២០១៧
ស្ពាន​ចម្លង​ទៅ​កាន់​សេចក្តីសង្ឃឹម និង ការព្យាបាល
April 2017


ស្ពាន​ចម្លង​ទៅ​កាន់ សេចក្តីសង្ឃឹម និង ការព្យាបាល

ដោយ​មាន​ជំនួយ​សមស្រប នោះ​ជន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន​ផ្លូវ​ភេទ អាច​រកឃើញ​ការព្យាការ​ដែល​ពួកគេ​ចង់​បាន​យ៉ាង​ខ្លាំង ។

រូបភាព
creating a bridge

រចនា​រូបភាព​ដោយ គ្រីស្ទីណា ប៊ើណាស្សានី

ចូរ​ស្រមៃ​ថា អ្នក​កំពុង​ឈរ​នៅ​គែម​ចំណោត​ភ្នំ​មួយ ហើយ​អ្នក​ចង់​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ជ្រលង​ភ្នំ​ដ៏​ជ្រៅ​នោះ ជា​ទី​កន្លែង​ដែល​គេ​ប្រាប់​អ្នក​ថា សុភមង្គល​ដ៏​មហិមា​កំពុង​ទន្ទឹង​រង់ចាំ​អ្នក​នៅ​ទីនោះ ។ នៅពេល​អ្នក​ស្វែងរក​ផ្លូវ​ដើម្បី​ដើរ​ឆ្លង នោះ​អ្នក​បាន​ជួប​នឹង​សម្ភារ​មួយ​គំនរ ដែល​នឹង​បង្កើត​បាន​ជា​ស្ពាន​មួយ​ដើម្បី​ឆ្លង​ទៅ​ជ្រលង​ភ្នំ​ម្ខាង​ទៀត ប្រសិនបើ​អ្នក​ផ្គុំ​សម្ភារ​នោះ​រួម​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។

ប្រសិនបើ​អ្នក​ពុំ​ដឹង​អំពី​របៀប​សាងសង់​ស្ពាន​ទេ​នោះ សម្ភារ​ទាំង​នោះ​នឹង​គ្មាន​ប្រយោជន៍ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្មុគស្មាញ ហើយ​អស់​សង្ឃឹម ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួល​ជំនួយ​ពី​នរណា​ម្នាក់ ដែល​មាន​បទពិសោធន៍​ក្នុងការ​សាងសង់​ស្ពាន នោះ​ចំណេះដឹង និង ការយល់​ដឹង​របស់​អ្នក អាច​កើន​ឡើង ហើយ​ទាំង​ចំណេះដឹង និង ការយល់ដឹង​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​ការសាងសង់​ស្ពាន​នោះ​បាន​សម្រេច ។

អស់​រយៈ​ពេល​ជាង ១៨ ឆ្នាំ កន្លង​មក​នេះ ការងារ​របស់​ខ្ញុំ​គឺ​ត្រូវ​ផ្តល់​ជា​ឧបករណ៍ និង ការណែនាំ ដើម្បី​ជួយ​មនុស្ស​ឲ្យ​ឆ្លង​ផុត​ឈូង​សមុទ្រ​នៃ​ការរងទុក្ខ​ខាង​សតិអារម្មណ៍ ឬ ផ្លូវ​ចិត្ត ។ ក្នុង​ចំណោម​អតិថិជន​ទាំងអស់​ដែល​ខ្ញុំ​បាន​ផ្តល់​ការប្រឹក្សា គ្មាន​អតិថិជន​ណា​ដែល​មាន​របួស​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ជាង​ជន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ឡើយ ។ ខ្ញុំ​បាន​ឃើញ​ពី​ផល​ប៉ះពាល់​ដ៏​ខ្លាំង​ដែល​បញ្ហា​នេះ​ជះ​ឥទ្ធិពល​លើ​សមត្ថភាព​របស់​បុគ្គល​ទាំង​នោះ ដើម្បី​ឲ្យ​ពួកគេ​កាន់ខ្ជាប់​ឲ្យ​បាន​ល្អ​ដរាប​ដល់​ចុង​បំផុត ។

ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​យ៉ាង​ច្បាស់​ថា ការធូរស្បើយ​ដ៏​យូរ​អង្វែង​ពី​ការពុះពារ និង ការរងទុក្ខ​របស់​យើង​គឺ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ព្រះអង្គសង្គ្រោះ​របស់​ពួកយើង ។ សេចក្តីស្រឡាញ់​របស់​ទ្រង់ លើក​ស្ទួយ​មនុស្ស​ឲ្យ​ចេញ​ពី​ភាព​ងងឹត​ទៅ​រក​ពន្លឺ ។

ហេតុអ្វី​ការរំលោភ​បំពាន​ផ្លូវ​ភេទ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​បែប​នេះ ?

ជនរង​គ្រោះ​ដោយ​ការរំលោភ​បំពាន​ប្រាប់​ខ្ញុំ​អំពី​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ការបាក់​ទឹកចិត្ត មាន​មន្ទិលសង្ស័យ​ចំពោះ​ខ្លួន​ឯង និង ការឈឺចាប់​ខាង​ផ្លូវ​អារម្មណ៍​យ៉ាង​ធ្ងន់ធ្ងរ​ជា​ច្រើន ។ ប្រធាន គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ការរំលោភ​បំពាន​ផ្លូវ​ភេទ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​បែប​នេះ ៖

« មាន​ការប្រព្រឹត្ត​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ដ៏​អាក្រក់ កាច​សាហាវ ។ វា​ពិបាក​នឹង​យល់​ខ្លាំង​ណាស់ ។ វា​ជា​ការប្រមាថ​ដល់​ភាពថ្លៃថ្នូរ​ដែល​គួរតែ​មាន​នៅក្នុង​ខ្លួន​បុរស និង ស្ត្រី​គ្រប់​រូប ។ វា​គឺ​ជា ការរំលោភ​បំពាន​មួយ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ និង ទៅលើ​ព្រះ ។ វា​គឺ​ជា​បំផ្លិចបំផ្លាញ​នៅក្នុង​ជីវិត​របស់​ក្មេងៗ ។ វា​គួរ​តែ​ត្រូវ​ដាក់​ទោស ហើយ សម​នឹង​ការកាត់​ទោស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត ។

« វា​គឺ​ជា​ការអាម៉ាស់​ដល់​បុរស ឬ ស្ត្រី​ណា​ដែល​នឹង​ប្រព្រឹត្ត​ការរំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ ។ ការធ្វើ​បែប​នោះ អ្នក​ប្រព្រឹត្ត​ការរំលោភ​បំពាន​មិន​ត្រឹម​តែ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ។ ពួកគេ​ថែម​ទាំង​ត្រូវ​ឈរ​ដើម្បី​ទទួល​ការកាត់​ទោស​នៅ​ចំពោះ​មុខ​ព្រះអម្ចាស់​ផងដែរ » ។

អំណាច​នៃ​ការបង្កើត​កូន ជា​អំណាច​ដ៏​ពិសិដ្ឋ និង មក​ពី​ព្រះ ដែល​ព្រះវរបិតា​គង់​នៅស្ថាន​សួគ៌​របស់​យើង បាន​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា ៖ « អំណាច​នៃ​ការបង្កើត​កូន​គឺ​ជា​អំណាច​សំខាន់​ខាង​វិញ្ញាណ ។… ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ គឺជា​អង្គ​បង្កបង្កើត ហើយ​បាន​ទុក​ព្រះទ័យ​លើ​យើង​ម្នាក់ៗ​ឲ្យ​មាន​ចំណែក​មួយ​នូវ​អំណាច​នៃ​ការ​បង្កបង្កើត​របស់​ទ្រង់​នេះ » ។ ដូច្នោះហើយ វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​ថា ការរំលោភបំពាន​ទៅលើ​អំណាច​ដ៏​ពិសិដ្ឋ​នេះ​គឺ « សម​នឹង​ការកាត់​ទោស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត » ហើយ​បណ្តាល​ឲ្យ​មាន « គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ » ។

ការ​យល់ដឹង​អំពី​ការឈឺចាប់

រូបភាព
looking out a window

រចនា​រូបភាព © nuvolanevicata/iStock/Getty Images

ការរំលោភ បំពាន​ផ្លូវ​ភេទ​គឺ​ជា​ទំនាក់ទំនង​គ្មាន​ការយល់​ព្រម​ពី​បុគ្គល​ម្ខាង​ទៀត គឺ​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​របស់​មនុស្ស​ម្នាក់ បាន​ប្រើ​ដោយ​ប៉ះពាល់ ឬ មិន​ប៉ះពាល់​ទៅលើ​បុគ្គល​ផ្សេង​ទៀត ក្នុង​គោលបំណង​ចំអែត​អារម្មណ៍​ផ្លូវ​ភេទ ។ ជារឿយៗ ជនរងគ្រោះ​ដោយ​ការរំលោភ​បំពាន​ផ្លូវ​ភេទ​មាន​ការគិត​ច្របូកច្របល់ និង មាន​អារម្មណ៍​ថា​ពុំ​សក្តិសម និង អាម៉ាស់ ដែល​វា​មាន​ទំហំ​ធំធេង​មិន​អាច​ទ្រាំ​បាន ។ ជារឿយៗ ការឈឺ​ចាប់ និង ការរងទុក្ខ​ដែល​ជនរងគ្រោះ​ទាំងនោះ​បាន​ជួប គឺ​កើន​ឡើង​ដោយសារ​ការនិយាយ​ដែល​កើត​មក​ពី​ការមិន​យល់​អំពី​ការរំលោភ​បំពាន​ខាង​ផ្លូវ​ភេទ និង ផល​ប៉ះពាល់​របស់​វា ។ ជនរងគ្រោះ​មួយ​ចំនួន​ត្រូវបាន​គេ​មួលបង្កាច់​ដោយ​ចោទប្រកាន់ ឬ មាន​គេ​ប្រាប់​ពួកគេ​ថា ការ​រំលោភ​បំពាន​នោះ​គឺ​ជា​កំហុស​របស់​ពួកគេ ។ ជន​រងគ្រោះ​មួយ​ចំនួន​ទៀត ត្រូវបាន​ដឹកនាំ​ដោយ​ការជឿ​ខុស​ឆ្គង​ថា ពួកគេ​ត្រូវតែ​ប្រែចិត្ត ព្រោះ​ពួកគេ​មាន​អំពើ​បាប​ដោយ​សារ​ការបណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ជនរង​គ្រោះ ។

អតិថិជន​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ដែល​រង​នូវ​ការរំលោភ​បំពាន​ផ្លូវ​ភេទ​កាល​នៅ​កុមារភាព ឬ ក្នុង​យុវវ័យ​របស់​ពួកគេ ត្រូវបាន​គេ​ប្រាប់​ថា « ចូរ​យក​ឈ្នះ​លើ​វា​ទៅ » « ចូរ​បំភ្លេច​រឿង​នោះ​ចោល​ទៅ » ឬ « ចូរ​អភ័យទោស ហើយ​បំភ្លេច​វា​ចោល​ទៅ » ។ ការថ្លែង​បែប​នោះ—ជាពិសេស​គឺ មក​ពី​មិត្តភក្តិ​ស្និទ្ធស្នាល សមាជិក​គ្រួសារ ឬ ថ្នាក់​ដឹកនាំ​សាសនាចក្រ—អាច​ធ្វើ​ឲ្យ​ជន​រងគ្រោះ​កាន់តែ​លាក់​អាថ៌កំបាំង ហើយ​មាន​ភាព​អាម៉ាស់ ជាជាង​ទទួល​បាន​ការព្យាបាល និង ភាពសុខសាន្ត​ទៅ​វិញ ។ ស្រដៀង​គ្នា​ទៅ​នឹង​ដំបៅ ឬ ការក្លាយ​រោគ​ធ្ងន់ធ្ងរ​ដែរ ដំបៅ​ផ្លូវ​ចិត្ត​ទាំងនេះ​ពុំ​អាច​បាន​ជា​សះស្បើយ​ឡើយ ប្រសិនបើ​យើង​ព្រងើយ​កន្តើយ​នឹង​វា ។ ផ្ទុយ​ទៅ​វិញ ភាពច្របូកច្របល់​ដែល​ចាប់ផ្តើម​មាន អំឡុង​ពេល​នៃ​ការរំលោភ​បំពាន​កើន​ឡើង ហើយ​រួម​ជាមួយ​នឹង​ការឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​កើត​ឡើង នោះ​គំនិត​របស់​បុគ្គល​នោះ​អាច​មាន​ការប្រែប្រួល ហើយ​ទីបំផុត​នាំ​ទៅរក​ឥរិយាបថ​ដែល​គ្រោះថ្នាក់ ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ជន​រងគ្រោះ​ដោយ​ការរំលោភបំពាន ពុំ​ដឹង​ថា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​គឺ​ជា​រឿង​ខុសច្បាប់ ផងដែរ​ពួកគេ​អាច​នៅតែ​កើត​មាន​នូវ​ឥរិយាបថ​ដែល​គ្រោះថ្នាក់ និង ពេញ​ដោយ​ការឈឺ​ចាប់​ផ្នែក​សតិអារម្មណ៍ ។

ហាន់ណា ( ឈ្មោះ​ត្រូវបាន​ផ្លាស់ប្ដូរ ) បាន​ជួប​នូវ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាំង​ពី​កុមារភាព​របស់​គាត់ ។ ដូច​ជា​ជន​រងគ្រោះ​ដទៃ​ទៀត​ដែរ គាត់​បាន​កើត​មាន​អារម្មណ៍​ថា គាត់​ជា​មនុស្ស​អាក្រក់​ដែល​គ្មាន​ភាព​សក្តិសម ។ គាត់​បាន​ចំណាយ​ពេល​វេលា​នៃ​ជីវិត​គាត់​ស្ទើរតែ​ទាំងស្រុង ក្នុងការ​ព្យាយាម​បម្រើ​អ្នក​ដទៃ ដើម្បី​ប៉ះប៉ូវ​នូវ​អារម្មណ៍​ដែល​គាត់​មាន​ថា​គាត់​ពុំ « ល្អ​គ្រប់គ្រាន់ » ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌ ឬ មនុស្ស​ផ្សេង​ទៀត​ស្រឡាញ់​គាត់ ។ នៅក្នុង​ការរស់នៅ​របស់​គាត់ គាត់​ភ័យ​ខ្លាច​ថា ប្រសិនបើ​មាន​នរណា​ម្នាក់​ស្គាល់​គាត់​ច្បាស់ ពួកគេ​នឹង​គិត​ថា​គាត់​ជា​មនុស្ស​អាក្រក់ ដូច​គាត់​ជឿ​ថា​ខ្លួន​ជា​មនុស្ស​បែប​នោះ​មែន ។ គាត់​ជួប​នូវ​ការភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ថា គេ​បដិសេធ​រូបគាត់ ដែល​នាំ​ឲ្យ​គាត់​ខ្លាច​មិន​ហ៊ាន​សាកល្បង​អ្វី​ដែល​ថ្មីៗ​នៅក្នុង​ជីវិត​គាត់ ឬ ធ្វើ​កិច្ចការ​សាមញ្ញៗ​ដូច​ជា​ទូរសព្ទ​ទៅ​មនុស្ស​ណា​ម្នាក់​ឡើយ ។ គាត់​មាន​ពរ​ដោយ​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ ប៉ុន្តែ​គាត់​បាន​បោះបង់​វា​ចោល ដោយសារ​ការភ័យខ្លាច ព្រោះ​ពុំ​អាច​ស៊ូទ្រាំ​នឹង​ការរិះគន់​បាន ។

អស់រយៈពេល​ជាង ៥០ ឆ្នាំ ហើយ​អារម្មណ៍​នៃ​ការគ្មាន​ជំនួយ គ្មាន​អំណាច ការភ័យខ្លាច កំហឹង ភាពច្របូកច្របល់ ក្តី​អាម៉ាស់ ភាព​ឯកោ និង ការនៅ​ដាច់​ពី​សង្គម បាន​ដឹកនាំ​ការសម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​គាត់ ។

ការជំនួស​នូវ​ការឈឺចាប់​ដោយ​ភាពសុខសាន្ត

ព្រះអង្គសង្គ្រោះ​បាន​រង « ការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង » ។ ទ្រង់​ធ្វើ​យ៉ាង​នេះ ដើម្បី​ទ្រង់​អាច « ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា » ( អាលម៉ា ៧:១១–១២ ) ។ ការរងទុក្ខ​របស់​ទ្រង់​គឺ​មិន​គ្រាន់​តែ​សម្រាប់​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​សម្រាប់​ការព្យាបាល​យើង ពេល​អំពើ​បាប​របស់​មនុស្ស​ផ្សេង​ទៀត ធ្វើ​ឲ្យ​យើង​រងទុក្ខ ។

ប្រសិនបើ​ទ្រង់​គង់​នៅ​ទីនេះ​ថ្ងៃ​នេះ ខ្ញុំ​គិត​ថា ព្រះអង្គសង្គ្រោះ​នឹង​ព្រះកន្សែង ហើយ​ប្រសិទ្ធពរ​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ ដូច​ទ្រង់​បាន​ព្រះកន្សែង និង ប្រសិទ្ធពរ​ដល់​ពួកសាសន៍​នីហ្វៃ​ផងដែរ ( សូមមើល នីហ្វៃទី ៣ ១៧ ) ។ ទោះបី​ជា​ព្រះកាយ​ទ្រង់​ពុំ​គង់​នៅ​ទីនេះ​ក្តី តែ​វិញ្ញាណ​របស់​ទ្រង់​អាច​គង់​នៅ​ជាមួយ​ពួកយើង ហើយ​ទ្រង់​បាន​ផ្តល់​មធ្យោបាយ​មួយ​ឲ្យ​យើង​បាន​ជា​សះស្បើយ ដើម្បី​ទទួល​បាន​អារម្មណ៍​សុខសាន្ត និង ដើម្បី​អភ័យទោស ។

រូបភាព
reaching through a ladder

សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​មាន​ការឈឺចាប់ គំនិត​ដែល​ថា ការឈឺចាប់​ដែល​ពួកគេ​មាន​អាច​ជំនួស​ដោយ​ភាពសុខសាន្ត​បាន​នោះ គឺ​ជា​រឿងមួយ​ដែល​ពុំ​គួរ​ឲ្យ​ជឿ​ឡើយ ។ ជារឿយៗ ការឈឺចាប់​មក​ពី​ការរំលោភ​បំពាន​បាន​រលាយ​បាត់​អស់​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​គ្មាន​ការកត់សម្គាល់ និង ដឹង​ឮ​ពី​មនុស្ស​ដទៃ​ឡើយ ។ ការឈឺចាប់​នេះ​ត្រូវបាន​លាក់​កំបាំង​ដោយ​ស្នាម​ញញឹម មាន​ឆន្ទៈ​ជួយ​មនុស្ស​ដទៃ ហើយ​រស់នៅក្នុង​ជីវិត​មួយ​ដោយ​គិត​ថា​គ្មាន​រឿង​អាក្រក់​នោះ​បាន​កើត​ឡើង​ឡើយ ប៉ុន្តែ​ការឈឺចាប់​នោះ​នៅតែ​បន្ត​កើត​មាន ។

ចូរ​ប្រៀបធៀប​ដំណើរការ​នៃ​ការព្យាបាល​ផ្នែក​ផ្លូវ​ចិត្ត​ជាមួយ​នឹង​ការថែទាំ និង ការព្យាបាល​របួស​ខាង​រាងកាយ ។ ឧបមា​ថា កាល​នៅ​ក្មេង​អ្នក​បាន​បាក់​ជើង ។ ដោយ​ពុំ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ដាក់​ឆ្អឹង​ជើង​នោះ​ឲ្យ​បាន​ត្រូវ​គ្នា​វិញ អ្នក​បាន​ស៊ូទ្រាំ​ដើរ​ដោយ​ការឈឺចាប់ រហូត​ទាល់តែ​ការឈឺចាប់​ដ៏​ខ្លាំង​នោះ​បាន​រសាយ​បាត់​ទៅ ប៉ុន្តែ​វា​នៅ​មាន​ការឈឺ​តិចតួច​នៅ​គ្រប់​ជំហាន​ដែល​អ្នក​ដើរ​ជានិច្ច ។ អស់​ជាច្រើន​ឆ្នាំ​ក្រោយ​មក អ្នក​ចង់​ឲ្យ​ការឈឺចាប់​នោះ​រលាយ​បាត់​អស់ ដូច្នោះ​អ្នក​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ។ វេជ្ជបណ្ឌិត​ត្រូវ​ធ្វើការ​ដាក់​បញ្ជូល​ឆ្អឹង​ជើង​នោះ​សារ​ជា​ថ្មី ជា​យក​ចេញ​នូវ​កោសិកា​ដែល​បាន​ដុះ​គ្មាន​សណ្តាប់ធ្នាប់​នោះ អប​ឆ្អឹង ហើយ​បញ្ជូន​អ្នក​ឲ្យ​ទៅ​ព្យាបាល​ជាមួយ​ពេទ្យ​ចលនា​ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​រឹងមាំ​វិញ ។

ដំណើរការ​នៃ​ការព្យាបាល​ពី​ការរំលោភ​បំពាន​គឺ​ស្រដៀង​នឹង​ដំណើរ​ការ​ព្យាបាល​នោះ​ដែរ ដំបូង​ជន​រងគ្រោះ​ត្រូវ​ទទួល​ស្គាល់​ថា​ការឈឺចាប់​នោះ​មាន​ពិតប្រាកដ ហើយ​មាន​អ្វី​មួយ​ដែល​អាច​បំបាត់​ការឈឺចាប់​នោះ​បាន ។ ដំណើរការ​នោះ​រួមមាន​ទាំង​ការទទួលស្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ឲ្យ​មនុស្ស​ដទៃ​យល់ ទទួល​ស្គាល់ និង ឃើញ​ពី​អារម្មណ៍​ដែល​មាន​ការឈឺចាប់ ភ័យខ្លាច និង សោកសៅ​នោះ ។ ជារឿយៗ វា​មាន​ប្រយោជន៍​ក្នុងការ​ជួប​ជាមួយ​អ្នក​មាន​វិជ្ជាជីវៈ​ដែល​មាន​បទពិសោធន៍​នៅក្នុង​ដំណើរការ​ព្យាបាល​នេះ ។ ( សូម​សួរ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​អ្នក ដើម្បី​ដឹង​ថា តើ​សេវាកម្ម​គ្រួសារ​អិល. ឌី. អេស.​មាន​នៅក្នុង​តំបន់​របស់​អ្នក​ដែរ​ឬ​ទេ ) ។

ទោះបី​ជា​ជន​រងគ្រោះ​បាន ឬ ពុំ​បាន​ទទួល​ជំនួយ​ពី​អ្នក​មាន​វិជ្ជាជីវៈ​នេះ​ក្តី វិធីល្អ​បំផុត​គឺ​អធិស្ឋាន រៀន​ពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ហើយ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ជា​ទៀងទាត់ ។ ទ្រង់​អាច​ជួយ​សម្រាល​បន្ទុក ហើយ​ទទួល​ការបំផុសគំនិត ដើម្បី​ជួយ​ជន​រងគ្រោះ​ឲ្យ​យល់​អំពី​តម្លៃ និង ទំនាក់ទំនង​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ ជាមួយ​នឹង​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ និង ព្រះអង្គ​សង្គ្រោះ ។ ដូច​បងស្រី ខារ៉ូល អិម ស្ទីហ្វិនស៍ ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុងគណៈ​ប្រធាន​សមាគម​សង្គ្រោះទូទៅ បាន​បង្រៀន​យើង​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ៖ « ការព្យាបាល​អាច​ជា​ដំណើរការ​មួយ​យូរ​អង្វែង ។ វា​នឹង​តម្រូវ​ឲ្យ​អ្នក​ស្វែងរក​ការណែនាំ និង ជំនួយ​សមស្រប​ដោយ​ការអធិស្ឋាន រួមទាំង​ការប្រឹក្សា​ជាមួយ​អ្នក​កាន់​បព្វជិតភាព​ដែល​បាន​តែងតាំង​ត្រឹមត្រូវ ។ នៅពេល​អ្នក​រៀន​និយាយ​ដោយ​បើក​ចំហរ ចូរ​ដាក់​ដែន​កំណត់​សមស្រប ហើយ​អាច​ស្វែងរក​ការប្រឹក្សា​ពី​អ្នក​មាន​វិជ្ជជីវៈ ។ ការថែទាំ​សុខភាព​ខាង​វិញ្ញាណ​ពេញ​មួយ​ដំណើរ​ការ​នោះ​គឺ​ជា​រឿង​ចាំបាច់ ! » ។

ចំពោះ ហាន់ណា ជីវិត​របស់​គាត់​បាន​ប្រែ​ជា​ពុំ​ងាយ​ស្រួល នោះ​គាត់​បាន​ស្វែងរក​ជំនួយ ។ គាត់​បាន​ដឹង​តាមរយៈ​ទីបន្ទាល់​របស់​ខ្លួន​ថា គាត់​អាច​មាន​ភាពសុខសាន្ត និង ការសប្បាយ​នៅក្នុង​ជីវិត​គាត់ ប៉ុន្តែ​គាត់​ពុំ​ទទួល​បាន​អារម្មណ៍​ជាប់​ជានិច្ច​នោះ​ទេ ។ តាមរយៈ​ការអធិស្ឋាន និង និយាយ​ជាមួយ​ប៊ីស្សព គាត់​ត្រូវបាន​ដឹកនាំ​ឲ្យ​ទទួលការ​ប្រឹក្សា ជា​វិធី​មួយ​ដែល​គាត់​អាច​ទទួល​បាន​មធ្យោបាយ ដែល​គាត់​ត្រូវការ​ដើម្បី​នាំ​សេចក្តីពិត​ចេញ​ពី​ទីងងឹត ហើយ​ចែកចាយ​ពី​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដែល​គាត់​បាន​រែកពន់​តែ​ម្នាក់​ឯង​នោះ ។ ដោយ​ធ្វើ​បែប​នោះ គាត់​អាច​រំសាយ​ក្តី​ឈឺ​ចាប់ ហើយ​ជួប​នូវ​ភាពសុខសាន្ត​ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា ( សូមមើល យ៉ូហាន ១៤:២៧ ) ។ បំណង​ប្រាថ្នា និង លទ្ធភាព​ដើម្បី​អភ័យ​ទោស​នឹង​កើត​ឡើង​តាមរយៈ​ភាពសុខសាន្ត និង ការលួងលោម​នេះ ។

តម្រូវការ​ដើម្បី​អភ័យទោស

ជារឿយៗ ជន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន​ពុំ​ងាយ​នឹង​ស្តាប់ ហើយ​មាន​ការយល់​ខុស​ចំពោះ​គំនិត​នៃ​ការអភ័យ​ទោស ។ ប្រសិនបើ​ពួកគេ​គិត​ថា ការអត់ទោស​គឺ​ដូច​ជា​ការអនុញ្ញាត​ឲ្យ​ជន​ល្មើស​គេច​ផុត​ពី​ទង្វើ​ដែល​គេ​ប្រព្រឹត្ត ឬ និយាយ​ថា អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​គ្មាន​បញ្ហា​ទៀត នោះ​ជន​រងគ្រោះ​នឹង​គ្មាន​អារម្មណ៍​ថា​យុត្តិធម៌​ឡើយ ។ ទោះ​បី​ជា​យើង​ត្រូវបាន​បង្គាប់​ឲ្យ​អភ័យ​ទោស​ក្តី ( សូមមើល គ. និង ស. ៦៤:១០ ) នៅក្នុង​ស្ថានភាព​ដែល​គ្រោះថ្នាក់​នោះ​មាន​សភាព​ធ្ងន់ធ្ងរ ជាទូទៅ ការព្យាបាល​ត្រូវ​ចាប់ផ្តើម​ពីមុន​ជនរងគ្រោះ​នោះ​អភ័យទោស​ទាំងស្រុង​ដល់​ជន​ល្មើស ។

អស់​អ្នក​ដែល​កំពុង​រងទុក្ខ​ដោយ​ការឈឺចាប់ ដែល​បណ្តាល​មក​ពី​ការរំលោភ​បំពាន អាច​ទទួល​បាន​ការលួងលោម​ពី​ការទូន្មាន​នៅក្នុង​ព្រះគម្ពីរ​មរមន​នេះ​ថា ៖ « ខ្ញុំ យ៉ាកុប ចង់​និយាយ​ទៅ​កាន់​អ្នក​ទាំង​ឡាយ ដែល​មាន​ចិត្ត​បរិសុទ្ធ ។ ចូរ​មើល​ទៅ​ព្រះ ដោយ​មាន​គំនិត​រឹងប៉ឹង ហើយ​អធិស្ឋាន​ដល់​ព្រះ​អង្គ ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​លើសលប់ នោះ​ទ្រង់​នឹង​លួងលោម​ដល់​អ្នក ក្នុង​គ្រា​ដែល​អ្នក​មាន​ទុក្ខ​លំបាក ហើយ​ទ្រង់​នឹង​អង្វរ​ដើម្បី​ប្រយោជន៍​របស់​អ្នក ហើយ​នឹង​ទម្លាក់​សេចក្ដី​យុត្តិធម៌​មក​ធ្វើ​ទោស​ពួក​អ្នក​ណា​ដែល​ស្វែងរក​បំផ្លាញ​អ្នក » ( យ៉ាកុប ៣:១ ) ។ តម្រូវការ​សម្រាប់​សេចក្តីយុត្តិធម៌ និង សិទ្ធិ​ដើម្បី​ទទួល​សំណង អាច​បង្វែរ​ថ្វាយ​ទៅ​ឲ្យ​ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​ជំនួស​ការ​ឈឺចាប់​របស់​យើង​ដោយ​ភាព​សុខសាន្ត ។

ទីបំផុត ហាន់ណា បាន​ឃើញ​ថា គាត់​អាច​បង្វែរ​សេចក្តីត្រូវការ​សម្រាប់​ភាពយុត្តិធម៌​ថ្វាយ​ទៅ​ព្រះអង្គសង្គ្រោះ ហើយ​គាត់​បាន​ទទួល​ត្រឡប់​មក​វិញ នូវ​អារម្មណ៍​នៃ​ភាពសុខសាន្ត​ក្នុង​ជីវិត​គាត់ ដែល​គាត់​ពុំ​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ​ពីមុន​ឡើយ ។ ពីមុន​គាត់​មាន​ការភ័យខ្លាច ក្នុងការចូលរួម​ការជួបជុំ​ក្រុមគ្រួសារ​ដោយសារ​ជនល្មើស​នឹង​មាន​វត្តមាន​នៅ​ទីនោះ​ដែរ ។ ឥឡូវ​នេះ​ដោយសារ​តែ​គាត់​មាន​ឆន្ទៈ​ប្រឈម​មុខ​នឹង​ដំបៅ​ខាង​ផ្លូវ​ចិត្ត​ដ៏​លំបាក​នៅក្នុង​ដំណើរ​ការ​នៃ​ការព្យាបាល នោះ​គាត់​ពុំ​ខ្លាច​នៅ​ពេល​ជនល្មើស​នោះ​មាន​វត្តមាន​ឡើយ ហើយ​គាត់​ថែម​ទាំង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ជនល្មើស​នោះ ពេល​ជន​ល្មើស​នោះ​មាន​វ័យ​ចំណាស់​ផងដែរ ។

មាន​សេរីភាព​ពី​បន្ទុក​ដែល​មិន​ចាំបាច់

រូបភាព
reaching up

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ថា « ការជាសះស្បើយ​ទាំងស្រុង​នឹង​កើត​មាន​ឡើង​តាមរយៈ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះចេស្តា ព្រមទាំង​សមត្ថភាព​របស់​ទ្រង់ ដើម្បី​ព្យាបាល​ស្លាកស្នាម​នៃ​អ្វី​ដែល​អយុត្តិធម៌ និង មិន​ត្រឹមត្រូវ ។…

« ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​បាន​ប្រទាន​ព្រះជន្ម​ទ្រង់ ប្រយោជន៍​ឲ្យ​អ្នក​អាច​មាន​សេរីភាព​ពី​បន្ទុក​ដែល​មិន​ចាំបាច់ ។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការនេះ​បាន ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះចេស្តា​ដើម្បី​ព្យាបាល​អ្នក » ។

បច្ចាមិត្ត​ចង់​ឲ្យ​មនុស្ស​នៅ​ជាប់​ឃុំឃាំង​ក្នុង​ការឈឺចាប់ និង​រងទុក្ខ ដោយសារ​វា​មាន​ទុក្ខវេទនា ( សូមមើល នីហ្វៃទី ២ ២:២៧ ) ។ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ការឈឺចាប់​ពិតជា​ជំនួស​ឲ្យ​មាន​ភាពសុខសាន្ត ហើយ​មាន​តែ​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ​ដែល​ទ្រង់​អាច​ប្រទាន​ឲ្យ​យើង​បាន ហើយ​យើង​អាច​រស់នៅ​ដោយ​អំណរ ។ « លោកអ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក​ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ( នីហ្វៃទី២ ២:២៥ ) ។ ការរស់នៅ​ដោយ​អំណរ​នឹង​ធ្វើ​ឲ្យ​គ្រា​នៃ​ការសាកល្បង អាច​ត្រូវបាន​ស៊ូទ្រាំ​បាន ហើយ​ធ្វើ​ឲ្យ​យើង​រៀន និង រីកចម្រើន ព្រមទាំង​ក្លាយ​កាន់តែ​ដូច ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។

ខ្ញុំ​មាន​ភាព​រាបសា​ដោយសារ​ពរជ័យ​ដែល​ខ្ញុំ​មាន​នៅក្នុង​ជីវិត​ខ្ញុំ ដើម្បី​អង្គុយ​ជាមួយ​អស់​អ្នក​ដែល​មាន​គ្រោះថ្នាក់​ដោយ​ការ​រំលោភបំពាន ហើយ​មើល​ឃើញ​ពី​អព្ភូតហេតុ​នៃ​ការព្យាបាល ដែល​កើត​ឡើង​យ៉ាង​ពិតប្រាកដ​តាមរយៈ​ព្រះអង្គសង្គ្រោះ​តែ​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នក​កំពុង​រងទុក្ខ សូម​បែរ​មក​រក​ជំនួយ​ដោយ​ការគិត​ពិចារណា ។ អ្នក​ពុំ​ចាំបាច់​ស៊ូទ្រាំ​រែកពន់​បន្ទុក​ដ៏​ធ្ងន់​នោះ​តែ​ឯង​ឡើយ ។ ខ្ញុំ​ដឹង​ថា ទ្រង់​អាច​ព្យាបាល​យើង​បាន ដ្បិត​ខ្ញុំ​បាន​ឃើញ​រឿង​នេះ​ច្រើន​ដង​ហើយ ។

កំណត់​ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី « Save the Children » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  2. ដេវីដ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ។

  3. ខារ៉ូល អិម ស្ទីហ្វិន « The Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១ ។

  4. រីឆាដ ជី ស្កត « To Be Free of Heavy Burdens » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨៨ ។