២០២០
ប្រសើរ​ឡើង​បន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ
ខែ មករា ឆ្នាំ ២០២០


ប្រសើរ​ឡើង​បន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ

រូបភាព
A Little Better Every Day

កាល​ពី​ក្មេង ខ្ញុំ​លេង​វីយូឡុង ។ ខ្ញុំ​ចង់​លេង​វា​ឲ្យ​ពីរោះ ។ ខ្ញុំ​ចង់​លេង​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​ស្ដាប់ ហើយ​ចង់​ឲ្យ​ពួកលោក​និយាយ​ថា « អូ ចយ វា​ពីរោះ​ណាស់ ! » ប៉ុន្តែ​វា​ពុំ​ពីរោះ​នោះ​ទេ ។ វា​ឮ​សូរ​ងឺតៗ !

ពេល​ខ្លះ​ពេល​ខ្ញុំ​មិន​បាន​ហាត់​សម គ្រូ​របស់​ខ្ញុំ​និយាយ​ថា « ចយ តើ​ប្អូន​បាន​ហាត់​សម​ទេ​សប្ដាហ៍​នេះ ? » វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ហាត់សម ដើម្បី​ខ្ញុំ​អាច​លេង​ឲ្យ​បាន​កាន់តែ​ពីរោះ​នៅ​សប្ដាហ៍​ក្រោយ ។

មើល​ត្រឡប់​ក្រោយ​វិញ ការលេង​វីយូឡុង​គឺ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​ព្រោះ​វា​ពិបាក ។ ទោះបី​ខ្ញុំ​មិន​បាន​ហាត់សម​ជានិច្ច​ក្ដី ក៏​ខ្ញុំ​បាន​រៀន​ជា​ច្រើន​ពី​ការដាក់​គោលដៅ​មួយ​ដើម្បី​ហាត់សម​បន្ថែម​បន្តិច​ម្ដងៗ​រាល់​ថ្ងៃ​ដែរ ។

នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​នឹង​ធ្វើ ។ ព្យាយាម​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​រៀងរាល់​ថ្ងៃ ។ ព្រះវរបិតា​សួគ៌​មិន​រំពឹង​ឲ្យ​ក្មួយៗ​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ជីវិត​នេះ​គឺ​ជា​ការរៀន និង​លូតលាស់​បន្តិច​ម្ដងៗ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យក្មួយៗ​បន្ត​ព្យាយាម ។ ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ក្មួយៗ​រីករាយ​នឹង​ការលូតលាស់​នោះ !

ជួនកាល​យើង​តឹងតែង​ពេក​ចំពោះ​ខ្លួនឯង ។ យើង​គិត​ថា « ខ្ញុំ​បាន​បរាជ័យ ។ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ » រួច​ហើយ​យើង​បោះបង់​ចោល ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​ថា « ចូរ​ធ្វើ​បន្ត​ទៀត ។ យើង​នៅ​ទី​នេះ​ចាំ​ជួយ​កូនៗ ! » ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មិន​ចាំបាច់​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។ យើង​អាច​ក្រោក​ឡើង ហើយ​ព្យាយាម​ម្ដង​ទៀត​ជាមួយ​នឹង​ជំនួយ​របស់​ទ្រង់ ។ នោះ​ហើយ​គឺ​ជា​ជីវិត​នេះ ។

ប្រសិន​បើ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​ក្មួយៗ​អាច​បាន​ដឹង​នៅក្នុង​ដួងចិត្ត​របស់​ក្មួយៗ នោះ​គឺ​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​ក្មួយៗ ។ ក្មួយៗ​ប្រហែល​ជា​កំពុង​ប្រឈម​នឹង​រឿង​លំបាកៗ ប៉ុន្តែ​ក្មួយៗ​ត្រូវបាន​រៀបចំ​ឲ្យ​មក​ផែនដី​នេះ​នៅ​គ្រា​នេះ ។ គ្រាន់តែ​បន្ត​ព្យាយាម និង​បន្ត​ចែកចាយ​ពន្លឺ​របស់​ក្មួយៗ ។ ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ពរ ហើយ​ដឹកនាំ​ក្មួយៗ កាល​ដែល​ក្មួយៗ​ដើរតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។