២០១៧
មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ
April 2017


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ

រូបភាព
President Uchtdorf and his daughter visiting refugees

គ្រូអាចារ្យ និង អ្នក​ផលិត​សាប៊ូ

មាន​រឿង​ព្រេង​បុរាណ​មួយ​របស់​ពួក​សាសន៍​យូដា ដែល​និយាយ​ពី​អ្នក​ផលិត​សាប៊ូ​ម្នាក់​ដែល​ពុំ​ជឿ​លើ​ព្រះ​ឡើយ ។ ថ្ងៃ​មួយ​ពេល​គាត់​កំពុង​ដើរ​ជាមួយ​គ្រូអាចារ្យ​ម្នាក់ គាត់​បាន​និយាយ​ថា « មាន​រឿង​មួយ​ដែល​ខ្ញុំ​ពុំ​អាច​យល់​សោះ ។ យើង​មាន​សាសនា​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​លោក​គ្រូ​មើល​ចុះ គ្រប់​ទីកន្លែង​សុទ្ធ​តែ​មាន​អំពើ​អាក្រក់ ពុករលួយ ពុំ​ទៀងត្រង់ អយុត្តិធម៌ ឈឺ​ចាប់ ស្រែកឃ្លាន និង អំពើ​ហិង្សា ។ វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សាសនា​ពុំ​បាន​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ល្អ​ប្រសើរ​ទាល់តែ​សោះ ។ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក​គ្រូ​ថា តើ​សាសនា​ល្អ​ត្រង់​ណា​ទៅ ? »

គ្រូអាចារ្យ​នោះ​ពុំ​បាន​ឆ្លើយ​តប​នឹង​សំណួរ​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​បន្ត​ដើរ​ជាមួយ​អ្នក​ផលិត​សាប៊ូ​នោះ ។ នៅ​ទីបំផុត​ពួកគេ​បាន​ដើរ​ទៅ​ដល់​សួន​កុមារ​មួយ​កន្លែង ដែល​មាន​ក្មេងៗ​ប្រឡាក់​សុទ្ធ​តែ​ភក់​ដែល​ពួកគេ​កំពុង​លេង​នៅ​ទី​នោះ ។

គ្រូអាចារ្យ​បាន​និយាយ​ថា « មាន​រឿង​មួយ​ដែល​ខ្ញុំ​ពុំ​យល់​សោះ » ។ ចូរ​ក្រឡេក​មើល​ក្មេងៗ​ទាំងនោះ ។ « យើង​មាន​សាប៊ូ​ប្រើ​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្មេងៗ​ទាំង​នោះ​នៅ តែ​កខ្វក់ ។ តើ​សាប៊ូ​មាន​ប្រយោជន៍​ត្រង់​ណា​ទៅ ? »

អ្នក​ផលិត​សាប៊ូ​បាន​តប​វិញ​ថា « លោក​គ្រូ ប៉ុន្តែ​វា​មិន​យុត្តិធម៌​ទេ ដែល​យើង​បន្ទោស​សាប៊ូ​ដោយសារ​តែ​ក្មេងៗ​កខ្វក់​ទាំង​នេះ​នោះ ។ គេ​ត្រូវ​ប្រើ​សាប៊ូ​នោះ​ជា​មុន​សិន ទើប​គេ​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា ។

គ្រូអាចារ្យ​ញញឹម ហើយ​និយាយ​ថា « ប្រាកដ​ណាស់ » ។

តើ​យើង​នឹង​រស់នៅ​យ៉ាង​ដូចម្ដេច ?

ដោយ​ដកស្រង់​ពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ សាវក​ប៉ុល​បាន​សង្ខេប​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​អ្នកជឿ កាល​លោក​បាន​សរសេរ​ថា « មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ » ( រ៉ូម ១:១៧ ) ។

ប្រហែល​ជា​នៅក្នុង​សេចក្តីថ្លែង​ដ៏​សាមញ្ញ​នេះ យើង​យល់​អំពី​ភាពខុស​គ្នា​រវាង​សាសនា​មួយ​ដែល​ទន់ខ្សោយ និង គ្មាន​ប្រសិទ្ធភាព ជាមួយ​នឹង​សាសនា​មួយ​ទៀត​ដែល​មាន​អំណាច​ដើម្បី​ផ្លាស់ប្តូរ​ជីវិត ។

ប៉ុន្តែ​ដើម្បី​យល់​អំពី​អត្ថន័យ​នៃ​ការរស់នៅ​ដោយ​អាង​លើ​សេចក្តីជំនឿ នោះ​យើង​ត្រូវតែ​យល់​ពី​អត្ថន័យ​នៃ​សេចក្តីជំនឿ​ជា​មុន​សិន ។

សេចក្ដី​ជំនឿ​គឺ​លើស​ពី​ការជឿ​ទៅ​ទៀត ។ វា​គឺ​ជា​ការទុកចិត្ត​ទាំងស្រុង​ទៅលើ​ព្រះ ជាមួយ​នឹង​ការប្រព្រឹត្ត​តាម ។

វា​លើស​ពី​ការប៉ង​ប្រាថ្នា​ទៅទៀត ។

វា​លើស​ពី​ការគ្រាន់តែ​អង្គុយ​បែរ​ខ្នង ងក់​ក្បាល​យើង ហើយ​និយាយ​ថា​យើង​យល់​ព្រម​ទៅ​ទៀត ។ នៅពេល​យើង​និយាយ​ថា « មនុស្ស​សុចរិត​នឹង រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ » នោះ​យើង​ចង់​និយាយ​ថា សេចក្តីជំនឿ​របស់​យើង​ដឹកនាំ និង ណែនាំ​ផ្លូវ​យើង ។ យើង ប្រព្រឹត្ត ក្នុង​របៀប​មួយ​ដែល​ស៊ី​ចង្វាក់​គ្នា​នឹង​សេចក្តីជំនឿ​របស់​យើង—ពុំ​មែន​ដោយ​ស្មារតី​នៃ​ការគោរព​ប្រតិបត្តិ​ដែល​ព្រងើយ​កន្តើយ​ឡើយ ប៉ុន្តែ​ជា​ការគោរព​ប្រតិបត្តិ​ដោយ​មាន​ទំនុក​ចិត្ត និង សេចក្តីស្រឡាញ់​ស្មោះសរ​ចំពោះ​ព្រះ​របស់​យើង និង ចំពោះ​ប្រាជ្ញា​ដ៏​កាត់​ថ្លៃ​ពុំ​បាន​ដែល​ទ្រង់​បាន​បើក​សម្តែង​ដល់​កូន​ចៅ​របស់​ទ្រង់ ។

សេចក្តីជំនឿ​ត្រូវ​តែ​មាន​ការប្រព្រឹត្តតាម បើ​មិន​ដូច្នោះ​ទេ​សេចក្តីជំនឿ​នោះ​គឺ​ស្លាប់​ហើយ ( សូមមើល យ៉ាកុប ២:១៧ ) ។ វា​ពុំ​មែន​ជា​សេចក្តីជំនឿ​នោះ​ឡើយ ។ វា​គ្មាន​អំណាច​ដើម្បី​ផ្លាស់ប្តូរ​បុគ្គល​ណា​ម្នាក់​ឡើយ ដូច្នោះ​ចូរ​ទុក​ឲ្យ​ពិភពលោក​នៅតែ​ឯង​ចុះ ។

បុរស និង ស្ត្រី​ដែល​មាន​សេចក្តី​ជំនឿ​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​របស់​ខ្លួន​ដែល​មាន​ក្តីមេត្តា​ករុណា—សូម្បី​តែ​ក្នុង​គ្រា​អន្តរាយ សូម្បី​តែ​ក្នុង​គ្រា​នៃ​ការមន្ទិល​សង្ស័យ និង ទុក្ខវេទនា គឺ​ជា​ពេល​ដែល​ពួកគេ​ពុំ​អាច​ឃើញ ឬ យល់​បាន​ច្បាស់​លាស់​នោះ ។

បុរស និង ស្ត្រី​ដែល​មាន​សេចក្តីជំនឿ​ដើរ​ដោយ​ស្មោះត្រង់​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ហើយ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​ពួកគេ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រាកដ​ណាស់​សេចក្តីជំនឿ​ជំរុញ​ចិត្ត បំផុស​គំនិត​យើង​ឲ្យ​បង្វែរ​ចិត្ត​ទៅ​ឋានសួគ៌ ហើយ​ឈោង​ទៅ​ជួយ លើក​ស្ទួយ និង ផ្តល់​ពរ​ដល់​បងប្អូន​របស់​យើង ។

សាសនា​ដែល​គ្មាន​ការប្រព្រឹត្ត​តាម​គឺ​ដូច​ជា​សាប៊ូ​ដែល​ទុក​ចោល​ក្នុង​ប្រអប់​ដូច្នេះ​ដែរ ។ សាប៊ូ​អាច​មាន​សក្តានុពល​អស្ចារ្យ ប៉ុន្តែ​តាម​ពិត​ទៅ​វា​មាន​ឥទ្ធិពល​តិចតួច​ក្នុង​ការលាង​ជម្រះ ប៉ុន្តែ​លុះត្រា​ណា​យើង​បាន​ប្រើ​វា​តែ​ប៉ុណ្ណោះ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​គឺ ជា​ដំណឹងល្អ​នៃ​ការប្រព្រឹត្ត​តាម ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​សាសនា​ពិត​ថា​ជា សារលិខិត​នៃ​សេចក្តីសង្ឃឹម សេចក្តីជំនឿ និង សេចក្ដីសប្បុរស រួមជាមួយនឹងការជួយបងប្អូនរបស់យើង​តាម​ផ្លូវ​វិញ្ញាណ និង សាច់​ឈាម ។

ពីរបី​ខែ​កន្លង​ទៅ ភរិយា​ខ្ញុំ ហារៀត និង ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ​ជាមួយ​កូនៗ​របស់​ពួកយើង​ទៅ​លេង​តំបន់ មេឌីទែរ៉ាណេ ។ យើង​បាន​ទៅ​លេង​ជំរំ​ជន​ភៀសខ្លួន​មួយ​ចំនួន ហើយ​បាន​ជួប​ក្រុមគ្រួសារ​ដែល​រងទុក្ខ​ដោយសារ​ប្រទេស​មាន​សង្គ្រាម ។ ពួកគេ​ពុំ​មែន​ជា​អ្នក​មាន​ជំនឿ​ដូច​យើង​ឡើយ ប៉ុន្តែ​ពួកគេ​គឺ​ជា​បងប្អូន​ប្រុសស្រី​របស់​យើង​ពួកគេ​ត្រូវការ​ជំនួយ​ជា​បន្ទាន់ ។ ពួកយើង​មាន​ចិត្ត​ក្តុកក្តួល​យ៉ាង​ខ្លាំង នៅពេល​យើង​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​របៀប​ដែល សមាជិក​សាសនាចក្រ​របស់​យើង​មាន​ជំនឿ​ប្រព្រឹត្តតាម​បាន​នាំ​ជំនួយ ការសង្គ្រោះ និង សេចក្ដី​សង្ឃឹម​ដល់​បងប្អូន​របស់​យើង​ដែល​ខ្វះខាត ដោយ​មិន​គិត​ពី​ជំនឿ​សាសនា សញ្ជាតិ ឬ ការអប់រំ​របស់​ពួកគេ​ឡើយ ។

សេចក្តីជំនឿ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ការប្រព្រឹត្ត​តាម​ជាប់​ជានិច្ច ដោយ​បំពេញ​ដួងចិត្ត​នូវ​ចិត្ត​សប្បុរស គំនិត​ដែល​មាន​ប្រាជ្ញា និង ការយល់​ដឹង ព្រមទាំង​ព្រលឹង​ដែល​មាន​ភាពសុខសាន្ត និង ក្តីស្រឡាញ់ ។

សេចក្តីជំនឿ​របស់​យើង​អាច​ផ្តល់​ពរ និង មាន​ឥទ្ធិពល​សុចរិត​ដល់​ទាំង​អ្នក​ដែល​នៅ​ជុំ​វិញ​យើង និង ខ្លួន​យើង ។

សេចក្តីជំនឿ​របស់​យើង​អាច​ធ្វើ​ឲ្យ​ពិភព​លោក ពោរពេញ​ដោយ​សេចក្តីល្អ និង ភាពសុខសាន្ត ។

សេចក្តីជំនឿ​របស់​យើង​អាច​ប្តូរ​ការស្អប់ខ្ពើម ឲ្យ​ទៅ​ជា​ការស្រឡាញ់ និង ប្តូរ​ពី​សត្រូវ​ទៅ​ជា​មិត្ត ។

ដូច្នោះ​មនុស្ស​សុចរិត​រស់នៅ​ដោយ​ការប្រព្រឹត្ត​តាម​ក្នុង​សេចក្តីជំនឿ ពួកគេ​រស់នៅ​ដោយ​ការទុកចិត្ត​លើ​ព្រះ ហើយ​ដើរ​នៅលើ​ផ្លូវ​របស់​ទ្រង់ ។

នោះ​ហើយ​គឺ​ជា​ជំនឿ​មួយ​បែប​ដែល​អាច​ផ្លាស់ប្តូរ​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ ប្រទេស​ជាតិ និង ពិភពលោក ។