ការ​ធ្វើ​ការងារ​បម្រើ
ការងារ​បម្រើ​តាមរយៈ​ពង្សប្រវត្តិ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារ​បម្រើ ខែ កុម្ភៈ ឆ្នាំ ២០២០

ការងារ​បម្រើ​តាមរយៈ​ពង្សប្រវត្តិ

រូបភាព
ministering

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស រូបភាព​ផ្ទៃ​ខាងក្រោយ និង​រូបថត មកពី Getty Images

គោលការណ៍​នៃ​ការងារបម្រើ ខែ​កុម្ភៈ ឆ្នាំ​២០១៩

ការជួយ​នរណាម្នាក់​ជាមួយ​នឹង​ពង្សប្រវត្តិ​របស់​ពួកគេ គឺជា​របៀប​ដ៏​មាន​អានុភាព​មួយ​ក្នុង​ការងារ​បម្រើ ។ កាល​អ្នក​ភ្ជាប់​មនុស្ស​ដទៃ​ជាមួយ​នឹង​បុព្វការីជន​របស់​ពួកគេ​តាមរយៈ​ដំណើររឿង និង​សេចក្ដី​លម្អិត​ក្នុង​ក្រុមគ្រួសារ អ្នក​ជួយ​បំពេញ​ចន្លោះ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ដែល​ពេលខ្លះ​ពួកគេ​មិន​ដែល​ដឹង​ថា​ពួកគេ​មាន ( សូមមើល ម៉ាឡាគី ៤:៥–៦ ) ។

មិន​ថា​បុគ្គល​នោះ​ជា​សមាជិក​សាសនាចក្រ​ពេញ​មួយ​ជីវិត ឬ​នរណាម្នាក់​ដែល​មិន​ធ្លាប់​បាន​ឮ​ពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា ពួកគេ​មកពី​កន្លែង​ណា ។

ជាញឹកញាប់ វា​មិន​ចំណាយ​ពេល​យូរ​នោះ​ទេ​ដើម្បី​មាន​ចំណាប់​អារម្មណ៍​ដ៏​ខ្លាំង និង​យូរ​អង្វែង ដូច​បាន​បង្ហាញ​នៅក្នុង​ដំណើររឿង​ខាងក្រោម​នេះ ។

ការរកឃើញ​ក្រុមគ្រួសារ​ក្នុង​ចម្ងាយ ៩ គីឡូម៉ែត្រ

ថ្មីៗ​នេះ នៅលើ​យន្ដហោះ​ទៅ​ផ្ទះ ខ្ញុំ​បាន​ឃើញ​ថា​ខ្លួនឯង​អង្គុយ​នៅក្បែរ​ស្ទីវ ដែល​បាន​ចែកចាយ​ជាមួយ​នឹង​ខ្ញុំ​អំពី​ដំណើររឿង​ផ្ទាល់ខ្លួន​របស់​គាត់​ខ្លះៗ ។ គាត់​បាន​រៀន​ចប់​វិទ្យាល័យ បាន​ចូល​បម្រើ​ក្នុង​កងទ័ព​សហរដ្ឋ​អាមេរិក​ជា​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​ម្នាក់​នៅ​អាយុ ១៨ ឆ្នាំ ហើយ​ឆាប់ៗ​នេះ នឹងចាប់ផ្ដើម​ធ្វើការ​នៅ​សេតវិមាន ដោយ​ផ្ដល់​ជំនួយ​ផ្នែក​ទំនាក់ទំនង​ទៅ​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក ។ ពី​អាយុ ១៨ ដល់ ២៦ ឆ្នាំ គាត់​បាន​បម្រើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចំនួន​ពីរនាក់ ។ ដំណើររឿង​របស់​គាត់​គឺ​គួរឲ្យ​ចាប់​ចិត្ត​ខ្លាំង​ណាស់ !

ខ្ញុំ​បាន​និយាយ​ថា « ស្ទីវ អ្នក​ត្រូវតែ​សរសេរ​ដំណើររឿង​ទាំងនេះ​ទុក​សម្រាប់​កូនចៅ​របស់​អ្នក ! ពួកគេ​ត្រូវតែ​ដឹង​ពី​ដំណើររឿង​ទាំងនេះ​ចេញពី​ទស្សនៈ​របស់​អ្នក » ។ គាត់​បាន​យល់​ព្រម ។

រួច​ហើយ ព្រះវិញ្ញាណ​បាន​បំផុស​ខ្ញុំ​ឲ្យ​សួរ​គាត់​ពី​អ្វី​ដែល​គាត់​បាន​ដឹង​អំពី​បុព្វការីជន​របស់​គាត់ ។ ស្ទីវ​បាន​ដឹង​យ៉ាងច្រើន​អំពី​ខាង​ម្ដាយ​គាត់ រួមទាំង​រឿង​មួយ​អំពី​របៀប​ដែល​គ្រួសារ​របស់​គាត់​ធ្លាប់​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ អ័ប្រាហាំ លិនខិន ខណៈ​លោក​បាន​ធ្វើ​យុទ្ធនាការ​ទៅ​តាម​​តំបន់​ជនបទ​អំឡុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ១៨៦០ ​ទៀត​ផង ។

ប៉ុន្ដែ គាត់​បាន​ដឹង​តិចតួច​ណាស់​ពី​ខាង​ឪពុក​របស់​គាត់ ។ គាត់​ពិតជា​ចង់​ដឹង​បន្ថែម​ទៀត​ណាស់ ។ ខ្ញុំ​ទាញ​ទូរសព្ទ​របស់ខ្ញុំ​ចេញមក ហើយ​បើក​កម្មវិធី​ស្វែងរក​ក្រុមគ្រួសារ ។ « ស្ទីវ យើង​អាច​ស្វែងរក​ក្រុមគ្រួសារ​របស់​អ្នក​បាន​នាពេល​ឥឡូវ​នេះ ! »

ខ្ញុំ​បាន​ភ្ជាប់​ទៅនឹង​អ៊ិនធើរណិត​លើ​យន្ដហោះ ។ ខ្ញុំ​បាន​ដាក់​ទូរសព្ទ​របស់​ខ្ញុំ​នៅលើ​តុ​យន្ដហោះ​ពីមុខ​ខ្ញុំ ដើម្បី​យើង​អាច​មើល​ឃើញ​ទាំងពីរ​នាក់ ។ យើង​បាន​ស្រាវជ្រាវ​មើល​មែកធាង​គ្រួសារ ។ ក្នុង​រយៈពេល​ប៉ុន្មាន​នាទី យើង​ទាំងពីរ​នាក់​បាន​មើល​ឃើញ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ជីតាទួត​គាត់ ជាមួយ​នឹង​ជីដូន​ទួត​របស់​គាត់ ។

គាត់​បាន​ពោល​ថា « នោះ​គឺជា​ពួកគាត់ ! ខ្ញុំ​ចាំ​ឈ្មោះ​ត្រកូល​របស់​គាត់​ហើយ​ពេលនេះ ! »

វិញ្ញាណ​នៃ​សេចក្ដី​រំភើប​បាន​ចាក់ស្រោច​មក​លើ​ពួកយើង​ទាំងពីរ​នាក់ ។ យើង​បាន​បង្កើត​ប្រវត្តិរូប​សម្រាប់​បុព្វការី​របស់​គាត់​ផ្សេងទៀត​ដែល​គាត់​មិន​សូវ​ស្គាល់​ក្នុង​រយៈពេល ៤៥ នាទី បន្ទាប់​ទៀត ។ គាត់​បាន​សូម​ខ្ញុំ​ឲ្យ​សន្យា​នឹង​គាត់​ថា យើង​នឹង​បន្ដ​ស្រាវជ្រាវ​រួមគ្នា​នៅ​រដ្ឋ​ខូឡូរ៉ាដូ​ទៀត ។ យើង​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន​ទាក់ទង​គ្នា កាល​យន្ដហោះ​បាន​ចុះចត ។

នេះ​គឺជា​យើង កំពុង​ហោះ​ក្នុង​រយៈ​កម្ពស់ ៩១៤៥ ម៉ែត្រ​លើ​អាកាស ដោយ​មាន​ឧបករណ៍​តូច​មួយ​ប៉ុន​ដៃ​ខ្ញុំ ស្រាវជ្រាវ​រក​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ដែល​បាន​រៀបការ​កាលពី ១០០ ឆ្នាំ​មុន ដែល​គាត់ និង​គ្រួសារ​គាត់​បាន​ភ្លេច ។ អស្ចារ្យ​មែន ! ប៉ុន្ដែ យើង​បាន​រកឃើញ​ពួកគាត់ ។ ក្រុមគ្រួសារ​ទាំងឡាយ​គឺ​ទាក់ទង​គ្នា ។ ដំណើររឿង​ទាំងឡាយ​ត្រូវបាន​ចងចាំ ។ យើង​មាន​អារម្មណ៍​នៃ​ការ​ដឹងគុណ​ចំពោះ​បច្ចេកវិទ្យា និង​ឧបករណ៍​ទាំងនោះ ។ អព្ភូតហេតុ​មិន​ដែល​បាត់បង់​ឡើយ ។

ចនណាថាន់ ផេតធី ខូឡូរ៉ាដូ ស.រ.អា

ហ៊ុមព័ទ្ធ​ដោយ​គ្រួសារ​ថ្មី

ម៉ារី​លែង​សូវ​សកម្ម​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក​ហើយ ។ ពីរ​បី​ខែ​កន្លង​ទៅ យើង​បាន​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ជាមួយ​គាត់​នៅ​ផ្ទះ​របស់​យើង ស្វែងរក​គ្រួសារ​របស់​គាត់​តាមរយៈ​ជំរឿន និង​កំណត់ត្រា​ផ្សេងទៀត ។ នៅ​​ពេល​មួយ គាត់​បាន​យំ​ហ៊ូ​ដោយ​ស្រែក​ថា « ខ្ញុំ​បាន​ដឹង​​អំពី​គ្រួសារ​របស់​ខ្ញុំច្រើន​ក្នុង​រយៈពេល​ពីរ​ម៉ោង ជាង​ខ្ញុំ​បាន​ដឹង​ពេញ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំទៅ​ទៀត ! »

នៅ​ចុងបញ្ចប់​នៃ​ការ​ជួប​​របស់​យើង យើង​បាន​ណែនាំ​មុខងារ​សាច់ញាតិ​ជុំវិញ​ខ្ញុំ​ក្នុង​កម្មវិធី​មែកធាង​គ្រួសារ​ប្រាប់​គាត់ ។ យើង​ឃើញ​ថា ទាំង​ស្វាមី​ខ្ញុំ និង​ខ្ញុំ​ជាប់​សាច់ញាតិ​ឆ្ងាយ​នឹង​ម៉ារី ។ គាត់​បាន​យំ​ហ៊ូ​ម្ដងទៀត ដោយ​ថ្លែង​ថា គាត់​បាន​គិត​ថា គាត់​ឯកោ ។ គាត់​មិន​ដែល​ដឹង​ថា គាត់​មាន​គ្រួសារ​នៅ​តំបន់​នេះ​ទេ ។ ពីរ​បី​សប្ដាហ៍​ក្រោយមក ម៉ារី​បាន​ទៅ​ជួប​នឹង​ប៊ីស្សព​របស់​យើង ។ ឥឡូវនេះ គាត់​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ហើយ​គាត់​បាន​ជួប​នឹង​បងប្អូន​ជីដូន​មួយ « ថ្មី » ជាច្រើន​នៅក្នុង​វួដ​របស់​យើង !

ខារ៉ូល រ៉ាយនើរ អេវើរិត រដ្ឋ​ណសខារ៉ូឡៃណា ស.រ.អា

រូបមន្ដ​សម្រាប់​ការងារ​បម្រើ

អាសស្លី ជា​បងស្រី​ដែល​ខ្ញុំ​ផ្ដល់​ការងារ​បម្រើ និង​ខ្ញុំ​ទាំងពីរ​នាក់​មាន​សៀវភៅ​រូបមន្ដ​ធ្វើ​ម្ហូប​ពី​ជីដូន​របស់​យើង ។ សៀវភៅ​របស់​គាត់​គឺ​បាន​មកពី​ជីដូន​ទួត​របស់​គាត់ ហើយ​សៀវភៅ​ខ្ញុំ​គឺជា​សៀវភៅ​ដែល​ខ្ញុំ​បាន​ដាក់​បញ្ចូល​គ្នា ពេល​ខ្ញុំ​បាន​ទទួល​ប្រអប់​រូបមន្ដ​ពី​លោកយាយ​ហ្គ្រីនវូឌ​របស់​ខ្ញុំ ក្រោយពី​គាត់​បាន​ចែក​ឋាន​ទៅ ។

ទាំង​អាសស្លី និង​ខ្ញុំ​បាន​ជ្រើសរើស​រូបមន្ដ​មួយ​មកពី​សៀវភៅ​រូបមន្ដ​ធ្វើ​ម្ហូប​របស់​យើង ហើយនា​យប់​មួយយើង​បាន​ជួប​គ្នា​បន្ទាប់​​ពី​ធ្វើការ​​ ដើម្បី​សាក​ធ្វើ​ម្ហូប​នោះ ។ គាត់​បាន​ជ្រើសរើស​រូបមន្ដ​បង្អែម​មួយ ដូច្នេះ​យើង​បាន​ធ្វើ​វា​មុន ហើយ​ដាក់​វា​ទៅក្នុង​ឡ ។ ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​ទឹក​ជ្រលក់​—​គ្រឿង​សំខាន់​ជាងគេ​ដែល​មាន​នៅ​គ្រប់​ពិធី​ជប់លៀង​របស់​គ្រួសារ​ហ្គ្រីនវូឌ ។ កូនស្រី​របស់​អាសស្លី ឈ្មោះ​អាលីស បាន​ជួយ​យើង​ភ្លក់​អាហារ​សាកល្បង ។ បន្ទាប់​មក ដោយសារ​អាសស្លី​មិន​ចង់​ឲ្យ​កូនៗ​របស់​គាត់​ហូប​បង្អែម​ទាំងអស់ គាត់​បាន​យក​បង្អែម​ខ្លះ​ទៅឲ្យ​បងប្អូន​ស្រី ដែល​គាត់​ផ្ដល់​ការងារ​បម្រើ ។

អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​អំពី​យប់​រូបមន្ដ​ធ្វើ​ម្ហូប​របស់យើង​នោះ​គឺ​ថា នៅពេល​យើង​ធ្វើ​ម្ហូប និង​ដុត​នំ យើង​បាន​ជជែក​អំពី​ប្រធានបទ​ក្នុង​ការងារ​បម្រើ​ជា​ទៀងទាត់​ទាំងអស់​—​អំពី​ការពុះពារ​របស់​គាត់ និង​របស់​ខ្ញុំ ។ ប៉ុន្ដែ​យើង​ក៏​បាន​ជជែក​អំពី​ជីដូន និង​ម្ដាយ​របស់​យើង​ផងដែរ ដែល​ធ្វើ​ឲ្យ​​ពួកយើង​ទាំងពីរ​នាក់ទឹក​ភ្នែក​រលីង​រលោង ។

ជេនីហ្វើរ ហ្គ្រីនវូឌ រដ្ឋ​យូថាហ៍ ស.រ.អា

របៀប​ជាក់លាក់​ដើម្បី​ជួយ

ពង្សប្រវត្តិ​អាច​បើក​ទ្វារ​សម្រាប់​ឱកាស​ការងារ​បម្រើ នៅពេល​វា​មើល​ទៅ​ហាក់​ដូចជា​គ្មាន​អ្វី​ផ្សេងទៀត​នឹង​បើក​ទ្វារ ។ នេះ​គឺជា​គំនិត​ពីរ​បី ដែល​អ្នក​អាច​សាកល្បង ។

  • ជួយ​ពួកគេ​ឲ្យ​កត់ត្រា និង​ដាក់​បញ្ចូល​ការថត​សំឡេង​ដំណើររឿង​ពង្សប្រវត្តិ​នានា ជាពិសេស​សំឡេង​ដែល​ត្រូវគ្នា​នឹង​រូបថត ។

  • បង្កើត​តារាង​ផ្លិត​មួយ ឬ​ឯកសារ​ពង្សប្រវត្តិ​ដែល​អាច​បោះពុម្ព​បាន​ផ្សេងទៀត ដែល​អ្នក​អាច​ផ្ដល់​ជា​អំណោយ​បាន ។

  • បង្រៀន​ពី​របៀប​ដើម្បី​រក្សា​ប្រវត្តិ​របស់​ពួកគេ​ផ្ទាល់ តាមរយៈ​ការរក្សា​កំណត់ហេតុ​តាម​របៀប​មួយ ដែល​ពួកគេ​ពេញចិត្ត ។ កំណត់ហេតុ​ជា​សំឡេង ? កំណត់ហេតុ​រូបថត ? ការថត​វីដេអូ ? មាន​ជម្រើស​ជាច្រើន​សម្រាប់​​អ្នក​ទាំង​ឡាយ​ណា​​ដែល​មិន​ចូលចិត្ត​ទម្រង់​សៀវភៅ​កំណត់ហេតុ​ស្ដង់ដា ។

  • ទៅ​ព្រះវិហារ​បរិសុទ្ធ​រួមគ្នា​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ឲ្យ​បុព្វការីជន ។ ឬ ជួយ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ឈ្មោះ​គ្រួសារ​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មាន​ឈ្មោះ​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

  • ជួបជុំ​គ្នា​ចែកចាយ​ប្រពៃណី​គ្រួសារ​នានា ។

  • ចូល​រៀន​ថ្នាក់​ពង្ស​ប្រវត្តិ​មួយ​រួមគ្នា ។