២០១៥
យើង​បាន​ដើរតាម​ផ្លូវ​នោះ
មករា 2015


យើង​បាន​ដើរតាម​ផ្លូវ​នោះ

រុត ឌេ អូលីវីរ៉ា ម៉ាកូលីណូ រីយ៉ូ ហ្គ្រង់ ដូ ន័រតេ ប្រទេស​ប្រេស៊ីល

រូបភាព
illustration for lds voices

កាល​យើង​បាន​ចាប់ផ្ដើម​ចុះ​តាម​ផ្លូវ​ដែល​មិន​ស្គាល់​នោះ មិនយូរប៉ុន្មាន យើង​បាន​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ដើរ​មក​រក​យើង ។ យើងមិន​អាចជួយអ្វីបានឡើយ ប៉ុន្តែ​បាន​សង្កេតឃើញថា គាត់កំពុងតែយំ ។

នៅ​តំបន់​ចុង​ក្រោយ​ក្នុង​បេសកកម្ម​ខ្ញុំ ដៃគូ​ខ្ញុំ និង ខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​ភូមិ​ចំនួន​ពីរ ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ​សៅ ផាឡូ ប្រទេស​ប្រេស៊ីល ។ នៅ​ចន្លោះ​ភូមិ​ទាំង​ពីរ​នោះ​មាន​ផ្លូវ​វាង​មួយ​កាត់​តាម​ព្រៃ ដែល​យើង​ពុំ​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ពី​មុន​មក​ឡើយ ដោយសារ​យើង​មានអារម្មណ៍អាច​មានភាព​គ្រោះថ្នាក់ ហើយ​ទំនង​ដូចជា​គ្មាន​នរណា​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ឡើយ ។

នៅ​រសៀល​មួយ កាល​យើង​ហៀប​នឹង​ទៅ​ដល់​ផ្លូវ​វាង​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប៉ះ​ដួងចិត្ត​ខ្ញុំ ដោយ​ប្រាប់​ខ្ញុំ​ថា យើង​គួរ​ចូល​ទៅ​ក្នុង​ព្រៃ​នោះ ។ ខ្ញុំ​មើល​មុខ​អែលឌើរ អង់ឌ្រេដ ហើយ​ប្រាប់​គាត់​ពី​អារម្មណ៍​ដែល​ខ្ញុំ​ទើបតែ​ទទួល​បាន ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ក៏​មាន​អារម្មណ៍​ដូចគ្នា​ដែរ ។

កាល​យើង​បាន​ចាប់ផ្ដើម​ចុះ​តាម​ផ្លូវ​ដែល​មិន​ស្គាល់​នោះ​មិន​យូរប៉ុន្មាន យើង​បាន​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ដើរ​មក​រក​យើង ។ ផ្លូវ​នោះ​តូច​ណាស់ ហើយ​កាល​យើង​បាន​ដើរ​កាត់​គាត់ យើង​បាន​ឃើញ​ថា គាត់​កំពុងតែ​យំ ។

កាល​គាត់​បាន​ងើយ​មុខ​ឡើង គាត់​បាន​អញ្ជើញ​យើង​ឲ្យ​មក​តាម​គាត់​ទៅ​ផ្ទះ​របស់​គាត់ ដើម្បី​ទៅ​ជួប​នឹង​ស្វាមី​របស់​គាត់ ។ ភ្លាមនោះ យើង​បាន​ចាប់ផ្ដើម​បង្រៀន​ដំណឹងល្អ​ដល់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ។ បន្ទាប់​ពី​ពីរ​បី​សប្ដាហ៍​មក យើង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ។ យើង​បាន​រីករាយ​យ៉ាង​ខ្លាំង កាល​ពួកគាត់​បាន​ទទួល​យក​ដោយ​ក្ដី​រីករាយ ដោយ​សារ​វួដ​ពុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ។ យើង​មាន​អំណរគុណ​ដែល​យើង​បាន​ធ្វើ​តាម​ការបំផុសគំនិត​ឲ្យ​ចូល​តាម​ផ្លូវ​នោះ​នៅ​ថ្ងៃ​នោះ ។

ប៉ុន្តែ​ពី​មុន​ពិធីបុណ​ជ្រមុជទឹក​របស់​ពួកគាត់​បន្ដិច ស្ត្រី​ដែល​ជា​ភរិយា​បាន​ពោល​ថា គាត់​ចង់​និយាយ​នឹង​ពួក​យើង ។ គាត់បាន​ពោល​ថា អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ គាត់ធ្លាប់មានសុបិនមួយ​ម្ដងហើយ​ម្ដងទៀត ។ នៅ​ក្នុង​សុបិន​របស់​គាត់ គាត់​បាន​ឃើញ​ថា​គាត់​កំពុង​រង់ចាំ​នៅ​ត្រង់​ចំណុច​កណ្ដាល​នៃ​រដ្ឋ​សៅ ផាឡូ ។ ​មាន​បុរស​ចំណាស់​ម្នាក់​បាន​ដើរ​មក​រក​គាត់ ហើយ​ប្រាប់​ថា យុវជន​ពីរ​នាក់​នឹង​មក​ផ្លាស់ប្ដូរ​ជីវិត​គាត់ ។ រួច​គាត់​បាន​ឃើញ​យុវជន​ពីរ​នាក់​ដើរ​មក ប៉ុន្តែ​សុបិន​របស់​គាត់​តែងតែ​បញ្ចប់​នៅ​ត្រង់​ចំណុច​នេះ ។

មាន​ថ្ងៃ​មួយ​កាល​ពី​ពីរ​បី​សប្ដាហ៍​មុន កាល​គាត់​កំពុងតែ​បោស​សម្អាត​ផ្ទះ គាត់​បាន​ឮ​សំឡេង​មួយ​ប្រាប់​គាត់​ថា យុវជន​ពីរ​នាក់​នោះ​កំពុង​តែ​មក​ហើយ ហើយ​ថា​គាត់​ត្រូវ​ចេញ​ទៅ​ផ្លូវ​វាង​នោះ​ភ្លាម ជា​កន្លែង​ដែល​យើង​បាន​ជួប​គាត់​ដំបូង ។ ដោយ​មិន​បាន​យល់​ពី​ការ​បំផុសគំនិត ប៉ុន្តែ​ចង់​ដឹង​ពី​ចម្លើយ​ចំពោះ​សុបិន​របស់​គាត់ គាត់​បាន​ទម្លាក់​អំបោស​គាត់​ចុះ ហើយ​ដើរ​ទៅ​ផ្លូវ​នោះ ។

កាល​ដែល​គាត់​កំពុង​ដើរ រូបភាព​នៃ​សុបិន​របស់​គាត់​បាន​ផុស​ឡើង​ក្នុងគំនិត​គាត់ ដូចជា​នៅ​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ដែល​បញ្ចប់​នៅ​ត្រង់​ឈុតឆាក​ដែល​នៅ​ទីបំផុត​គាត់​បាន​ឃើញ​មុខ​របស់​យុវជន​ទាំងពីរ​នាក់​នោះ ។ គាត់​ក៏​បាន​ឃើញ​ថា ពួកគេ​ទាំងពីរ​នាក់​មាន​ពាក់​ស្លាក​ឈ្មោះ​ពណ៌​ខ្មៅ​ផងដែរ ។ មួយ​សន្ទុះ​ក្រោយមក គាត់​បាន​ពោល​ថា អែលឌើរ អង់ឌ្រេដ និង ខ្ញុំ​បាន​លេច​ឡើង​នៅ​ចំពោះ​មុខ​គាត់​នៅ​លើ​ផ្លូវ​នោះ ។ គាត់​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង ហើយ​គាត់​មិន​អាច​ទប់​ខ្លួន​ឯង​មិន​ឲ្យ​យំ​បាន​ឡើយ ។

នៅ​សព្វថ្ងៃនេះ ដោយ​ចងចាំ​ពី​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នោះ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​បាន​ឃើញ​នៅ​ក្នុង​គំនិត​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​នូវ​ទឹកមុខ​ដែល​ពោរពេញ​ដោយ​ទឹក​ភ្នែក​របស់​បងស្រី​នោះ ដែល​បាន​ឱបក្រសោប​យក​ដំណឹងល្អ ។ វា​គឺជា​សំណាង​ល្អ​ណាស់ ដែល​ដៃគូ​ខ្ញុំ និង ខ្ញុំ​មាន​អារម្មណ៍ និង ភាពក្លាហាន​ដើម្បី​ដើរតាម​ផ្លូវ​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ដល់​យើង​នៅ​ថ្ងៃ​នោះ ។