ការ​ធ្វើ​ការងារ​បម្រើ
អ្វី​ដែល​រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់​បង្រៀន​យើង​អំពី​ការងារ​បម្រើ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារបម្រើ

អ្វី​ដែល រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់ បង្រៀន​យើង​អំពី ការងារ​បម្រើ

« នេះ​គឺជា​រដូវ​កាល​ដ៏​គួរ​ឲ្យ​ពេញចិត្ត​បំផុត​នៅក្នុង​ឆ្នាំ ។ ច្រៀង​ចម្រៀង រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នឹង​មក​ដល់​ឆាប់ៗ ។ ប្រាប់​រឿង​ពិត​ពី​ការប្រសូត​របស់​ព្រះយេស៊ូវ កាល​ទ្រង់​នៅ​តូច ទ្រង់​បាន​យាង​មក​កាន់​ផែនដី » ( « The Nativity Song » Children’s Songbook ទំព័រ ៥២ ) ។

លីអាហូណា ខែ ធ្នូ ឆ្នាំ ២០១៩

រូបភាព
angel appearing to shepherds

សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ( ទេវតា​បង្ហាញព្រះកាយ​ដល់​ពួក​អ្នកគង្វាល )​ ដោយ ដោយ វលធើរ រេន

រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ ពេល​ចៀម អ្នកគង្វាល ស្នូក និង​ផ្កាយ​បាន​ផ្តល់​អត្ថន័យ​ថ្មីៗ ។ វា​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​ការ​និទាន​ប្រាប់​ឡើង​វិញ​អំពី​ព្រឹត្តការណ៍​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​លោក​គឺ ៖ ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រុម​គ្រួសារ​ជា​ច្រើន​ដាក់​តាំង​រូបភាព​ប្រសូត​កម្ម​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ មាន​អ្នក​ខ្លះ​ទៀត​យក​ការអាន​រឿង​អំពី​ការប្រសូត​របស់​ទ្រង់ ឬ​ចូលរួម​ក្នុង​ការសម្តែង​ល្ខោន​ជាអាទិភាព ។ ដូច​រឿង​ទាំងអស់​អំពី​ព្រះគ្រីស្ទ​ដែរ រឿង​អំពី​ការប្រសូត​របស់​ទ្រង់​ពោរពេញ​ដោយ​មេរៀន ដែល​យើង​អាច​រៀន​អំពី​ការងារ​បម្រើ អំពី​ការចែកចាយ​ពន្លឺ​របស់​ទ្រង់​ដើម្បី​បំភ្លឺ​ពិភពលោក ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​រឿង​នៃ​សេចក្តីស្រឡាញ់ ។

… នៅក្នុង​រឿង​នានា​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ យើង​អាច​មើល​ឃើញ ហើយ​ទទួល​អារម្មណ៍​ថា ទ្រង់​ធ្លាប់​ជា​នរណា ហើយ​ទ្រង់​គឺ​ជា​នរណា ។ ការណ៍​នោះ​សម្រាល​បន្ទុក​យើង​នៅក្នុង​ដំណើរ​ជីវិត​នេះ ។ ហើយ​វា​នឹង​ដឹកនាំ​យើង​ឲ្យ​បំភ្លេច​ខ្លួន​យើង ហើយ​សម្រាល​បន្ទុក​របស់​មនុស្ស​ដទៃ » ។

« ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ » ( លូកា ២:៧ )

ម្ចាស់​ផ្ទះ​សំណាក់​ពុំ​បាន​រៀបចំ​កន្លែង​សម្រាប់​ព្រះអង្គសង្គ្រោះ​ទេ ប៉ុន្តែ​យើង​ពុំ​ត្រូវ​ធ្វើ​កំហុស​នោះ​ទេ ! យើង​អាច​រៀបចំ​កន្លែង​សម្រាប់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ចិត្ត​យើង តាមរយៈ​ការទុក​កន្លែង​សម្រាប់​បងប្អូន​ប្រុសស្រី​របស់​យើង​នៅ​តុ​អាហារ​យើង ក្នុង​ផ្ទះ​យើង និង​តាមរយៈ​ប្រពៃណី​របស់​យើង ។ ប្រពៃណី​ជាច្រើន​របស់​គ្រួសារ​អាច​ធ្វើឲ្យ​កាន់តែ​ផ្អែមល្ហែម ហើយ​កាន់តែ​គួរ​ឲ្យ​ចងចាំ តាមរយៈ​ការរាប់អាន​មនុស្ស​ដទៃ ។ ដាយអាណា និង​គ្រួសារ​របស់​គាត់​មាន​ប្រពៃណី​នៃ​ការអញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​បុណ្យគ្រីស្ទម៉ាស់​ជាមួយ​ពួកគេ ។ រៀងរាល់​ខែ​ធ្នូ ពួកគេ​ពិភាក្សា​គ្នា ហើយ​សម្រេច​ចិត្ត​ថា តើ​ពួកគេ​ចង់​អញ្ជើញ​នរណា​គេ ។ ប្រហែលជា​គ្រួសារ​របស់​អ្នក​អាច​ចាប់ផ្តើម​ប្រពៃណី​ស្រដៀង​គ្នា​នេះ​ដែរ ។ ប្រហែល​បុគ្គល​ដែល​អ្នក​ផ្តល់ការងារ​បម្រើ​នឹង​ចង់​ចូលរួម​គ្រួសារ​របស់​អ្នក ក្នុង​ការ​ច្រៀងរួម​គ្នា​នូវ​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ចូល​ចិត្ត​ ។ អ្នក​ក៏​អាច​រៀបចំ​កន្លែង​នៅ​តុ​អាហារ​ពេល​ល្ងាច​នៃ​បុណ្យគ្រីស្ទម៉ាស់ សម្រាប់​នរណា​ម្នាក់​ដែល​ពុំ​មាន​គ្រួសារ​នៅក្នុង​តំបន់​នោះ ។

តើ​អ្វី​ជា​របៀប​ដ៏​ប្រសើរ​ដើម្បី​សាទរ​ចំពោះ​ព្រះអង្គសង្គ្រោះ ជាង​ការ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ក្នុង​ការរាប់​អាន​មនុស្ស​ដទៃ​នោះ ? ចូរ​ចាំ​ថា ទ្រង់​អញ្ជើញ​យើង​ទាំង​អស់​គ្នា​ឲ្យ « មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំងប្រុស និង​ស្រី ហើយ​ទ្រង់​នឹកចាំ​ដល់​ពួកអ្នក​ឥត​សាសនា ក៏ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ ( នីហ្វៃទី​២ ២៦:៣៣ ) ។ សូម​រៀបចំ​កន្លែង​មួយ ហើយ​បង្កើត​ការអាប់អាន ។

« រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ » ( លូកា ២:៨ )

វា​ទំនង​ថា ពួក​អ្នក​គង្វាល​ដ៏​រមទម្យ​ទាំង​នោះ​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​ថ្វាយ​បង្គំ​ព្រះឱរស​ព្រះអង្គសង្គ្រោះ ។ ព្យាការី​ពី​បុរាណ​បាន​ថ្លែង​ពី​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា « អ្នក​គង្វាល​អ៊ីស្រាអែល » ( ទំនុកដំកើង ៨០:១ ) និង​ជា « អ្នក​គង្វាល​មួយ​ប៉ុណ្ណោះ នៅ​លើ​ផែនដី​ទាំង​មូល » ( នីហ្វៃទី​១ ១៣:៤១ ) ។ ហើយ​ព្រះផ្ទាល់​បាន​មាន​បន្ទូល​ថា « ឯ​ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ » ( យ៉ូហាន ១០:១៤ ) ។ ការស្គាល់​ចៀម​យើង ហើយ​បន្ត​មើលថែ​ពួកគេ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការឃ្វាល និង​ផ្តល់​ការងារ​បម្រើ ដូច​ព្រះអង្គសង្គ្រោះ​ធ្វើ ។

ជាមួយ​នឹង​ពន្លឺ​ភ្លើង​ដ៏​ចិញ្ចែងចិញ្ចាច និង​ការតុបតែង​លម្អ​នានា នោះ​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​មើល​អំឡុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់ ។ ប៉ុន្តែ​ប្រហែល​ជា​សម្រស់​ដ៏​ស្រស់​ត្រកាល​បំផុត​នៃ​រដូវ​កាល​នោះ​អាច​រកឃើញ​បាន ពេល​យើង​ចងចាំ​ក្នុង​ការបំបែរ​ការផ្តោត​ចិត្ត​យើង​ទៅ​អ្នក​ដែល​យើង​ផ្តល់​ការងារ​បម្រើ ហើយ​បន្ត​មើល​ថែ​ហ្វូង​ចៀម​ផ្ទាល់​របស់​យើង ។ ការបន្ត​មើល​ថែ​អាច​ជា​ការសម្គាល់​ឃើញ​ពីនំ​ដែល​បុគ្គល​ណា​ម្នាក់​ចូលចិត្ត ឬ​ការសួរ​ពី​ផែនការ​ឈប់​លំហែរ​កាយ​របស់​នរណា​ម្នាក់ ។ យើង​បន្ត​មើល​ថែ ពេល​យើង​មើល និង​បំពេញ​តម្រូវការ​របស់​មនុស្ស​ដទៃ—ទាំង​មើល​ឃើញ​ជាក់ស្តែង និង​មិន​មើល​ឃើញ ។

ពេល​ឆើរៀល​បាន​បាត់បង់​ស្វាមី​របស់​នាង​គឺ​ម៉ាយ នាង​ក្រៀម​ក្រំ​ខ្លាំង​ណាស់ ។ នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​ដំបូង​របស់​នាង​ដែល​គ្មាន​ស្វាមី​នាង​នៅ​ក្បែរ នោះ​នាង​មាន​ភាពឯកោ​កាន់តែ​ខ្លាំង ។ ដោយ​អំណរគុណ បងស្រី​ស្ស៊ូណា​ដែល​ផ្តល់​ការងារ​បម្រើ​ដល់​នាង​បាន​នៅ​ទីនោះ​សម្រាប់​នាង ។ ស៊ូណា និង​ជីម ជា​ស្វាមី​គាត់ បាន​អញ្ជើញ​ឆើរៀល​ទៅ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​សម្រាក​លំហែ​កាយ​ជា​ច្រើនដង ។ ពួកគេ​បាន​ដឹង​ថា​អាវ​ធំ​របស់​ឆើរៀល​ចាស់ ហើយ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​អំពី​រឿង​នោះ ។ ពីរបី​ថ្ងៃ​ពីមុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ស៊ូណា និង​ជីម​បាន​ទិញ​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ឲ្យ​ឆើរៀល ៖ គឺ​អាវធំ​មួយ​ថ្មី​ដ៏​ស្រស់ស្អាត ។ ពួកគេ​បាន​ដឹង​ពី​តម្រូវការ​ខាង​សាច់ឈាម​របស់​ឆើរៀល​ដើម្បី​មាន​អាវ​ធំ​មួយ​កក់ក្តៅ ប៉ុន្តែ​ពួកគេ​ក៏​ដឹង​ពី​តម្រូវការ​ផ្នែក​អារម្មណ៍ ដើម្បី​ទទួល​ការលួងលោម និង​មាន​គ្នីគ្នា ។ ពួកគេ​បាន​ឈោង​ទៅ​បំពេញ​តម្រូវការ​ទាំង​នោះ​អស់​ពីលទ្ធភាព​របស់​ពួកគេ ហើយ​ធ្វើ​ជា​គំរូ​ដ៏​ប្រពៃ​អំពី​របៀប​ដែល​យើង​អាច​មើល​ថែ​ហ្វូង​ចៀម​ផ្ទាល់​របស់​យើង ។

« នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេហិម » ( លូកា ២:១៥ )

« ចូរ​យើង​ទៅ » គឺ​ជា​ការអញ្ជើញ​មួយ​ដ៏​រីករាយ ។ ពួក​អ្នក​គង្វាល​ពុំ​គិត​ថា មិត្តភក្ដិ​របស់​ពួកគេ​ហត់នឿយ​ខ្លាំង​ពេក​ដើម្បី​ធ្វើ​ដំណើរ​ទេ ។ ពួកគេ​ពុំ​ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម​ដោយ​ខ្លួន​ឯង​ដោយ​ស្ងាត់ស្ងៀម​ទេ ។ ពួកគេ​បាន​ងាក​មើល​គ្នា​ដោយ​អំណរ ហើយ​និយាយ​ថា « ចូរ​យើង​ទៅ ! »

ដោយសារ​យើង​ពុំ​អាច​អញ្ជើញ​មិត្តភក្តិ​យើង​ឲ្យ​មក​មើល​ព្រះឱរស​ព្រះអង្គ​សង្គ្រោះ​ទេ យើង​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​អំពី​ស្មារតី​នៃបុណ្យ​គ្រីស្ទម៉ាស់ ( ឬ​ស្មារតី​នៃ​ព្រះគ្រីស្ទ ) តាមរយៈ​ការបម្រើ​ជាមួយ​យើង ។ បូនី អិល. អូស្ការ​សុន អតីត​ប្រធាន​យុវនារី​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « របៀប​ដើម្បី​ពង្រឹង​ស្មារតី​នៃ​បុណ្យគ្រីស្ទម៉ាស់ គឺ​ត្រូវ​ជួយ​ដល់​អ្នក​ជុំវិញ​ខ្លួន​យើង​ដោយ​ចិត្ត​សប្បុរស ហើយ​លះបង់​ខ្លួន » ។ សូម​ស្រមៃ​ថា អ្នក​កំពុង​កាន់​ទៀន​មួយ ។ មនុស្ស​ដទៃ​អាច​មើល​ពិតប្រាកដ និង​បាន​ប្រយោជន៍​ពី​ពន្លឺ​ទៀន​របស់​អ្នក ប៉ុន្តែ​សូម​ស្រមៃ​ពី​ភាពកក់ក្តៅ​ដែល​ពួកគេ​អាច​ទទួល​អារម្មណ៍ ប្រសិនបើ​អ្នក​ប្រើ​ទៀន​របស់​អ្នក​បំភ្លឺ​ទៀន​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​កាន់​ពន្លឺ​សម្រាប់​ខ្លួន​ពួកគេ ។

ព្រះគ្រីស្ទ​ផ្ទាល់​បាន​បង្រៀន​ថា អ្នក​ដែល​ធ្វើ​តាម​ទ្រង់​នឹង​មាន​ពន្លឺ​នៃ​ជីវិត ( សូមមើល យ៉ូហាន ៨:១២ ) ។ ការបម្រើ​ដូច​ទ្រង់​បាន​ធ្វើ​គឺ​ជា​របៀប​មួយ​ដែល​យើង​អាច​ធ្វើ​តាម​ទ្រង់ ហើយ​រីករាយ​នឹង​ពន្លឺ​ដែល​បាន​សន្យា​នោះ ។ ដូច្នេះ​សូម​ចែកចាយ​ពន្លឺ​ដោយ​ការអញ្ជើញ​អ្នក​ដទៃ​ដើម្បី​បម្រើ​ជាមួយ​អ្នក ! តើ​អ្នក និង​អស់​អ្នក​ដែល​អ្នក​ផ្តល់​ការងារ​បម្រើ​អាច​បម្រើ​ជាមួយ​គ្នា​ដោយ​របៀប​ណា ?អ្នក​អាច​រៀបចំ​អាហារ​ដែល​អ្នក​ចូល​ចិត្ត ឬ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ភ្ញាក់​ផ្អើល ដោយសារ​អំណោយ​តូច​មួយ ឬ​សារ​ខ្លី​មួយ​រួ​មគ្នា ។ ជាមួយ​គ្នា​អ្នក​អាច​ទទួល​អារម្មណ៍​នៃ​ពន្លឺ​ដែល​កើត​មក​ពី​ការធ្វើ​តាម​គំរូ​នៃ​ការបម្រើ​របស់​ព្រះគ្រីស្ទ ។

រូបភាព
Nativity scene

មើល​ន៎ កូនចៀម​នៃ​ព្រះ ដោយ វ៉លធើរ រ៉េន

« គេ​ក៏​រ៉ាយរ៉ាប់​រឿង​ពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះឱរស » ( លូកា ២:១៧ )

វា​ជា​រឿង​ងាយ​ស្រួល ដើម្បី​ស្រមៃ​ឃើញ​ពី​ក្តី​រំភើប​ដ៏​រីករាយ​នៃ​ពួកអ្នក​គង្វាល ពេល​ពួកគេ​ចែកចាយ​ដំណឹង​ដ៏​អស្ចារ្យ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ជាមួយ​មនុស្ស​ជាច្រើន​ដែល​ពួកគេ​អាច​ធ្វើបាន ។ ការប្រកាស​ដោយ​ពួកទេវតា​គឺ​ថា ព្រះមែស៊ី​ដែល​ត្រូវបាន​ព្យាករ​ទុក​បាន​យាង​មក​ហើយ ! ទ្រង់​បាន​យាង​មក ! ប្រាកដ​ណាស់ ការចែកចាយ​ដំណឹងល្អ​អំពី​ព្រះអង្គសង្គ្រោះ​គឺ​ជា​ប្រធាន​បទ​ដ៏​ធំ​អំពី​រឿង​ប្រសូត​កម្ម ។ ពួកទេវតា​បាន​ច្រៀង ។ ផ្កាយ​បាន​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ។ ហើយ​ពួក​អ្នកគង្វាល​បាន​ស្គាល់​ដែនដី​ដ៏​ឆ្ងាយ​នោះ ។

យើង​អាច​បន្ថែម​សំឡេង​យើង​ទៅលើ​រឿង​បុណ្យគ្រីស្ទម៉ាស់ តាមរយៈ​ការចែកចាយ​ដំណឹងល្អ និង​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ។ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា « នៅពេល​បងប្អូន​មាន​ឯកសិទ្ធិ​ដើម្បី​ធ្វើ​ជា​តំណាង​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការខិតខំ​បម្រើ​របស់​បងប្អូន ចូរ​សួរ​ខ្លួន​ឯង​ថា ‹ តើ​ខ្ញុំ​អាច​ចែកចាយ​ពន្លឺ​នៃ​ដំណឹងល្អ​ជាមួយ​នឹង​បុគ្គល​នេះ ឬ​គ្រួសារ​នេះ​យ៉ាង​ដូចម្ដេច ? › តើ​ព្រះវិញ្ញាណ​បំផុស​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ ? »

នេះ​គឺជា​យោបល់​មួយ​ចំនួន​សម្រាប់​ឲ្យ​អ្នក​ពិចារណា ពេល​អ្នក​ស្វែងរក​ចង់​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ៖

  • ស្វែងរក​ខគម្ពីរ​មួយ​ដែល​ពិពណ៌នា​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ឬ​បង្ហាញ​ពី​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​ទ្រង់ ។ សូម​ចែកចាយ​ខគម្ពីរ​នោះ​ជាមួយ​មនុស្ស​ដែល​អ្នក​ផ្តល់​ការងារ​បម្រើ ។

  • ផ្ញើ​សារ​តាម​ទូរសព្ទ ឬ​ផ្ញើសារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នូវ​វីដេអូ​បុណ្យគ្រីស្ទម៉ាស់ ។ មាន​វីដេអូ​អស្ចារ្យ​មួយ​ចំនួន​នៅលើ​គេហទំព័រ ChurchofJesusChrist.org !

  • ប្រាប់​មិត្តភក្តិ​ម្នាក់​អំពី​ការចងចាំ​ពិសេស​មួយ ឬ​ប្រពៃណី​មួយ​ដែល​រំឭក​អ្នក​អំពី​ព្រះគ្រីស្ទ ។

មាន​សេចក្តីជំនឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​អំពី​ទីបន្ទាល់​របស់​អ្នក គឺ​ដូច​ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ដល់ ស៊ីម៉ូន និង អាណ ថា ព្រះឱរស​យេស៊ូវ​គឺ​ជាព្រះអង្គសង្គ្រោះ ( សូមមើល លូកា ២:២៦, ៣៨ ) ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ដើម្បី​ផ្ដល់​កិត្តិយស​ពិត​ចំពោះ​ការ​យាង​មក​ក្នុង​ពិភពលោក​នេះ [ របស់​ព្រះយេស៊ូវគ្រីស្ទ ] យើង​ត្រូវ​ធ្វើ​ដូចជា​ទ្រង់​បាន​ធ្វើ ហើយ​ឈោង​ទៅ​ជួយ​ដោយ​សេចក្ដីមេត្តា​ករុណា​ដល់​បងប្អូន​យើង ។ ការណ៍​នេះ​យើង​អាច​ធ្វើ​រាល់​ថ្ងៃ ដោយ​ពាក្យ​សម្ដី និង​ទង្វើ ។ ចូរ​ឲ្យ​កិច្ចការ​នេះ​ក្លាយ​ជា​ទំនៀម​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់​របស់​យើង មិន​ថា​យើង​នៅ​ទីណា​ទេ—ចូរ​យើង​មាន​ចិត្ត​ល្អ​ថែម​បន្តិច​ទៀត អភ័យទោស​ឲ្យ​បាន​ច្រើន​ជាង​មុន កុំ​សូវ​កាត់​សេចក្ដី​គេ មាន​អំណរគុណ​ច្រើន​ជាង​មុន និង​មាន​សេចក្ដី​សប្បុរស​កាន់​តែ​ច្រើន​ក្នុង​ការ​ចែកចាយ​ភាព​សម្បូរណ៌​របស់​យើង​ជាមួយ​នឹង​ជន​ខ្វះខាត » ។

កំណត់​ចំណាំ

  1. ហិនរី ប៊ី អាវរិង « Christmas Stories » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ ថ្ងៃ​ទី ៦ ខែ ធ្នូ ឆ្នាំ ២០០៩ ) broadcasts.ChurchofJesusChrist.org ។

  2. សូមមើល Daiana Melina Albornoz Díaz « Sharing Christmas » Liahona ខែ ធ្នូ ឆ្នាំ ២០០៧ ទំព័រ ១៧ ។

  3. សូមមើល Cheryl Boyle « He Would Have Bought It for You » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ៥៧ ។

  4. បូនី អិល. អូស្ការ​សុន « Christmas Is Christlike Love » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​គណៈប្រធាន​ទីមួយ ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៤ ) គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  5. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  6. ឌៀថើរ អេស្វ អុជដូហ្វ « Scatter Your Crumbs » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​គណៈប្រធាន​ទីមួយ ថ្ងៃ​ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៧ ) គេហទំព័រ broadcasts.ChurchofJesusChrist.org ។