២០២០
អាងស្តុក​ទីបន្ទាល់
ខែ មករា ឆ្នាំ ២០២០


អាងស្តុក​ទីបន្ទាល់

រូបភាព
plant growing

រចនា​រូបភាព​ដោយ ហ្វីល i2iArt.com

អំឡុង​ពេល​នៃ​ឆ្នាំ​សិក្សា​ដំបូង​របស់​ខ្ញុំ​នៅ​វិទ្យាល័យ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​លែងលះ​គ្នា ។ អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​មើល​ឪពុក​របស់​ខ្ញុំ​មិន​ទទួល​ទាន​សាក្រាម៉ង់ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​មាន​ការ​លំបាក​ក្នុង​ការ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ប៉ុន្តែ​ខ្ញុំ​ពុំ​យល់​ពី​ទំហំ​នៃ​ការ​លំបាក​ទាំងនោះ​ទេ ។ វា​គឺ​នៅពេល​ដែល​ឪពុកម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​ការកាត់កាល​ចេញ​ពី​សាសនាចក្រ​របស់​គាត់ ដែល​បងស្រី​ខ្ញុំ និង​ខ្ញុំ​បាន​ដឹង​ពី​រឿង​លម្អិត ។

« ខ្ញុំ​ស្អប់​ប៉ា ! » ខ្ញុំ​បាន​ស្រែក​ម្ដង​ហើយ​ម្ដង​ទៀត ទាំងយំ​ខ្សឹកខ្សួល ។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ។ខ្ញុំ​បាន​គិត​ថា តើគាត់​ធ្វើ​ដូច​នេះ​ចំពោះ​គ្រួសារ​យើង​ដូច​ម្ដេច​កើត ? តើ​គាត់​អាច​កុហក​យើង​អស់​ពេល​ជា​យូរ​យ៉ាង​នេះ​ដូចម្ដេច​កើត ?

ការរន្ធត់ និង​កំហឹង​ដែល​មាន​ដំបូង​នោះ​មិន​នៅ​បាន​យូរ​ទេ ។ ក្នុង​ពេល​ពីរ​បី​សប្ដាហ៍ កំហឹង​របស់​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អារម្មណ៍​នៃ​ការព្រងើយ​កណ្តើយ ។ ពីដំបូង អារម្មណ៍​នៃ​ការព្រងើយ​កណ្តើយ​គឺ​ជា​បន្ធូរ​ពី​កំហឹង និង​ការឈឺចាប់​ដែល​ខ្ញុំ​បាន​មាន ប៉ុន្តែ​ទីបំផុត​ការធូរស្បើយ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការអស់​សង្ឃឹម​ទៅវិញ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ខ្ញុំ​ខ្ទេចខ្ទាំ ។ ខ្ញុំ​ត្រូវការ​មាន​អារម្មណ៍​ភ្ជាប់​ទៅ​នឹង​ស្ថានសួគ៌​ជាង​ពេល​ណា​ទាំងអស់​ពី​មុន​មក ។ ខ្ញុំ​ត្រូវការ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ ការដឹកនាំ សេចក្ដី​សុខសាន្ត និង​ការព្យាបាល​ពី​ព្រះ ។

មិនយូរ​ប៉ុន្មាន សន្និសីទ​ទូទៅ​បាន​មកដល់ ។ ក្នុង​សម័យ​ប្រជុំ​មួយ ខ្ញុំ​បាន​ស្ដាប់ ហើយ​រង់ចាំ​ទទួល​អារម្មណ៍​នៃ​ការ​លួង​លោម​ពី​ព្រះ ។ ប៉ុន្តែ​វា​មិន​បាន​កើត​ឡើង​ឡើយ ។ នៅក្នុង​សាលា​ជំនុំ​ដ៏​ងងឹត ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ពុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ណាស់​ថា​ទ្រង់​គង់​នៅ​ទីនេះ ។ ទ្រង់​ត្រូវតែ​គង់​នៅ​ទីនេះ ។ ពេល​ខ្ញុំ​បាន​គិត​ដូច្នេះ ខ្ញុំ​បាន​ចាប់ផ្ដើម​នឹកឃើញ​ពី​ទីបន្ទាល់​តូចៗ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​ថា​ព្រះគម្ពីរ​គឺ​ពិត ថា​យ៉ូសែប ស៊្មីធ ជា​ព្យាការី ថា​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​ខ្ញុំ ហើយ​ថា​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ​បាន​នាំ​មក​នូវ​ភាព​សុខសាន្ត ។ វា​ហាក់​ដូច​ជា ខ្ញុំ​មាន​អាង​ស្តុក​ទីបន្ទាល់​ដូច្នោះ ។

កាល​ដែល​ខ្ញុំ​កាន់តែ​សញ្ជឹង​គិត​ពី​ទីបន្ទាល់​ខាង​វិញ្ញាណ​ពី​មុន​របស់​ខ្ញុំ នោះ​ខ្ញុំ​កាន់តែ​បាន​ដឹង​ថា ទោះបី​ខ្ញុំ​ចង់​ទទួល​អារម្មណ៍​ព្រះវិញ្ញាណ​យ៉ាង​ណា​ក្ដី វា​មិន​សំខាន់​ទេ​ដែល​ខ្ញុំ​មិន​អាច​ទទួល​អារម្មណ៍​នៃ​ព្រះចេស្ដា​របស់​ទ្រង់​នៅ​គ្រា​នោះ​តែ​ម្ដង​នោះ ។ ខ្ញុំ​បាន​មាន​អាង​ស្តុក​ទីបន្ទាល់​ដ៏​ស្ងៀម​ស្ងាត់​ខ្ជាប់​ខ្ជួន​រួចហើយ ថា​ដំណឹងល្អ​គឺ​ពិត ។

ការចេះដឹង​នោះ​បាន​ជួយ​ខ្ញុំ ហើយ​ផ្ដល់​ដល់​ខ្ញុំ​នូវ​បំណង​ប្រាថ្នា​ដើម្បី​បន្ត​រក្សា​បទបញ្ញត្តិ​ទាំងឡាយ សូម្បីតែ​ពេល​ដែល​ហាក់ដូច​ជា​ពុំ​មាន​ផល​ភ្លាមៗ​ក្ដី ។ បន្តិច​ម្តងៗ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​ខ្ញុំ ។ ការ​ស្ថិត​នៅ​ជិត​នឹង​ពួកទ្រង់ សូម្បីតែ​ពេល​ដែល​យើង​ពុំ​អាច​ទទួល​អារម្មណ៍​ថា​ពួកទ្រង់​នៅ​ជិត​ជានិច្ច​ក្ដី បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ភាព​សុខសាន្ត​ដែល​មិន​អាច​បដិសេធ​បាន និង​នាំមក​នូវ​ទីបន្ទាល់​ដែល​កាន់តែ​រឹងមាំ​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ ការណ៍​នេះ​បន្ត​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​ជួប​នឹង​ភាពមិន​ច្បាស់លាស់ ឬ​ការឈឺចាប់ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ទុកចិត្ត​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ហើយ​ថា​ពួកទ្រង់​នឹង​ព្យាបាល លើកតម្កើង និង​ពង្រឹង​ខ្ញុំ និង​យើង​ម្នាក់ៗ ។