរ​មើល​ប្រសិនបើ​មាន​របៀប​ដែល​អ្នក​អាច​កែលម្អ ៖ ការសិក្សា​នៅ​សាលា​រៀន ការសិក្សា​តាម​អ៊ិនធើរណែត ការប្រកួតប្រជែង​នានា និង​សិក្ខាសាលា​ជាដើម ។

ចូរ​ធ្វើ​ជា​មនុស្ស​ផ្សេង​ពី​មនុស្ស​ទូទៅ ! ចូរ​កំណត់​ពី​អនាគត​ផ្ទាល់​ខ្លួន​របស់​អ្នក ។ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត​ដែរ​ឬ​ទេ ? សូម​ប្រាប់​ឲ្យ​យើង​ដឹង​តាមរយៈ​អ៊ីម៉ែល liahona@ldschurch.org ឬ ផ្ញើសារ​ទៅ​គេហទំព័រ LDS Youth FacebookInstagram ។

កំណត់ចំណាំ

  1. រ័សុល អិម ណិលសុន « Stand as True Millennials » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៦ ។

  2. ឌៀថើរ អេហ្វ អុជដូហ្វ « Living the Gospel Joyful » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២៣ ។