២០២០
ការបើក​សោ​អនុភាព​នៃ​ព្រះគម្ពីរ​មរមន
ខែ មករា ឆ្នាំ ២០២០


ការបើក​សោ​អនុភាព​នៃ​ព្រះគម្ពីរ​មរមន

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ​អារីស្សូណា ស.រ.អា. ។

រូបភាព
Book of Mormon

ពេល​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ​នៅ​ប្រទេស​ហ្វីលីពីន ខ្ញុំ និង​ដៃគូ​ខ្ញុំ​បាន​បង្រៀន​មេរៀន​មួយ​ដ៏​មាន​អានុភាព​អំពី​សារសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ ។ នៅចុង​បញ្ចប់​នៃ​មេរៀន​នោះ ដៃគូ​របស់​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​អានុភាព​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឮ​ពីមុន​មក​ឡើយ​អំពី​ការសិក្សា​ព្រះគម្ពីរ ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា ការអាន​ព្រះគម្ពីរ​មរមន​បន្ថែម​នូវ​អំណាច​ថ្មី​មួយ​ទៅក្នុង​ជីវិត​របស់​គាត់​ដែល​មិន​អាច​ពន្យល់​បាន ។

វា​ជាក់ស្ដែង​ណាស់​ថា បទពិសោធន៍​របស់​គាត់​ជាមួយ​នឹង​ព្រះគម្ពីរ​មរមន​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់ ហើយ​ខ្ញុំ​ចង់​មាន​បទពិសោធន៍​នោះ​សម្រាប់​ខ្លួន​ខ្ញុំ​ផងដែរ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​អាន​ព្រះគម្ពីរ​មរមន​ម្ដងទៀត ។ ចាប់ផ្ដើម​ពី​ដំបូង​មក ។

ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​លុត​ជង្គង់​ទូល​ទៅ​ព្រះ​ថា ខ្ញុំ​ចង់​ទទួល​បទពិសោធន៍​នៃ​ការប្រែចិត្ត​ជឿ និង​អំណាច​ដែល​បាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចម្លើយ​ដែល​ខ្ញុំ​បាន​ទទួល​គឺ ៖ អាន ។ គ្រាន់តែ​អាន ។

ដូច្នេះ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ជាមួយ​នឹង​ការប្ដេជ្ញា​ចិត្ត​ជាថ្មី ។ ខ្ញុំ​បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​ខ ជំពូក និង​ទំព័រ​នីមួយៗ ។ កាលដែល​ខ្ញុំ​អាន ខ្ញុំ​បាន​រកឃើញ​ខទាំងឡាយ​ដែល​បាន​ឆ្លើយ​តប​សំណួរ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​បាន​ស្រាកស្រាន្ត ហើយ​បាន​ជួយ​លើក​បន្ទុក​អ្នក​ទាំងឡាយ​ដែល​ខ្ញុំ​កំពុង​បង្រៀន ។

ប្រហែល​មួយ​ខែ​ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា​មាន​អ្វី​មួយ​នៅក្នុង​ចិត្ត​ខ្ញុំ​កំពុងតែ​ផ្លាស់ប្ដូរ ។ សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន​កើនឡើង ខ្ញុំ​មាន​សង្ឃឹម​កាន់តែ​ច្រើន​ក្នុង​អនាគត ខ្ញុំ​ធ្វើការ​កាន់តែ​ខ្លាំង និង​កាន់តែ​យូរ​រាល់ថ្ងៃ ខ្ញុំ​កាន់តែ​មាន​ការផ្តោត​យកចិត្ត​ទុកដាក់​លើ​ការងារ ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អំណរ​ជា​ច្រើន ។

ថ្ងៃមួយ​នៅក្នុង​ការសិក្សា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រទះ​នឹង​ការ​ដក​ស្រង់​មួយ​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) អតីត​ប្រធាន​សាសនាចក្រ ៖ « មាន​អំណាច​មួយ​នៅក្នុង [ ព្រះគម្ពីរ​មរមន ] ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​ចាប់ផ្ដើម​សិក្សា​ដោយ​ហ្មត់ចត់​អំពី​ព្រះគម្ពីរ​នេះ ។ … នៅ​ពេល​អ្នក​ចាប់ផ្តើម​ស្រេក​ឃ្លាន​នូវ​ព្រះបន្ទូល​ទាំង​នោះ អ្នក​នឹង​ឃើញ​ថា ជីវិត​នឹង​កាន់​តែ​មាន​ភាព​រីក​ចម្រើន​យ៉ាង​មហិមា » ។

កាល​ដែល​ខ្ញុំ​បន្ត​សិក្សា នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​យល់​យ៉ាង​ពិត​ប្រាកដ​ពី​អត្ថន័យ​ដែល​លោក​បាន​ប្រាប់ ។ ខ្ញុំ​បាន​រកឃើញ​ជីវិត​ដែល​កាន់​តែ​មាន​ភាព​រីក​ចម្រើន​យ៉ាង​មហិមា ។

ក្រឡេក​មើល​ក្រោយ​វិញ ខ្ញុំ​ជឿ​ថា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំងឡាយ​ដែល​ខ្ញុំ​ត្រូវបាន​ដាក់​ជាមួយ​ដៃគូ​នោះ គឺ​ដើម្បី​ខ្ញុំ​អាច​នៅ​ទី​នោះ​នា​យប់​នោះ​ដើម្បី​ឮ​ទីបន្ទាល់​របស់​គាត់ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ផ្នែកល្អៗ​ទាំងអស់​ក្នុង​ជីវិត—គឺ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម ការទុកចិត្ត ការ​ខិត​ខំ​ធ្វើ​ការ និង​អំណរ—ត្រូវបាន​ពង្រឹង​ឡើង ។

មាន​ពន្លឺ​ថ្មី​មួយ​នៅក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា​វា​ពិត ។

កំណត់​ចំណាំ

  1. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧ ។

  2. រ័សុល អិម ណិលសុន « ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ។