ការ​ធ្វើ​ការងារ​បម្រើ
តើ​អ្នក​កំពុង​ខកខាន​ផ្នែក​ដ៏​សំខាន់​នេះ​នៃ​ការងារ​បម្រើ​ឬ ?
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារបម្រើ

តើ​អ្នក​កំពុង​ខកខាន ផ្នែក​ដ៏​សំខាន់ នេះ​នៃ​ការងារ​បម្រើ​ឬ ?

ការងារ​បម្រើ​គឺ​ជា « ការ​អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ » ក៏​ដូច​ជា « ​យំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង » ( រ៉ូម ១២:១៥ ) ។

លីអាហូណា ខែ តុលា ឆ្នាំ ២០១៩

រូបភាព
man at a party holding a tray with people dancing on it

រចនា​រូបភាព​ដោយ អាកូស្តូ ស្សាមបូណាតូ

ពេល​យើង​គិត​អំពី​ការងារ​បម្រើ វា​ងាយ​ដើម្បី​គិត​ពី​ការជួយ​អ្នក​ដែល​ខ្វះខាត ។ យើង​និយាយ​ពីការថែ​សួន​ដំណាំ​ឲ្យ​ស្ត្រី​មេម៉ាយ ការ​យក​អាហារ​ទៅ​ឲ្យ​អ្នក​ជំងឺ ឬ​ការជួយ​អ្នក​ដែល​កំពុង​មាន​បញ្ហា ។ យើង​ចាំការទូន្មាន​របស់​ប៉ុល​ឲ្យ « យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​យំ » ប៉ុន្តែ​តើ​យើង​បាន​ផ្តោត​ចិត្តទុកដាក់​គ្រប់គ្រាន់​លើ​ផ្នែក ដំបូង នៃ​ខគម្ពីរ​នោះ—​គឺ​ឲ្យ « អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ » ដែរ​ឬ​ទេ ? ( រ៉ូម ១២:១៥ ) ។ អរសប្បាយ​ជាមួយ​អ្នក​ដែល​យើង​ផ្តល់​ការងារ​បម្រើ—ទោះជា​វា​ជាការ​សាទរ​ដល់​ជោគជ័យ​របស់​ពួកគេ ឬ​ការជួយ​ពួកគេ​ឲ្យ​រកឃើញ​អំណរ​ក្នុង​គ្រា​លំបាក​ក្តី—គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការងារ​បម្រើ​ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។

នេះ​គឺជា​យោបល់​បី​យ៉ាង​ដែល​អាច​ជួយ ( ហើយ​មាន​យោបល់​មួយ​ដើម្បី​ចៀសវាង ) ពេល​យើង​រក​មើល​ការផ្តោត​លើ​អ្វី​ល្អៗ​ដែល​ព្រះ​ដាក់​នៅក្នុង​ជីវិត​របស់​យើង ។

១. ចូរ​ប្រុងប្រៀប​ខ្លួន

បូនី អេច ខ័រឌុន ប្រធាន​យុវនារី​ទូទៅ ជួយ​យើង​ឲ្យ​យល់​ថា យើង​ត្រូវតែ មើល អស់​អ្នក​ដែល​យើង​ផ្តល់​ការងារ​បម្រើ—ពុំ​គ្រាន់តែ​មើល​បន្ទុក និង​ការលំបាក​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​មើល​ឲ្យ​ឃើញ​ពី​កម្លាំង ទេពកោសល្យ និង​ភាព​ជោគជ័យ​របស់​ពួកគេ​ផងដែរ ។ គាត់​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ​ធ្វើ​ជា « អ្នក​គាំទ្រ និង​ជា​អ្នក​គេ​អាច​ទុកចិត្ត​បាន—ជា​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ស្ថានភាព​ពួកគេ ហើយ​ជួយ​ជ្រោមជ្រែង​ពួកគេ​នៅក្នុង​សេចក្តីសង្ឃឹម និង​បំណង​ប្រាថ្នា​របស់​ពួកគេ » ។

នៅក្នុង​រឿង​ប្រដូច​អំពី​សត្វ​ចៀម និង​សត្វ​ពពែ នោះ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ​អស់​អ្នក​ដែល​នឹងត្រូវបានរក​ឃើញ​ថា នៅ​ខាង​ស្តាំ​ព្រះហស្ត​ទ្រង់​បាន​ទូល​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា ?

តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ? » ( ម៉ាថាយ ២៥:៣៧–៣៨ ) ។

ស៊ីស្ទើរ​ខ័រឌុន​បាន​ថ្លែង​ថា « បងប្អូន​ប្រុសស្រី ពាក្យ​គន្លឹះ​នោះ​គឺ​ពាក្យ បាន​ឃើញ ។ ជន​សុចរិត​បាន​ឃើញ​មនុស្ស​ទាំង​នោះ​មាន​ការខ្វះខាត ដោយសារ​ពួកគេ​កំពុង​មើល និង​កត់សម្គាល់ ។ យើង​ក៏​អាច​ធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​ដើម្បី​ជួយ និង​លួងលោម សាទរ និង​មើល​ឃើញ​សូម្បីតែ​ក្តីសុបិន​របស់​ពួកគេ » ។

២. ស្វែងរក​ហេតុផល​ដើម្បី​សាទរ

សូម​សាទរ​ដល់​ជោគជ័យ​ទោះ​ធំ ឬ​តូច​ក្តី ។ វា​អាច​ជា​ការ​ឆ្លង​កាត់​ជំងឺ​មហា​រីក ឬ​ការ​យក​ឈ្នះ​ការឈឺចាប់​ដោយ​ការបែកបាក់​គ្នា ការស្វែងរក​ការងារ​ថ្មី ឬ​ការស្វែងរក​ស្បែក​ជើង​ដែរ​បាត់ ការ​បន្ត​រស់នៅ​បន្ទាប់​ពី​ការបាត់បង់​មនុស្ស​ជាទីស្រឡាញ់ ឬ​ការបន្ត​រស់នៅ​មួយ​សប្តាហ៍​ដោយ​គ្មាន​ស្ករ​សប្រើ​ក្តី ។

សូម​ទូរសព្ទ​ទៅ​ពួកគេ ផ្ញើរ​កាត​មួយ ឬ​អញ្ជើញពួកគេទៅ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ដើម្បី​អបអរសាទរ ។ តាមរយៈ​ការចែកចាយ​ពរជ័យ​របស់​យើង​ជាមួយ​គ្នា ការរស់នៅ​ដោយ​អំណរគុណ ហើយការ​សាទរ​ដល់​ពរជ័យ និង​ភាព​ជោគជ័យ​របស់​មនុស្ស​ដទៃ នោះ​យើង « បាន​អរ​រីករាយ​ក្នុង​សេចក្ដី​អំណរ​របស់​បង​ប្អូន​យើង » ( អាលម៉ា ៣០:៣៤ ) ។

រូបភាព
woman clapping while people dance

៣. មើល​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់

ជួនកាល​ការអរសប្បាយ​ជាមួយ​មនុស្ស​ដទៃ​មាន​ន័យ​ថា ការជួយ​ពួកគេ​ឲ្យ​ឃើញ​ហេតុផល​ដើម្បី​អរសប្បាយ—ទោះបី​មាន​ទុក្ខលំបាក ឬ​ភាព​រីករាយ​ចូលមក​ក្នុង​ជីវិត​យើង​បែប​ណា​ក្តី ។ សេចក្តីពិត​សាមញ្ញ​ដែល​ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពី​យើង ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​លើក​ស្ទួយ​យើង​ អាច​ជា​ប្រភព​ដ៏អស្ចារ្យ​នៃ​អំណរ ។

អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​ការចែកចាយ​របៀប​ដែល​អ្នក​ឃើញ​ព្រះហស្ត​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។ សូម​ស្ម័គ្រចិត្ត​ចែកចាយ​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ជួយ​អ្នក​ឆ្លង​កាត់​ឧបសគ្គ​របស់​អ្នក ។ ទីបន្ទាល់​នេះ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ដឹង និង​ទទួល​ស្គាល់​របៀប​ដែល​ទ្រង់​បាន​ជួយ​ពួកគេ ( សូមមើល ម៉ូសាយ ២៤:១៤ ) ។

៤. កុំ​កំណត់​សមត្ថភាព​របស់​អ្នក​ដើម្បី​អរសប្បាយ

ជា​អកុសល ជួនកាល​យើង​អាច​កំណត់​សមត្ថភាព​យើង​ដើម្បី​ចូល​រួម​អរសប្បាយ​ជាមួយ​មនុស្សដ​ទៃ ជាពិសេស​ពេល​យើង​មាន​អារម្មណ៍​ថា អសុវត្ថិភាព​ពី​អ្វី​ដែល​យើង​ត្រូវ​ផ្តល់​ឲ្យ ឬ​ដោយសារ​តែស្ថាន​ភាព​បច្ចុប្បន្ន​ក្នុង​ជីវិត​យើង ។ ជំនួស​ឲ្យ​ការស្វែងរក​អំណរ​ក្នុង​សុភមង្គល​របស់​មនុស្ស​ម្នាក់​ទៀត យើង​បាន​ធ្លាក់​ទៅក្នុង​អន្ទាក់​នៃ​ការប្រៀបធៀប ។ ហើយ​ដូច​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « ការប្រៀបធៀប​ពរជ័យ​គឺ​ស្ទើរតែ​បង្ខំ​ឲ្យ​អំណរ​ចាកចេញ ។ យើង​ពុំ​អាច​មាន​អំណរគុណ និង​មាន​ភាព​ច្រណែន​ក្នុង​ពេល​តែ​មួយ​បាន​ទេ » ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សួរ​ថា « តើ​យើង​អាច​យក​ឈ្នះ​លើ​ទំនោរ​ដ៏សាមញ្ញបែប​នោះ​ដែល​មាន​នៅក្នុង​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​យ៉ាង​ដូចម្តេច ?…យើង​អាច​រាប់​ពរជ័យ​ជាច្រើន​របស់​យើង ហើយ​យើង​អាច​អបអរសាទរ​នឹង​ការ​សម្រេច​បាន​របស់​មនុស្ស​ដទៃ ។ លើស​ពី​អ្វីៗទាំងអស់ យើង​អាច​បម្រើ​មនុស្ស​ដទៃ ដែល​ជា​ការអនុវត្ត​ដ៏​ប្រពៃ​បំផុត​នៃ​ដួងចិត្ត​ដែល​ហួស​ពី​ការថ្លែង​បាន » ។ ជំនួស​ឲ្យ​ការ​ប្រៀបធៀប​គ្នា នោះ​យើង​អាច​សរសើរ​អស់​អ្នក​ដែល​យើង​ផ្តល់​ការងារ​បម្រើ ។ សូម​ចែកចាយ​ដោយ​សេរី​នូវ​អំណរ​គុណ​ដែលអ្នក​មាន​ចំពោះពួកគេ ឬ​សមាជិក​គ្រួសារ​ពួកគេ ។

ដូច​ប៉ុល​រំឭក​យើង​ថា យើងទាំងអស់​គ្នា​គឺ​ជា​អវៈយវៈ​រូបកាយ​នៃ​ព្រះគ្រីស្ទ ហើយ​ពេល « បើ​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីករាយ​ជា​មួយ​ដែរ » ( កូរិនថូស​ទី ១ ១២:២៦ ) ។ ជាមួយ​នឹង​ជំនួយ​ពី​ព្រះវរបិតាសួគ៌ យើង​អាច​ដឹង​ពី​បទពិសោធន៍​របស់​មនុស្ស​ដទៃ សាទរ​ដល់​ជោគជ័យ​ទាំង​ធំ និង​តូច ហើយ​ជួយ​ពួកឲ្យគេ​ទទួល​ស្គាល់​ព្រះហស្ត​របស់​ព្រះអម្ចាស់ ហើយ​យ​ក​ឈ្នះ​លើ​ភាព​ច្រណែន ដើម្បី​យើង​អាច​រីករាយ​ពិតប្រាកដ​នៅក្នុង​ពរជ័យ ទេពកោសល្យ និង​សុភមង្គល​របស់​មនុស្ស​ដទៃ ។

កំណត់​ចំណាំ

  1. បូនី អេច ខ័រដុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៥ ។

  2. បូនី អេច ខ័រឌុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » ទំព័រ ៧៥ ។

  3. ឃ្វីនថិន អិល ឃុក « Rejoice! » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣០ ។

  4. ជែហ្វ្រី អ័រ ហូឡិន « The Other Prodigal » Liahona ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦៤ ។