២០១៥
ការ​ផ្ដល់​អំណោយ​ដ៏​ល្អ​បំផុត
មករា 2015


ការ​ផ្ដល់អំណោយ​ដ៏​ល្អ​បំផុត

អ្នក​និពន្ធ​រស់​នៅ​រដ្ឋតិចសាស ស.រ.អា. ។

ខ្ញុំ​បាន​ឲ្យ​មិត្ត​ខ្ញុំ​នូវ​អំណោយ​ខួបកំណើត​មួយ​ដ៏​ល្អ​បំផុត ដែល​នាង​ពុំ​ធ្លាប់​បាន​ទទួល​ពី​មុន​មក ។

រូបភាព
illustration of giftwrapped book and cupcake

រចនា​រូបថត​ដោយ ថាអៀ ម៉លី

កាល​ខ្ញុំ​មាន​អាយុ 13 ឆ្នាំ ព្យាការី​បាន​សូម​ឲ្យ​សមាជិក​សាសនាចក្រ​អាន​បញ្ចប់​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​រយៈពេល​ប្រាំ​ខែ គឺ​នៅ​ត្រឹម​ចុង​ឆ្នាំ​នោះ ហើយ​បាន​សន្យា​ពី​ពរជ័យ​ចំពោះ​ការធ្វើបែប​នេះ ។ មាន​ថ្ងៃ​មួយ​ កាល​ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរ​នៅ​លើ​រថយន្ត​ក្រុង មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ស៊ីនទីយ៉ា ដែល​អង្គុយ​នៅ​ក្បែរ​ខ្ញុំ​បាន​សួរ​ថា​តើ​សៀវភៅ​នោះ​ជា​សៀវភៅ​អ្វី​ទៅ ។ ខ្ញុំ​បាន​តប​ថា វា​គឺ​ជា​ព្រះគម្ពីរ​មរមន ហើយ​ថា​វា​គឺ​ជា​សៀវភៅ​មួយ​ដ៏​ពិសេស ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​អាន​វា​ឲ្យ​ចប់​ពី​មុន​ចុង​ឆ្នាំ ដើម្បី​ខ្ញុំ​អាច​ទទួលបាន​ពរជ័យ ។

នាង​បាន​ចាប់ផ្ដើម​សួរ​សំណួរ​បន្ថែម​ទៀត ហើយ​ខ្ញុំ​បាន​ប្រាប់​នាង​ថា នាង​អាច​មក​ផ្ទះ​ខ្ញុំ​ដើម្បី​យើង​អាច​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ពី​សៀវភៅ​នេះ ។ នាង​បាន​ទទួល​យកការអញ្ជើញ​របស់​ខ្ញុំ ហើយ​យើង​បាន​ចំណាយ​ពេល​ពីរ​ទៅ​បី​ម៉ោង​នៅ​ថ្ងៃ​បន្ទាប់​ពិភាក្សា​ពី​ព្រះគម្ពីរ​មរមន និង សាសនាចក្រ ។

លុះ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ ខ្ញុំ​បាន​អញ្ជើញ​នាង​មក​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ជា​ពេល​ដែល​ខ្ញុំ​បាន​ណែនាំ​នាង​ឲ្យ​ស្គាល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​ចាប់ផ្ដើម​បង្រៀន​នាង​ពី​មេរៀន​នានា ហើយ​នាង​បាន​ចាប់ផ្ដើម​មក​ព្រះវិហារ ហើយ​មក​ចូលរួម​រាល់​សកម្មភាព​សម្រាប់​យុវវ័យ និង ការប្រជុំ​ផ្សេង​ទៀត​របស់​សាសនាចក្រ ។

នាង​បាន​សម្រេចចិត្ត​ថា នាង​ចង់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុកម្ដាយ​នាង នាង​បាន​ជ្រមុជទឹក​នៅ​ចំ​ថ្ងៃ​កំណើត​របស់​នាង​ក្នុង​ឆ្នាំ​នោះ ។ នាង​បាន​និយាយ​ថា វា​គឺជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​នាង​ធ្លាប់​បាន​ទទួល ។ ម្ដាយ និង បងប្អូន​នាង​បាន​មក​ចូល​រួម​ក្នុង​ពិធីបុណ​ជ្រមុជទឹក​នោះ ។ នាង​បាន​សុំ​ឲ្យ​ខ្ញុំ​ច្រៀង​បទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ( ទំនុកដំកើងព្រះ និង ចំរៀង​កុមារា​កុមារី ទំព័រ 28 ) ហើយ​បាន​សុំ​ឲ្យ​ឪពុក​ខ្ញុំ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​នាង ។ បន្ទាប់​ពី​នាង​បាន​ងើប​ចេញ​ពី​ទឹក​មក​វិញ យើង​បានយំឱប​គ្នា ។ ខ្ញុំ​មិន​អាច​បំភ្លេច​ថ្ងៃ​នោះ​បាន​ឡើយ ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​នូវ​សុភមង្គល​ដ៏​លើសលប់ ។

មួយ​ឆ្នាំ​ក្រោយមក គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ ។ វា​គឺ​ជា​រឿង​ដ៏​ពិបាក​ណាស់ ដោយសារស៊ីនទីយ៉ា និង ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ដ៏​ល្អ និង បងប្អូនស្រី​នៅ​ក្នុង​ដំណឹងល្អ ។

ទោះ​ជា​យើង​មិន​បាន​រស់នៅ​ជិត​គ្នា​ទៀត​ក៏​ដោយ យើង​នៅ​តែ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា ។ ជារឿយៗ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​រក​គ្នា ហើយ​ថ្មីៗ​នេះ នាង​បាន​ទូរសព្ទ​មក​ប្រាប់​ខ្ញុំ​ថា ម្ដាយ​នាង​កំពុង​រៀន​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ដំណឹងនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីករាយ ដោយសារ​ពី​មុន​មក​ម្ដាយ​របស់​នាង​មិន​ចង់​ស្ដាប់​មេរៀន​ទាំងនោះ​ទេ ។ ស៊ីនទីយ៉ា បាន​ប្រាប់​ខ្ញុំ​ថា នៅ​ថ្ងៃ​មួយ នាង​សង្ឃឹម​ថា គ្រួសារ​នាង​ទាំងមូល​នឹង​ទៅ​ព្រះវិហារ​ជាមួយ​នឹង​នាង ។ នាង​បាន​អរគុណ​ខ្ញុំ​ដែល​បាន​ណែនាំ​នាង​ឲ្យ​ស្គាល់​សាសនាចក្រ ។