២០១៥
ដំបូន្មាន​​របស់​ព្យាការី និង ពរជ័យ​ព្រះវិហារ​បរិសុទ្ធ 
មករា 2015


ដំបូន្មាន​​របស់​ព្យាការី និង ពរជ័យ​ព្រះវិហារ​បរិសុទ្ធ

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​អធិស្ឋាន​សូម​ការដឹកនាំ ធ្វើតាម​ព្យាការី​ដែល​កំពុងរស់នៅ ហើយ​ដាក់​ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​យើង នោះ​ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​យើង​ ហើយ​ប្រទានពរ​ដល់​យើង ។

រូបភាព
Exterior of the Salt Lake Temple.

​កាល​ខ្ញុំ​មាន​វ័យ​ជំទង់ អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) នៅ​ពេល​នោះ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​មួយ​ដែល​ខ្ញុំ​បាន​ចូលរួម ។ ខ្ញុំ​នៅ​ចាំ​ពី​ការប្រឹក្សា​របស់​លោក​ថា ៖ « យុវវ័យ​ត្រូវ​ចេញ​បេសកកម្ម ហើយ​ពួកគេ​ត្រូវតែ​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ខ្ញុំ​ទទួលបាន​ការបំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បាន​តាំងចិត្ត​ថា ខ្ញុំ​នឹង​បម្រើ​បេសកកម្ម ហើយ​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ទោះ​ជា​ប្រទេស​ជប៉ុន​ពុំ​ទាន់​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ឡើយ​ក្ដី ។

នៅ​ពេល​នោះ ខ្ញុំ​មាន​អាយុ 19 ឆ្នាំ ហើយ​ខ្ញុំ​រៀន​នៅ​​សាកលវិទ្យាល័យ​ឆ្នាំ​ទី​ពីរ ។ ឪពុកម្ដាយ​ខ្ញុំ​ដែល​ពុំ​មែន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ជំទាស់​យ៉ាង​ដាច់​ខាត​ទៅ​នឹង​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការបម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​អធិស្ឋាន​រាល់​ថ្ងៃ​សូម​ឲ្យ​ពួកគាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​ពរ​ដល់​ខ្ញុំ ។ ប្រាំ​មួយ​ខែ​ក្រោយមក ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​ខ្ញុំ ។

ឪពុកម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា « ប៉ា​ម៉ាក់​កំពុងមាន​វិបិត្ត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ប៉ា​ម៉ាក់​មិន​អាច​មិន​បង់​ថ្លៃ​សាលា​ឲ្យ​កូន និង​ថ្លៃ​ចំណាយ​ផ្សេងៗ​បាន​ទៀត​ឡើយ » ។ « ចាប់​ពី​ពេល​នេះ​ទៅ​កូន​ត្រូវ​រៀន​រស់​នៅ​ដោយ​ខ្លួន​ឯង​ហើយ ។ ប៉ា​ម៉ាក់​ក៏​មិន​ខ្វល់ខ្វាយ​ទៀត​ដែរ ប្រសិនបើ​កូន​ចង់​ចេញ​បេសកកម្ម​នោះ ! »

ខ្ញុំ​ទទួល​បាន​ពរ​ពី​ឪពុកម្ដាយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ឈប់​រៀន ហើយ​បាន​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម​ក្នុង​សាសនាចក្រ រួច​បាន​ចាប់ផ្ដើម​ស្វែងរក​ការងារ​មួយ​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​ការចេញ​បេសកកម្ម ។ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ខ្ញុំ​រក​បាន​ការងារ​បី ! ជា​រៀង​រាល់​ថ្ងៃ លើកលែង​តែ​ថ្ងៃ​អាទិត្យ អស់រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​រត់​កាសែត​ពី​ម៉ោង 3:00 រហូតដល់ ម៉ោង 7:00 ព្រឹក សម្អាត​អគារ​ពី​ម៉ោង 9:00 ព្រឹក រហូត​ដល់​ម៉ោង 4 រសៀល ហើយ​ធ្វើ​ជា​ចុងភៅ​ពី​ម៉ោង 5:00 ល្ងាច រហូត​ដល់ ម៉ោង 7:30 យប់ ។ រួច​ខ្ញុំ​ផ្លាស់​សំលៀកបំពាក់ ហើយ​ទៅ​ធ្វើការ​នៅ​ពេល​យប់​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រចាំ​មណ្ឌល ។

