២០១៧
រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​រៀងរាល់​ថ្ងៃ
April 2017


រៀបចំ​ខ្លួន​សម្រាប់ ព្រះវិហារ​បរិសុទ្ធ រៀងរាល់​ថ្ងៃ

រូបភាព
Prepare for the Temple Every Day

កាល​ខ្ញុំ​មាន​អាយុ​ប្រាំបួន​ឆ្នាំ ខ្ញុំ​មាន​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា​ដ៏​អស្ចារ្យ​ម្នាក់​ឈ្មោះ កូល័រ ។ ខ្ញុំ​អៀន​ច្រើន​ណាស់ ហើយ​គាត់​សុភាព​រាបសា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចូលចិត្ត​នៅ​ជាមួយ​គាត់ ។ ថ្ងៃ​មួយ​គាត់​បាន​ឲ្យ​ក្រដាស​មួយសន្លឹក​ដល់​ពួកយើង​គ្រប់​គ្នា ។ យើង​ទាំងអស់​គ្នា បាន​សរសេរ​អំពី​អ្វី​ដែល​ពួកយើង​ចង់​ធ្វើ ពេល​យើង​ធំ​ឡើង ។ ខ្ញុំ​បាន​សរសេរ​ដូចនេះ ៖ « ទៅ​រៀន​មហាវិទ្យាល័យ ហើយ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។ ខ្ញុំ​បាន​បិទ​ក្រដាស​របស់​ខ្ញុំ​នោះ​នៅ​លើ​ទ្វារ​ទូរ​របស់​ខ្ញុំ ។ នៅពេល​យប់ ពន្លឺ​ពី​អំពូល​ភ្លើង​នៅ​តាម​ផ្លូវ បាន​ចាំង​ឆ្លុះ​កាត់​តាម​បង្អួច​ខ្ញុំ ។ ខ្ញុំ​បាន​សម្លឹង​មើល​ក្រដាស​នោះ ។ វា​រំឭក​ខ្ញុំ​ថា ខ្ញុំ​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

កាល​នោះ មាន​ព្រះវិហារបរិសុទ្ធ​តែ ១២ ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក ។ ខ្ញុំ​ចង់​ទៅ​គ្រប់​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់។

ពេល​ណា​ដែល​ម្តាយ​ឪពុក​ខ្ញុំ​គ្រោង​ផែនការ​នៅ​វិស្សមកាល នោះ​ពួកគាត់​យក​ក្រុមគ្រួសារ​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជានិច្ច ។ យើង​រស់នៅ​ក្នុង​ទីក្រុង អូរិហ្គេន រដ្ឋ យូថាហ៍ ស. ហ. អា. ព្រះវិហារបរិសុទ្ធ​ដែល​ជិតជាង​គេ​បំផុត​នោះ​គឺ​មាន​ចំណាយ ៩៦៥ គីឡូ​ម៉ែត្រ ដែល​មាន​ទីតាំង​នៅ ខាតស្តុន អាល់ប៊ើរតា ប្រទេស​កាណាដា ។ ឡាន​របស់​ពួកយើង​គ្មាន​ម៉ាស៊ីន​ត្រជាក់​ទេ ។ បងប្អូន​ប្រុស​ស្រី​ខ្ញុំ និង​ខ្ញុំ​អង្គុយ​នៅ​កៅអី​ក្រោយ ។ យើង​បាន​ព្យួរ​ក្រណាត់​សើម នៅខាងក្រៅកញ្ចក់ឡាន ។ បន្ទាប់​មក​យក​ក្រណាត់​នោះ​មក​រុំ​ក​យើង​ដើម្បី​ឲ្យ​បាន​ត្រជាក់ ។

វា​ជា​រឿង​ដ៏​រំភើប​ណាស់ នៅពេល​យើង​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ពុំ​បាន​ដឹង​ច្រើន​អំពី​អ្វី​ដែល​ធ្វើ​ឡើង​នៅ​ទីនោះ​ទេ ប៉ុន្តែ​ឪពុក​ម្តាយ​ខ្ញុំ​រីករាយ​ជានិច្ច ពេល​ពួកគាត់​ចេញ​មក​ពី​ព្រះវិហារ​បរិសុទ្ធ​វិញ ។ ខ្ញុំ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​សំខាន់​ណាស់ ។ ខ្ញុំ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ។ ( នៅក្នុងរូបថត, ខ្ញុំពាក់អាវពណ៌-ស ) ។

ពេល​ខ្ញុំ​មាន​អាយុ ១២ ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន ។ ក្រោយ​មក ពេល​ខ្ញុំ​បាន​ជួប​អនាគត​ស្វាមី​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា គាត់​ក៏​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ! ពួកខ្ញុំ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ។

ប្អូនៗ​អាច​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​រៀងរាល់​ថ្ងៃ ។ សូម​ទៅ​ព្រះវិហារ​បរិសុទ្ធ នៅពេល​ណា​ដែល​ប្អូនៗ​អាច​ទៅ​បាន ។ ស្ទាប​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ ។ ពេលចៅប្រុសខ្ញុំឈ្មោះ ចារេឌ​មាន​អាយុ ១១ ឆ្នាំ គាត់​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ រៀងរាល់​ថ្ងៃ​អាទិត្យ​ជាមួយ​ឪពុក​របស់​គាត់ ។ គាត់​បាន​រកឃើញ​ឈ្មោះ​បុព្វការីជនជាច្រើន ។ ឥឡូវនេះគាត់អាយុ ១២ ឆ្នាំហើយ គាត់កំពុងធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ សម្រាប់បុព្វការីជនទាំងនេះ !

នៅពេល​ប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ប្អូន​អាច​ដើរ​នៅ​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ដើរ ។ វា​ជា​ដំណាក់​របស់​ទ្រង់ ។ ខ្ញុំ​សង្ឃឹម​ថា ប្អូនៗ​នឹង​អធិស្ឋាន​រាល់​ថ្ងៃ​ដល់​ព្រះវរបិតាសួគ៌​ទូល​សូម​ជំនួយ ឲ្យ​ប្អូន​រៀបចំ​ខ្លួន ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់ ។