២០១៨
ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ
January 2018


ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ខ្ញុំ​ចង់​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើន — ខ្ញុំ​បានដឹង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​ប្រទាន​ពរ​ដល់​គ្រួសារ​ខ្ញុំ​យ៉ាង​អស្ចារ្យ ។

រូបភាព
family walking toward temple

ពីរបី​ឆ្នាំ​កន្លង​ទៅ ប្រធាន អូលដ្រួយ សមាជិក​ក្នុង​គណៈប្រធាន​ស្តេក បាន​មក​វួដ​របស់​ខ្ញុំ ហើយ​បាន​និយាយ​អំពី​អ្វី​មួយ​ដែល​ខ្ញុំ​មិន​អាច​ភ្លេច​បាន​ឡើយ ៖ « ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ប្រសិនបើ​អ្នក​ចូលរួម​ព្រះវិហារ​បរិសុទ្ធ នោះ គ្រប់ ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​អ្នក​នឹង​បាន​ទទួលពរ » ។

ពេលខ្ញុំ​បាន​គិត​អំពី​រឿង​នោះ ខ្ញុំ​ពុំ​អាច​ស្រមៃ​ឃើញ​ឡើយ​ថា ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​អាច​ជះ​ឥទ្ធិពល​ទៅលើ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា​ឡើយ ។ ប៉ុន្តែ​បន្ទាប់​ពី​ចប់​ម៉ោង​ប្រជុំ​នៅ​ព្រះវិហារ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​យក​ការអញ្ជើញ​របស់​គាត់ ហើយ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ទៀងទាត់​ជាង​មុន ។ ខ្ញុំ​ចង់​សាកល្បង​នឹង​ការសន្យា​របស់​គាត់ ។ ស្វាមី​ខ្ញុំ​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​កាន់តែ​ញឹកញាប់ ប៉ុន្តែ​ខ្ញុំ​មាន​ចិត្តស្ទាក់ស្ទើរ ដោយសារ​យើង​មាន​កូន​តូចៗ ។ យើង​ត្រូវ​បើក​ឡាន​មួយ​ម៉ោង​កន្លះ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង សាន់ អានតូនីអូ តិចសាស ស.រ.អា. បញ្ចប់​អំណោយទាន​ពិសិដ្ឋ​មួយ​វគ្គ​រួច បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ។ ការសូម​ឲ្យ​គេ​ជួយ​មើល​ថែ​កូនៗ​របស់​យើង​រយៈពេល​ប្រាំពីរ ឬ​ប្រាំ​បីម៉ោង​នោះ​ពុំ​អាច​ធ្វើ​ទៅ​បាន​ឡើយ ។

ការចាប់ផ្តើម​នៃ​ពរជ័យ

គ្រា​ដំបូង​យើង​បាន​ព្យាយាម​ឲ្យ​គ្រួសារ​មួយ​ជួយ​មើល​កូន​របស់​យើង ប៉ុន្តែ​តែងតែ​មាន​អ្នក​ឈឺ ឬ មាន​រឿង​លំបាកៗ​បាន​កើត​ឡើង​ដោយ​ចៀស​ពុំ​រួច​ឡើយ ។ យើង​បាន​សម្រេច​ចិត្ត​ថា យើង​ចាំបាច់​ត្រូវ​កំណត់​កាលបរិច្ឆេទ​សម្រាប់​ឆ្នាំ​ដែល​យើង​ទៅ ហើយ ទៅ​ទីនោះ​តែ​ម្តង ! ក្រោយ​មក​ពួកយើង​បាន​មាន​វិធី​សាស្ត្រ​មួយ​ហៅ​ថា « នំ​ភីស្សា និង​ការលេង » ។ យើង​នឹង​បើក​ឡាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា ។ ម្តាយ ឬ​ឪពុក​នឹង​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​មួយ​វគ្គ ខណៈ​ដែល​ម្តាយ ឬ​ឪពុក​ម្នាក់​ទៀត​យក​កូន​ទៅ​បរិភោគ​នំ​ភីស្សា ។ បន្ទាប់​មក​យើង​ប្តូរ​វេន​គ្នា ៖ ឪពុក ឬ​ម្តាយ​ទី​ពីរ​នឹង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ខណៈ​ដែល​ឪពុក ឬ​ម្តាយ​ផ្សេង​ទៀត​ដើរ​ជុំវិញ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​កូនៗ ។ ផែនការ​នេះ​ដំណើរ​បាន​ល្អ​ណាស់ ។ កូនៗ​របស់​យើង​បាន​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​សំខាន់​ចំពោះ​ពួកយើង — ពួកគេ​បាន​ដឹង​អំពី​អ្វី​ផ្សេងៗ​ទៀត​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ — ហើយ​យើង​ត្រូវតែ​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ ។

ខ្ញុំ​បាន​ដឹង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​ប្រទាន​ពរ​ដល់​គ្រួសារ​ខ្ញុំ​យ៉ាង​អស្ចារ្យ ។ បន្ទាប់​ពី​យើង​បាន​ទៅ​ទីនោះ​កាន់តែ​ញឹកញាប់​អស់​រយៈពេល​ជាងមួយ​ឆ្នាំ​មក ខ្ញុំ​អង្គុយ​នៅ​ក្នុង​វគ្គ​ពិធីបរិសុទ្ធ​មួយ កាល​ខ្ញុំ​បាន​សម្គាល់​ឃើញ​បុរស​ពិការ​ខ្លួន​ទាំង​មូល​ម្នាក់ ។ ខ្ញុំ​គិត​ថា វា​អស្ចារ្យ​ណាស់​ដែល​គាត់​នៅ​ទីនោះ ។ នៅ​តាម​ផ្លូវ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​វិញ ខ្ញុំ​បាន​ឃើញ​គាត់​អង្គុយ​នៅ​ក្បែរ​កន្លែង​ចត​ឡាន ដូច្នេះ​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​គិត​ថា យើង​នឹង​និយាយ​ស្វាគមន៍​ទៅ​កាន់​គាត់ ។

បុរស​នោះ​បាន​សូម​ឲ្យ ឆាដ ស្វាមី​ខ្ញុំ និង​ខ្ញុំ ប្រសិនបើ​យើង​អាច​ជួយគាត់​ឲ្យ​ទូរសព្ទ​ទៅគេ​ម្នាក់ ។ យើង​បាន​យល់​ព្រម​ជួយ​គាត់ ហើយ​បុរស​នោះ​បាន​ប្រាប់​ ឆាដ​អំពីកន្លែង​ដែល​គាត់​ទុក​ទូរសព្ទ​របស់​គាត់ ។ ឆាដ​បាន​វាយ​លេខ​ទូរសព្ទ​ឲ្យ​គាត់ ក្រោយ​មក​បាន​ហុច​​ទូរសព្ទ​នោះ​ទៅ​ឲ្យ​គាត់ ។ បុរស​នោះ​ពុំ​អាច​ឈោង​យកទូរសព្ទ​បាន​ឡើយ ដូច្នេះ​គាត់​បាន​ញញឹម​ដោយ​ស្រទន់ ។ ឆាដ​បាន​មើល​ទៅ​ដៃ​របស់​បុរស​នោះ ដែល​នៅ​ជាប់​នឹង​រទេះគាត់ ហើយ​ភ្លាម​នោះ​ ឆាដ​បាន​ដឹង​ថា បុរស​នោះ​ត្រូវការ​ការកាន់​ទូរសព្ទ​ឲ្យ​កៀក​នឹង​ត្រចៀក​គាត់ ។ ឡាន​ក្រុង​ដែល​ត្រូវ​មក​យក​បុរស​នោះ​មាន​ការយឺតយ៉ាវ ។ យើង​បាន​បន្ត​នៅជាមួយ​គាត់ ហើយ​និយាយ​ជាមួយ​គាត់​រហូត​ដល់​ឡាន​ក្រុង​នោះ​មក​ដល់ ។ យើង​មាន​ការកោតសរសើរ​ណាស់​ ទោះបីជា​គាត់​មាន​ឧបសគ្គ​បែប​នេះ​ក្តី ក៏​គាត់​នៅតែ​មក​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ពិតជា​មាន​ឥរិយាបថ​មួយ​ដ៏​អស្ចារ្យ ។ គាត់​មាន​ស្នាម​ញញឹម​ដ៏​ពព្រាយ ។ ពីមុន​គាត់​ចេញ​ទៅ យើង​បាន​ឲ្យ​ព័ត៌មាន​ទាក់ទង​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​បាន​ដឹង​ថា គាត់​ឈ្មោះ ម៉ាក ប៉ារ៉ា ។

ប្រសិនបើ​បងប្រុស ប៉ារ៉ា អាច​ឆ្លៀត​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​យើងក៏​ឆ្លៀង​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ផងដែរ — ពុំ​ត្រូវ​មាន​ការដោះសារ​ឡើយ !

គំរូ​របស់​បងប្រុស​ប៉ារ៉ា

រូបភាព
Brother Para with the Evans family

យើង​បាន​សម្រេច​ចិត្ត​ទៅ​សួរសុខទុក្ខ​គាត់​នៅ​ខែ​បន្ទាប់ ពេលយើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​ទូរសព្ទ​ទៅ​គាត់​ជាមុន ហើយ​គាត់​បាននិយាយ​ថា យើង​អាច​ទៅ​លេង​គាត់ ពេល​យើង​ទៅដល់​ផ្ទះ​គាត់ ។ យើង​បាន​បើក​ឡាន​ទៅ​ទីក្រុង សាន់ អានតូនីអូ ហើយ​ឃើញ​​ផ្ទះ​ដ៏​តូច​របស់​បងប្រុស​ប៉ារ៉ា ។ គាត់​កំពុង​សម្រាក​នៅ​លើគ្រែ​ ដោយ​មាន​ភួយ​ពណ៌​ស គ្រប់​លើ​ខ្លួន​គាត់​ពីជើង​ដល់​ត្រឹម​ចង្ការ​គាត់ ។ គាត់​បាន​ងាក​ក្បាល​របស់​គាត់​ទៅ​ម្ខាង ហើយ​និយាយ​ជាមួយ​ពួកយើង ស្នាម​ញញឹម​គាត់​នៅ​តែ​ស្រស់​ពព្រាយ​ដដែរ ។ គាត់​បាន​ប្រាប់​យើង​អំពីរបៀប​ដែល​គាត់​ខ្វិន បន្ទាប់​ពី​គាត់​ធ្លាក់​ពី​លើ​ដំបូល​ផ្ទះ កាល​ពី​គាត់​នៅ​អាយុ​អំឡុង​ ៣០ ឆ្នាំ ។ គាត់​បាន​ចែកចាយ​អំពីទុក្ខលំបាក និង​ទីបន្ទាល់​របស់​គាត់ ។

ការទៅសួរសុខទុក្ខ​បងប្រុសប៉ារ៉ា​តែ​ម្តង បាន​ក្លាយ​ទៅជា​ការទៅសួរសុខទុក្ខ​អស់​ជា​ច្រើន​ឆ្នាំ ។ គាត់​បាន​ក្លាយ​ជា​ផ្នែក​ពិសេស​មួយ​នៃ​ជីវិត​របស់យើង ។ យើង​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​សម្រាប់​គាត់​ឡើយ — ឧបសគ្គ​របស់​គាត់​មាន​ទំហំធំធេង​ណាស់ ។ អ្វី​ដែល​យើង​ដឹង​នោះ​គឺ​ថា យើ​ងអាច​ធ្វើ​ជា​មិត្តនឹង​គាត់ ។ យើង​អាច​នាំ​យក​អំណោយ​បន្តិចបន្តួច​ទៅ​ឲ្យ​គាត់​ដូច​ជា ៖ រូបភាព​ព្រះអង្គសង្គ្រោះ ស៊ីឌី ព្រះគម្ពីរ​មរមន​ជាភាសា​អេស្ប៉ាញ រូបភាព​ព្រះវិហារ​បរិសុទ្ធ ផ្លែក្រូច​ស្រស់​មួយ​កន្ត្រក់ ។ យើង​អាច​ទៅ​សួរសុខទុក្ខ​គាត់​ច្រៀង​ចម្រៀង​កុមារ និង​ស្តាប់​គាត់​និយាយ ។ ឱ​នេះ​គឺ​ជា​បទពិសោធន៍​ដ៏អស្ចារ្យ​អ្វីម៉្លេះ — អ្នក​ពុំ​អាច​ថ្វាយ​កំទិច​នំបុ័ង​ទៅ​ព្រះអម្ចាស់ ដោយ​មិន​ទទួល​បាន​នំបុ័ង​ទាំង​ដុំ​ត្រឡប់​មក​វិញ​នោះ​ឡើយ ។​

ទ្រង់​បាន​បង្រៀន​យើង​អំពី​អំណរគុណ ដែល​បាន​ផ្លាស់ប្តូរ គ្រប់ ផ្នែក​ទាំងអស់​ក្នុង​ជីវិត​យើង ។ យើង​រៀន​ដើម្បី​មាន​អំណរ​គុណ​ចំពោះ​ចំណេះ​ដឹង​យើង​អំពី​ដំណឹង​ល្អ ចំពោះ​ទំនាក់ទំនង​យើង​ជាមួយ​ព្រះ ចំពោះ​ចំណេះ​ដឹង​យើង​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ចំពោះ​ផ្ទះ ឡាន អាហារ និង​សម្លៀកបំពាក់​របស់​យើង ចំពោះ​សមត្ថភាព​​យើង​ក្នុងការ​ប្រើប្រាស់​រូបកាយ​យើង ចំពោះ​ឱកាស​ធ្វើ​ល្អ​ដល់​សហគមន៍​យើង និង​មនុស្ស​នៅ​ជុំ​វិញ​យើង ។ បងប្រុស​ប៉ារ៉ា​បាន​ផ្លាស់ប្តូរ​និយមន័យ​របស់​យើង​អំពី​ពាក្យ លំបាក និង ការ​សាកល្បង ។ យើង​មា​នហេតុផល​ដើម្បី​រីករាយ​នៅក្នុង​ពរជ័យ​ជា​ច្រើន​របស់​យើង ហើយ​ប្រើប្រាស់​ពរជ័យ​ទាំង​នោះ​លើក​ស្ទួយ​ចិត្ត​អ្នក​ដទៃ​ទៀត ។

ការរៀន​ដើម្បី​បម្រើ

មាន​គ្រា​មួយ ពេល ឆាដ​នៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​មិត្ត​ម្នាក់​របស់​យើង​គឺ​បងប្រុស ហ្គនស្សាលែស នោះ​គាត់​បាន​ឃើញ​បងប្រុសប៉ារ៉ា​ម្តង​ទៀត​នៅ​ព្រះវិហារ​បរិសុទ្ធ កំពុង​រង់ចាំ​ឡាន​ទៅ​យក​គាត់ ។ បងប្រុស​ប៉ារ៉ា​បាន​រង់ចាំ​ឡាន​នោះ​អស់​ពេល​យ៉ាង​យូរ ។ ឆាដ និង​បងប្រុស ហ្គនស្សាលែស បាន​សម្រេច​ចិត្ត​ដឹក​បងប្រុស​ប៉ារ៉ា​ទៅ​ផ្ទះ ។ បងប្រុស ហ្គនស្សាលែស មានឡានទ្រុងពណ៌ខ្មៅធំមួយ ។ កាល​នោះ ពួក​ក្រុម​សង្ឃ​​មួយ​ឡាន​មក​ពីស្តេក​របស់​យើង​បាន​មក​ដល់ ហើយ​ពួកគេ​បាន​ជួយ​លើករទេះដ៏ធ្ងន់នោះដាក់លើឡានទ្រុងខ្មៅនោះ ។ បន្ទាប់​មក ពួកគេ​បាន​លើក​បងប្រុសប៉ារ៉ា​ដាក់​លើឡានទ្រុងនោះ ពាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​គាត់ ហើយ​ទប់​គាត់​ដើម្បី​កុំ​ឲ្យ​គាត់​ដួល ។ ខ្ញុំ​គិត​ថា ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​បងប្រុស​ប៉ារ៉ា — គាត់​មាន​ក្តី​អស្ចារ្យ​យ៉ាង​ខ្លាំង​ព្រោះ​គាត់​បាន​ជិះ​លើ​ឡាន​ដែល​គាត់​សុបិន​ចង់​បាន ពី​ព្រះវិហារ​បរិសុទ្ធ​ទៅ​ផ្ទះ​របស់​គាត់ !

បាន​ពរ​គ្រប់​យ៉ាង​ទាំងអស់

ការទៅ​ព្រះវិហារ​បរិសុទ្ធ​សាន់ អានតូនីអូ ជា​លើក​ចុង​ក្រោយ​របស់​យើង​ពីមុន​យើង​ប្តូរ​ទីលំនៅ យើង​បាន​ទៅ​សួរសុខទុក្ខ​បងប្រុស​ប៉ារ៉ា ។ នៅក្នុង​ការទៅ​សួរ​សុខ​ទុក្ខ​លើក​ចុង​ក្រោយ​ដ៏​ពិសេស​នេះ បងប្រុស​ប៉ារ៉ា បាន​ផ្តល់​អាហារ​ពេល​ល្ងាច​ដល់​គ្រួសារ​យើង​ទាំង​មូល ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​បាន​សាកល្បង​ធ្វើ​តាម​ការសន្យា​របស់​ប្រធាន អូលដ្រួយ ។ គ្រួសារ​ខ្ញុំ​នឹង​ពុំ​បាន​ជួប​បងប្រុស​ប៉ារ៉ា​ឡើយ ប្រសិនបើ​យើង​ពុំ​ទៅ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ខ្ញុំ​ជា​មនុស្ស​ខុស​ពី​មុន — ខ្ញុំ​កំពុង​ក្លាយ​ជា​មនុស្ស​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។ ពេល​យើង​ដាក់​ព្រះអម្ចាស់​មុន​អ្វីៗ​ទាំងអស់ ហើយ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ នោះ​ជីវិត​យើង​នឹង​ទទួល​បាន​ពរ គ្រប់ យ៉ាង​ទាំងអស់ ។

កំណត់​ចំណាំ

  1. សូមមើល Melvin J. Ballard នៅក្នុង Marion G. Romney « Welfare Services: The Savior’s Program » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨០ ទំព័រ ៩៣ ។