២០១៨
ចម្លើយ​សម្រាប់​លូសៀ
January 2018


ចម្លើយ សម្រាប់ លូសៀ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

លូសៀ​បាន​ភាន់​ច្រឡំ​អំពី​អ្វី​ដែល​គ្រូបង្រៀន​របស់​នាង​បាន​និយាយ ។ តើ​នរណា​អាច​ជួយ​បាន ?

« ខ្ញុំ​ចូលចិត្ត​អាន​គម្ពីរ​បរិសុទ្ធ ហើយ​រាល់​ពេល​ដែល​ខ្ញុំ​អាន ខ្ញុំ​មាន​អារម្មណ៍​ព្រះវិញ្ញាណ​ចម្រើន​ក្នុង​បេះដូង — ជា​ទីបន្ទាល់​ថា​ជា​ការពិត » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៦៦ ) ។

រូបភាព
An Answer for Lucia

លូសៀ​បាន​ជូត​ទឹក​ភ្នែក ។ នាង​ពុំ​ចង់​ឲ្យ​ក្មេង​ផ្សេង​ទៀត​ឃើញ​ឡើយ ។ នាង​បាន​ចេញ​ពី​បរិវេណ​សាលា​រៀន ហើយ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ។

លូសៀរស់នៅលើកោះតូចមួយដ៏ស្រស់ស្អាត ។ នាង​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​គត់​នៅ​សាលា​រៀន ។ មនុស្ស​ផ្សេង​ទៀត​ទៅ​ព្រះវិហារ​ដូចៗ​គ្នា ។ ពួកគេ​ឌឺដង​ដាក់​លូសៀ ហើយ​មិន​លេង​ជាមួយ​នាង​ឡើយ​ដោយសារ​នាង​ខុស​ប្លែក​ពី​គេ ។

នោះ​ពុំ​មែន​ជា​បញ្ហា​តែ​មួយ​នោះ​ទេ ។ ជួលកាល​គ្រូបង្រៀន​ព្រងើយ​កន្តើយ​នឹង​លូសៀ ពេល​នាង​បាន​លើក​ដៃ​ឡើង​សួរសំណួរ ។

លូសៀ​បាន​គិត​ថា « ប៉ុន្តែ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត ! » ។ នាង​បាន​ទាត់​គ្រួស​នៅ​តាម​ដង​ផ្លូវ ។ អំឡុង​ពេល​រៀន គ្រូបង្រៀន​បាន​អាន​ខគម្ពីរ​មួយ​ចំនួន​ពី​ព្រះគម្ពីរ​ប៊ីប​ដែល​លូសៀ​ពុំ​យល់ ។ ខគម្ពីរ​នោះ​ហាក់បីដូចជា​ថា ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​តែ​មួយ ។ បន្ទាប់​មក​គ្រូបង្រៀន​បាន​និយាយ​ថា​មាន​ព្រះវិហារ មួយ​ចំនួន ដែល​ពុំ​ជឿ​លើ​អ្វី​ដែល​ព្រះគម្ពីរ​ប៊ីប​បង្រៀន​ឡើយ ។ គាត់​បាន​សម្លឹង​ចំ​មុខ​លូសៀ ។ សិស្ស​គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​បាន​សើច ។

លូសៀ​មាន​ចិត្ត​ច្របូក​ច្របល់ ។ តើ​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ និង ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មែន​ជា​តួអង្គ​ផ្សេង​គ្នា​ទេ​ឬ ? តើ​មាន​អ្វី​កើត​ឡើង​ទៅ ?

រំពេច​នោះ​នាង​មាន​គំនិត​រីករាយ​មួយ ។ នាង​អាច​សួរ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ! ពួកគេ​មក​ភូមិ​របស់​លូសៀ​រៀងរាល់​ថ្ងៃ ។ នាង​បាន​គិត​ថា « ពួក​គេ​ដឹង​របៀប​ដើម្បី​ជួយ ! » ។

ពេល​លូសៀ​ទៅដល់​ផ្ទះ នាង​បាន​ឃើញ​ស៊ីស្ទើរ ប្រោន និង​ស៊ីស្ទើរ រូអ៊ីស ។ ពួកគេ​កំពុង​ជួយ​សប់​ទឹក​ដាក់​ក្នុង​ធុងធំ​ឡើង​ទៅលើ​ដំបូល​ផ្ទះ ។

ភ្លាម​នោះ​លូសៀ​បាន​សួរ​សំណួរ ។ « ហេតុអ្វី​ព្រះគម្ពីរ​ប៊ីប​ចែង​ថា ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គឺ​ជា​តួអង្គ​តែ​មួយ ? »

ស៊ិស្ទើរ ប្រោន បាន​ញញឹម ។ « នោះ​ជា​សំណួរ​ដ៏​ល្អ ។ បន្ទាប់​ពេល​អាហារ​ថ្ងៃ​ត្រង់ ចូរ​ស្វែងរក​ខគម្ពីរ​មួយ​ចំនួន​សម្រាប់​ជា​ជំនួយ » ។

លូសៀ​ស្ទើរតែ​មិន​ចង់​ភ្លក់​អាហារ រ៉ូប៉ា វីចា ដ៏​ឆ្ងាញ់​ដែល​ម្តាយ​បាន​ចំអិន​ឡើយ ។ អ្វី​ដែល​នាង​ចង់​បាន​នោះ​គឺ​ជា​ចម្លើយ !

ទីបំផុត​អាហារ​ថ្ងៃ​ត្រង់​បាន​បញ្ចប់ ។ លូសៀ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បើក​ព្រះគម្ពីរ​របស់​ពួកគេ ។ ពួកគេ​បាន​អាន​អំពី​ការនិមិត្ត​របស់​យ៉ូសែប ស្ម៊ីធ ។ ពួកគេ​បាន​អាន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ ។ ខគម្ពីរ​ទាំងពីរ​បង្ហាញ​ថា ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​ដាច់​ដោយ​ឡែកពី​គ្នា ។

លូសៀ​បាន​សួរ​ថា « ដូច្នេះ​ហេតុអ្វី​ខគម្ពីរ​ផ្សេង​ទៀត​នោះ​ចែង​ថា ពួក​ទ្រង់​គឺ​ជា​អង្គ​តែ​មួយ ? »

ស៊ីស្ទើរ ប្រោន​ចាប់ផ្តើម​បើក​ទៅ​ទំព័រ​ព្រះគម្ពីរ ។ « តោះ​អាន​នៅក្នុង យ៉ូហាន ១៧ ។ នោះ​ជា​ពេល​ព្រះយេស៊ូវ​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​អំពី​ពួក​សាវក​របស់​ទ្រង់ ។

ពួកគេ​បាន​ឆ្លាស់​វេន​គ្នា​អាន ។ នៅក្នុង​ខគម្ពីរ​នោះ ព្រះយេស៊ូវ​បាន​អធិស្ឋាន​ថា ពួក​សាវក​របស់​ទ្រង់ « អាច​រួម​គ្នា​តែ​មួយ » ដូច​ជា​ទ្រង់ និង​ព្រះវរបិតាសួគ៌​រួមគ្នា​តែ​មួយ​ផងដែរ ។ លូសៀ​រាប់​ពី​ភាពខុសគ្នា​បី​ដង​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​អំពី​រឿង​នោះ ។

ស៊ីស្ទើរ រូអ៊ីស បាន​និយាយ​ថា « ពួកសាវក​ទាំងអស់​ពុំ​អាច​ក្លាយ​ជា​បុគ្គល​តែ​ម្នាក់​បាន​ឡើយ ។ ប៉ុន្តែ​ពួកគេ អាច រួមគ្នា​តែ​មួយ​នៅក្នុង​ជំនឿ និង​ការប្រតិបត្តិ ។ នោះ​ជា​របៀប​ដែល​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​តែ​មួយ » ។

លូសៀ​ចាប់ផ្ដើម​មាន​អារម្មណ៍​កក់​ក្តៅ​ក្នុង​ចិត្ត ។ នាង​ដឹងថា អារម្មណ៍​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​កំពុង​ប្រាប់​នាង​ថា អ្វី​ដែល​ស៊ីស្ទើរ រូអ៊ីស បាន​និយាយ​គឺ​ជាការពិត ។

ព្រះវរបិតា​សួគ៌ និងព្រះយេស៊ូវ​ពុំ​មែន​ជា​តួអង្គ​តែ​មួយ​ឡើយ ។ ប៉ុន្តែ​ពួកទ្រង់​រួមគ្នា​តែ​មួយ​នៅក្នុង​អ្វី​ដែល​ពួក​ទ្រង់​មាន​បន្ទូល និង​ធ្វើ ។ ហើយ​លូសៀ​បាន​ដឹង​ថា ពួក​ទ្រង់​ទាំង​ពីរ​អង្គ​ស្រឡាញ់​នាង ។