សន្និសីទទូទៅ
លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន

យើង​ចាំបាច់​ត្រូវ​យល់​អំពី​លក្ខខណ្ឌ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​កិច្ចការ ។ នៅ​ពេល​យើង​ធ្វើ​ការ​តាម​លក្ខខណ្ឌ​នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ការយល់ដឹង ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។

ជាច្រើន​ឆ្នាំ​មក​នេះ បងប្អូន​ជាច្រើន ក៏ដូចជា ខ្ញុំដែរ​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ។ ចំណុចនោះ​ពន្យល់​ខ្លះៗ​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ ។ ដូច្នេះ សូម​អធ្យាស្រ័យលោក​ផង …

អាកាសយានិកដែល​មាន​ការបំពាក់បំប៉ន់​យ៉ាងល្អ បើកក្នុង​កម្រិត​សមត្ថភាព​របស់​យន្តហោះ និង​ធ្វើ​តាម​ការណែនាំ​របស់​អ្នក​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស ស្ដីពីការប្រើប្រាស់​ផ្លូវចុះចត និង​ហោះហើរ ។ និយាយ​ឲ្យ​សាមញ្ញ​ទៅ អាកាសយានិក​បើក​យន្តហោះ​ក្នុង​ដែន​មួយ ។ មិន​ថា​ពួកគេ​ឈ្លាសវៃ ឬ​មាន​ទេពកោសល្យ ប៉ុណ្ណា​ទេ ទាល់តែ​អាកាសយានិក​ហោះហើរ​ក្នុង​ដែន​នេះ​ប៉ុណ្ណោះ ទើប​គាត់​អាច​ប្រើ​សក្ដានុពល​ដ៏​ខ្លាំង​របស់​យន្តហោះ ​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដ៏​អស្ចារ្យ​របស់​វា ។

យើង​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​លក្ខខណ្ឌ​ស្រដៀងគ្នា​នេះ ។ បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជ​ទឹក យើង​ទទួល​អំណោយ​ទាន​ដ៏​មហិមា​ពិត​មួយ គឺ​ជា​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ពេល​យើង​ព្យាយាម​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា នោះ​« ព្រះវិញ្ញាណ​បរិសុទ្ធ … [ នឹង ] បង្ហាញ​ដល់ [ យើង ] នូវ​គ្រប់​អ្វី​ទាំង​អស់ [ ដែល​យើង ] ត្រូវ​ធ្វើ » ។ នៅ​ពេល​យើង​មិន​ច្បាស់ ឬ​ព្រួយបារម្ភ យើង​អាច​សូម​ជំនួយ​ពី​ព្រះ ។ សេចក្ដីសន្យា​របស់​ព្រះអង្គសង្គ្រោះ​គឺ​ច្បាស់លាស់​ណាស់ ៖ « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក … ដ្បិត​អស់​អ្នកណា​ដែល​សូម នោះ​រមែង​បាន » ។ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ផ្លាស់ប្ដូរ​និស្ស័យ​ដ៏​ទេវភាព​របស់​យើង ទៅ​ជា​ជោគ​វាសនា​ដ៏​អស់កល្ប​ជានិច្ច ។

សេចក្ដីសន្យា​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​ការបំផុស​គំនិត​ដ៏​អស្ចារ្យ ដូច​ជា​យន្តហោះ​កំពុង​ហោះហើរ ។ ហើយ​ដូច​ជា​អាកាសយានិក​ដែរ យើង​ត្រូវ​យល់​ពី​លក្ខខណ្ឌ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ ដើម្បី​ប្រទាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ នៅ​ពេល​យើង​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​នោះ ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ការយល់ដឹង ដឹកនាំ និង​ការលួងលោម​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ មិន​ថា​យើង​ឈ្លាសវៃ ឬ​ប៉ិនប្រសប់​ប៉ុណ្ណា​ទេ បើនៅ​ក្រៅ​លក្ខខណ្ឌ​នេះ យើង​អាច​ត្រូវ​គេ​បោក​បញ្ឆោត ធ្វើ​ឲ្យ​ឈឺចាប់ និង​ខូចខាត ។

ព្រះគម្ពីរ​គឺ​ធាតុ​ទីមួយ​នៃ​លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន​នេះ ។ ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ បង្កើន​វិវរណៈ​ផ្ទាល់ខ្លួន ។ អែលឌើរ រ៉ូបឺត ឌី ហែល មាន​ប្រសាសន៍​ថា ៖ « នៅ​ពេល​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ នោះ​យើង​អធិស្ឋាន ។ ហើយ​នៅ​ពេល​យើង​ចង់​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង នោះ​យើង​ស្រាវជ្រាវ​ព្រះគម្ពីរ​ទាំងឡាយ » ។

ព្រះគម្ពីរ​ក៏​បង្រៀន​យើង​ផង​ដែរ អំពី​របៀប​ដើម្បី​ទទួល​វិវរណៈ ផ្ទាល់ខ្លួន ។១០ យើង​ទូល​សូម​នូវ​អ្វី​ដែល​ត្រឹមត្រូវល្អ១១ហើយ​មិន​សូម​អ្វី​ដែល​ផ្ទុយ​ពី​ព្រះរាជ​បំណង​របស់​ព្រះ​ឡើយ ។១២ យើង​មិន​សូម « សេចក្ដី​សំណូម​បែប​អាក្រក់ » ដោយ​ចេតនា​មិន​សមរម្យ ស្នើ​សូម​អ្វី​ដែល​ជា​ប្រយោជន៍ផ្ទាល់ខ្លួន ឬ​ដើម្បី​បំពេញ​តាម​ភាព​រីករាយ​ផ្ទាល់ខ្លួន​យើង​នោះ​ទេ ។១៣ សំខាន់​ជាង​គេ​នោះ​គឺ យើង​ត្រូវ​ទូលសូម​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ១៤ ដោយ​ជឿ​ថា យើង​នឹង​បាន​ទទួល ។១៥

ធាតុ​ទី​ពីរ​នៃ​លក្ខខណ្ឌ​នេះ​គឺ​ថា យើង​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ក្នុង​ដែន​របស់​យើង​តែ​ប៉ុណ្ណោះ ពុំមែន​ក្នុង​រង្វង់​ឯកសិទ្ធិ​របស់​អ្នក​ដទៃ​ឡើយ ។ និយាយ​ម៉្យាងទៀត​ថា យើង​ចុះចតតែនៅលើ​ផ្លូវ​ដែល​ចាត់​ឲ្យ​យើង​ប៉ុណ្ណោះ ។ សារៈសំខាន់​នៃ​ផ្លូវ​ដែល​បាន​កំណត់​យ៉ាងល្អ គឺ​បាន​រៀន​តាំង​ពី​ដើម​ដំបូង​ក្នុង​ប្រវត្តិ​នៃ​ការស្ដារ​ឡើងវិញ ។ ហៃរាំ ភេជ ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ទាំង​ប្រាំបី​នាក់​នៃ​ព្រះគម្ពីរ​មរមន​បាន​ប្រកាស​​ថា លោក​ទទួល​វិវវណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន​ត្រូវ​បាន​បំភាន់ និង​ទទួល​រង​ឥទ្ធិពល​ខុសឆ្គង ។

ព្រះអម្ចាស់​បានតប​ដោយការ​បើក​សម្ដែង​ថា « គ្មាន​នរណា​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង ដើម្បី​ទទួល​បញ្ញត្តិ​ទាំងឡាយ និង​វិវរណៈ​ទាំងឡាយ នៅក្នុង​សាសនាចក្រ​នេះ​ឡើយ លើកលែង​តែ យ៉ូសែប ស្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​ប៉ុណ្ណោះ​…​លុះត្រា​យើង​នឹង​តាំង … អ្នកណា​មួយ​ជំនួស​លោក » ។១៦ គោលលទ្ធិ បទបញ្ញត្តិ និង​វិវរណៈ​សម្រាប់​សាសនាចក្រ​គឺ​ជា​ឯកសិទ្ធិ​របស់​ព្យាការី​ដែល​នៅ​រស់ ដែល​ទទួល​គោលលទ្ធិ បទបញ្ញត្តិ និង​វិវរណៈ​ពី​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។១៧ នោះ​គឺ​ជា​ការទទួលខុសត្រូវ​របស់​ព្យាការី ។

ជា​ច្រើនឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ពី​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទចូល​តំបន់​ហាម​ឃាត់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ទទួល​បាន​ការបើក​សម្ដែង​ថា ព្រះគម្ពីរ​បន្ថែម​ត្រូវ​បាន​កប់​នៅ​ក្រោម​ជាន់​ផ្ទាល់​ដី​ក្នុង​អគារ​ដែល​គាត់​បាន​ព្យាយាម​ចូល ។ គាត់​បាន​អះអាង​ថា ពេល​គាត់​ទទួល​បាន​ព្រះគម្ពីរ​បន្ថែម នោះ​គាត់​ដឹង​ថា គាត់​នឹង​ទទួល​អំណោយ​ទាន​នៃ​ការបកប្រែ នាំ​មកនូវ​ព្រះគម្ពីរ​ថ្មី ហើយ​រៀបចំ​គោលលទ្ធិ និង​ដឹកនាំ​សាសនាចក្រ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា គាត់​យល់​ច្រឡំ​ហើយ គាត់​បាន​អង្វរ​ខ្ញុំ​ឲ្យ​អធិស្ឋាន​អំពី​រឿង​នេះ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​មិន​អធិស្ឋាន​អំពី​រឿង​នោះ​ឡើយ ។ គាត់​បាន​ចាប់ផ្ដើម​ជេរប្រមាថ ហើយ​បិទ​ទូរសព្ទ ។១៨

ខ្ញុំ​មិន​ត្រូវការ​អធិស្ឋាន​អំពី​សំណើ​នេះទេ​ដោយសារ​ហេតុផល​ដ៏​សាមញ្ញ ប៉ុន្តែ​ច្បាស់​មួយ ៖ មាន​តែ​ព្យាការី​ប៉ុណ្ណោះ​ដែល​ទទួល​វិវរណៈ សម្រាប់​សាសនាចក្រ ។ វា​នឹង « ផ្ទុយ​ពី​កិច្ចការ​របស់​ព្រះ »១៩ សម្រាប់​មនុស្ស​ដទៃ​ដើម្បី​ទទួល​វិវរណៈ​បែប​នេះ ដែល​វា​ជា​កម្មសិទ្ធិ​របស់​ព្យាការី ។

វិវរណៈ​ផ្ទាល់​ខ្លួន ជា​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ។ ឧទាហរណ៍ ៖ បងប្អូន​អាច​ទទួល​វិវរណៈ​អំពី​កន្លែង​ដែល​ត្រូវ​រស់នៅ អាជីព​ការងារ​ដែល​ត្រូវ​ធ្វើ ឬ​បុគ្គល​ដែល​ត្រូវ​រៀបការ ។២០ ថ្នាក់​ដឹកនាំ​សាសនាចក្រ​អាច​បង្រៀន​គោលលទ្ធិ និង​ចែកចាយ​ការប្រឹក្សា​ដ៏​បំផុស​គំនិត ប៉ុន្ដែ​ការសម្រច​ចិត្ត​ជាទំនួល​ខុសត្រូវ​របស់​បងប្អូន ។ នោះ​គឺ​ជា​វិវរណៈ​របស់​បងប្អូន​ដើម្បី​ទទួល​បាន នោះ​គឺ​ជា​កម្មសិទ្ធ​របស់​បងប្អូន ។

ធាតុ​ទីបី​នៃ​លក្ខខណ្ឌ​នេះ​គឺ​ថា វិវរណៈ​ផ្ទាល់​ខ្លួន​នឹង​ស្រប​ជា​មួយ​បទបញ្ញត្តិ​នៃ​ព្រះ និង​សេចក្ដី​សញ្ញា ដែល​យើង​បាន​ធ្វើ​ជា​មួយ​នឹង​ទ្រង់ ។ សូម​ពិចារណា​អំពី​ការអធិស្ឋាន​មួយ​ដូច​នេះ ៖ « ព្រះវរបិតាសួគ៌​អើយ ការប្រជុំ​នៅ​ព្រះវិហារ​គួរ​ឲ្យ​ធុញ​ណាស់ ។ តើ​ទូល​បង្គំ​អាច​ថ្វាយបង្គំ​ទ្រង់​នៅ​ថ្ងៃ​ឈប់សម្រាក​នៅ​លើ​ភ្នំ ឬ​នៅ​សមុទ្រ​បាន​ឬ​ដែរ​ទេ ? តើ​ទូលបង្គំ​អាច​បដិសេធ​មិន​ទៅ​ព្រះវិហារ និង​មិន​ទទួល​ទាន​សាក្រាម៉ង់ ប៉ុន្តែ​នៅ​តែ​មាន​ពរជ័យ​ដែល​បាន​សន្យា​ក្នុង​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ​បាន​ដែរ​ឬ​ទេ ? »២១ ការឆ្លើយតប​ចំពោះ​ការអធិស្ឋាន​បែប​នេះ យើង​អាច​ដឹងមុន​នូវ​ចម្លើយ​របស់​ព្រះ​គឺថា ៖ « បុត្រ​របស់​យើង​អើយ យើង​បាន​បើក​សម្ដែង​រួច​ហើយ​ទាក់ទង​នឹង​ថ្ងៃ​ឈប់សម្រាក​នេះ » ។

នៅ​ពេល​យើង​ទូល​សូម​វិវរណៈ​ណា​មួយ​ដែល​ព្រះ​បាន​ប្រទាន​ការណែនាំ​ច្បាស់លាស់​រួច​ហើយ នោះ​យើង​នាំ​ឲ្យ​មាន​ការបកស្រាយ​អារម្មណ៍និង​ការ​ស្ដាប់​ឮ​អ្វី​ដែល​យើង​ចង់​ឮ​ដោយ​ខុស​ឆ្គង ។ បុរស​ម្នាក់​បាន​ប្រាប់​ខ្ញុំ​អំពី​ភាពលំបាក​របស់​គាត់​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​គ្រួសារ​មាន​ស្ថេរភាព ។ នោះ​គាត់​មាន​ដំណោះស្រាយ​ដោយ​គំនិត​ក្លែងបន្លំ​មូលនិធិ រួច​គាត់​បាន​អធិស្ឋាន​អំពី​រឿងនោះ ហើយ​បានមាន​អារម្មណ៍​ថា គាត់​បាន​ទទួល​វិវរណៈ​ដែល​បាន​បញ្ជាក់​ឲ្យ​ធ្វើ​រឿងបែបនោះ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​ត្រូវ​បាន​បំភាន់​ ពីព្រោះ​គាត់​បាន​ស្វែងរក​វិវរណៈ​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​របស់​ព្រះ ។ ព្យាការី យ៉ូសែប ស្មីធ បាន​ព្រមាន​ថា « គ្មាន​របួស​ណា​ធ្ងន់ធ្ងរ​សម្រាប់​កូនចៅ​មនុស្ស ជាង​ការស្ថិត​នៅក្រោម​ឥទ្ធិពល​នៃ​វិញ្ញាណ​ក្លែងក្លាយ នៅពេល​ពួកគេ​គិត​ថា ពួកគេ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះ​ឡើយ ។២២

