២០១៥
របៀប​សម្រេច​គោលដៅ​អស់កល្ប​ជានិច្ច
មករា 2015


របៀបសម្រេច​គោលដៅ​អស់កល្ប​ជានិច្ច

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ចាប់ផ្ដើម​មួយ ដែល​បាន​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អៃដាហូ នៅ​ថ្ងៃ​ទី 11 ខែ ធ្នូ ឆ្នាំ 2004 ។

រូបភាព
Teen aged sisters looking at photo albums.

ខ្ញុំ​សូម​ណែនាំ​នូវ​គោលដៅ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ដែល​នឹង​ផ្ដល់​សេចក្ដី​អំណរ​ដល់​អ្នក នៅ​ពេល​អ្នក​បំពេញ​បេសកកម្ម​របស់​អ្នក​នៅ​លើ​ផែនដី​នេះ — ជា​គោលដៅ​អស់កល្ប ដែល​នឹង​ជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក​វិញ​ដោយ​មាន​កិត្តិយស ។ គោលដៅ​ទាំងនោះរួមមាន ៖

  1. រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយពង្រឹង ទំនាក់ទំនង​គ្រួសារដ៏​អស់កល្ប​តាមរយៈ ការធ្វើ​ឲ្យ​កត្ដា​ជាច្រើន​នៅ​ក្នុង​ជីវិត​មាន​តុល្យភាពប្រកបដោយ​ការអធិស្ឋាន ដូចជា គ្រួសារ កាងារ ការ​បន្តការអប់រំ ចំណង់ចំណូល​ចិត្ត និង ការ​កម្សាន្ត ។

  2.  រស់នៅ​តាម​សាសនា​របស់​អ្នកដោយ​ស្មោះត្រង់ និង ដោយ​គោរពប្រតិបត្តិ ហើយ ស្មោះត្រង់ចំពោះសេចក្ដី​សញ្ញានៃ​បុណ្យជ្រមុជទឹក និង ព្រះវិហារបរិសុទ្ធរបស់​អ្នក ដោយ​ស្វែងរក​រឿង​ល្អៗនៅ​ក្នុង​ជីវិត​ជានិច្ច ។

  3. ប្រកាន់​ខ្ជាប់​ទៅ​លើ​ទស្សនៈ​ដ៏​អស់កល្បដោយ​ចងចាំ​ថា រឿង​ទាំងឡាយ​នៃ​នគរ​របស់​ព្រះ គឺជា​រឿង​អស់កល្ប ហើយ​រឿង​នៃ​លោកិយ​គឺជា​រឿង​ខាង​សាច់ឈាម ឬ​ជា​រឿង​បណ្ដោះ​អាសន្ន ។

  4. ចូរ​ចងចាំ​ដើម្បី​ផ្ដល់​ការ​បម្រើ​ដែល​មាន​ការ​លះបង់​ខ្ពស់​នៅ​ក្នុង​ជីវិត​អ្នក ហើយ​មើលថែ​ដល់​ជន​ខ្វះ​ខាតដែល​អាច​ត្រូវការ​ជានិច្ច​នូវសេចក្ដី​ស្រឡាញ់ និង ការគាំទ្រ​ផ្សេង​ទៀត​របស់​អ្នក ។

ទាំងនេះ​គឺជា​គោលដៅ​សម្រាប់​ជីវិត​ដែលតម្រូវ​នូវ​ការផ្ដោតចិត្ត​ទុក​ដាក់ និង ពេលវេលា​ដើម្បី​សម្រេចបាន ។ ​ការ​ដាក់​គោលដៅ​ទាំងនេះ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ យើង​ត្រូវតែដាក់ផែនការដើម្បី​អនុវត្ត​វា ។

នៅ​យប់​នេះ ឬ​ថ្ងៃ​ស្អែកសូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​ចង់​សម្រេចនៅ​ក្នុង​ជីវិត​របស់​អ្នក និង អ្វី​ទៅ​ដែល​ជា​គោលដៅ​របស់​អ្នកនោះ ។ ចំណាយពេលសរសេរ​វា​ទុក ហើយមើល​វា​ឡើង​វិញនៅ​ឆ្នាំ​ក្រោយៗ​ទៀត ។ រួច​ចំណាយ​ពេល​ពីរ​បី​ម៉ោង​សួរ​ខ្លួន​ឯង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក សប្ដាហ៍​ក្រោយ និង នៅ​ខែ​ខាង​មុខ​ទៀត ។

តើ​អ្នក​ជ្រើស ហើយ​កំណត់​គោលដៅ​អស់កល្ប​ដ៏​សំខាន់​ទាំងនេះ​ដោយ​របៀបណា ? ហើយ​ថា តើ​អ្នកដាក់​ផែនការ​ដើម្បី​សម្រេច​វា​ដោយ​របៀបណា​ក៏សំខាន់ផងដែរ ? ចូរចងចាំថា ៖ ពេលវេលា​គឺជា​កត្តា​ដ៏​ចាំបាច់ — ហើយ​ក៏​សំខាន់​ផងដែរ — នៅ​ក្នុង​ការ​គណនា​របស់​អ្នក ។ ពី​កន្លែង​ដែល​អ្នក​ឈរ​នៅ​ពេល​នេះ វា​ហាក់បី​ដូច​ជា​អ្នក​មាន​នូវ​ពេល​វេលាដែលគ្មានកំណត់​មួយ ដើម្បី​សម្រេចបាន​រឿង​អស់កល្ប​ទាំងឡាយ ។

ពិត​ណាស់ មនុស្ស​គ្រប់គ្នា​មាន​ពេលវេលា ។ ប៉ុន្តែ​ដោយ​ព្រោះ​​​ពេលវេលាចេះតែ​កន្លង​ទៅ វា​ពុំ​មែន​មាន​ន័យ​ថា​យើង​កំពុងតែរីក​ចម្រើន​នោះ​ទេ ។

« ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែនហើយ​មើលចុះ​ពេល​វេលា​នៃ​ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទំាងឡាយ​របស់​ខ្លួន » ( អាលម៉ា 34:32 ) ។

រឿង​ដ៏​សំខាន់​នោះ​គឺ​ការ​ ជ្រើស​សកម្មភាព​ទាំងនោះ​ដោយ​ឈ្លាសវៃដែល​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវគោលដៅ​របស់​យើង​ដែល​បាន​បំផុសគំនិត​មក​ពី​ព្រះ រួច​មាន​ចរិតលក្ខណៈ និង ជំនឿ​រឹងមាំ​ដើម្បីបដិសេធ​នូវ​អ្វី​ដែល​នឹង​អូសទាញ ឬ​បង្អាក់​យើងពី​ទិសដៅ​អស់កល្ប​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេលវេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ​នឹង​ល្មម​គ្រប់គ្រាន់ ដើម្បី​សម្រេចបាន​នូវ​ការ​រៀបចំខ្លួន​របស់​អ្នក ហើយ​ធ្វើ​ការងារ​នៅ​ក្នុង​បេសកម្ម​របស់​អ្នក​ក្នុង​ជីវិត​នេះ — ប្រសិនបើ​អ្នកប្រើ​វា​ដោយ​ឈ្លាសវៃ ។ ហើយ​គ្មាន​ពេលវេលា​ណា​ល្អ​ជាង​ពេល​នេះ​ឡើយ​ដើម្បី​ធ្វើ​រឿង​នោះ ក្នុង​យុវវ័យ​របស់​អ្នក ( សូមមើលអាលម៉ា 37:35 ) ។