២០១៧
សៀវភៅរូបថតគ្រួសារចាស់ៗ ៖ ឥទ្ធិពលនៃប្រវត្តិគ្រួសារ
April 2017


សៀវភៅរូបថតគ្រួសារចាស់ៗ ៖ ឥទ្ធិពលនៃប្រវត្តិគ្រួសារ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​នូវ យ៉ោក ស.រ.អា. ។

កេរដំណែល​របស់​បុព្វការីជន​ខ្ញុំ​រស់រាន​មាន​ជីវិត​តាមរយៈ​រូប​ខ្ញុំ ហើយ​បន្ត​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​កាន់តែ​ល្អ​ប្រសើរ​ផងដែរ ។

រូបភាព
funeral parade

នា​ព្រឹក​មួយ​ក្នុង​រដូវ​ក្តៅ​ពីមុន​សង្គ្រាម​លោក​លើក​ទី II ជីតាទួត​របស់​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក​ឡើង​ដូច​សព្វ​មួយ​ដង—ពីមុន​ព្រះអាទិត្យ​រះ ។ គាត់​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ នៅលើ​ទួលមួយ ដោយ​មើលទៅ​ជ្រលង​ភ្នំ និង ភូមិ​របស់​គាត់​ដែល​មាន​ទេសភាព​ពណ៌​បៃតង នៅក្នុង​ប្រទេស រូម៉ានី ហើយ​អង្គុយ​លើ​វាល​ស្មៅ​ដែល​គ្រប​ដណ្តប់​ដោយ​ទឹក​សន្សើម​ពេល​ព្រឹក​ព្រលឹម ដោយ​ស្លុង​គំនិត​របស់​គាត់—ជា​គំនិត​ដដែល​ដែល​គាត់​បាន​គិត​មួយ​រយៈ​ពេល​មក​ហើយ ។ គាត់​ជា​បុរស​ម្នាក់​មាន​ការសិក្សា​អប់រំ​ដែល​មាន​ចិត្តទូលាយ និង មាន​គំនិត​តែង​ចង់​ចេះ​ចង់​ដឹង មនុស្ស​គ្រប់​គ្នា​នៅក្នុង​ភូមិ​ស្រឡាញ់ និង គោរព​គាត់ ។ ភូមិ​របស់​គាត់​មាន​ទីតាំង​នៅ​ក្នុង​ដែនដី​នៃ​ទន្លេ​បុរាណ​មួយ​ឈ្មោះ​អុល ជា​គំរូ​ដើម​នៃ​ទិដ្ឋភាព​ភូមិ​នៅ​ប្រទេស​រ៉ូម៉ានី​ជា​ច្រើន​ជំនាន់ ដែល​មាន​ទេសភាព​ដ៏​ស្រស់​បំព្រង ជា​រតនៈសម្បត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ប្រជាជន​នៅ​ភូមិ​នោះ​មាន ការទទួលខុសត្រូវ​ចង់​ថែរក្សា​វត្ថុ និង ទំនៀមទម្លាប់​នានា​នៃ​កេរដំណែល​ទាំងនោះ ពី​ជំនាន់​ដូនតា​របស់​ខ្លួន បន្ត​ទៅ​ជំនាន់​បន្តបន្ទាប់​ទៀត ។

បន្ទាប់​ពី​ព្រះអាទិត្យ​រះ​ហើយ គាត់​បាន​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ភរិយា​របស់​គាត់​ថា គាត់​ចង់​ដឹង​ចង់​ឃើញ​ថា​តើ​ពិធីបុណ្យ​សព​របស់​គាត់​នឹង​មាន​សភាព​បែប​ណា ហើយ​គាត់​ចង់​ធ្វើ​ពិធីបុណ្យ​សព​មួយ​ជា​ការហាត់សម ដោយ​មាន​ស្លៀក​សម្លៀកបំពាក់​សព ។ គាត់​បាន​កំណត់​ថ្ងៃ បានទិញមឈូស ជួល​ពួកសង្ឃ និង អ្នក​យំ​អាជីព ហើយ​គាត់​បាន​ទិញ​នូវ​សម្ភារ​ផ្សេងៗ​ទៀត​ទាំងអស់ ដែល​តម្រូវ​ឲ្យ​ទិញ​តាម​ប្រពៃណី​របស់​ពួក ក្រិក អ័ស្សូដុស្ស ។ ថ្ងៃ​បុណ្យ​សព​ហាត់សម ដោយ​ស្លៀក​សម្លៀកបំពាក់​សព​នោះ​បាន​មក​ដល់ ។ គេ​រៀបចំ​ដាក់តុ​នៅ​ចំ​កណ្តាល​ភូមិ សម្រាប់​ពិធីជប់លៀង​ការចងចាំ ហើយ​គ្រួសារ​ទាំងអស់​បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌ខ្មៅ ពួកសង្ឃ​បាន​មក លោកតាទួតរបស់ខ្ញុំបានចូលដេកក្នុងមឈូស ដោយ​រៀបចំ​ខ្នើយ​ម្តង​ទៀត ដើម្បី​ឲ្យ​គាត់​អាច​មើល​គេឯង​ឃើញ ហើយ​ដំណើរការ​នៃ​ពិធីបុណ្យ​សព​បាន​ចាប់ផ្តើម ។ នៅពេល​ពិធី​នោះ​បាន​ចប់ អ្នក​ភូមិ​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ទាន​អាហារ ហើយ​ជីតាទួត​ខ្ញុំ​បាន​បំពេញ​ក្តីសុបិន​របស់​គាត់ ដោយ​បាន​រាំ​នៅក្នុង​ពិធីបុណ្យ​សព​របស់​គាត់​ផ្ទាល់ ។ គាត់​រស់នៅ​បាន ២០ ឆ្នាំ​ទៀត ជារឿយៗ​គាត់​តែងតែ​ពិនិត្យ​មើល​មឈូសនោះ ថា តើ​វា​នៅ​ត្រូវ​ល្មម​នឹង​ខ្លួន​គាត់​ទៀត​ដែរ​ឬ​ទេ ។

ពុំ​មែន​គ្រាន់តែ​ឈ្មោះ និង កាល​បរិច្ឆេទ​ប៉ុណ្ណោះ​ទេ

ខ្ញុំ​ពុំ​ធ្លាប់​ជួប​ជីតាទួត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ប្រវត្តិ​របស់​គាត់​គឺ​ជា​រឿង​ដែល​ខ្ញុំ​ពេញ​ចិត្ត ដែល​លោក​តា​លោក​យាយ​ខ្ញុំ​បាន​ដំណាល​ប្រាប់​ខ្ញុំ ។ ជា​រៀងរាល់​ថ្ងៃ ពួកលោក​តែងតែ​ប្រាប់​បងប្អូន​បង្កើត​របស់​ខ្ញុំ និង ខ្ញុំ​អំពី​បុព្វការីជន​របស់​យើង ៖ ទីកន្លែង​ដែល​ពួកគាត់​ចេញ​មក ថា​តើ​ពួកគាត់​ដូច​នរណា​គេ អំពី​គុណ​តម្លៃ ក្តីសុបិន និង ក្តីសង្ឃឹម​របស់​ពួកគាត់ ។ រាល់​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​បរិភោគ​អាហារ​រួច លោកតាលោក​យាយ​ខ្ញុំ បាន​យក​សៀវភៅ​រូបថត​ចាស់ៗ​របស់​គ្រួសារ​យើង​ចេញ​មក ហើយ​បើក​វា​មើល គ្រប់​ទំព័រ​នៃ​សៀវភៅ​រូបថត និង ប្រវត្តិ​ទាំង​នោះ​ប្រែ​ជា​មាន​ភាពរស់រវើក ទាំង​កាល​ពី​អតីតកាល និង បច្ចុប្បន្នកាល ហើយ​ដួងចិត្ត​របស់​យើង​បាន​រួមគ្នា​នៅក្នុង​សេចក្តីស្រឡាញ់ ដែល​យក​ឈ្នះ​លើ​ការសាកល្បង​នៃ​ជីវិត​នេះ ។ រូបថត​ទាំង​នោះ​ពុំ​គ្រាន់តែ​ជា​រូបថត​ចាស់ៗ​ដែល​មាន​ឈ្មោះ និង កាលបរិច្ឆេទ​ដែល​បាន​សរសេរ​នៅ​ខាង​ខ្នង​វា​ប៉ុណ្ណោះ​ឡើយ ។ មនុស្ស​គ្រប់​គ្នា​នៅក្នុង​រូបថត​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ជា ឪពុក ឬ ម្តាយ កូនប្រុស ឬ កូនស្រី បងប្រុស ឬ បងស្រី ។ ចំពោះ​ពួកយើង ពួកគាត់​គឺ​ជា​មនុស្ស​ដែល​មាន​ជីវិត ដែល​មាន​ក្តី​សង្ឃឹម និង ក្តីសុបិន ជួប​ឧបសគ្គ និង ការខកចិត្ត ភាពជោគជ័យ និង បរាជ័យ ។ ទោះបី​ជា​ពួកគេ​ស្លាប់​ទៅហើយ​ក្តី តែ​រឿង​របស់​ពួកគេ​បន្ត​រស់រាន​មាន​ជីវិត កេរដំណែល​របស់​ពួកគេ​បន្ត​ភ្លឺ​ចែងចាំង ហើយ​ទឹកមុខ​របស់​ពួកគេ​បន្ត​ញញឹម​ចេញ​ពី​សៀវភៅ​រូបថត​ចាស់ៗ​របស់​គ្រួសារ​យើង ដែល​សព្វថ្ងៃ​នេះ​បាន​ចង​ក្រង​ឲ្យ​មាន​សេចក្តីស្រឡាញ់​នៅក្នុង​ដួងចិត្ត​របស់​កូនចៅ​ទាំង​ប្រាំ​មួយ​ជំនាន់ ។

ភាពរឹងមាំ​នៅក្នុង​គ្រា​នៃ​ការសាកល្បង

នៅពេល​ខ្ញុំ​អាយុ ១៩ ឆ្នាំ ឪពុក​ម្ដាយ និង សាច់ញាតិ​ជិតដិត​របស់​ខ្ញុំ​ស្ទើរតែ​ទាំងអស់​បាន​ស្លាប់ ហើយ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​ជា​មរតក​នោះ​បាន​បាត់បង់ ឬ មាន​គេ​លួច​យក ។ ប៉ុន្តែ​មាន​អ្វី​មួយ ដែល​ពេលវេលា គ្រោះ​ធម្មជាតិ ឬ សូម្បី​តែ​សេចក្តីស្លាប់​ក៏​ពុំ​អាច​បំផ្លាញ​វា​បាន​ឡើយ ៖ គឺ​ស្ពាន​នៃ​មេត្រី​ភាព​តាំងពី​អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល​ដែល​សមាជិក​គ្រួសារ​គ្រប់​រូប​បាន​សាង​ឡើង ។ ដោយសារ​តែ​ភាពឧស្សាហ៍​ព្យាយាម​របស់​ពួកគេ ចំណង​ដែល​ចងភ្ជាប់​ដួងចិត្ត​យើង​ជាមួយ​គ្នា បាន​បង្ហាញ​ថា វា​ខ្លាំង​ជាង​ការសាកល្បង​នានា​នៃ​ជីវិត​រមែង​ស្លាប់​នេះ ហើយ​ផ្តល់​ភាពរឹងមាំ​ដល់​ខ្ញុំ ឲ្យ​យក​ឈ្នះ​លើ​គ្រា​ដ៏​លំបាក​នានា ។

នៅពេល​ឪពុកម្តាយ និង លោកតាលោក​យាយ​ខ្ញុំ​ស្លាប់ ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​នឹង​មាន​ភាពរឹងមាំ​ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត​ដែរ​ឬ​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​អំពី​ឥទ្ធិពល​ពី​ពួកគាត់ ទោះបី​ជា​ពួកគាត់​បាន​ចែកឋាន​ទៅ​ហើយ​ក្តី ហើយ​ការណ៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ដែល​មិន​ងាករេ​អំពី​ជីវិត​បន្ទាប់​ពី​ស្លាប់ ហើយ​ក្រោយ​មក​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ទីបន្ទាល់​អំពី​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ពុំ​ចាំ​ថា​ម្តាយ​របស់​ខ្ញុំ​មាន​មុខមាត់​បែប​ណា​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​ធ្លាប់​បាន​ជួប​ជីតាជីដូន​ទួត​របស់​ខ្ញុំ​ដែរ ប៉ុន្តែ​រាល់​ពេល​ដែល​ខ្ញុំ​បាន​យក​សៀវភៅ​រូបថត​គ្រួសារ​នោះ​មក​មើល នោះ​ខ្ញុំ​បាន​ឃើញ​ថា​មុខ​មាត់​របស់​ខ្ញុំ​ដូច​ពួកគាត់ ។ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​គុណសម្បត្តិ​បែប​នេះ ដោយសារ​តែ​អស់​អ្នក​ដែល​បាន​កើត​មក​មុន​ខ្ញុំ ហើយ​បទពិសោធន៍ និង ប្រាជ្ញា​របស់​ពួកគាត់​បាន​រៀបចំ​អត្តចរិក​ខ្ញុំ និង ដឹកនាំ​ខ្ញុំ ក្នុង​ដំណើរ​ជីវិត​នេះ ។

ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា ខ្ញុំ​កើត​មក​លើ​ផែន​ដី​នេះ ដើម្បី​រស់នៅ​ហើយ​មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន​ផងដែរ—ដើម្បី​ស្វែងយល់ ហើយ​ដក​ពិសោធន៍ និង រីករាយ​នឹង​ជីវិត​នេះ ។ ចំណេះ​ដឹង​អំពី​ប្រវត្តិ​គ្រួសារ​ខ្ញុំ​នេះ​ហើយ ដែល​គាំទ្រ​ខ្ញុំ​ពេញ​មួយ​ជីវិត​នៃ​ការសាកល្បង​របស់​ខ្ញុំ ។

ជា​រឿយៗ ខ្ញុំ​គិត​អំពី​គ្រួសារ​ខ្ញុំ​ដែល​បាន​ចែកឋាន​ទៅ និង ពលិកម្ម​ដែល​ពួកគាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​កាន់តែ​ប្រសើរ​ឡើង ។ ខ្ញុំ​គិត​អំពី​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​យើង​អាច​រស់នៅ​ជាមួយ​គ្នា​ជា​ក្រុម​គ្រួសារ​ម្តង​ទៀត​នា​ថ្ងៃ​ខាង​មុខ ។ ហើយ​ខ្ញុំ​គិត​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដែល​អាច​ធ្វើ​ឲ្យ​រឿង​ទាំង​នេះ​កើត​ឡើង​បាន ។ ទ្រង់​បាន​បង់​ថ្លៃ ប្រយោជន៍​ឲ្យ​យើង​អាច​បាន​រស់ ។ ដោយសារ​រឿង​នេះ យើង​ស្រឡាញ់​ទ្រង់ ហើយ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​ការដឹង​គុណ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង ដរាប​តទៅ ។