បុគ្គល​មួយ​ចំនួន​អាច​លើក​ឡើង​ថា នីហ្វៃ​បាន​ធ្វើ​ខុស​បញ្ញត្តិ​របស់​ព្រះ​ពេល​លោក​សម្លាប់​ឡាបាន់ ។ ផ្ទុយទៅវិញ ករណី​លើកលែង​នេះ​មិន​ប៉ះពាល់​នឹង​ច្បាប់​ទេ—ច្បាប់​ដែល​ថា​វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​ស្រប​នឹង​បទបញ្ញត្តិ​របស់​ព្រះ ។ គ្មាន​ការពន្យល់​ដោយ​សាមញ្ញ​អំពី​រឿង​នេះ​ដែល​ទទួល​បាន​ភាព​ស្កប់ចិត្ត​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​សូម​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​គូស​បញ្ជាក់​ការពិត​មួយ​ចំនួន ។ ហេតុការណ៍​នោះ​មិនបាន​ចាប់​ផ្ដើម​ដោយ​នីហ្វៃ​សួរថា តើ​លោក​អាច​សម្លាប់​ឡាបាន់​បាន​ឬ​អត់​នោះ​ទេ ។ វា​មិនមែន​ជា​អ្វី​ដែល​លោក​ចង់​ធ្វើ​ឡើយ ។ ការសម្លាប់​ឡាបាន់ ពុំមែន​ធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​នីហ្វៃ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ផ្ដល់​នូវ​ព្រះគម្ពីរ​ដល់​ជាតិសាសន៍​នៅថ្ងៃ​អនាគត និង​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា ។ ហើយ​នីហ្វៃ​ដឹង​ច្បាស់ណាស់​ថា វា​គឺ​ជា​វិវរណៈ—ប្រាកដ​ណាស់ ក្នុង​ករណី​នេះ វា​គឺ​ជា​បញ្ញត្តិ​មក​ពី​ព្រះ ។២៣

ធាតុ​ទីបួន​នៃ​លក្ខខណ្ឌ​នេះ​គឺ ទទួល​ស្គាល់​អ្វី​ដែល​ព្រះ​បាន​បើក​សម្ដែង​ដល់​បងប្អូន​ដោយផ្ទាល់រួច​ហើយ ខណៈដែល​បងប្អូន​បើក​ដួងចិត្ត​ដើម្បី​ទទួល​យក​វិវរណៈ​បន្ថែម​ទៀត​ពី​ទ្រង់ ។ បើ​ព្រះ​បាន​ឆ្លើយតប​នឹង​សំណួរ​មួយ ហើយ​ស្ថានភាព​នៅតែ​ដដែល ហេតុអ្វី​យើង​រំពឹង​ចង់បាន​ចម្លើយ​ផ្សេង ? យ៉ូសែប ស៊្មីធ បាន​ជំពប់​ដួល​នៅក្នុង​បញ្ហា​នេះ​នៅក្នុង​ឆ្នាំ ១៨២៨ ។ ផ្នែក​ដំបូង​នៃ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ នៅពេល ម៉ាទិន ហារីស ដែល​ជា​អ្នក​ឧបត្ថម្ភ​ប្រាក់ និង​ជា​ស្មៀន​ដំបូងរបស់ គាត់ បាន​សុំ​ការអនុញ្ញាត​ពី​យ៉ូសែប ដើម្បី​យក​ទំព័រ​នានា​ដែល​បាន​បកប្រែ​ហើយ​នោះ​ទៅ​បង្ហាញ​ភរិយារបស់​គាត់ ។ ដោយ​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​អ្វី យ៉ូសែប​បាន​អធិស្ឋាន ទូល​សូម​ការដឹកនាំ ។ ព្រះអម្ចាស់​បាន​ប្រាប់​លោក​ថា​មិន​ត្រូវ​ឲ្យ​ម៉ាទិន​យក​ទំព័រ​ទាំងនោះ​ទៅ​ឡើយ ។

ម៉ាទិន​បាន​សុំ​ឲ្យ​យ៉ូសែប ទូល​សួរ​ព្រះ​ម្ដង​ទៀត ។ យ៉ូសែប​បាន​ទូល​សួរ​ព្រះទៀត ហើយ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ចម្លើយ​គឺ​នៅ​ដដែល ។ ប៉ុន្តែ ម៉ាទិន​បានអង្វរ​យ៉ូសែប ឲ្យ​ទូល​សួរ​ព្រះ​ជា​លើក​ទីបី ហើយ​យ៉ូសែប​ក៏​ទូល​សួរ ។ ម្ដងនេះ ព្រះ​ពុំ​មាន​បន្ទូល « បដិសេធ » ទេ ។ ផ្ទុយទៅវិញ ព្រះ​បានមាន​បន្ទូល​ថា « យ៉ូសែប បុត្រ​ដឹង​ហើយ​ថា​យើង​មាន​ព្រះទ័យ​យ៉ាងណា​អំពី​រឿង​នេះ ប៉ុន្តែ​បុត្រ​មាន​សិទ្ធិ​សេរីភាព​ក្នុងការ​ជ្រើសរើស » ។ ដោយ​បាន​ធូរស្បើយ​ពី​អារម្មណ៍​តានតឹង យ៉ូសែប​បាន​សម្រេច​ចិត្ត​ឲ្យ​ម៉ាទិន​យក​ច្បាប់​ដែល​សរសេរ​ដោយ​ដៃ​ចំនួន ១១៦ ទំព័រ​នោះ ទៅ​បង្ហាញ​ដល់​សមាជិក​គ្រួសារ​មួយ​ចំនួន​របស់​គាត់ ។ ទំព័រ​ដែល​បាន​បកប្រែ​រួច​ហើយ​ទាំង​នោះ​បាន​បាត់ ពុំ​អាច​យក​បាន​មក​វិញ​ឡើយ ។ ព្រះអម្ចាស់​បាន​ស្ដីបន្ទោស​ដល់​យ៉ូសែប​យ៉ាង​ខ្លាំង ។២៤

យ៉ូសែប​បាន​រៀន​ដូច​យ៉ាកុប​ដែល​ជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បាន​បង្រៀន​ថា ៖​« ចូរ​កុំ​ចង់​ទូន្មាន​ដល់​ព្រះអម្ចាស់​ឡើយ តែ​ចូរ​ទទួល​ដំបូន្មាន​ពី​ព្រះហស្ត​របស់​ទ្រង់​វិញ » ។ ត្បិត​…​ទ្រង់​ទូន្មាន​ក្នុង​ប្រាជ្ញា » ។២៥ យ៉ាកុប​បាន​ដាស់តឿន​ថា រឿង​អកុសល​កើតឡើង​ពេល​យើង​ទូល​សូម​អ្វី​ដែល​យើង​មិន​គួរ​សូម ។ លោក​បាន​ព្យាករ​ថា ប្រជាជន​នៅ​យេរូសាឡិម​នឹង​ស្វែងរក « រឿង​ទាំងឡាយ​ដែល​ពួកគេ​មិន [ អាច ] យល់ » មើល « ហួស​ទី​ដៅ » ហើយ​មើល​រំលង​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។២៦ ពួកគេ​បាន​ជំពប់ដួល ពីព្រោះ​ពួកគេ​បាន​ទូល​សូម​នូវ​រឿង​ដែល​ពួកគេ​នឹង​មិន​យល់ ហើយ​មិន​អាច​យល់​បាន ។

បើ​បងប្អូន​បាន​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​នឹង​ករណីរបស់​បងប្អូន ហើយ តែ​ស្ថានភាព​នៅ​តែ​ដដែល នោះ​ព្រះ​បាន​ឆ្លើយតប​សំណួរ​របស់​បងប្អូន​រួចហើយ ។២៧ ឧទាហរណ៍ ពេលខ្លះ​យើង​សូម​ដដែលៗ​នូវ​ការ​បញ្ជាក់​ថា​យើង​ត្រូវ​បាន​អភ័យទោស ។ បើ​យើង​បាន​ប្រែចិត្ត ហើយ​មានពេញ​ដោយអំណរ និងភាព​សុខសាន្ដ​ក្នុង​មនសិកា និង​ទទួល​បាន​ការផ្ដាច់​បាប​របស់យើង នោះ​យើង​ពុំ​ចាំបាច់​ទូលសូម​ម្ដងទៀតឡើយ ប៉ុន្តែ​អាច​ទុកចិត្ត​ទៅលើ​ចម្លើយ​ដែល​ព្រះ​បានប្រទាន​ឲ្យ​ហើយ​នោះ​ចុះ ។២៨

ទោះបីយើង​ទុកចិត្ត​ទៅលើ​ចម្លើយ​ដំបូង​របស់​ព្រះក្ដី ក៏​យើ់ង​ចាំបាច់​ត្រូវ​បើក​ចិត្ត​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​ផងដែឬ ។ ទីបំផុត គោលដៅ​ជីវិត​មួយ​ចំនួន​នឹង​ទទួល​បាន​សម្រេច​តាមរយៈ​ការ​បន្ដ​ឆ្ពោះ​ទៅមុខ​ពុំឈប់ឈរ ។ យើង​គួរ​ទទួល​ស្គាល់​ថា វិវរណៈ​ផ្ទាល់​ខ្លួន​អាច​ទទួល​បាន « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ »២៩និង​ទទួល​ស្គាល់​ថា ការណែនាំ​ដែល​បាន​បើក​សម្ដែង​អាច ហើយ​ជា​ញឹកញាប់​គឺ​កើន​ឡើង​បន្តិច​ម្តងៗ ។ ៣០

