២០២០
បាតបាយ៉ា និង​សៀវភៅ​ដែល​មាន​រូបភាព
ខែ មករា ឆ្នាំ ២០២០


បាតបាយ៉ា និង​សៀវភៅ​ដែល​មាន​រូបភាព

រូបភាព
Batbayar and the Book with Pictures

វា​ជា​ថ្ងៃ​មួយ​ដែល​មាន​ខ្យល់​បក់បោក​នៅក្នុង​ប្រទេស​ម៉ុងហ្គោលី ។ បាតបាយ៉ា​មាន​អាយុ​ប្រាំបួន​ឆ្នាំ​កំពុង​តែ​ដើរ​ទៅ​ផ្ទះ​ពី​ចំណត​ឡាន​បន្ទាប់​ពី​ចេញ​ពី​សាលា​រៀន ។ គាត់​បាន​ឱប​អាវ​រងា​គាត់​កាន់តែ​ណែន​នៅកណ្តាល​ខ្យល់​បក់​នោះ ។ សំណាង​ល្អ កន្លែង​ដែល​គាត់​រស់នៅ គឺ​ផ្ទះ​តាយាយ​គាត់​នៅ​មិន​ឆ្ងាយ​ទេ ។

« ជម្រាបសួរ ! » បាតបាយ៉ា​បាន​និយាយ​ពេល​គាត់​ចូល​មក​ខាង​ក្នុង ។

លោកយាយ​បាន​មាន​ប្រសាសន៍​ថា « ស្វាគមន៍​ចៅ ។ យាយ​បាន​ធ្វើ​ឃូអូស៊ូ​ខ្លះ​សម្រាប់​ញ៉ាំ​សម្រន់ » ។

«អរគុណ​លោកយាយ ! » បាតបាយ៉ា​បាន​ឈោង​យក​នំ​ក្ដៅៗ​មួយ ជា​នំ​ផាយ​សាច់​មាន​ជាតិ​ហឹរ ។

លោកតា​បាន​មាន​ប្រសាសន៍​ថា « ចាំសិន ! កុំ​ទាន់​ញ៉ាំ ចាំ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ដល់​សិន ។ ពួកគេ​នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ » ។

បាតបាយ៉ា​ចូលចិត្ត​ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​សាសនាចក្រ​របស់​លោកតា​លោក​យាយ​មក​លេង ។ គាត់​តែងតែ​រៀន​ជាច្រើន​ពី​ពួកគេ ។ ប៉ុន្តែ​មាន​បញ្ហា​តែ​មួយ​គត់ ។

« តើ​ពួកគេ​នឹង​សូម​ឲ្យ​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ទៀត​ឬ ? » បាតបាយ៉ា​បាន​សួរ ។ « ការអាន​គឺ​ពិបាក​សម្រាប់​ខ្ញុំ » ។

លោកយាយ​បាន​មាន​ប្រសាសន៍​ថា « នោះហើយ​ជា​មូលហេតុ​ដែល​ពួកគេ​នឹង​យក​សៀវភៅ​មួយ​ផ្សេង​ទៀត​មក​នៅ​ថ្ងៃ​នេះ » ។

បាតបាយ៉ា​បាន​សួរ​ថា « សៀវភៅ​អ្វី​ទៅ ? »

លោកតា​ថា « ចៅ​នឹង​ឃើញ » ។

មិនយូរ​ប៉ុន្មាន​ពួក​អ្នក​ផ្សព្វផ្សាយ​បាន​មក​ដល់ ។ ពួកគេ​បាន​ទទួលទាន​នំ​ផាយ​សាច់​ដ៏​ឆ្ងាញ់​របស់​លោក​យាយ​ជាមួយ​គ្នា ។ បន្ទាប់​មក​បាតបាយ៉ា​បាន​និយាយ​ថា « លោក​យាយ​ប្រាប់​ថា​ស៊ីស្ទើរ​មាន​សៀវភៅ​មួយ​ក្បាល​មក​ឲ្យ​ខ្ញុំ » ។

ស៊ីស្ទើរ​ហែតស្ស៍​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា​ប្អូន​នឹង​ចូលចិត្ត​សៀវភៅ​នេះ ។ វា​មាន​រូបភាព​ច្រើន​ណាស់ » ។

បាតបាយ៉ា​បាន​មើល​ទៅ​ក្រប​សៀវភៅ ។ វា​សរសេរ​ថា សៀវភៅ​រឿង​ព្រះគម្ពីរ​មរមន ។ រូបភាព​នៅលើ​ក្រប​សៀវភៅ​នោះ​បង្ហាញ​ពី​មនុស្ស​កំពុង​សង់​សំពៅ ។

បាតបាយ៉ា​បាន​និយាយ​ថា « ខ្ញុំ​ចាំ​ពី​រឿង​នោះ ។ បុរស​នោះ​មិន​បាន​ដឹង​ពី​របៀប​សង់​សំពៅ​ទេ ។ ដូច្នោះ​គាត់​បាន​អធិស្ឋាន ។ ហើយ​ព្រះ​បាន​ជួយ​គាត់ » ។

ស៊ីស្ទើរ​អែងឃូយ៉ា​បាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ ។ តើ​ប្អូន​នឹង​ព្យាយាម​អាន​សៀវភៅ​នេះ​ទេ ? រួចហើយ​ប្អូន​អាច​អធិស្ឋាន​ដើម្បី​ដឹង​ថា​តើ​អ្វី​វា​បង្រៀន​ពិត​ឬ​ទេ » ។

បាតបាយ៉ា​បាន​សន្យាថា « ខ្ញុំ​នឹង​ធ្វើ​វា » ។

នៅ​យប់​នោះ​គាត់​បាន​អាន​សៀវភៅ​ដែល​មាន​រូបភាព​នោះ ។ គាត់​បាន​អាន​រឿង​អំពី​សំពៅ ។ បន្ទាប់​មក​គាត់​បាន​អធិស្ឋាន ។ គាត់​បាន​គេងលក់​ដោយ​គិត​អំពី​បុរស​ដែល​សង់​សំពៅ​នោះ និង​របៀប​ដែល​ព្រះ​បាន​ជួយ​គាត់ ។

តាំង​ពី​ពេល​នោះ​មក បាតបាយ៉ា​បាន​អាន​រឿង​មួយ​ជារៀង​រាល់​យប់ ។ បន្ទាប់​មក គាត់​បាន​អធិស្ឋាន ។ ហើយ​រាល់​យប់ គាត់​បាន​គេង​លក់​ដោយ​គិត​អំពី​អ្វី​ដែល​គាត់​បាន​អាន ។

ពេលដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​បាន​ត្រឡប់​មក​វិញ ពួកគេ​បាន​បង្រៀន​បាតបាយ៉ា​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ បាតបាយ៉ា​បានរៀន​អំពី​ពួក​ព្យាការី ។ គាត់​បាន​រៀន​អំពី​ព្រះបញ្ញត្តិ​របស់​ព្រះ ។ គាត់​បន្ត​ទៅ​ព្រះវិហារ​ជាមួយ​លោក​យាយ និង​លោក​តា ។ ហើយ​គាត់​បាន​បន្ត​អាន និង​អធិស្ឋាន ។

ថ្ងៃ​មួយ​បាតបាយ៉ា​មាន​អ្វី​មួយ​សំខាន់​ដើម្បី​ប្រាប់​លោកតា​លោកយាយ​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « ពេល​ខ្ញុំ​អាន​រឿង​នៅក្នុង​សៀវភៅ​ដែល​មាន​រូបភាព​នោះ ខ្ញុំ​មាន​អារម្មណ៍​ល្អ ។ ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ថា​រឿង​ទាំងនោះ​ពិត ។ ខ្ញុំ​គិត​ថា ខ្ញុំ​គួរតែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក » ។

ថ្ងៃ​នេះ បាតបាយ៉ា​ជា​សមាជិក​នៃ​សាសនាចក្រ ។ គាត់​អាន​បាន​កាន់តែ​ល្អ​ឡើងៗ ។ ហើយ​គាត់​នៅតែ​អាន​ព្រះគម្ពីរ​មរមន​ជារៀង​រាល់​យប់ !