ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១ ៖ ថ្ងៃទី ២ ការក្បត់​សាសនា​ដ៏​ធំ


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ២

ការក្បត់​សាសនា​ដ៏​ធំ

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង​កាល​ទ្រង់​ធ្វើ​ការបម្រើ​នៅ​លើ​ផែនដី ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទី​មួយ​បាន​ពន្យល់​ថា ៖ « បន្ទាប់​ពី​ការយាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​របស់​ព្រះគ្រីស្ទ ពួក​សាវក​បាន​បន្ត​ប្រើប្រាស់​កូនសោ​ដែល​ទ្រង់​បាន​បន្សល់​ទុក​នៅ​នឹង​ពួក​លោក ។ ប៉ុន្តែ​ដោយសារ​តែ​ការមិន​គោរពប្រតិបត្តិ និង​ការបាត់បង់​សេចក្ដី​ជំនឿ​ពី​សំណាក់​សមាជិក នោះ​ពួក​សាវក​បាន​ចែក​ឋាន​ទៅ​ដោយ​គ្មាន​អ្នក​ទទួល​កាន់​កូនសោ​បន្ត​ឡើយ ។ យើង​ហៅ​ព្រឹត្តិការណ៍​សោកនាដកម្ម​នោះ​ថា ‹ ការក្បត់សាសនា › » («The True and Living Church, » EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២១ ) ។ ដោយសារ​តែ​ការក្បត់​សាសនា​ដែល​រីក​រាលដាល​នេះ​ហើយ ទើប​សិទ្ធិអំណាច​បព្វជិតភាព​ត្រូវ​បាន​បាត់បង់​ពី​ចំណោម​មនុស្ស​លោក ។ ការយល់ដឹង​ពី​ការក្បត់សាសនា​ដ៏​ធំ​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​តម្រូវការ​ឲ្យ​មាន​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង​កាល​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ

ក្នុង​តារាង​ខាង​ក្រោម សូម​ផ្គូផ្គងគ្រឿង​ឧបករណ៍ជា​មួយ​នឹង​ម៉ាស៊ីន ឬ​ចំណែក​នៃ​បរិក្ខារ​ដែល​ត្រូវ​នឹង​វា ៖

រូបភាព
កុំព្យូទ័រ ទោចក្រ​ក្រយានយន្ដ ឡាន

តើ​ម៉ាស៊ីន​ទាំងនេះ​មាន​អត្ថប្រយោជន៍​ដូចម្ដេច ប្រសិនបើ​គ្មាន​ឧបករណ៍​ដែល​អ្នក​បាន​ផ្គូរផ្គង​ទេ​នោះ ? សូម​ប្រៀបធៀប​ការណ៍​នេះ​ទៅ​នឹង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ តើ​មាន​ផ្នែក​ចាំបាច់​អ្វី​ខ្លះ ដែល​ប្រសិនបើ​វា​ត្រូវបាន​ដក​ចេញ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​សាសនាចក្រ​នឹង​ពុំ​អាច​ដំណើរការ​បាន ឬ មិន​អាច​សូម្បី​តែមាន​រូបរាង​នោះ ?

  1. សូម​សរសេរ​ចំណងជើង​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា ធាតុ​ចំបាច់​នានា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​អ្នក​រកឃើញ​ធាតុ​ផ្សេងៗ​អំឡុង​ពេល​សិក្សា​មេរៀន​នេះ សូម​សរសេរ​វា​នៅ​ក្រោម​ចំណងជើង​នេះ ។

សូម​អាន អេភេសូរ ២:១៩–២២ រួច​គូស​ចំណាំ​ពី​គ្រឹះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​នៅលើ អំឡុង​ពេល​ការបម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែងស្លាប់ ។ តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ពួក​សាវក និង​ពួក​ព្យាការី​ត្រូវបាន​ចាត់ទុក​ថា​ជា « គ្រឹះ » នៃ​សាសនាចក្រ ? តើ​នរណា​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ?

សូម​សរសេរ​សេចក្ដី​ពិត​តទៅ​នេះ​ក្នុង​បញ្ជី​ធាតុ​ចាំបាច់​នានា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា ៖ពួកសាវក និង​ពួក​ព្យាការី បង្កើត​បាន​ជា​គ្រឹះ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​មាន​អ្វី​កើតឡើង​ក្នុង​រូបភាព​ខាង​ក្រោម​នេះ ?

រូបភាព
ព្រះគ្រីស្ទ​តែងតាំង​ពួកសាវក

សូម​អាន យ៉ូហាន ១៥:១៦ រួច​ស្វែងរក​ធាតុ​មួយ​ទៀត​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​កូនចៅ​របស់​ព្រះ ។

ពីមុន​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌​វិញ ទ្រង់​បាន​ប្រទាន​ដល់​ពួកសាវក​ទ្រង់​នូវ​សិទ្ធិអំណាច​ដើម្បី​ដឹកនាំ​សាសនាចក្រ​ទ្រង់ ហើយ​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះ​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​កូនចៅ​ទ្រង់ ។ សិទ្ធិអំណាច​បព្វជិតភាព​នេះ​រួម​មាន​កូនសោ​បព្វជិតភាព ឬ​សិទ្ធិ ដើម្បី​ដឹកនាំ​សាសនាចក្រ ហើយ​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​ចាំបាច់​ដល់​សេចក្ដី​សង្គ្រោះ ។ សូម​សរសេរ​បញ្ចូល​សេចក្ដី​ពិត​តទៅ​នេះ ទៅ​ក្នុង​បញ្ជី​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា ៖ សិទ្ធិ​អំណាច​បព្វជិតភាព​គឺ​ចាំបាច់​ដើម្បី​ទទួល​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្ដី​សង្គ្រោះ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បកស្រាយ​ពី​ធាតុ​ចាំបាច់​មួយ​ទៀត​នៃ​សាសនាចក្រ​ដ៏​ពិត​ថា ៖ « សេចក្ដីពិត និង​គោលលទ្ធិ ដែល​យើង​បាន​ទទួល បានមក ហើយ​នឹង​បន្ដ​មាន​មក​តាមរយៈ​វិវរណៈ​របស់ព្រះ ។ នៅក្នុង​ទំនៀមទម្លាប់​ជំនឿមួយចំនួន…បញ្ហា​ខាង​គោលលទ្ធិ អាច​ក្លាយ​ជា​ការខ្វែង​មតិយោបល់គ្នា ។… យើង​ឲ្យ​តម្លៃ​ដល់​ចំណេះ​វិជ្ជា​ដែល​ពង្រីក​ការ​យល់​ដឹង​ប៉ុន្តែ នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ ក៏ដូចជា​ជំនាន់បុរាណ ការ​ស្ថាបនា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឬ​ការ​កែគំនិត​ភ័ន្ដច្រឡំ​ខាង​គោលលទ្ធិ គឺ​ជារឿង​មួយ​នៃ​វិវរណៈរបស់ព្រះ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ព្រះអម្ចាស់ បាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិអំណាច​ជា​សាវក » (« The Doctrine of Christ, » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦ ) ។

ស្របតាម​អែលឌើរ គ្រីស្តូហ្វឺសិន តើ​តួនាទីសំខាន់មួយ​របស់​ព្យាការី និង​ពួកសាវក​គឺ​ជា​អ្វី ?

គោលលទ្ធិ​មួយ​គឺ​ជា​សេចក្ដី​ពិតគ្រឹះ​ដ៏​អស់កល្ប​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តើ​អ្នក​គិត​ថា​ហេតុអ្វី​បានជាវា​សំខាន់ថា គោលលទ្ធិ​ពិត ត្រូវ​បាន​បង្រៀន ហើយ​យល់​ត្រឹមត្រូវ​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់​ដូច្នេះ ?

សូម​សរសេរ​បញ្ចូល​សេចក្ដី​ពិត​ដូច​តទៅ​នេះ ទៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា ៖ ពួក​សាវក និង​ពួកព្យាការី​ស្ថាបនា​គោលលទ្ធិ​ដ៏​ត្រឹមត្រូវ​តាម​រយៈ​វិវរណៈ​ដ៏​ទេវភាព ។

ទោះបីជា​មាន​គោលលទ្ធិ​ជា​ច្រើន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បង្កើន​ការយល់ដឹង​ឲ្យ​បាន​កាន់តែ​ជ្រាលជ្រៅ​ពី​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ​ខាង​ក្រោម​ពេញ​មួយ​ការសិក្សា​ថ្នាក់​សិក្ខាសាលា​របស់​អ្នក ។ ដោយ​ធ្វើ​ដូច្នេះ វា​នឹង​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទីបន្ទាល់​ខ្លួន ហើយ​រៀបចំ​អ្នក​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ ។

  • ក្រុម​ព្រះ

  • ផែនការ​នៃ​សេចក្តី​សង្គ្រោះ

  • ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ

  • ព្យាការី និង វិវរណៈ

  • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

  • ពិធី​បរិសុទ្ធ និង​សេចក្តីសញ្ញា

  • អាពាហ៍ពិពាហ៍ និង គ្រួសារ

  • ព្រះបញ្ញត្តិ

  1. សូម​ជ្រើសរើស​យក​គោលលទ្ធិ​គ្រឹះ​មួយ​ខាង​លើ​នេះ ។ សូម​សរសេរ​ការបកស្រាយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​មូលហេតុ​ដែល​គោលលទ្ធិ​នោះ​មាន​អត្ថន័យ​សម្រាប់​អ្នក ។

សូម​ស្វែងរក​គោលលទ្ធិ​ទាំងនេះ​ពេញ​មួយ​ការសិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា​របស់​អ្នក​នៅ​ឆ្នាំ​នេះ ហើយ​ព្យាយាម​ពង្រីក​ចំណេះដឹង និង​ការយល់ដឹង​របស់​អ្នក​ឲ្យ​បាន​ជ្រៅជ្រះ​អំពី​គោលការណ៍​ទាំង​នោះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ធាតុ​ចំបាច់​មួយ​ទៀត​នៃ​សាសនាចក្រ​នៃ​ព្រះអម្ចាស់ សូម​មើល​ទៅ​រូបភាព​ទាំងឡាយ​ខាង​ក្រោម​នេះ ហើយ​គិត​ពី​អ្វី​ដែល​រូបភាព​ទាំងនេះ​មាន​ដូច​គ្នា ។

រូបភាព
ពិធី​បរិសុទ្ធ

ពិធីបរិសុទ្ធ​គឺ​ជា​ការប្រព្រឹត្ត​ដ៏​ពិសិដ្ឋ​ជា​ផ្លូវការ​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស​ដែល​មាន​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ និង​ការអនុញ្ញាត​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នោះ ។ តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ពិធីបរិសុទ្ធ​ទាំងឡាយ​ជា​ផ្នែក​ដ៏​ចាំបាច់​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( ដើម្បី​ជួយ​អ្នក​ឆ្លើយ​នឹង​សំណួរ​នេះ សូម​អាន យ៉ូហាន ៣:៥ ។ ក្រោយ​មក​សូម​គិត​អំពី​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​អ្នក​ពុំ​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ និង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​នោះ ) ។

សេចក្តីសញ្ញា​គឺ​ជា « កិច្ចព្រមព្រៀង​រវាង​ព្រះ និង​មនុស្ស ប៉ុន្តែ​ភាគី​ទាំង​សងខាង​ពុំ​ចាំបាច់​ប្រព្រឹត្ត​ដោយ​ស្មើភាព​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ ។ ព្រះ​ដាក់​លក្ខខណ្ឌ​ទាំងឡាយ​សម្រាប់​សេចក្តី​សញ្ញា ហើយ​មនុស្ស​យល់​ព្រម​ធ្វើតាម​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​ពួកគេ​ធ្វើ ។ បន្ទាប់​មក ព្រះ​សន្យា​នឹង​មនុស្ស​នូវ​ពរជ័យ​ជាក់លាក់​ទាំងឡាយ​សម្រាប់​ការគោរព​ប្រតិបត្តិ​របស់​ពួកគេ » ( សេចក្តីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ « សេចក្តីសញ្ញា » scriptures.lds.org) ។ ពិធីបរិសុទ្ធ​គឺ​ជា​មធ្យោបាយ​ដែល​យើង​បង្កើត​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ហើយ​ពរជ័យ​ទាំងឡាយ​កើតមាន​ពី​ការរក្សា​សេចក្ដី​សញ្ញា​ទាំងនោះ ។

គ្រប់​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​បព្វជិតភាព​ទាំងអស់ សុទ្ធតែ​អម​មក​ជាមួយ​សេចក្ដី​សញ្ញា ដែល​ជា​កិច្ចព្រមព្រៀង​ពិសិដ្ឋ​ជាមួយ​ព្រះ ។ សូម​សរសេរ​បញ្ចូល​សេចក្ដី​ពិត​តទៅ​នេះ ទៅ​ក្នុង​បញ្ជី​ក្នុង​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា ៖ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​ចាំបាច់​ដល់​សេចក្ដី​សង្គ្រោះ​របស់​យើង ។

កាល​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា​ធាតុ​នីមួយៗ​ដែល​អ្នក​បាន​សិក្សា​ជា​ផ្នែក​ចាំបាច់​របស់​សាសនាចក្រ​ទ្រង់ ។ បន្ទាប់​ពី​ទ្រង់​បាន​សុគត បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ នោះ​ទ្រង់​បាន​បន្ត​ដឹកនាំ ហើយ​បង្រៀន​ពួក​សាវក​ទ្រង់​តាមរយៈ​វិវរណៈ ។ នៅ​ក្រោម​ការដឹកនាំ​របស់​ពួកសាវក នោះ​សាសនាចក្រ​ពី​បុរាណ​បាន​រីកដុះដាល​យ៉ាង​រហ័ស ហើយ​មនុស្ស​រាប់​ពាន់​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ ក្រុមជំនុំ​ទាំងឡាយ​នៃ​ពួក​បរិសុទ្ធ​ត្រូវបាន​បង្កើត​ឡើង​ពេញ​មួយ​ចំណែក​ធំ​នៃចក្រភព រ៉ូម ( រួម​មាន​ពួក​អេស្ប៉ាញ ទួគី ក្រិក អ៊ីតាលី ស៊ីរី និង​ផ្នែក​ដទៃ​ទៀត​នៅ​ប៉ែក​អឺរ៉ុប អាស៊ី និង អាហ្រិក​នៅ​សម័យ​ទំនើប​នេះ ) ។ អែលឌើរ ប៊ីស្សព ឌីកុន សង្ឃ គ្រូ និង​អ្នក​បង្រៀន​ដំណឹងល្អ ( ពួកអយ្យកោ ) ត្រូវបាន​ហៅ ហើយ​ផ្ដល់​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ​ដោយ​ពួកសាវក ។

ការក្បត់សាសនា​ដ៏​ធំ​កើតឡើង​នៅ​ប៉ុន្មាន​សតវត្សរ៍​ក្រោយ​ពី​ការបម្រើ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​រមែងស្លាប់

ទោះជា​មាន​ការខិតខំ​ពី​សំណាក់​ពួក​សាវក​យ៉ាង​ណាក្ដី ក៏​សាសនាចក្រ​កាល​ពី​បុរាណ​បាន​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ទាំង​ក្នុង និង​ក្រៅ​សាសនាចក្រ​ដែរ ។ សូម​អាន​ការដកស្រង់​បទគម្ពីរ​ខាងក្រោម រួច​ស្វែងរក​ការគំរាមកំហែង​ទាំងនេះ ៖

កិច្ចការ ១២:១–៣

កិច្ចការ ២០:២៩–៣០

ធីម៉ូថេ ទី ២ ៤:១–៤

ពេត្រុស ទី២ ២:១–២

  1. តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ការគំរាមកំហែង​ទាំងនេះ​គ្រោះថ្នាក់​ដល់​សាសនាចក្រ ? សូម​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ពី​ការបាត់បង់​ដ៏​ធំ​ដែល​សាសនាចក្រ​ក្នុង​សញ្ញា​ថ្មី​បាន​ជួប​ប្រទះ​អំឡុង​ពេល​នោះ​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យ៉ាកុប​ត្រូវបាន​សម្លាប់​នៅ​ក្រុង​យេរ៉ូសាឡិម​ដោយ​ស្ដេច​ហេរ៉ូឌ ។ ពេត្រុស និង​ប៉ុល ស្លាប់​នៅ​ក្រុង​រ៉ូម ។ ទំនៀមទម្លាប់​បានប្រាប់ថា ភីលីព បាន​ចេញទៅ​ភាគ​ខាង​កើត ។ មាន​រឿង​ជា​ច្រើន​ទៀត​ដែល​យើង​ពុំ​ដឹង ។

« ពួកលោក​បាន​បំបែក​គ្នា ពួកលោក​បាន​បង្រៀន ថ្លែងទីបន្ទាល់ ហើយ​បាន​ស្ថាបនា​សាសនាចក្រ​ឡើង ។ ហើយ​ពួកគេ​បាន​ស្លាប់​ដើម្បី​ជំនឿ​របស់ពួកគេ ហើយ​ដោយការស្លាប់​របស់ពួកគេ នោះ​កើត​មាន​នូវ​ភាពងងឹត​នៃ​ការ​ក្បត់សាសនា​ជាច្រើន​សតវត្សន៍ » ( ពួក​ដប់ពីរនាក់ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨, ទំព័រ ៨៤ ) ។

តើ​រចនា​សម្ព័ន្ធ​នឹង​ទៅ​ជា​យ៉ាង​ណា​ប្រសិនបើ​គ្រឹះ​ត្រូវ​បាន​ដក​ចេញ​ទៅ​ហើយ​នោះ ?

ការធ្លាក់​នៃ​សាសនាចក្រ​កាល​ពី​បុរាណ​ត្រូវបាន​ហៅ​ថា ការក្បត់សាសនា​ដ៏​ធំ ។ ការក្បត់សាសនា​កើតឡើង​នៅ​ពេល​មនុស្ស​បែរ​ចេញ​ឆ្ងាយ​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​បដិសេធ​ចោល​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិអំណាច​ពី​ព្រះអម្ចាស់ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ប្រធាន ផាកកឺ បាន​ពន្យល់​បន្ថែម​ពី​ការបាត់បង់​ដ៏​ធំធេង​ជាង​គេ​ដែល​ជា​លទ្ធផល​ពី​ការក្បត់សាសនា​ដ៏​ធំ​នោះ​ថា ៖ « របស់​ដ៏​មាន​តម្លៃ​បំផុតដែល​បាន​បាត់បង់​នៅក្នុង​ការ​ក្បត់សាសនា គឺ​សិទ្ធិអំណាច​ដែល​ពួកដប់ពីរនាក់​កាន់--គឺ​កូនសោបព្វជិតភាព។ ដើម្បី​ឲ្យ​សាសនាចក្រ​នេះ ជា​សាសនាចក្រ​របស់ទ្រង់ សាសនាចក្រ​នេះ​ត្រូវ​តែ​មាន​កូរ៉ុម​មួយ​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែលកាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ហើយ​ប្រគល់​វា​ទៅ​ដល់​មនុស្ស​ដទៃទៀត » («The Twelves » ទំព័រ ៨៤)។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការបាត់បង់​សិទ្ធិអំណាច​បព្វជិតភាព​មាន​ផល​ប៉ះពាល់​ដល់​ធាតុ​ចាំបាច់​ដទៃ​ទៀត​នៃ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

    2. ហេតុអ្វី​បាន​ជា​ពុំ​មាន​មធ្យោបាយ​ដើម្បី​កែលម្អ​សាសនាចក្រ​ឡើង​វិញ ប្រសិនបើ​គ្មាន​ពួកព្យាការី និង​ពួក​សាវក សិទ្ធិអំណាច​បព្វជិតភាព និង​ចំណេះដឹង​ដ៏​ត្រឹមត្រូវ​ពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ ?

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ប្រធាន ផាកកឺ បាន​មាន​ប្រសាសន៍​ពី​គ្រា​នោះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ៖ « នៅពេល​ជាច្រើន​សតវត្សន៍​បាន​កន្លង​ផុតទៅ នោះ​អណ្ដាត​ភ្លើងនៃ​គោលលទ្ធិ​បានភ្លឺព្រឹម​ៗ រួច​ងងឹតសូន្យសុង ។ ពិធីបរិសុទ្ធ​ទាំងឡាយ​ត្រូវបាន​កែប្រែ ឬ​បោះបង់​ចោល ។ ខ្សែតំណរ​ត្រូវ​បាន​ផ្ដាច់ ហើយ​សិទ្ធិអំណាច​ដើម្បី​ប្រគល់​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ជា​អំណោយ​ទាន​មួយ ត្រូវ​បាន​បាត់ ។ យុគសម័យ​ដ៏​ខ្មៅ​ងងឹត​នៃ​ការ​ក្បត់សាសនា បាន​រីកសាយ​ពេញ​លើ​ពិភពលោក » (The Cloven Tongues of Fire » Ensign ខែ ឧសភា ឆ្នាំ ២០០២,ទំព័រ ៨ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដែល​ត្រូវ​យល់​ពី​ការក្បត់​សាសនា​ដ៏​ធំ និង​ផល​វិបាក​របស់​វា ?

នៅ​ពេល​អ្នក​សិក្សា​ពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ អំឡុង​ពេល​វគ្គ​សិក្សា​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​នេះ អ្នក​នឹង​យល់​ដឹង​ថា ការស្តារឡើងវិញ​នៃ​សេចក្ដីពិត និង សិទ្ធិអំណាច​បព្វជិតភាព​មាន​ភាពចាំបាច់​ដើម្បី​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការក្បត់សាសនា​ដ៏​ធំ ។ ការស្តារឡើងវិញ​គឺ​ជា « ការបង្កើត​ឡើង​វិញ​របស់​ព្រះ​នូវ​សេចក្តីពិត និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់​ក្នុង​ចំណោម​កូនចៅ​មនុស្ស​នៅ​លើ​ផែនដី ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​បាត់បង់​ពី​ផែនដី​ដោយសារ​ការក្បត់សាសនា ដែល​បាន​កើតមាន​នៅ​បន្ទាប់​ពី​ការបម្រើ​នៃ​ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​លើ​ផែនដី​នេះ ។ ការក្បត់សាសនា​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាពចាំបាច់​ចំពោះ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ការស្តារឡើងវិញ​នៃ​ដំណឹងល្អ »scriptures.lds.org) ។

នៅ​ពេល​អ្នក​សិក្សា អ្នក​នឹង​ស្គាល់​ពី​របៀប​ដែល​ធាតុ​ចាំបាច់​នានា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង​សាជាថ្មី ក្នុង​គោលបំណង​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពិភពលោក ។

  1. សូម​ពន្យល់​ទៅ​កាន់​សមាជិក​គ្រួសារ​ម្នាក់ ឬ មិត្ត​ម្នាក់ ( ដោយ​ផ្ទាល់ ) អំពី​ធាតុ​ចាំបាច់​នានា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ពី​របៀប​ដែល​ធាតុ​ទាំងនេះ​ត្រូវ​បាន​បាត់បង់​ពី​សាសនាចក្រ​កាល​ពី​បុរាណ ។ សូម​ពន្យល់​ពី​មូលហេតុ​ដែល​វា​ចាំបាច់ដែល​ត្រូវ​យល់​ពី​ការក្បត់សាសនា​ដ៏​ធំ​នេះ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​របៀប​ដែល​ការពិភាក្សា​របស់​អ្នក​បាន​ប្រព្រឹត្ត​ទៅ និង​ពី​របៀប​ដែល​សមាជិក​គ្រួសារ ឬ​មិត្ត​របស់​អ្នក​បាន​ឆ្លើយ​តប​មក​វិញ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ការក្បត់​សាសនា​ដ៏​ធំ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