ធាតុ​ទាំងឡាយ​នៃ​លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​ស្រដៀង​គ្នា និង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច ហើយ​នឹង​បើក​សម្ដែង​រឿងគ្រប់​យ៉ាង​ដែល​យើង​ចាំបាច់​ត្រូវ​ហោះឡើង ហើយរក្សា​សន្ទុះ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ដូច្នេះ យើង​អាច​ប្រទាន​ពរ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ប្រែក្លាយ​ដូចជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។ ខ្ញុំ​សូម​អញ្ញើញ​បងប្អូន​ឲ្យ​មាន​ទំនុកចិត្ត​ទទួល​យក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​ខ្លួន​ឯង យល់​អ្វី​ដែល​ព្រះ​បាន​បើក​សម្ដែង ​ស្របនឹង​ព្រះគម្ពីរ ព្រមទាំង​បទបញ្ញត្តិ ដែល​ព្រះ​បាន​ប្រទាន​តាមរយៈ​ព្យាការី​ដែល​បាន​តែងតាំង​របស់​ទ្រង់ ហើយ​ស្ថិត​ក្នុងរង្វង់​សមត្ថកិច្ច និង​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ហើយ​នឹង​បង្ហាញ​នូវ​រឿង​គ្រប់​យ៉ាង​ដែល​បងប្អូន​គួរ​ធ្វើ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ប្រើ​ការប្រៀបធៀប​ទាក់ទង​នឹង​យន្តហោះ​ដើម្បី​បង្រៀន​គោលការណ៍​សំខាន់ៗ​នៃ​ដំណឹងល្អ​ជារឿយៗ និង​ដោយប្រសិទ្ធិភាព ។ ឧទាហរណ៍ ថ្មីៗនេះ លោក​បាន​ភ្ជាប់​បញ្ជី​ត្រួតពិនិត្យ​មុន​ការហោះហើរ​របស់​អាកាសយានិក​ទៅនឹង​ការបង្រៀន​ដូច​ជា​ព្រះអង្គសង្គ្រោះ​នៅក្នុង « បញ្ជី​ត្រួត​ពិនិត្យ​របស់​គ្រូបង្រៀន » ( Teaching in the Savior’s Way with Elder Uchtdorf ) ការចាក់ផ្សាយ​ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. ព្រះវិញ្ញាណបរិសុទ្ធ គឺជា​អង្គ​ទីបី​នៃ​សមាជិក​ក្រុមព្រះ ជា​ញឹកញាប់ ទ្រង់​ត្រូវ​បាន​ហៅ​ថា ព្រះវិញ្ញាណ ឬ ព្រះវិញ្ញាណ​នៃ​ព្រះ ហើយ​ទ្រង់​មាន​តួនាទី​ដ៏​សំខាន់​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា សម្តែង​សេចក្តី​ពិត​នៃការណ៍​គ្រប់​យ៉ាង និង​ញែក​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ប្រែ​ចិត្ត និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​បាន​បរិសុទ្ធ ( សូមមើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ » គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  3. សូមមើល នីហ្វៃទី ២ ៣១:១៩–២១ម៉ូសាយ ៤:៨ ។ គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​យើង « អាច​បាន​សង្គ្រោះ នៅក្នុង​នគរ​របស់​ព្រះ » ។ បើមិន​ដូច្នេះ​គឺ​គ្មាន​ជម្រើស​ផ្សេង​ឡើយ ។

  4. នីហ្វៃ​ទី ២ ៣២:៥ សូមមើល​ផង​ដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៤៣-៤៤ ។

  5. សូមមើល 2 Nephi 32:4; Russell M. Nelson, “Revelation for the Church, Revelation for Our Lives,” Liahona, May 2018, 93–96.

  6. ម៉ាថាយ ៧:៧–៨ ។

  7. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »; « បាវចនា​ក្រុម​យុវនារី »; ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ២៧.០;២៧.២ នៅលើ​គេហទំព័រ​ChurchofJesusChrist.org ។

  8. សូម​មើល នីហ្វៃ​ទី ២ ៣២:៣ ។

  9. អែលឌើរ រ៉ូបឺត ឌី ហែល « Holy Scriptures: The Power of God unto Our Salvation » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២៦–២៧ ។

  10. ព្រះគម្ពីរបង្រៀន​ថា សំឡេង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ស្រាល និង​តូច​រហៀង​គឺ​ដូច​ជា​សំឡេង​ខ្សឹប—មិនមែន​ជា​សំឡេង​ឮ ឬ​អ៊ូអរ​ទេ សំឡេង​ទ្រង់​គឺ​ធម្មតា ស្ងប់ស្ងាត់ និង​ច្បាស់​លាស់ សំឡេង​ទ្រង់​អាច​ចាក់​ទម្លុះ និង​ឆេះ​រោលរាល សំឡេង​ទ្រង់​អាច​ជះ​ឥទ្ធិពល​ទាំង​លើគំនិត និង​ដួងចិត្ត សំឡេង​ទ្រង់​នាំ​មកនូវ​ភាព​សុខសាន្ត អំណរ និង​សេចក្តីសង្ឃឹម—មិនមែន​ការភ័យ​ខ្លាច ការថប់​បារម្ភ និង​ការព្រួយ​បារម្ភ​ទេ សំឡេង​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ល្អ—មិនមែន​ធ្វើ​អាក្រក់​ទេ ហើយ​សំឡេង​ទ្រង់​បំភ្លឺ និងគាប់​ចិត្ត​—មិនមែន​ធ្វើ​ឲ្យ​ច្របូក​ច្របល់​ទេ ។ សូមមើល ពង្សាវតារក្សត្រ​ទី ១ ១៩:១១–១២អោមណៃ ១:២៥អាលម៉ា ៣២:២៨ហេលេមិន ៥:៣០–៣៣នីហ្វៃ​ទី ៣ ១១:៣មរ៉ូណៃ ៧:១៦–១៧គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២–២៤៨:២–៣៩:៨–៩១១:១២–១៤៨៥:៦ប៊យ ខេ ផាកគឺ « The Candle of the Lord » Ensignខែ មករា ឆ្នាំ ១៩៨៣ ៥១-៥៦ រ័សុល អិម ណិលសុន « Hear Him » Liahonaខែ ឧសភា ឆ្នាំ ២០២០ រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៣; រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៣-៩៦ ។

  11. សូមមើល នីហ្វៃ​ទី ៣ ១៨:២០; មរ៉ូណៃ ៧:២៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា :៨៨:៦៤–៦៥ ។

  12. សូមមើល ហេលេមិន ១០:៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៣០ ។

  13. យ៉ាកុប ៤:៣; សូមមើល​យ៉ាកុប ៤:៣, New International Version; ២ នីហ្វៃ ៤:៣៥; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:១០; ៤៦:៧; ៨៨:៦៤–៦៥ ។

  14. សូមមើល​គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៤–៦៥សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អធិស្ឋាននៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

  15. សូមមើល នីហ្វៃទី៣ ១៨:២០មរ៉ូណៃ ៧:២៦ ។

  16. គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:២, ៧ ។

  17. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២១:៤–៥ ។

  18. ជាសំណាងល្អ ការរៀបចំ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​លោក​ដើម្បី​ទទួល​បាន​ជំនួយ និង​ការព្យាបាល​ដែល​ចាំបាច់​សម្រាប់​លោក ។

  19. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៩៧ ។

  20. សូមមើល ថូម៉ាស អេស ម៉នសុន, «Whom Shall I Marry?New Era, ខែ​តុលា ឆ្នាំ ២០០៤, ៤ ។

  21. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៦ ។

  22. យ៉ូសែប ស្មីធ នៅក្នុង Times and Seasonsថ្ងៃទី ១ ខែ មេសា ឆ្នាំ ១៨៤២ ទំព័រ ៧៤៤ នៅលើ​គេហទំព័រ josephsmithpapers.org ។

  23. ព្រះអម្ចាស់​តែងតែ​ផ្លាស់ប្ដូរ កែសម្រួល ឬ​ធ្វើ​ឲ្យ​មាន​ករណី​លើកលែង​ទៅលើ​បទបញ្ញត្តិ​ដែល​បាន​បើក​សម្ដែង​របស់​ទ្រង់ ប៉ុន្តែ​ការណ៍​នេះ​គឺ​ធ្វើ​ទៅ​បាន​តាមរយៈ​វិវរណៈ​ដ៏​ប្រកប​ដោយ ការព្យាករណ៍ ហើយ​មិនមែន​តាមរយៈ​វិររណៈ ផ្ទាល់​ខ្លួន ឡើយ ។ វិវរណៈ​ដ៏​ប្រកប​ដោយការព្យាករណ៍ កើត​មាន​ឡើង​តាមរយៈ​ព្យាការី​ដែល​បាន​តែងតាំង​ដោយ​ត្រឹមត្រូវ​របស់​ទ្រង់ ស្របតាម​ព្រះប្រាជ្ញាញាណ និង​ការយល់ដឹង​របស់​ព្រះ ។ ករណី​លើកលែង​ទាំងនេះ​រួមមាន វិវរណៈ​របស់​ព្រះអម្ចាស់​ចំពោះ​ម៉ូសេ និង​យ៉ូស្វេ ដើម្បី​សម្លាប់​អ្នកស្រុក​កាណាន ទោះបីជា​បញ្ញត្តិ​របស់​ទ្រង់​ថា « កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ » ក៏ដោយ ( និក្ខមនំ ២០:១៣ ) ។ តាមរយៈ​ព្យាការី​របស់​ទ្រង់ ព្រះអម្ចាស់​អាច​ហើយ​នឹង​កែប្រែ​បទបញ្ញតិ្ត របស់​ទ្រង់ សម្រាប់​ព្រះរាជ​បំណង របស់​ទ្រង់ ។ ប៉ុន្តែ តាមរយៈ​វិវរណៈ ផ្ទាល់​ខ្លួន យើង​គ្មាន​សេរីភាព​ក្នុងការ​ផ្លាស់ប្ដូរ ឬ​មិន​អើពើ​នឹង​បទបញ្ញត្តិ​ដែល​បាន​បង្កើត​ឡើង ដែល​ព្រះ​បាន​បើក​សម្ដែង​ដល់​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​នោះទេ ។

    សូមមើល នីហ្វៃ​ទី ១ ៤:១២–១៨សម្រាប់​ការពិភាក្សា​ដែល​ពេញលេញ, សូមមើល យ៉ូសែប ស្ពេនស័រ 1st Nephi: A Brief Theological Introductionឆ្នាំ ២០២០ ) ទំព័រ ៦៦–៨០ ។

  24. សម្រាប់​ដំណើរ​រឿង​ទាំង​ស្រុង​នៃ​ច្បាប់​សរសេរ​ដោយ​ដៃ​ទាំង ១១៦ ទំព័រ សូមមើល ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយវ៉ុល ១ បទដ្ឋាន​នៃ​សេចក្ដីពិត ១៨១៥–១៨៤៦ឆ្នាំ ២០១៨ ) ទំព័រ ៤៤–៥៣ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៥–១៥,១០:១–៥ ។

  25. យ៉ាកុប ៤:១០ ។

  26. សូមមើល យ៉ាកុប ៤:១៤–១៦ ។

  27. ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​ថា៖ «យើង នឹង ពុំទូលសុំដល់ព្រះឲ្យប្រទាន នូវវិវរណៈដ៏ពិសេស នោះ ឡើយ ដរាបណា​ថា​គ្មាន​វិវរណៈ​ពី​គ្រា មុន​ណា​មួយ​ដែល​មាន​លក្ខណៈសក្ដិសម​ចំពោះ ករណីនោះ » ( នៅ ក្នុង History, 1838–1856 [Manuscript History of the Church], volume A-1 ទំព័រ ២៨៦–២៨៧,គេហទំព័រ josephsmithpapers.org ) ។

  28. សូមមើល ម៉ូសាយ ៤:៣ ។ នៅពេល​យើង​បន្ដ​មានអារម្មណ៍​ខុស​ឆ្គង ហើយ​សោកស្ដាយ​បន្ទាប់ពី​ប្រែចិត្ត​ដោយ​ស្មោះ ទាំងស្រុង​នោះ ជាធម្មតា វាកើតឡើង​ដោយសារ​តែ​ការ​ខ្វះ​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ខ្វះជំនឿ​ទៅលើ​សមត្ថភាព​ទ្រង់​ដើម្បី​អភ័យទោស ហើយ​ព្យាបាល​យើងទាំង​ស្រុង ។ ពេល​ខ្លះ​យើង​ជឿ​ថា​ការ​អភ័យទោស គឺ​មាន​សម្រាប់​អ្នកដទៃ ប៉ុន្តែ​ពុំ​មាន​សម្រាប់​ខ្លួន​យើង​នោះទេ ។ ជាធម្មតា នោះ​គឺជា​ការ​ខ្វះ​ជំនឿ​ទៅលើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​អាច​សម្រេច​បាន តាមរយៈ​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់ ។

  29. សូមមើល អេសាយ ២៨:១០; នីហ្វៃ ទី ២ ២៨:៣០; David A. Bednar, « Line upon Line, Precept upon Precept, » New Era, ខែ កញ្ញា ឆ្នាំ ២០១០ ទំព័រ ៣-៧ ។

  30. ប៉ុន្តែ ប្រសិន​បើ​ព្រះ​មិន​ទាន់​បាន​ប្រទាន​វិវរណៈ​ដល់​បងប្អូនទេ ចូរ​បន្ត​សូម ។ ដូច អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​ថា « បន្ត​ដោយ​មាន​ទំនុកចិត្ត ។ ​…​ នៅពេលអ្នករស់នៅ​ដោយ​សុចរិត ហើយ​ធ្វើ​សកម្មភាព​ដោយមាន​ទំនុកចិត្ត នោះ​ព្រះ​នឹង​ពុំ​បណ្ដោយ​ឲ្យ​អ្នកទៅ​ឆ្ងាយ​ដោយ​គ្មាន​ការ​ព្រមាន​ឡើយ ប្រសិន​បើ​អ្នក​បាន​ធ្វើការ​សម្រេចចិត្ត​ខុស​នោះ » ( « Using the Supernal Gift of Prayer » Liahonaខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០ ) ។

  31. សូមមើល នីហ្វៃទី ២ ៣២:៥ ។