២០១៧
គិត​អំពី​ព្រះយេស៊ូវ
April 2017


រឿង​អំពី ព្រះយេស៊ូវ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

រូបភាព
Thinking of Jesus

ម៉ៃ រំភើប​ចិត្ត​ណាស់ ។ វា​ជា​លើក​ដំបូង​ដែល​នាង​មក​ព្រះវិហារ ! ពួក​អ្នកផ្សព្វផ្សាយសាសនា​បាន​ប្រាប់​គ្រួសារ​នាង​អំពី​សាសនាចក្រ​នេះ ។ ពួកគេ​បាន​សម្រេច​ចិត្ត​មក ។

ម៉ៃ បាន​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​នាង ។ នាង​បាន​ឃើញ​ក្រណាត់​ពណ៌-ស​នៅ​លើ​តុ ។ មាន​អ្វី​មួយ​នៅ​ក្រោម​ក្រណាត់​នោះ ។

« តើ​មាន​អ្វី​នៅ​ក្រោម​ក្រណាត់​នោះ ? » ម៉ៃ បាន​សួរ​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ស៊ិស្ទើរ ហាន់សុន បាន​ញញឹម ។ « វា​គឺ​ជា​សាក្រាម៉ង់ » ។

សាក្រាម៉ង់ ។ នោះ​គឺ​ជា​ពាក្យ​មាន​ន័យ​ជ្រៅ​ណាស់ ។ ម៉ៃ បាន​ស្តាប់​អ្នកផ្សព្វផ្សាយ​សាសនា ប្រាប់​ម្តាយ និង ឪពុក​នាង​អំពី​វា ។ ប៉ុន្តែ​នាង​ពុំ​ដឹង​ប្រាកដ​ថា វា​ជា​អ្វី​នោះ​ទេ ។

គ្រប់​គ្នា​បាន​ច្រៀង​ចម្រៀង ។ បុរស​ពី​នាក់​បាន​លើក​ក្រណាត់​ស​នោះ​ឡើង ។ ថាស​នំបុ័ង​នៅ​ក្រោម​ក្រណាត់​នោះ ! ម៉ៃ បាន​មើល​ពួកគេ​ហែក​នំបុ័ង​នោះ​ជា​ចំណិត​តូចៗ ។

បន្ទាប់​ពី​ច្រៀង​ចប់ បុរស​ម្នាក់​បាន​អធិស្ឋាន ។ បុរស​ផ្សេងៗ​ទៀត​បាន​ហុច​នំបុ័ង​នោះ​ទៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា ។

ស៊ិស្ទើរ ហ្គាសៀ ខ្សឹប​ថា « នំបុ័ង​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ព្រះកាយ​របស់​ព្រះយេស៊ូវ ។

ម៉ៃ បាន​ចាប់​យក​ចំណិត​នំប៉័ង ។ នាង​គិត​ក្នុង​ចិត្ត​ថា ព្រះយេស៊ូវ​គង់​នៅ​ពី​មុខ​នាង ។

ក្រោយ​មក​មាន​ការអធិស្ឋាន​មួយ​ទៀត ។ បុរស​ទាំង​នោះ​បាន​ហុច​ថាស ដែល​មាន​ពែង​ទឹក​តូចៗ​នៅក្នុង​នោះ ។

ស៊ិស្ទើរ ហ្គាសៀ ខ្សឹប​ថា « ទឹក​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ព្រះលោហិត​របស់​ព្រះយេស៊ូវ ។ ទ្រង់​បាន​សុគត​ដើម្បី​យើង ដោយសារ​ទ្រង់​ស្រឡាញ់​ពួកយើង » ។

ម៉ៃ បាន​ចាប់​យក​ពែង​ទឹក ។ នាង​បាន​គិត​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ខ្លាំង​ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​នាង ។ នាង​មាន​អារម្មណ៍​ថា ទ្រង់​កំពុង​ឱប​នាង​យ៉ាង​ខ្លាំង ។

ក្រោយ​មក ស៊ិស្ទើរ ហាន់សុន បាន​ឲ្យ​រូបភាព​ព្រះយេស៊ូវ​តូចមួយ​ទៅ ម៉ៃ ។ « យើង​ទទួល​ទាន​នំប៉័ង និង ទឹក​ដើម្បី​ចងចាំ​ដល់​ព្រះយេស៊ូវ និង ការសន្យា​ដើម្បី​ធ្វើ​តាម​ទ្រង់ » ។ នាង​បាន​ញញឹម ។ « តើ​ប្អូន​គិត​យ៉ាង​ណា​អំពី​សាក្រាម៉ង់ ? »

ម៉ៃ បាន​សម្លឹង​មើល​រូបភាព​របស់​ព្រះយេស៊ូវ ។ នាង​បាន​ចាំ​ពី​អារម្មណ៍​កក់ក្ដៅ​ដែល​នាង​បាន​ទទួល ។ នាង​បាន​ញញឹម ។ « វា​អស្ចារ្យ​ណាស់ ! ខ្ញុំ​ស្រឡាញ់​ព្រះយេស៊ូវ » ។