កាល​ខ្ញុំ​អាយុ 22 ឆ្នាំ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម ន័រធើន ហ្វាអ៊ីស្ទ ។ តាមរយៈ​ការ​បម្រើ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​មាន​នូវ​សេចក្ដី​អំណរ​ដ៏​ធំធេង​បំផុត​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន ខ្ញុំ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​ទទួលបាន​នូវ​ពរជ័យ​ជាច្រើន ។ គ្រួសារ​ខ្ញុំ​ក៏​បាន​ទទួល​ពរជ័យ​ក្នុង​ពេល​ខ្ញុំ​កំពុង​បម្រើ​ផងដែរ ដោយ​ឪពុកម្ដាយ​ខ្ញុំ​បាន​ដោះស្រាយ​វិបិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ។

ការ​ធ្វើតាម​ព្យាការី

កាល​ខ្ញុំ​បញ្ចប់​បេសកកម្ម ព្រះ​វិញ្ញាណ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ចំណុច​ទី​ពីរ​នៃ​ការ​ប្រឹក្សា​របស់​ប្រធាន​ឃឹមបឹល ហើយ​កុំ​ឲ្យ​ពន្យារ​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មួយ​ឆ្នាំ​មុន សមាជិក​សាសនាចក្រ​នៅ​ប្រទេស​ជប៉ុន​បាន​ចាប់ផ្ដើម​ដាក់​ផែនការ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធសលត៍ លេក ។ ដោយសារ​ពួកគេ​នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ក្នុង​រយៈ​ពេល​បី​ខែ​ទៀត ខ្ញុំ​បាន​អធិស្ឋាន ហើយ​បាន​តមអាហារ​ដើម្បី​បាន​ដឹកនាំ​ទៅ​រក​យុវនារី​ដ៏​សក្ដិសម​ម្នាក់​ដែល​ខ្ញុំ​អាច​នាំ​នាង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

មិន​យូរ​ប៉ុន្មាន​ក្រោយមក ខ្ញុំ​បាន​ចូលរួម​សកម្មភាព​សាសនាចក្រ​មួយ​នៅ​ស្រុក​កំណើត​ខ្ញុំ​គឺ​ទីក្រុង ម៉ាស្ស៊ុម៉ូតូ ។ កាល​ខ្ញុំ​នៅ​ទីនោះ​ខ្ញុំ​បាន​ជួប​នឹង ហ្ស៊ីរ៉ូកូ ម៉ូម៉ូសេ ដែល​ធ្លាប់​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា ទន្ទឹម​នឹង​ពេល​ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ ។ ភ្លាមនោះ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ថា នាង​គឺ​ជា​នារី​ដែល​បាន​រៀបចំ​សម្រាប់​ខ្ញុំ ។

ក្រោយ​ពី​យើង​បាន​ចាប់ផ្ដើម​ដើរ​លេង​ជាមួយ​គ្នា​បាន​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​សូម ហ្ស៊ីរ៉ូកូ រៀបការ ។ នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ កាល​នាង​បាន​យល់ព្រម ប៉ុន្តែ​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ញាក់​ផ្អើល​ជាមួយ​នឹង​ពាក្យ​សម្ដី​ដែល​នាង​ប្រាប់​បន្ទាប់​មក​ទៀត ។

នាង​ពោល​ថា « អូន​រីក​រាយ​ជា​ខ្លាំង​ដោយ​ដឹង​ថា ព្រះអម្ចាស់​របស់បងគឺជា​ព្រះអម្ចាស់​របស់អូនដែរ » ។ « កាល​គេ​បាន​ប្រកាស​ពី​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធសលត៍ លេក អូនចង់​ទៅ​ជា​ខ្លាំង ។ អូន​​បាន​អធិស្ឋាន​ជា​ច្រើន​ដង​សូម​ឲ្យ​ព្រះអម្ចាស់​ជួយអូន​ឲ្យ​រក​ឃើញ​បុរស​ម្នាក់​ដែលអូន​​​​អាច​រៀបការ​ជាមួយ​នៅ​ទី​នោះ ។ ប្រហែល​ជា​មួយ​ឆ្នាំ​មុន អូនបាន​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាល​កំពុង​អធិស្ឋាន​ថា អូនគួររង់​ចាំបង ហើយ​ថា​បង​នឹង​សូមអូនរៀបការ ពេលបងត្រឡប់​មក​ពី​បេសកកម្ម​វិញ » ។

ការណ៍​នោះ​គឺជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង ហើយ​វា​បាន​ពង្រឹង​ដល់ដំណោះស្រាយ​របស់​យើង​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធសលត៍ លេក​ ។ យើង​មាន​ប្រាក់​បន្តិចបន្តួច​ដើម្បី​ធ្វើ​ដំណើរ​នោះ ប៉ុន្តែ​យើង​មិន​បានបណ្តោយ​ឲ្យ​រឿង​នោះ​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​ឡើយ ។ លុះ​ដល់​ពេល​នោះ យើង​បាន​ដឹង​ថា កាល​យើង​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ហើយ​គោរព​ព្រះបញ្ញត្តិ​ទ្រង់ នោះ​ទ្រង់​ជួយ​យើង​ឲ្យ​សម្រេច​នូវ​រឿង​ទាំងឡាយ​ដែល​យើង​មិន​អាច​សម្រេច​វា​ដោយ​ខ្លួន​ឯង​បាន ។

យើង​បាន​ទូលអង្វរ​ដល់​ព្រះវរបិតាសួគ៌​យើង​នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​បាន​ខិតខំ​អស់​ពី​លទ្ធភាព​របស់​យើង​ដើម្បី​សន្សំប្រាក់ដែល​ត្រូវការ​ចាំបាច់ ។ ការខិតខំ​ទាំងនោះ រួមទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​មិត្ត​ម្នាក់​របស់​ ហ្ស៊ីរ៉ូកូ បាន​ជួយ​យើង​ឲ្យ​ចូលរួម​នឹង​ពួក​បរិសុទ្ធ​ជប៉ុន ដែល​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធសលត៍ លេក ។

យើង​មិន​អាច​សម្ដែង​នូវ​សេចក្ដី​អំណរ ដែល​យើង​មាន ពេល​បាន​ផ្សារភ្ជាប់​នៅ​ទីនោះ​ជា​ស្វាមី​ភរិយា​អស់កល្ប​ជានិច្ច​បាន​ឡើយ ។ យើង​មិន​អាច​បំភ្លេច​បទពិសោធន៍​នោះ​បាន​ទេ ។ អ្វី​ដែល​បាន​បន្ថែម​ទៅ​លើ​សេចក្ដី​អំណរ​របស់​យើង​គឺ​ថា យើង​បាន​ស្រាវជ្រាវ​ឃើញ​ដូនតា​យើង​ប្រាំ​ជំនាន់ ហើយ​បាន​រៀបចំ​ឈ្មោះ​ពួកគាត់​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ កាល​នៅ ​ទីក្រុង សលត៍ លេក យើង​បាន​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស​ឲ្យ​ដូនតា​ទាំងនោះ ។ ការធ្វើ​ពិធី​បរិសុទ្ធ​ទាំងនោះ​បាន​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ពួកគាត់ ។ យើង​បាន​ដឹង​ថា ពួកគាត់​បាន​ពោរពេញ​ដោយ​សេចក្ដី​អំណរ ដោយសារ​ការខិតខំ​របស់​យើង ។

យើង​គឺជា​ស្វាមី​ភរិយា​ទើប​រៀបការ​ថ្មោងថ្មី​ដែល​ក្រីក្រ ប៉ុន្តែ​យើង​បាន​ដាក់​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព ក្រោយ​មក​ទៀត​យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធឡាអ៊ីអេ ហាវ៉ៃ ជារឿយៗ តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ។

មាន​ពរ​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ថា « យើង​ត្រូវការ​ព្រះវិហារ​បរិសុទ្ធ​លើស​ពី​អ្វីៗ​ផ្សេង​ទៀត »1

នៅ​ក្នុង​ផែនការ​សង្គ្រោះ​របស់​ព្រះ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កត្តា​ដ៏​ចាំបាច់​ចំពោះ​សុភមង្គល​អស់កល្ប​ជានិច្ច​របស់​យើង ដោយសារ​យើង​ធ្វើ​ពិធីការ និង ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ទី​នោះ ។ Bible Dictionary ( វចនានុក្រមព្រះគម្ពីរប៊ីប ) ប្រាប់​យើង​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​ដ៏​បរិសុទ្ធ​បំផុត​នៃ​ការ​ថ្វាយបង្គំ​នៅ​លើ​ផែនដី និង ជា « កន្លែង​មួយ​ដែល​ព្រះ​អម្ចាស់​អាច​នឹង​យាង​មក » ។2

ប្រសិនបើ​យើង​គោរព​ដល់​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ហើយ​ទៅ​ព្រះវិហារ​បរិសុទ្ធ « ដោយ​ចិត្ត​រាបសា ស្អាតស្អំ ហើយ​ដោយ​កិត្តិយស និង សេចក្ដី​ទៀង​ត្រង់ »3 នោះ​យើង​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញា​បរិសុទ្ធ ហើយ​ទទួលបាន​ពន្លឺ និង ចំណេះដឹង​បន្ថែម​ទៀត ។ កាល​យើង​ចាកចេញ​ពី​ព្រះវិហារ​បរិសុទ្ធ យើង​នឹង​ចេញ​ទៅ​ដោយ​មាន​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ និង​ដោយ​មាន​ព្រះ​នាម​ទ្រង់​ដាក់​មក​លើ​យើង សិរីល្អ​ទ្រង់​ព័ទ្ធ​ជុំ​វិញ​យើង ហើយ​ពួក​ទេវតា​ទ្រង់​ឃុំ​គ្រង​យើង ( សូមមើល គ. និង ស. 109:13, 22 ) ។

កាល​យើង​ត្រឡប់​មក​ប្រទេស​ជប៉ុន​វិញ​បន្ទាប់ពី​អាពាហ៍ពិពាហ៍​របស់​យើង ការសន្យា​របស់​ព្រះអម្ចាស់​បាន​កើតឡើង​នៅ​ក្នុង​ជីវិត​ខ្ញុំ កាល​ខ្ញុំ​ខំ​ស្វែងរក​ការងារ​ពេញ​ម៉ោង ។

ព្រះអម្ចាស់​បំពេញ​តាម​ការសន្យា​របស់​ទ្រង់

ខ្ញុំ​បាន​ធ្វើការ​​ក្រៅ​ម៉ោង​នៅ​ឡើយ កាល​កូន​ដំបូង​របស់​យើង​បាន​កើត ។ យើង​មាន​ក្ដី​រីករាយ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​យើង​ដែល​កំពុងតែ​រីក​ធំ​ឡើង​នេះ​ដោយ​គ្មាន​ការងារ​ពេញ​ម៉ោង​បាន​ឡើយ ។ យើង​បាន​ចាប់ផ្ដើម​អធិស្ឋាន​ដោយ​ស្មោះ​ទូល​សូម​ជំនួយ​ពី​ស្ថានសួគ៌ ។

ពីមុន​ខ្ញុំ​បម្រើ​បេសកកម្ម​ខ្ញុំ ខ្ញុំ​ចង់​ធ្វើការ​ផ្នែក​ពាណិជ្ជកម្ម​បរទេស ។ ប៉ុន្តែ​ដើម្បី​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ជា​ទូទៅ បេក្ខជន​ម្នាក់​ត្រូវ​មាន​សញ្ញាបត្រ​ជាក់លាក់​ថា​បាន​បញ្ចប់​សាកល​វិទ្យាល័យ ។ ខ្ញុំ​មិន​បាន​បញ្ចប់​មហាវិទ្យាល័យ​ទេ ហើយ​គ្មាន​សញ្ញាបត្រ ប៉ុន្តែ​កាល​យើង​អធិស្ឋាន យើង​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​យើង ហើយ​រៀបចំ​ការងារ​មួយ​សម្រាប់​ខ្ញុំ ។

ខ្ញុំ​បាន​សម្រេចចិត្ត​ធ្វើ​ការប្រឡង​ចូល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជា​ច្រើន ទោះ​ជា​ខ្ញុំ​ខ្វះ​ខាង​ការអប់រំ​ក្ដី ។ ក្រុមហ៊ុន​ពីរ​ដំបូង​បាន​បដិសេធ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​បទពិសោធន៍​យ៉ាងចំឡែក​មួយ កាល​ខ្ញុំ​ដាក់​ពាក្យ​នៅ​ក្រុមហ៊ុន​ទី​បី ។

នៅ​សម័យ​នោះ មាន​សមាជិក​សាសនាចក្រ​ជនជាតិ​ជប៉ុន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ ។ កាល​អ្នក​តំណាង​បី​រូប​មក​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទី​បី​បាន​មក​សម្ភាស​ខ្ញុំ ពួកគេ​បាន​មើល​ប្រវត្តិរូប​ខ្ញុំ ហើយ​បាន​ដឹង​ថា ខ្ញុំ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ​ពួកគេ​បាន​សួរសំណួរ​ខ្ញុំ​អំពី​សាសនាចក្រ ដោយ​ស្នើ​សុំ​ឲ្យ​ខ្ញុំ​ឆ្លើយ​យ៉ាង​លម្អិត ។ ដោយ​ទើប​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​ថ្មីៗ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​នឹង​និយាយ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​នោះ​ទេ ។

ប្រហែលជា 40 នាទី ខ្ញុំ​បាន​និយាយ​ពី​ដំណឹងល្អ ហើយ​បាន​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ពី​ជីវិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការក្បត់​សាសនា ទស្សនៈនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ព្រះគម្ពីរ​មរមន ការ​ស្ដារឡើងវិញ​នៃ​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​បង្រៀន​ទាំងឡាយ​របស់​សាសនាចក្រ ។

គ្មាន​អ្នក​សម្ភាស​ណា​ម្នាក់​បាន​បញ្ឈប់​ខ្ញុំ កាល​ខ្ញុំ​កំពុង​និយាយ​ឡើយ ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ក្រុមហ៊ុន​ពាណិជ្ជកម្ម​នោះ​បាន​ផ្ដល់​ការងារ​មួយ ដែលឲ្យប្រាក់​ខែ​ដ៏​ខ្ពស់ ។ ក្រោយមក​ទៀត កាល​ខ្ញុំ​សួរ​ដល់​ប្រធាន​របស់​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ជួល​ខ្ញុំ គាត់​បាន​តប​ថា « ក្នុង​ការសម្ភាស​របស់​លោក ខ្ញុំ​បាន​ទទួល​ការអះអាង​មួយ​ថា លោក​ជា​មនុស្ស​ឧស្សាហ៍ ស្មោះត្រង់ ហើយ​ទៀងត្រង់ ហើយ​ថា​លោក​នឹង​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើការ​សម្រាប់​ក្រុមហ៊ុន​យើង​តាម​របៀប​ដូច្នេះ​ដែរ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បំពេញ​ការសន្យា​របស់​ទ្រង់ ។ ក្នុង​ការសម្ភាសន៍​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះចេស្ដា និង ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មក​លើ​ខ្ញុំ ដូចជា​ទ្រង់​សន្យា​ដល់​ជន​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​គោរព​ដល់​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ ខ្ញុំ​ក៏​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​គង់​ជាមួយ​នឹង​ខ្ញុំ កាល​ខ្ញុំ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នោះ ជា​កន្លែង​ដែល​ខ្ញុំ​មាន​ពរ​ដើម្បី​ធ្វើការ​បរិច្ចាគ​ដ៏​មាន​តម្លៃ​ជាច្រើន ។

ព្រះវិហារ​បរិសុទ្ធ​កើត​មាន​នៅ​ប្រទេស​ជប៉ុន

រូបភាព
Daytime photograph of the Tokyo Japan Temple.

នៅ​ឯ​សន្និសីទ​ភូមិភាគ​មួយ​នៅ​ទីក្រុង​តូក្យូ ឆ្នាំ 1975 ប្រធាន ឃឹមបឹល បាន​ប្រកាស​ពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធតូក្យូជប៉ុន ។ រំពេចនោះ ពួក​បរិសុទ្ធ​ជប៉ុនពុំ​អាច​ទប់​ចិត្ត​រំភើប​បាន​ឡើយ ហើយ​បាន​ទះដៃ​ព្រម​គ្នា ដើម្បី​បង្ហាញ​សេចក្ដី​អំណរ និង អំណរគុណ​របស់​ពួកគេ ។

ព្រះវិហារ​បរិសុទ្ធតូក្យូជប៉ុន បាន​សង់​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ 1980 ។ ក្នុង​ពិធី​បើក​សម្ពោធ និង ឧទ្ទិសឆ្លង ពួក​បរិសុទ្ធ​ត្រូវបាន​ប្រទានពរ​ជាមួយ​នឹង​បទពិសោធន៍​ខាង​វិញ្ញាណ និង សេចក្ដី​អំណរ​ដ៏​មហា​អស្ចារ្យ ។ បទពិសោធន៍​ទាំងនោះ​បាន​បន្ត​បន្ទាប់​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ កាល​ពួក​បរិសុទ្ធ​បាន​ចាប់ផ្ដើម​ទទួល​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​ដូនតា​របស់​ពួកគេ​ដែល​បាន​ចែកឋាន​ទៅ ។

នៅ​ថ្ងៃនេះ ហ្ស៊ីរ៉ូកូ និង ខ្ញុំ​បាន​រៀបការ​ជិត 45 ឆ្នាំ​ហើយ ការសម្រេចចិត្ត​របស់​ខ្ញុំ​ដើម្បី​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី​បាន​បន្ត​ប្រទានពរ​ដល់​ជីវិត​យើង និង ជីវិត​កូនចៅ​របស់​យើង ។ យើង​បាន​ស្ថាបនា​គ្រួសារ​មួយ​ដ៏​អស្ចារ្យ​តាម​របៀប​របស់​ព្រះអម្ចាស់ — បាន​ចាក់គ្រឹះ​នៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រូមបញ្ចូល​ទាំង សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​អធិស្ឋាន​សូម​ការដឹកនាំ ធ្វើតាម​ព្យាការី​ដែល​កំពុង​រស់នៅ ហើយ​ដាក់ព្រះវិហារ​បរិសុទ្ធ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​យើង នោះ​ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​យើង ហើយ​ប្រទានពរ​ដល់​យើង ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ 2007 ) ទំព័រ 416 ។

  2. Bible Dictionary « Temple »។

  3. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដកស្រង់​ចេញ​ពី​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធតូក្យូជប៉ុន ក្នុង 2013 Church Almanac ( ឆ្នាំ 2013 ) ទំព័រ 297 ។